នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

វត្ថុសម្រាប់ធ្វើជាការរំឭក

វត្ថុសម្រាប់ធ្វើជាការរំឭក

ដោយAlyson Kieda

October 29, 2025

យ៉ូស្វេ ៤:១-៨
ចូរដើរទៅខាងមុខហឹបផងព្រះយេហូវ៉ា ...យកថ្ម១ដុំម្នាក់គ្រប់គ្នាលីទៅ ... ដើម្បីឲ្យបានទុកជាទីសំគាល់ នៅក្នុងពួកឯងរាល់គ្នា។ យ៉ូស្វេ ៤:៥-៦
បន្ទាប់ពីឪពុករបស់លោក អ៊ែរិន(Aaron) បានទទួលមរណាភាពភ្លាមៗ មិនទាន់បានយូរប៉ុន្មានផង គាត់ក៏បានធ្វើស៊ុមរូបថតធំមួយ ជួនម្តាយរបស់គាត់។ ក្នុងរូបថតនោះ គេអាចឃើញរបស់របរដែលឪពុកគាត់បានសន្សំទុក ព្រមទាំងរូបថត ផ្ទាំងថ្ម សៀវភៅ ស្នាដៃសិល្ប និងវត្ថមានតម្លៃផ្សេងទៀត ដែលមានអត្ថន័យពិសេស ក្នុងជីវិតរបស់ឪពុកគាត់។ លោកអ៊ែរុនក៏បានចំណាយពេលជាច្រើនថ្ងៃ ក្នុងការប្រមូលវត្ថុមានតម្លៃទាំងនោះ ហើយតម្រៀបពួកវានៅជាមួយគ្នា ហើយបន្ទាប់មក រេជល(Rachel) ជាប្អូនស្រីគាត់ ក៏បានយកកាំមីរ៉ាមកថតរូបពួកវា ដាក់ក្នុងសន្លឹករូបថតតែមួយ។ អំណោយនេះគឺជាការរំឭកអំពីឪពុករបស់ពួកគេ ដោយពួកគេមានការជឿជាក់ដោយគ្មានការសង្ស័យ ចំពោះក្តីស្រឡាញ់ដែលគាត់មានចំពោះពួកគេ ទោះគាត់បានតយុទ្ធនឹងការស្អប់ខ្ពើមខ្លួនឯង និងការញៀននឹងអ្វីមួយជាច្រើនទសវត្សរ៍ក៏ដោយ។ ការនេះក៏បានធ្វើបន្ទាល់ អំពីសេចក្តីស្រឡាញ់ និងអំណាចនៃការប្រោសឲ្យជារបស់ព្រះ ដែលនាំឲ្យឪពុកគាត់ជម្នះការញៀនដោយជោគជ័យ ក្នុងទសវត្សរ៍ចុងក្រោយនៃជីវិតគាត់។ 
បន្ទាប់ពីរាស្រ្តរបស់ព្រះនៅក្នុងវាលរហោស្ថាន៤០ឆ្នាំ ពួកគេក៏បានឆ្លងទន្លេចូលទឹកដីសន្យា ហើយលោកយ៉ូស្វេក៏បានជ្រើសរើសតំណាងម្នាក់ពីពូជអំបូរទាំង១២ ឲ្យទៅរើសថ្មពីបាតទន្លេដែលមានដីស្ងួត ដើម្បីតម្រៀប “ទុកជាទីសំគាល់” ក្នុងចំណោមពួកគេ(យ៉ូស្វេ ៤:១-៦)។ លោកយ៉ូស្វេបានប្រើថ្មទាំងនោះ ធ្វើជាអាសនា និងការរំឭកជាអចិន្ត្រៃយ៍ អំពីព្រះចេស្តា និងការផ្គត់ផ្គង់របស់ព្រះ(ខ.១៩-២៤)។ ការធ្វើដំណើររបស់ពួកអ៊ីស្រាអែលមិនមានភាពងាយស្រួលទេ។ ប៉ុន្តែ ព្រះទ្រង់គង់នៅជាមួយពួកគេ ដោយប្រទានទឹកហូរចេញពីថ្ម ទម្លាក់នំម៉ាណាពីលើមេឃមក និងដាក់បង្គោលពពកនៅពេលថ្ងៃ ហើយបង្គោលភ្លើងនៅពេលយប់ ដើម្បីនាំផ្លូវពួកគេ ហើយសំលៀកបំពាក់របស់ពួកគេ ក៏មិនដែលសឹក ឬដាច់រហែកដែរ(ចោទិយកថា ៨:៤)! ទីសំគាល់នោះបានចង្អុលបង្ហាញទៅរកព្រះអង្គ។ 
ព្រះទ្រង់ធ្វើការអស្ចារ្យជាច្រើន! ដោយការផ្គត់ផ្គង់មកពីព្រះអង្គ ចូរយើងបន្សល់ទុកនូវការរំឭកជានិរន្ត អំពីសេចក្តីស្រឡាញ់ និងព្រះចេស្តារបស់ព្រះអង្គ។—Alyson Kieda

តើអ្នកបានឃើញភស្តុតាងនៃកិច្ចការដែលព្រះទ្រង់បានធ្វើ នៅកន្លែងណាខ្លះ? 
តើអ្នកអាចបន្សល់ទុកនូវការរំឭកអ្វីខ្លះ ដើម្បីឲ្យគេនឹកចាំកិច្ចការដែលទ្រង់បានធ្វើ?
ឱព្រះអម្ចាស់ យើងខ្ញុំសូមអរព្រះគុណព្រះអង្គ សម្រាប់ការរំឭកយើងខ្ញុំឲ្យនឹកចាំ 
អំពីសេចក្តីស្រឡាញ់របស់ព្រះអង្គដែលបានហ៊ុមព័ទ្ធយើងខ្ញុំ។ 
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យេរេមា ១៨-១៩ និង ២ធីម៉ូថេ ៣
 

ល្ងាច

មាន​ចិត្ត​សប្បុរស​តាម​គំរូ​របស់​ព្រះ​អង្គ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

មាន​ចិត្ត​សប្បុរស​តាម​គំរូ​របស់​ព្រះ​អង្គ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

October 29, 2025

«នាង​ក៏​រៀបរាប់​ប្រាប់​ម្ដាយ​ក្មេក ពី​ដំណើរ​ដែល​នាង​បាន​ធ្វើ​នៅ​ទី​ណា​នោះ ដោយ​ពាក្យ​ថា មនុស្ស​នោះ​ដែល​ខ្ញុំ​បាន​ទៅ​ធ្វើ​ការ​ជា​មួយ​នៅ​ថ្ងៃ​នេះ លោក ឈ្មោះ បូអូស។ នោះ​គាត់​និយាយ​ទៅ​កូន​ប្រសា​ថា សូម​ឲ្យ​លោក​បាន​ពរ​ពី​ព្រះ​យេហូវ៉ា​ចុះ ដោយ​ព្រោះ​លោក​មិន​ខាន​នឹង​ប្រព្រឹត្ត​ដោយ​សប្បុរស ដល់​ទាំង​មនុស្ស​រស់​នឹង​មនុស្ស​ស្លាប់​ផង» (នាងរស់ ២:១៩-២០)។
នៅ​ថ្ងៃ​នេះ អ្នក​អាច​ធ្វើ​ឲ្យ​គេ​មើល​ឃើញ​ព្រះ ដែល​គេ​មើល​មិន​ឃើញ។ 
កាល​នាង​រស់​ចេញ​ទៅ​រើស​គួរ​ស្រូវ​នៅ​វាល​ស្រែ នាង​មិន​បាន​ដឹង​ទេ​ថា ការ​ផ្គត់ផ្គង់​របស់​ព្រះ​មាន​ភាព​អស្ចារ្យ​ប៉ុណ្ណា។ នាង​បាន​ជ្រក​នៅ​ក្នុង​ព្រះ ប៉ុន្តែ​តាម​រយៈ​លោក បូអូស នាង​ក៏​បាន​ដឹង​ថា ព្រះ​អម្ចាស់​អាច​នឹង​ធ្វើ​សម្រាប់​នាង​ហួស​សន្ធឹក​លើស​ជាង​អស់​ទាំង​សេចក្ដី​ដែល​នាង​ទូល​សូម ឬ​គិត​ក្ដី។ 
កាល​ព្រះ​អម្ចាស់​បាន​តាំង​សញ្ញា​ជា​មួយ​ពួក​អ៊ីស្រាអែល ព្រះ​អង្គ​បាន​បើក​បង្ហាញ​សេចក្តី​សប្បុរស ក្នុង​នាម​ព្រះ​អង្គ​ជា​ព្រះ​ដែល «សេចក្ដី​សុចរិត ដល់​ពួក​កំព្រា​នឹង​ពួក​មេម៉ាយ ក៏​ស្រឡាញ់​អ្នក​ប្រទេស​ក្រៅ ទាំង​ប្រទាន​ឲ្យ​មាន​អាហារ នឹង​សំលៀក​បំពាក់​ផង» (ចោទិយកថា ១០:១៨)។ ព្រះ​អង្គ​បាន​ប្រទាន​ក្រឹត្យ​វិន័យ​ដល់​រាស្ត្រ​ព្រះ​អង្គ មិន​មែន​ដើម្បី​ឲ្យ​ពួក​គេ​មាន​ភាព​ជ្រុល​និយម​ខាង​ក្រឹត្យ​វិន័យ​នោះ​ទេ តែ​ដើម្បី​ឲ្យ​ពួកគេ​បង្ហាញ​ឲ្យ​គេ​ស្គាល់​ចរិត​លក្ខណៈ​របស់​ព្រះអង្គ ហើយ​ថ្វាយ​សិរី​ល្អ​ដល់​ព្រះ​នាម​របស់​ព្រះ​អង្គ​តាម​រយៈ​ការ​ស្តាប់​បង្គាប់​របស់​ពួក​គេ។ ក្រឹត្យ​វិន័យ​របស់​ព្រះ​អង្គ មាន​ផ្នែក​ដែល​បាន​បង្កើត​គោល​ការណ៍​សម្រាប់​ផ្គត់ផ្គង់​អ្នក​ដែល​កំពុង​ជាប់​នៅ​ក្នុង​កាលៈទេសៈ​ដ៏​លំបាក។ 
ខណៈ​ពេល​ដែល​លោក បូអូស បាន​ស្តាប់​បង្គាប់​តាម​ក្រឹត្យ​វិន័យ ដោយ​អញ្ជើញ​នាងរស់ ឲ្យ​ចូល​មក​ញាំ​អាហារ​របស់​គាត់ (នាងរស់ ២:‌១៤) គឺ​គាត់​បាន​ធ្វើ​ដោយ​ចិត្ត​សន្តោស​ចរិត​លក្ខណៈ​ប្រណី។ គាត់​បាន​ទទួល​សេចក្តី​សប្បុរស​ពី​ព្រះ ហើយ​ដឹង​ថា គាត់​អាច​ចែក​រំលែក​សេចក្តី​សប្បុរស​របស់​ព្រះ​អង្គ​ជា​មួយ​អ្នក​ដទៃ​ដែរ។ គាត់​បាន​ធ្វើ​តាម​ព្រះ​រាជ​បញ្ជា​របស់​ព្រះ​តាម​រយៈ​ការ​ប្រព្រឹត្ត​ជាក់​ស្ដែង ធ្វើ​ឲ្យ​នាង​រស់​ក៏​បាន​ស្គាល់​បំណង​ព្រះ​ទ័យ​របស់​ព្រះ​កាន់​តែ​ច្បាស់។ ជាង​នេះ​ទៅ​ទៀត ការ​សន្តោស​ប្រណី​របស់​គាត់ បាន​ដើរ​ទន្ទឹម​នឹង​សេចក្តី​សប្បុរស​របស់​គាត់ នៅ​ពេល​ដែល​គាត់​មិន​គ្រាន់​តែ​បាន​អញ្ជើញ​នាង​រស់ ឲ្យ​បរិភោគ​អាហារ តែ​ក៏​បាន​ឲ្យ​នាង​មាន​កន្លែង​អង្គុយ ក្នុង​ចំណោម​ពួក​អ្នក​ច្រូត​កាត់​របស់​គាត់​ផង​ដែរ។ គាត់​បាន​លើក​ទឹក​ចិត្ត​នាង​ឲ្យ​បរិភោគ​ឲ្យ​ឆ្អែត។ គាត់​បាន​អនុញ្ញាត​ឲ្យ​នាង​រើស​គួរ​ស្រូវ​ដែល​ល្អ​បំផុត គឺ​មិន​គ្រាន់​តែ​គួរ​ស្រូវ​ដែល​នៅ​សល់​ប៉ុណ្ណោះ​ទេ។ ទោះ​នាង​មាន​ឋានៈ និង​មាន​ពូជ​សាសន៍​ផ្សេង​ពី​គាត់​ក៏​ដោយ ក៏​គាត់​មិន​បាន​រើស​អើង ឬ​បណ្ដេញ​ឲ្យ​នាង​នៅ​ឆ្ងាយ​ពី​គាត់​ដែរ។ ផ្ទុយ​ទៅ​វិញ គាត់​បាន​ធ្វើ​លើស​ការ​តម្រូវ​ក្នុង​ក្រឹត្យ​វិន័យ​របស់​ព្រះ។ 
ការ​នេះ​គ្រាន់​តែ​ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​ការ​ស្វាគមន៍ ដែល​ព្រះ​ទ្រង់​ប្រទាន​មក​យើង​តាម​រយៈ​ព្រះ​គ្រីស្ទ ខណៈ​ពេល​ដែល​ព្រះ​អង្គ​អញ្ជើញ​យើង​ចូល​តុ​ជា​មួយ​ព្រះ​អង្គ​នៅ​នគរ​ស្ថាន​សួគ៌។ នេះ​ជា​ការ​ផ្តល់​ឲ្យ​ដែល​យើង​រាល់​គ្នា​ជា​គ្រីស្ទាន​គួរ​តែ​យក​តម្រាប់​តាម។ បើ​មាន​នរណា​ម្នាក់ ជា​ស្ត្រី​មេម៉ាយ អ្នក​ទាល់ក្រ មាន​ការ​ឈឺ​ចាប់ ឬ​ចិត្ត​ជូរ​ល្វីង​ក្តី ចូល​រួម​កម្មវិធី​ថ្វាយ​បង្គំ​នៅ​ព្រះ​វិហារ ឬ​ក្នុង​ផ្ទះ​របស់​គ្រីស្ទ​បរិស័ទ យើង​ត្រូវ​តែ​ស្វាគមន៍​ពួក​គេ​ដោយ​ចិត្ត​ស្មោះ​ត្រង់ តាម​គំរូ​នៃ​ការ​ថែរក្សា​របស់​ព្រះ​អង្គ​តាម​សេចក្តី​សញ្ញា។ 
និយាយ​រួម នាង​រស់ មាន​អំណរ​ជា​ពន់ពេក ចំពោះ​ការ​យក​អាសា​ដែល​លោក បូអូស បន្ត​មាន​ចំពោះ​នាង។ នៅ​ពេល​នាង​ត្រឡប់​មក​ផ្ទះ​វិញ ដោយ​ស្បៀង​អាហារ​ច្រើន នាង ណាអូមី ក៏​បាន​អរ​សប្បាយ​ចំពោះ​សេចក្តី​សប្បុរស​របស់​លោក បូអូស ដោយ​គាត់​រៀប​រាប់​អំពី «សេចក្តី​ស្រឡាញ់​របស់​ព្រះ» ដែល​មាន​ការ​ផ្គត់​ផ្គង់​ដោយ​សេចក្តី​សប្បុរស និង​សេចក្តី​មេត្តា តាម​សេចក្តី​សញ្ញា​របស់​ទ្រង់។ សេចក្តី​ស្រឡាញ់​របស់​លោក បូអូស ដែល​មាន​ការ​ផ្គត់ផ្គង់​បាន​បណ្ដាល​ចិត្ត​នាង​រស់ និង​នាង​ណាអូមី ឲ្យ​ថ្វាយ​បង្គំ​ព្រះ ដែល​បាន​មាន​ពេញ​ដោយ​សេចក្តី​ស្រឡាញ់​របស់​ព្រះ ដែល​មាន​ការ​ផ្គត់ផ្គង់ (និក្ខមនំ ៣៤:៦-៧)។
សេចក្តី​សប្បុរស​របស់​លោក បូអូស បាន​ហូរហៀរ​ចេញ​ពី​សេចក្តី​សប្បុរស​ប្រកប​ដោយ​ព្រះ​គុណ​ដែល​គាត់​បាន​ទទួល​ពី​ព្រះ​មិន​ដែល​ខាន។ ក្នុង​នាម​យើង​ជា​អ្នក​ទទួល​បាន​ការ​ថែរក្សា​ពី​ព្រះ​អម្ចាស់ ពេល​ណា​យើង​ផ្តល់​ឲ្យ​នូវ​ការ​ថែរក្សា​ដល់​អ្នក​ដទៃ​តាម​គំរូ​ព្រះ​អង្គ ពួក​គេ​នឹង​អាច​ស្គាល់​ព្រះ​អង្គ​ផង​ដែរ។ ពេល​នោះ​មនុស្ស​គ្រប់​ជំនាន់​អាច​មើល​ឃើញ​ព្រះ​ដែល​គេ​មើល​មិន​ឃើញ តាម​រយៈ​សេចក្តី​អាណិត​របស់​រាស្ត្រ​របស់​ព្រះអង្គ។ តើ​អ្នក​នឹង​មាន​ចិត្ត​ល្អ​ដែល​សប្បុរស និង​ប្រកប​ដោយ​ព្រះ​គុណ​លើស​ពី​ការ​រំពឹង​គិត​ចំពោះ​នរណា នៅ​ថ្ងៃ​នេះ? 


ខ​គម្ពីរ​សញ្ជឹង​គិត៖ នាងរស់ ២:១៤-២៣
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖  ២សាំយ៉ូអែល ១២-១៣ និង​១យ៉ូហាន ៣

ប្រភេទ