នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ព្រះដែលបានបង្កើតរបស់ទាំងអស់មក

ព្រះដែលបានបង្កើតរបស់ទាំងអស់មក

ដោយKirsten Holmberg

October 27, 2025

លោកុប្បត្តិ ១:១-៨,៣១
រួចព្រះទ្រង់ទតគ្រប់ទាំងរបស់ដែលទ្រង់បានធ្វើនោះ ក៏ឃើញថា ទាំងអស់ជាការល្អប្រពៃ។ លោកុប្បត្តិ ១:៣១
កាលពីឆ្នាំ២០២១ លោកវីលៀម សេតន័រ(William Shatner) ជាតួសម្ដែងក្នុងរឿង Star Trek មានចិត្តសប្បាយរីករាយ ក្នុងការជិះយានអវកាស ចូលទៅក្នុងទីអវកាស នៅក្រៅភពផែនដី។ ក្រោយមក នៅពេលដែលគាត់បានពិចារណា អំពីការធ្វើដំណើរនោះ គាត់ក៏បាននិយាយថា បទពិសោធន៍គ្រប់យ៉ាងដែលគាត់ទទួលបាននៅក្នុងទីអវកាស សុទ្ធតែខុសពីការរំពឹងគិត។ គាត់បានរំពឹងគិតថា ភាពធំសម្បើមអស្ចារ្យនៃអវកាស នឹងផ្តល់ឲ្យគាត់នូវអារម្មណ៍តភ្ជាប់ដ៏ស៊ីជម្រៅជាមួយនឹងជីវិតទាំងអស់ ប៉ុន្តែ ផ្ទុយទៅវិញ គាត់មានអារម្មណ៍សោកសង្រេង ដោយសារគាត់បានសង្កេតឃើញថា ភាពងងឹតនៅអវកាសមានភាពត្រជាក់ និងទទេ ដែលការនេះបានផ្តល់ឲ្យគាត់នូវការយល់ដឹងជាថ្មី អំពីសម្រស់ និងភាពផុយស្រួយរបស់ផែនដី។ 
មនុស្សមិនច្រើនទេ ដែលបានធ្វើដំណើរឡើងទៅទីអវកាស ដើម្បីទទួលបានបទពិសោធន៍ដូចនេះ ដោយផ្ទាល់។ ការពិពណ៌នាក្នុងព្រះគម្ពីរប៊ីប អំពីស្នាព្រះហស្តដ៏ប៉ិនប្រសព្វរបស់ព្រះ ក្នុងចក្រវាល បានអញ្ជើញយើងឲ្យមើលឃើញទីអវកាស ដូចដែលព្រះអង្គបានទតឃើញវាដែរ។ កិច្ចការដំបូងដែលព្រះអង្គធ្វើ ដូចដែលមានចែងក្នុងព្រះគម្ពីរប៊ីប គឺជាការបង្កើត “ផ្ទៃមេឃនិងផែនដី” ដោយនាំសណ្ដាប់ធ្នាប់ចូលទៅក្នុងភាពទទេ និងគ្មានរូបរាង្គ ហើយ “ញែកពន្លឺចេញពីងងឹត” (លោកុប្បត្តិ ១:‌១-២,៤)។ ការពិពណ៌នាជាបន្តបន្ទាប់ បានបើកបង្ហាញអំពីរបស់សព្វសារពើគ្រប់យ៉ាងសុទ្ធតែល្អ ដែលព្រះទ្រង់បង្កើតឲ្យមានជីវិត ដែលរាប់បញ្ចូលទាំងរុក្ខជាតិ សត្វ និងដែលសំខាន់បំផុតនោះគឺមនុស្ស ដែលដូចរូបអង្គរបស់ទ្រង់។
ស្នាព្រះហស្តទាំងអស់របស់ព្រះ សូម្បីតែរបស់អ្វីដែលនៅកន្លែងឆ្ងាយបំផុត និងងងឹតបំផុត ក្នុងអវកាស សុទ្ធតែបានបើកបង្ហាញព្រះចេស្តា និងអំណាចរបស់ព្រះអង្គ ប៉ុន្តែ ទន្ទឹមនឹងនោះ ព្រះអង្គបានប្រទានការយល់ដឹងពិសេស អំពីកិច្ចការដែលព្រះអង្គបានធ្វើ នៅលើផែនដី។ ភាពស្រស់ស្អាតនៅជុំវិញខ្លួនយើងបណ្តាលចិត្តយើង ឲ្យថ្វាយបង្គំព្រះ ដែលបានបង្កើតរបស់សព្វសារពើមក។—Kirsten Holmber

តើព្រះទ្រង់បានបណ្តាលចិត្តអ្នកឲ្យថ្វាយបង្គំព្រះអង្គ តាមរយៈស្នាព្រះហស្តរបស់ព្រះ នៅពេលណាខ្លះ? 
តើអ្នកអាចអរព្រះគុណព្រះអង្គ សម្រាប់អ្វីខ្លះក្នុងចំណោមស្នាព្រះហស្តព្រះអង្គ នៅថ្ងៃនេះ? 
ព្រះវរបិតា ទូលបង្គំសូមអរព្រះគុណព្រះអង្គ សម្រាប់ការបង្កើត និងទ្រទ្រង់ផែនដី និងអស់អ្នកដែលរស់នៅលើផែនដី។ 
ទូលបង្គំសូមថ្វាយបង្គំព្រះអង្គ ជាព្រះអាទិករនៃរបស់សព្វសារពើ។
For further study, read How Nature Makes God Visible at ODBM.org.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យេរេមា ១២-១៤ និង ២ធីម៉ូថេ ១

 

ល្ងាច

ព្រះ​យេស៊ូវ​ស្វាគមន៍​ពួក​គេ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ព្រះ​យេស៊ូវ​ស្វាគមន៍​ពួក​គេ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

October 27, 2025

«ទុក​ឲ្យ​កូន​ក្មេង​មក​ឯ​ខ្ញុំ​ចុះ កុំ​ឃាត់​វា​ឡើយ ដ្បិត​នគរ​ព្រះ​មាន​សុទ្ធ​តែ​មនុស្ស​ដូច​វា​រាល់​គ្នា​ដែរ។ ហើយ​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្នក​ណា​ដែល​មិន​ទទួល​នគរ​ព្រះ​ដូច​ជា​កូន​ក្មេង​១នេះ នោះ​មិន​បាន​ចូល​ទៅ​ក្នុង​នគរ​នោះ​ឡើយ។ ទ្រង់​ក៏​ឱប​វា​រាល់​គ្នា ហើយ​ដាក់​ព្រះ​ហស្ត​លើ ទាំង​ប្រទាន​ពរ​ឲ្យ​ផង» (ម៉ាកុស ១០:១៤-១៦)។
ក្នុង​សតវត្សរ៍​ទី២១ ពេល​ណា​យើង​គិត​អំពី​កុមារ យើង​ច្រើន​តែ​ផ្ដោត​ទៅ​លើ​លក្ខណសម្បត្តិ​របស់​ពួក​គេ តាម​គំនិត​របស់​យើង ដោយ​គិត​ឃើញ​ថា ពួកគេ​គួរ​ឲ្យ​ស្រឡាញ់ និង​គួរ​ឲ្យ​ចង់​លើក​បី ហើយ​ពេល​ខ្លះ យើង​ច្រឡំ​គិត​ថា ពួក​គេ​ល្អ​ឥត​ខ្ចោះ និង​ជា​ចំណុច​កណ្ដាល​នៃ​ចក្រវាល។ ការ​មាន​ទស្សនៈ​ដូច​នេះ អំពី​កុមារ ពិត​ជា​បាន​រាំង​ខ្ទប់​សមត្ថភាព​របស់​យើង ក្នុង​ការ​យល់​អត្ថន័យ​របស់​ព្រះ​បន្ទូល ដែល​បាន​បង្គាប់​ថា «ទុក​ឲ្យ​កូន​ក្មេង​មក​ឯ​ខ្ញុំ​ចុះ»។
លក្ខណសម្បត្តិ​ពិត​ប្រាកដ​របស់​កុមារ ស្ថិត​នៅ​ក្នុង​ចំណុច​ស្នូល​ការ​ពណ៌នា​របស់​ព្រះ​យេស៊ូវ​អំពី​ពួក​គេ។ ក្មេងៗ​មិន​បោះ​ឆ្នោត មិន​មាន​ប័ណ្ណ​បើកបរ ហើយ​មនុស្ស​ពេញ​វ័យ​មិន​សុំ​ឲ្យ​ពួក​គេ​ធ្វើ​ការ​សម្រេច​ចិត្ត នៅ​ក្នុង​រឿង​សំខាន់ៗ​ក្នុង​ជីវិត​ផ្ទាល់​ខ្លួន​របស់​ពួក​គេ ឬ​ក្នុង​ជីវិត​របស់​គ្រួសារ​របស់​ពួក​គេ​ឡើយ។ កាល​នៅ​តូច ពួក​គេ​ពឹង​ផ្អែក​ទៅ​នរណា​ម្នាក់​ទាំង​ស្រុង។ ប៉ុន្តែ និយាយ​ឲ្យ​ចំ ក្មេងៗ​មាន​មាឌ​តូច និង​មិន​អាច​ជួយ​ខ្លួន​ឯង​បាន គឺ​ហាក់​ដូច​ជា​មិន​មាន​លក្ខណៈ​ខាង​ក្រៅ​ដែល​គួរ​ឲ្យ​កោត​សរសើរ​នោះ​ទេ។ ដូច​នេះ តើ​យើង​មាន​អារម្មណ៍​ស្ញប់​ស្ញែង​ទេ នៅ​ពេល​ដែល​ព្រះ​យេស៊ូវ​បាន​ទទួល​ស្វាគមន៍​ក្មេងៗ ដោយ​ភាព​កក់​ក្តៅ​យ៉ាង​ខ្លាំង? ប៉ុន្តែ ខណៈ​ពេល​ដែល​យើង​ស្ញប់​ស្ញែង យើង​មិន​គួរ​ភ្ញាក់​ផ្អើល​ទេ នៅ​ពេល​ដែល​យើង​ពិចារណា​អំពី​ការ​ដែល​ព្រះ​ទ្រង់​បាន​ប្រើ​មនុស្ស​ដែល​បន្ទាប​ខ្លួន និង​មនុស្ស​តូច​ទាប​តាម​របៀប​ដ៏​អស្ចារ្យ ជា​ញឹក​ញាប់។ យើង​មិន​អាច​សង្ឃឹម​ថា នឹង​បាន​ចូល​នគរ​ព្រះ​ដោយ​សារ​អំពើ​ល្អ ឬ​តម្លៃ​ខ្លួន​ឯង​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ នគរ​ព្រះ​គឺ​សម្រាប់​មនុស្ស​ទាល់ក្រ ឯកោ និង​គ្មាន​ទីពឹង ដែល​មិន​មាន​លក្ខណសម្បត្តិ​ដែល​គួរ​ឲ្យ​ស្ញប់​ស្ញែង គឺ​មនុស្ស​ដូច​ក្មេងៗ​ជា​ដើម។ 
នៅ​ពេល​ដែល​យើង​ទទួល​ស្គាល់​ថា យើង​ត្រូវ​មាន​លក្ខណៈ​ដូច​ក្មេងៗ យើង​ក៏​ត្រូវ​ដឹង​ផង​ដែរ​ថា ដើម្បី​ចូល​នគរ​ព្រះ យើង​ត្រូវ​តែ​ទទួល​ស្គាល់​ជា​មុន​ថា យើង​មិន​អាច​ជួយ​ខ្លួន​ឯង​បាន ហើយ​ត្រូវ​ពឹង​ផ្អែក​លើ​ព្រះ​អង្គ។ យើង​ចូល​មក​រក​ព្រះ​គ្រីស្ទ​ដោយ​មិន​បាន​នាំ​យក​សមត្ថភាព ឬ​ភាព​ជោគជ័យ​នៅ​ក្នុង​ដៃ​របស់​យើង​នោះ​ទេ តែ​ដោយ​ដៃទទេ បើក​ចំហ​ជា​ស្រេច ដើម្បី​ទទួល​ពី​ព្រះ​អង្គ។ ហើយ​ដែល​គួរ​ឲ្យ​កត់​សម្គាល់​នោះ ដំណឹង​ល្អ​បាន​ប្រាប់​យើង​ថា យើង​ត្រូវ​តែ​មើល​ទៅ​ព្រះ​អង្គ​ដែល​បាន​យក​កំណើត​ជា​សាច់​ឈាម ជា​ទារក​តូច ដែល​ត្រូវ​ការ​ឪពុក​ម្តាយ​ថែទាំ។ ដូច​នេះ អ្នក​ដែល​បាន​យក​គំរូ​តាម​ការ​បន្ទាប​ព្រះ​កាយ​របស់​ព្រះ​អង្គ សម​នឹង​មាន​អំណរ​ក្នុង​ការ​ចូល​នគរ​របស់​ព្រះ​អង្គ។ 
ការ​ដែល​ព្រះ​យេស៊ូវ​ទទួល​ក្មេងៗ​ក្នុង​ខ​គម្ពីរ​ទាំង​នេះ គឺ​បាន​វាយ​បំបាក់​អំនួត​របស់​យើង ហើយ​លើក​យើង​ឡើង ក្នុង​ភាព​កម្សោយ​របស់​យើង។ អ្នក​ប្រហែល​ជា​ចាត់​ទុក​ការងារ ឬ​មុខ​តំណែង​របស់​អ្នក​ជា​ការងារ​ដែល​គួរ​ឲ្យ​សរសើរ ឬ​គួរ​ឲ្យ​កត់​សម្គាល់ ហើយ​អ្នក​ក៏​ចង់​ធ្វើ​ជា​អ្នក​យក​អាសា​គេ​ជាជាង​ឲ្យ​គេ​យក​អាសា​អ្នក។ ឬ​អ្នក​ប្រហែល​ជា​គិត​ថា អ្នក​ដទៃ​មិន​សូវ​ឲ្យ​តម្លៃ​អ្នក (ឬ​អ្នក​មិន​សូវ​ឲ្យ​តម្លៃ​ខ្លួន​ឯង) ហើយ​អ្នក​មាន​ការ​ភ្ញាក់​ផ្អើល ពេល​ដែល​បាន​ដឹង​ថា ព្រះ​សព្វ​ព្រះទ័យ​នឹង​ប្រទាន​អ្វី​មួយ​ដល់​អ្នក លើស​ពី​ការ​ចំណាយ​ពេល​អស់​កល្ប​ជានិច្ច​ជា​មួយ​អ្នក។ ទោះ​អ្នក​មាន​ចរិត​លក្ខណៈ ឬ​កាលៈទេសៈ​ដូច​ម្ដេច​ក៏​ដោយ ចូរ​ចូល​មក​រក​ព្រះ​យេស៊ូវ​ជា​រៀង​រាល់​ថ្ងៃ ដោយ​ជំនឿ​ដូច​ក្មេងៗ ដោយ​ទទួល​ស្គាល់​ភាព​កម្សោយ និង​ទទួល​ស្គាល់​ថា យើង​មិន​អាច​ជួយ​ខ្លួន​ឯង​បាន។
នេះ​ជា​ផ្លូវ​តែ​មួយ​ចូល​ទៅ​ក្នុង​នគរ​របស់​ព្រះ​អង្គ និង​ជា​ផ្លូវ​តែ​មួយ ដើម្បី​អរ​សប្បាយ​នឹង​ព្រះ​ពរ​នៃ​ការ​ប្រកប​ស្និទ្ធ​ស្នាល​ជា​មួយ​ព្រះ​អង្គ។ 


ខ​គម្ពីរ​សញ្ជឹង​គិត៖ លូកា ១១:១-១៣
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ ២សាំយ៉ូអែល ៦-៨ និង​១យ៉ូហាន ១

ប្រភេទ