នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

សង់គ្រឹះដ៏រឹងមាំក្នុងព្រះគ្រីស្ទ

សង់គ្រឹះដ៏រឹងមាំក្នុងព្រះគ្រីស្ទ

ដោយArthur Jackson

October 28, 2025

ម៉ាថាយ ៧:២៤-២៧
រួចភ្លៀងធ្លាក់មក ទឹកក៏ជន់ឡើង ហើយខ្យល់បក់ប៉ះនឹងផ្ទះនោះ តែមិនបានរលំទេ ពីព្រោះបានសង់នៅលើថ្ម។ ម៉ាថាយ ៧:២៥
លោក ស៊ី ជេ ស្ត្រោត(C.J. Stroud) ជាខ្សែប្រយុទ្ធ ក្នុងក្រុមកីឡាករបាល់ទាត់អាមេរិក គឺជាអ្នកជឿព្រះយេស៊ូវ ដែលមានវ័យក្មេង មានទេពកោសល្យ និងមិនមានការអៀនខ្មាសចំពោះជំនឿរបស់ខ្លួនឡើយ។ ក្នុងអាជីព ដែលជាមធ្យម កីឡាករអាចចូលរួមប្រកួតបានតែរយៈពេលជាង ៣ ឆ្នាំ លោកស៊ីជេ បាននិយាយដោយមិនលាក់លៀម អំពីជំនឿរបស់គាត់យ៉ាងដូចនេះថា “កីឡាបាល់ទាត់ ... មានបញ្ហាប្រឈម និងការផ្លាស់ប្តូរជាច្រើន។ ប៉ុន្តែ អ្វីដែលសំខាន់បំផុតនោះ គឺគ្រឹះរបស់អ្នក។ ហើយគ្រឹះរបស់ខ្ញុំត្រូវតែសង់នៅលើសេចក្តីជំនឿរបស់ខ្ញុំ”។
ក្រៅពីកីឡាបាល់ទាត់ ឬអាជីពដទៃទៀត នៅមានផ្នែកផ្សេងទៀតនៃជីវិតរបស់យើង ដែលមានបញ្ហាប្រឈម និងភាពប្រែប្រួលផងដែរ។ រឿងដែលព្រះយេស៊ូវបានចែកចាយ ក្នុងបទគម្ពីរម៉ាថាយ ៧:២៤-២៧ គឺបាននិយាយអំពីផ្ទះពីរខ្នង ដែលទទួលរងទឹកភ្លៀង ទឹកជំនន់ និងខ្យល់បក់ខ្លាំង។ រវាងផ្ទះទាំងពីរ មានតែមួយខ្នងទេដែលអាចរួចផុតពីការបំផ្លាញរបស់ខ្យល់ព្យុះនោះបាន ព្រោះគ្រឹះរបស់វាបានសង់នៅលើថ្ម(ខ.២៥) ដែលនេះជារឿងប្រៀបប្រដូចដែលព្រះយេស៊ូវបានប្រើ ក្នុងការបង្រៀនរបស់ព្រះអង្គ(ខ.២៤,២៦)។
ជាការពិតណាស់ ខ្យល់ព្យុះកើតឡើងក្នុងជីវិតនេះ ជារឿងធម្មតាទេ។ ជំងឺ និងទុក្ខលំបាកជាច្រើនរាប់មិនអស់ អាចធ្វើឲ្យជីវិតយើងក្រឡាប់ចក្របាន។ ជីវិតយើង “មិនធន់នឹងខ្យល់ព្យុះ” ទេ ប៉ុន្តែ ការសង់ជីវិតយើងនៅលើព្រះយេស៊ូវ និងការបង្រៀនរបស់ព្រះអង្គ ដែលជា “គ្រឹះ”ដ៏រឹងមាំរបស់យើង(មើល ១កូរិនថូស ៣:‌១១) ជួយឲ្យយើងឈរមាំ នៅចំពោះមុខខ្យល់ព្យុះបាន។ អ្នកដែលបដិសេធមិនព្រមទទួលព្រះគ្រីស្ទ ងាយនឹងរងគ្រោះជាង នៅពេលដែលខ្យល់ព្យុះនៃជីវិតមកដល់។ តែអស់អ្នកដែលស្តាប់ព្រះបន្ទូលព្រះអង្គនឹងរកឃើញស្ថេរភាព ដូចមានសេចក្តីចែងថា “ភ្លៀងធ្លាក់មក ទឹកក៏ជន់ឡើង ហើយខ្យល់បក់ប៉ះនឹងផ្ទះនោះ តែមិនបានរលំទេ ពីព្រោះបានសង់នៅលើថ្ម”(ម៉ាថាយ ៧:២៥)។ ជាការពិតណាស់ ការសង់គ្រឹះឲ្យបានរឹងមាំ គឺជាកិច្ចការសំខាន់បំផុតដែលយើងមិនអាចមើលរំលងបាន។—Arthur Jackson

តើជីវិតរបស់អ្នកមានការប្រុងប្រៀបយ៉ាងណាខ្លះ សម្រាប់ខ្យល់ព្យុះ? 
តើការបង្រៀនរបស់ព្រះគ្រីស្ទ បានជួយអ្នកឲ្យនៅតែមានភាពនឹងនរយ៉ាងណាខ្លះ ក្នុងអំឡុងពេលដ៏ពិបាក?
ឱព្រះវរបិតា សូមព្រះអង្គអត់ទោសឲ្យទូលបង្គំ ដែលបានសង់ជីវិតនៅលើអ្វីផ្សេង 
ក្រៅពីព្រះយេស៊ូវ និងព្រះបន្ទូលព្រះអង្គ ហើយជួយទូលបង្គំឲ្យពឹងផ្អែកលើព្រះអង្គ កាន់តែខ្លាំង។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យេរេមា ១៥-១៧ និង ២ធីម៉ូថេ ២
 

ល្ងាច

ចូរ​ប្រយ័ត្ន (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ចូរ​ប្រយ័ត្ន (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

October 28, 2025

«ចូរ​ប្រយ័ត្ន​នឹង​ពួក​ឆ្កែ ហើយ​នឹង​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អាក្រក់ ព្រម​ទាំង​ពួក​កាត់​ស្បែក​ក្លែង​ក្លាយ​ផង ដ្បិត​យើង​រាល់​គ្នា​ដែល​បំរើ​ព្រះ​ដោយ​វិញ្ញាណ ហើយ​អួត​តែ​ពី​ព្រះ​គ្រីស្ទ​យេស៊ូវ ឥត​ទុក​ចិត្ត​នឹង​សាច់​ឈាម​ឡើយ នោះ​យើង​ជា​ពួក​កាត់​ស្បែក​ដ៏​ពិត» (ភីលីព ៣:២-៣)។
ក្នុង​សំណេរ​ទាំង​អស់​របស់​សាវ័ក ប៉ុល ប្រហែល​ជា​គ្មាន​ខ​គម្ពីរ​ណា ដែល​គាត់​បាន​ប្រើ​ពាក្យ​ធ្ងន់ៗ​ជាង​នេះ​ទេ។ ការ​ដែល​គាត់​បាន​និយាយ​សំដៅ​ទៅ​លើ​ពួក​គ្រូ​ខុស​ឆ្គង​នៅ​សម័យ​គាត់​ថា «ពួក​ឆ្កែ» គឺ​ជា​ការ​ប្រថុយ និង​មាន​ការ​ប្រឈម​មុខ​ដាក់​ខ្លាំង​ជាង​សម័យ​បច្ចុប្បន្ន​ទៅ​ទៀត។ ប៉ុន្តែ សាវ័ក ប៉ុល កំពុង​ប្រើ​ភាសា​ដូច​នេះ ដោយ​សារ​គាត់​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ពួក​ជំនុំ​នៅ​ទីក្រុង​ភីលីព ដោយ​សារ​មាន​គ្រូ​ខុស​ឆ្គង​កំពុង​មាន​សកម្មភាព​នៅ​ក្នុង​ចំណោម​ពួក​គេ។ 
ពួក​និកាយ និង​ពួក​គ្រូ​ខុស​ឆ្គង បំផ្លាញ​ក្តី​អំណរ​ស្ទើរ​តែ​គ្រប់​ពេល ហើយ​ពួក​មនុស្ស​អាក្រក់​ទាំង​នេះ​ក្នុង​ទីក្រុង​ភីលីព​ក៏​អញ្ចឹង​ដែរ។ ពួក​គេ​មាន​ចរិត​លក្ខណៈ​ផ្ទុយ​ពី​អ្វី​ដែល​ពួក​គេ​បាន​អះអាង ដោយ​ពួក​គេ​ទទូច​ថា ក្រឹត្យ​វិន័យ​សញ្ញា​ចាស់​មាន​ភាព​ចាំបាច់​ចំពោះ​ជំនឿ​គ្រីស្ទ​បរិស័ទ​ពិត​ប្រាកដ។ ពួក​គេ​បាន​និយាយ​ទៅ​កាន់​អ្នក​ជឿ​នៅ​ទីក្រុង​ភីលីព ដែល​បាន​រក​ឃើញ​ក្តី​អំណរ​ក្នុង​ព្រះ​អម្ចាស់ ដោយ​សួរ​ពួក​គេ​ក្នុង​ន័យ​ថា បើ​អ្នក​មិន​បាន​ធ្វើ​ពិធី​កាត់​ស្បែក​ទេ តើ​អ្នក​ជា​គ្រីស្ទ​បរិស័ទ​ពិត​ប្រាកដ​ទេ?  សាវ័ក ប៉ុល ក៏​បាន​ដាស់តឿន​ពួក​គេ​ឲ្យ «ប្រុង​ប្រយ័ត្ន» ដើម្បី​ក្រើន​រំឭក​ពួក​ជំនុំ​ក្មេង​ខ្ចី​នេះ​ថា ជំនឿ​គ្រីស្ទ​បរិស័ទ​ដែល​បូក​បន្ថែម​ក្រឹត្យ​វិន័យ គឺ​បាន​ធ្វើ​ឲ្យ​ខូច​ដំណឹង​ល្អ​ពិត​ប្រាកដ។ ការ​បន្ថែម​បន្ថយ​ដំណឹង​ល្អ តែង​តែ​ដក​ក្តី​អំណរ និង​ថែម​ទាំង​សេចក្តី​សង្គ្រោះ​ចេញ​ពី​ដំណឹង​ល្អ។ 
ដូច​នេះ ពេល​ដែល​យើង​ឃើញ​ពាក្យ «ពួក​ឆ្កែ» ក្នុង​ខ​គម្ពីរ​នេះ យើង​មិន​គួរ​គិត​អំពី​សត្វ​ឆ្កែ​ជា​សត្វ​ចិញ្ចឹម​នោះ​ទេ។ សាវ័ក ប៉ុល មិន​និយាយ​សំដៅ​ទៅលើ​សត្វ​ឆ្កែ​ពូជ​ហ្គោលឌិន​នោះ​ទេ។ ប៉ុន្តែ គាត់​សំដៅ​ទៅ​លើ​ពួក​ឆ្កែ​អនាថា​ចម្លង​ជំងឺ​ដែល​ចោល​រោម​ធុង​សំរាម ហើយ​អាច​ធ្វើ​ឲ្យ​អ្នក​មាន​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ ដោយ​គ្រាន់​តែ​ខាំ​អ្នក​តែ​មួយ​ដង។ សាវ័ក ប៉ុល បាន​ប្រើ​ពាក្យ​សម្ដី​ធ្ងន់ៗ​ថា ពួក​មនុស្ស​ដែល​កំពុង​ជំរុញ​ពួក​ជំនុំ​ឲ្យ​ធ្វើ​តាម​ក្រឹត្យ​វិន័យ ក៏​គ្រោះ​ថ្នាក់​ដូច​គ្នា។ ពួក​គេ​កំពុង​អូស​ទាញ​ពួក​ជំនុំ​ឲ្យ​បែរ​ចេញ​ពី​ព្រះ​គ្រីស្ទ ដោយ​កាត់​បន្ថយ​ភាព​គ្រប់​គ្រាន់​នៃ​ការ​សុគត ការ​មាន​ព្រះ​ជន្ម​ឡើង​វិញ និង​ការ​យាង​ឡើង​ស្ថាន​សួគ៌​របស់​ព្រះ​អង្គ។ 
សាវ័ក ប៉ុល តែង​តែ​ដាស់​តឿន​ឥត​ដែល​ខាន​អំពី​ផល​វិបាក​ដ៏​សោកសៅ​នៃ​ការ​បង្រៀន​ខុស​ឆ្គង ហើយ​ដោយ​សារ​គាត់​ស្រឡាញ់​ពួក​ជំនុំ​នៅ​ទីក្រុង​ភីលីព ដោយ​ហៅ​ពួក​គេ​ថា «ជាទី​ត្រេក​អរ ហើយ​ជា​មកុដ» របស់​គាត់ (ភីលីព ៤:១) គាត់​ក៏​បាន​ទាស់​ប្រឆាំង​នឹង​មនុស្ស និង​អ្វីៗ​ទាំង​អស់ ដែល​នាំ​ពួក​គេ​វង្វេង​ចេញ​ពី​ផ្លូវ​តែ​មួយ​ឆ្ពោះ​ទៅ​រក​សិរី​ល្អ។ គាត់​ចង់​ឲ្យ​ពួក​គេ​មាន​ការ​ប្រុង​ប្រយ័ត្ន​ជានិច្ច។ 
យើង​ក៏​ងាយ​នឹង​ភ្លេច​ថា ដំណឹង​ល្អ​មិន​មែន​ជា​ការ​ប្រកាស​ថា «ចូរ​ប្រឹង​ប្រែង​អស់​ពី​លទ្ធ​ភាព ហើយ​ធ្វើ​ខ្លួន​ឲ្យ​ល្អ​គ្រប់​គ្រាន់!» ប៉ុន្តែ ផ្ទុយ​ទៅ​វិញ «ការ​ប្រឹង​ប្រែង​របស់​យើង​មិន​ដែល​មាន​ភាព​គ្រប់​គ្រាន់​ទេ គឺ​មាន​តែ​ព្រះយេស៊ូវ​ប៉ុណ្ណោះ​ដែល​តែង​តែ​មាន​ភាព​គ្រប់​គ្រាន់»។
ទោះជា​យ៉ាង​ណា​ក៏​ដោយ ដំណឹង​ល្អ​ពិត​ប្រាកដ​បាន​ប្រកាស​ថា មាន​តែ​ដោយ​សារ​ជំនឿ​លើ​ព្រះ​គ្រីស្ទ​ប៉ុណ្ណោះ ដែល​យើង​ជា «ពួក​កាត់​ស្បែក» ពិត​ប្រាកដ បាន​សេចក្តី​ថា យើង​ជា​មនុស្ស​ដែល​បាន​ញែក​ចេញ​ធ្វើ​ជា​រាស្ត្រ​ពិត​ប្រាកដ​របស់​ព្រះ មិន​មែន​ដោយ​សារ​យើង​បាន​កាត់​ស្បែក​ខាង​សាច់​ឈាម តែ​ដោយ​សារ​ព្រះ​គ្រីស្ទ​ត្រូវ​បាន​កាត់​ចេញ ដើម្បី​យើង។ ក្នុង​ជំនាន់​នីមួយៗ តែ​មាន​តែ​មនុស្ស​ដែល​ជំរុញ​ឲ្យ​គេ​បង្ហាញ​ចេញ​លក្ខណៈ​សម្គាល់​នៃ​សេចក្តី​ជំនឿ នៅ​សម្បក​ក្រៅ​ដោយ​ផ្ទាល់ ឬ​ដោយ​បើក​ចំហ ដោយ​ចាត់​ទុក​ការ​ប្រារព្ធ​ពិធី​តាម​ក្រឹត្យ​វិន័យ ជា​ធាតុ​ផ្សំ​ចាំ​បាច់​នៃ​សេចក្តី​សង្គ្រោះ។ ប៉ុន្តែ គ្មាន​ពិធី​បុណ្យ ឬ​ការ​អនុវត្ត​តាម​សាសនា​ណា ដែល​អាច​សង្គ្រោះ​យើង​បាន​ទេ។ ចូរ​កុំ​ឲ្យ​សេចក្តី​សង្គ្រោះ​របស់​អ្នក​ពឹង​ផ្អែក​ទៅ​លើ​សាច់​ឈាម​របស់​អ្នក ការ​ចូល​រួម​នៅ​ព្រះ​វិហារ ការ​អាន​ព្រះ​គម្ពីរ ការ​បំពេញ​តួនាទី​របស់​អ្នក ជា​ប្ដី​ប្រពន្ធ ឪពុក​ម្តាយ អ្នក​ធ្វើ​ការ អ្នក​ផ្សាយ​ដំណឹង​ល្អ ឬ​អ្វី​ផ្សេង​ទៀត​ឡើយ។ ចូរ​ទុក​ចិត្ត​លើ​ព្រះ​គ្រីស្ទ​ទាំង​ស្រុង។ មាន​តែ​ព្រះ​អង្គ​ទេ ដែល​មាន​ភាព​គ្រប់​គ្រាន់​សម្រាប់​យើង។ 


ខ​គម្ពីរ​សញ្ជឹង​គិត៖ កាឡាទី ២:១១-២១
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ ២សាំយ៉ូអែល ៩-១១ និង​១យ៉ូហាន ២