នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

កិច្ចការដែលសំខាន់នៅចុងបញ្ចប់

កិច្ចការដែលសំខាន់នៅចុងបញ្ចប់

ដោយJohn Blase

October 26, 2025

២សាំយ៉ូអែល ៩:១-៧,១៣
មភីបូសែតលោកក៏នៅក្រុងយេរូសាឡិមទៅ ដោយព្រោះលោកត្រូវបរិភោគនៅតុនៃស្ដេច ហើយលោកខ្វិនជើងទាំង២ ។ ២សាំយ៉ូអែល ៩:១៣
នៅចុងបញ្ចប់នៃរឿងប្រលោមលោកប្រវត្តិសាស្រ្ត ដែលលោកហ្វ្រេដឺរិក ប៊ូចន័រ(Frederick Buechner) បាននិពន្ធមានចំណងជើងថា ប្រេនដិន(Brendan) មានឈុតមួយដែលធ្វើឲ្យប៉ះពាល់ចិត្តយ៉ាងខ្លាំង។ តួអង្គឈ្មោះ គីលដាស(Gildas) បានក្រោកឈរឡើង ដើម្បីបង្ហាញជើងរបស់គាត់ម្ខាង ដែលបានដាច់ត្រឹមក្បាលជង្គង់។ ខណៈពេលដែលគាត់ឈោងទៅរកឈើច្រត់របស់គាត់ គាត់ក៏បានបាត់បង់ជំហរ។ ពេលនោះ ប្រេនឌិនក៏បានស្ទុះទៅចាប់គាត់។ 
គីលដាសក៏បាននិយាយថា “ខ្ញុំមានពិការភាព ដូចពិភពលោកដ៏ងងឹត”។ ប្រេនឌិនក៏បានឆ្លើយតបថា “និយាយដោយស្មោះត្រង់ទៅ យើងម្នាក់ៗសុទ្ធតែពិការ ក្នុងន័យណាមួយ។ ប៉ុន្តែ នៅចុងបញ្ចប់ ប្រហែលមានតែការជួយជ្រោងគ្នាឡើង នៅពេលដែលយើងដួលចុះទេ ដែលពិតជាសក្តិសមនឹងឲ្យយើងធ្វើ”។ 
ក្នុងបទគម្ពីរ ២សាំយ៉ូអែល ជំពូក៩ យើងឃើញថា ស្តេចដាវីឌសព្វព្រះទ័យនឹងបង្ហាញសេចក្តីសប្បុរសដល់អ្នកដែលនៅមានជីវិតរស់ ក្នុងវង្សត្រកូលរបស់ស្តេចសូល(ខ.១)។ នៅមានម្នាក់ឈ្មោះ មភីបូសែត គាត់ “ខ្វិនជើង ជាបុត្រនៃយ៉ូណាថាន”(ខ.៣)។ គេក៏បាននាំព្រះអង្គម្ចាស់មភីបូសែត ចូលគាត់ស្តេច ហើយទ្រង់ក៏បានឮស្តេចដាវីឌមានបន្ទូលថា “យើងនឹងប្រគល់អស់ទាំងស្រែចំការរបស់សូលជាជីតាដល់អ្នក តែឯខ្លួនអ្នក នឹងបរិភោគនៅតុជាមួយនឹងយើងជានិច្ច”(ខ.៧)។ ហើយទ្រង់ក៏បានទៅបរិភោគនៅតុជាមួយស្តេចជាប្រចាំ។ 
ព្រះគម្ពីរប៊ីបមានពេញទៅដោយរឿងជាច្រើនមិនអាចបំភ្លេចបាន អំពីស្តេចដាវីឌ និងមនុស្សមានមាឌយក្ស និងពួកស្តេច ព្រមទាំងនគរទាំងឡាយ ដែលគេអាចយកមកផលិតជាខ្សែភាពយន្តបាន។ ប៉ុន្តែ ព្រះគម្ពីរប៊ីបក៏ចែងទុកជាការរំឭក អំពីសេចក្តីសប្បុរសដូចនេះ ដែលបានបង្ហាញចំពោះជនទុរគត គឺរឿងរបស់មនុស្សម្នាក់ឈោងទៅរកមនុស្សម្នាក់ទៀត។ 
មានសាច់រឿងដ៏រំភើបរីករាយ ឬគួរឲ្យស្ញប់ស្ញែងជាច្រើន ដែលគេនឹងលែងនឹកចាំទៀត ប៉ុន្តែ ការបង្ហាញសេចក្តីសប្បុរសដ៏ស្រគត់ស្រគំ ដូចដែលស្តេចដាវីឌបានបង្ហាញដល់ព្រះអង្គម្ចាស់មភីបូសែត អាចជាទង្វើសំខាន់បំផុត ដែលយើងត្រូវធ្វើនៅចុងបញ្ចប់។ ការជួយយកអសារអ្នកដទៃអាចជាកិច្ចការ ដែលយើងម្នាក់ៗអាចធ្វើជារៀងរាល់ថ្ងៃ។—John Blasé

តើក្នុងជីវិតអ្នក តើមាននរណាខ្លះដែលត្រូវការអ្នកយកអសារ ដូចព្រះអង្គម្ចាស់មភីបូសែត? 
តើអ្នកអាចយកអាសាគាត់ ដោយរបៀបណា? 
ឱព្រះប្រកបដោយសេចក្តីសប្បុរស សូមព្រះអង្គបង្ហាញទូលបង្គំឲ្យមើលឃើញមនុស្ស ដែលទូលបង្គំអាចយកអាសា ក្នុងការរស់នៅ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យេរេមា ៩-១១ និង ១ធីម៉ូថេ ៦

 

ល្ងាច

ទេវ​សាស្ត្រ​ដែល​ទ្រទ្រង់​យើង (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ទេវ​សាស្ត្រ​ដែល​ទ្រទ្រង់​យើង (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

October 26, 2025

«រួច​គាត់​និយាយ​ទៅ​បង​ប្អូន​ថា ខ្ញុំ​ហៀប​នឹង​ស្លាប់​ហើយ តែ​ព្រះ​ទ្រង់​នឹង​ប្រោស​អ្នក​រាល់​គ្នា​ជា​មិន​ខាន ហើយ​នឹង​នាំ​អ្នក​រាល់​គ្នា​ឡើង ចេញ​ពី​ស្រុក​អេស៊ីព្ទ​នេះ ទៅ​ក្នុង​ស្រុក​ដែល​ទ្រង់​បាន​ស្បថ​ថា​នឹង​ឲ្យ​ដល់​អ័ប្រាហាំ អ៊ីសាក នឹង​យ៉ាកុប។...យ៉ូសែប​គាត់​ក៏​ស្លាប់​ទៅ អាយុ​គាត់​បាន​១១០ឆ្នាំ» (លោកុប្បត្ដិ ៥០:២៤, ២៦)។
ព្រះ​គម្ពីរ​មាន​ខ​គម្ពីរ​ជា​ច្រើន​ដែល​ចែង​អំពី​ការ​ស្លាប់​របស់​បុគ្គល​មួយ​ចំនួន ដែល​គួរ​តែ​បណ្ដាល​ចិត្ត​យើង​ឲ្យ​ប្រឈម​មុខ​ដាក់​ការ​ពិត​នៃ​សេចក្តី​ស្លាប់ ដែល​យើង​ត្រូវ​ជួប​ប្រទះ​នៅ​ទី​បញ្ចប់។ ចំនួន​ថ្ងៃ​អាយុ​របស់​យើង​មាន​កំណត់។ ព្រះ​ទ្រង់​បាន​សម្រេច​ព្រះ​ទ័យ​ថា មិន​ប្រាប់​យើង​អំពី​ថ្ងៃ​ដែល​យើង​ត្រូវ​ស្លាប់ តែ​កណ្ឌ​គម្ពីរ​ទំនុក​តម្កើង​បាន​ប្រាប់​យើង​ថា ព្រះ​បាន​កត់​ទុក​ជា​ស្រេច​នូវ​ជីវិត​ប្រចាំ​ថ្ងៃ​របស់​យើង នៅ​ក្នុង​សៀវភៅ​របស់​ព្រះ​អង្គ តាំង​ពី​មុន​ពេល​ដែល​ថ្ងៃ​ទាំង​នោះ​មក​ដល់ (ទំនុកតម្កើង ១៣៩:១៦)។ លោក យ៉ូសែប បាន​រស់​នៅ​ដល់​អាយុ​១១០ឆ្នាំ តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គាត់​ត្រូវ​ប្រឈម​មុខ​ដាក់​សេចក្តី​ស្លាប់​របស់​គាត់​ដូច​យើង​ផង​ដែរ។ លោក យ៉ូសែប បាន​យល់​ដឹង និង​ទទួល​យក​សេចក្តី​ស្លាប់​របស់​គាត់។ គាត់​មិន​បាន​បញ្ចេញ​កំហឹង​ដាក់​ការ​រល់​ពន្លឺ​ជីវិត ជា​ពាក្យ​ដែល​កវី​កំណាព្យ ឌីឡិន ថូ​ម៉ាស (Dylan Thomas)1 បាន​ប្រើ តែ​ផ្ទុយ​ទៅវិញ បុព្វ​បុរស​នៃ​ក្រុម​ភ្ជួរីធិន​បាន​ប្រើ​ពាក្យ «ការ​ស្លាប់​ដ៏​ល្អ»។ តើមាន​អ្វី​អនុញ្ញាត​ឲ្យ​យើង​ស្លាប់​បាន​ល្អ?  គឺ​ទេវ​សាស្ត្រ​ដែល​រឹងមាំ ដែល​ជា​ការ​យល់​ដឹង​ដ៏​រឹងមាំ​អំពី​ព្រះ​ជា​នរណា​កាល​ពី​មុន និង​ក្នុង​ពេល​សព្វ​ថ្ងៃ។ នៅ​ចុង​បញ្ចប់ លោក យ៉ូសែប ក៏​បាន​ពង្រឹង​ជំនឿ​របស់​គាត់ ដោយ​ក្រើន​រំឭក​អំពី​ភស្តុតាង​នៃ​ការ​ថែរក្សា និង​ឃុំ​គ្រង​របស់​ព្រះ និង​ព្រះ​បន្ទូល​សន្យា​ចំពោះ​រាស្ត្រ​របស់​ព្រះ​អង្គ។ ដោយ​សារ​គាត់​មាន​ជំនឿ​លើ​សេចក្តី​ល្អ​របស់​ព្រះ គាត់​អាច​ប្រឈម​មុខ​ដាក់​សេចក្តី​ស្លាប់ ដោយ​គ្មាន​ការ​ភ័យ​ខ្លាច។ គាត់​មិន​ខ្លាច ឬ​មាន​ចិត្ត​អាត្មា​និយម គាត់​មិន​បាន​ឈោង​ទៅ​រក​ក្តី​សង្ឃឹម​ដែល​គ្រាន់​តែ​ជា​ស្រមោល​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ពាក្យ​សម្ដី​របស់​គាត់​ខ្លី ហើយ​ផ្ដោត​ទៅ​លើ​គ្រួសារ និង​ព្រះ​របស់​គាត់។ ការ​ឆ្លើយ​តប​ដូច​នេះ អាច​កើត​ចេញ​ពី​ទស្សនៈ​អំពី​រឿង​រាល់​ក្នុង​ពិភពលោក ស្រប​តាម​ចរិត​លក្ខណៈ និង​គោល​បំណង​របស់​ព្រះ។
តើ​យើង​ជឿ​ដូច​លោក យ៉ូសែប ថា ព្រះ​ទ្រង់​នឹង​រំដោះ​រាស្ត្រ​របស់​ព្រះ​អង្គ​ឲ្យ​មាន​សេរី​ភាព​ឬ​ទេ? តើ​យើង​អាច​មើល​ឃើញ​ភស្តុតាង​នៃ​ជំនឿ​នេះ​ក្នុង​ជីវិត​របស់​យើង​ទេ? តើ​យើង​មើល​ឃើញ​ភស្តុតាង​នៃ​ជំនឿ​នេះ ក្នុង​ជីវិត​របស់​យើង​ទេ? តើ​យើង​ក្រឡេក​មើល​សេចក្តី​ស្មោះ​ត្រង់​របស់​ព្រះ ហើយ​រក​ឃើញ​ថា ទោះ​មាន​ទុក្ខ​លំបាក ឬ​ភាព​ប្រេះ​បែក​យ៉ាង​ណា យើង​អាច​និយាយ​ជា​មួយ​អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​តម្កើង​ថា «សេចក្ដី​សង្គ្រោះ នឹង​សិរី​ល្អ​របស់​ខ្ញុំ នោះ​នៅ​នឹង​ព្រះ ឯ​ថ្ម​ដា​នៃ​កម្លាំង​ខ្ញុំ នឹង​ទីពឹង​ជ្រក​របស់​ខ្ញុំ ក៏​នៅ​ក្នុង​ព្រះ​ដែរ» បាន​ដែរ​ឬ​ទេ?(ទំនុកតម្កើង ៦២:៧)។
គឺ​ទេវ​សាស្ត្រ​ដ៏​ល្អ មិន​មែន​អារម្មណ៍​ទេ​ដែល​ទ្រទ្រង់​យើង​ក្នុង​ជីវិត និង​កម្សាន្ត​ចិត្ត​យើង ខណៈ​ពេល​ដែល​យើង​ត​យុទ្ធ​នឹង​សេចក្តី​ស្លាប់។ នៅ​ពេល​ដែល​ថ្ងៃ​ដ៏​លំបាក​មក​ដល់ យើង​ប្រកាន់​ខ្ជាប់​តាម​សេចក្តី​ពិត​ដែល​យើង​បាន​ស្គាល់​ហើយ។ តាម​រយៈ​លោក យ៉ូសែប និង​ការ​រស់​នៅ​របស់​គាត់ យើង​អាច​រៀន​សូត្រ​សេចក្តី​ពិត​ដ៏​អស្ចារ្យ​ដែល​ថា ព្រះ​ដែល​បាន​ផ្គុំ​រូប​កាយ​របស់​យើង​មក បាន​រៀបចំ​ជំហាន​ទាំង​អស់​របស់​យើង​ជា​រៀង​រាល់​ថ្ងៃ ហើយ​ព្រះ​អង្គ​បាន​ត្បាញ​ជីវិត​របស់​យើង ចូល​ទៅ​ក្នុង​រឿង​ដ៏​អស្ចារ្យ​នៃ​ការ​សម្រេច​ព្រះ​បន្ទូល​សន្យា ដែល​ព្រះ​អង្គ​មាន​ចំពោះ​រាស្ត្រ​របស់​ព្រះ​អង្គ។ ដោយ​ជំនឿ​លើ​ព្រះ​អង្គ យើង​អាច​ប្រឈម​មុខ​ដាក់​សេចក្តី​ស្លាប់ ដោយ​ច្រៀង​ថា៖
ដោយ​សេចក្តី​មេត្តា និង​ការ​ជំនុំ​ជម្រះ 
ព្រះ​អង្គ​បាន​ត្បាញ​សំណាញ់​នៃ​ពេល​វេលា​របស់​ទូល​បង្គំ។ 
ហើយ​សូម្បី​តែ​ទឹក​ភ្នែក​នៃ​ទុក្ខសោក
ចែង​ចាំង ដោយ​សម្រស់​នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះ​អង្គ
ទូល​បង្គំ​សូម​សរសើរ​ព្រះ​ហស្ត​ដែល​នាំ​ផ្លូវ 
ទូល​បង្គំ​សូម​សរសើរ​ព្រះ​ទ័យ​ដែល​រៀប​ផែនការ 
ពេល​ណា​ទូល​បង្គំ​បាន​ទៅ​រស់​នៅ​ក្នុង​ទឹកដី
របស់​អេម៉ាញូអែល ដែល​មាន​ពេញ​ដោយ​សិរី​ល្អ។2


ខ​គម្ពីរ​សញ្ជឹង​គិត៖ ទំនុកតម្កើង ៦២
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ ២សាំយ៉ូអែល ៣-៥ និង​១ធីម៉ូថេ ៦

ប្រភេទ