នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ការអ្វីដែលព្រះយេស៊ូវបានធ្វើសម្រាប់យើង

ការអ្វីដែលព្រះយេស៊ូវបានធ្វើសម្រាប់យើង

ដោយKaren Huang

October 31, 2025

អេភេសូរ ១:៥-៧
យើងបានសេចក្ដីប្រោសលោះនៅក្នុងព្រះរាជបុត្រានោះ ដោយសារព្រះលោហិតទ្រង់។ អេភេសូរ ១:៧
លោកអនដ្រេស(Andres) គឺជាម្ចាស់ក្រុមហ៊ុនអេឡិចត្រូនិកមួយ បានឲ្យរង្វាន់ដល់បុគ្គលិក ដែលបានលក់ផលិតផល ក្នុងកំណត់ត្រាដ៏លេចធ្លោ ដោយឲ្យពួកគេធ្វើដំណើររយៈពេលមួយថ្ងៃ ទៅរមណីយដ្ឋានឆ្នេរសមុទ្រមួយកន្លែង។ លោកអនដ្រេក៏បានយកកូនប្រុសគាត់អាយុ៧ឆ្នាំ ឈ្មោះជីមមី(Jimmy) ទៅជាមួយផងដែរ។ មុនពេលចេញដំណើរ គាត់បានកាន់ដៃឪពុកគាត់ដោយចិត្តរំភើបរីករាយ ខណៈពេលដែលអ្នកដំណើរម្នាក់ៗឡើងជិះឡានវែន។ មានបុគ្គលិករបស់គាត់ម្នាក់ បានសួរជីមមី ក្នុងលក្ខណៈលេងសើចថា តើគាត់នឹងចូលរួមដំណើរកម្សាន្តជាមួយពួកគេមែនទេ? តើគាត់លក់ផលិតផលបានប៉ុន្មានដែរ? គាត់ឆ្លើយថា គាត់មិនបានលក់ផលិតផលទេ។ ឪពុករបស់គាត់បានអនុញ្ញាតឲ្យគាត់ចូលរួមដំណើរកម្សាន្តនេះ។
ជីមមី មិនចាំបាច់ត្រូវធ្វើការងារ ដើម្បីឲ្យបានចូលរួមដំណើរកម្សាន្តនេះឡើយ ព្រោះឪពុករបស់គាត់គឺជាអ្នកបង់ថ្លៃធ្វើដំណើរ។ ក្នុងនាមយើងជាអ្នកជឿព្រះយេស៊ូវ យើងក៏មិនពឹងផ្អែកលើអំពើល្អរបស់យើង ដើម្បីឲ្យបានចូលស្ថានសួគ៌ដែរ។ ព្រះទ្រង់បានបើកផ្លូវឲ្យយើងចូលនគរស្ថានសួគ៌ ដោយសារការសុគតរបស់ព្រះយេស៊ូវជំនួសយើង និងការមានព្រះជន្មរស់ឡើងវិញរបស់ព្រះអង្គ។ “ឈ្នួលរបស់អំពើបាបគឺជាសេចក្តីស្លាប់”(រ៉ូម ៦:២៣) ហើយព្រះលោហិតរបស់ព្រះយេស៊ូវ គឺជា “ថ្លៃលោះ” ដែលបានរំដោះយើងឲ្យរួចពីបំណុល ដែលយើងបានជំពាក់ព្រះអង្គ។ “យើងបានសេចក្ដីប្រោសលោះនៅក្នុងព្រះរាជបុត្រានោះ ដោយសារព្រះលោហិតទ្រង់ គឺជាសេចក្ដីប្រោសឲ្យរួចពីទោសតាមព្រះគុណដ៏ធ្ងន់ក្រៃលែងនៃទ្រង់”(អេភេសូរ ១:៧)។ ព្រះអង្គបានបើកផ្លូវដល់អស់អ្នកណាដែលជឿព្រះអង្គ “មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បវិញ”(យ៉ូហាន ៣:១៦)។ ព្រះរាជកិច្ចរបស់ព្រះគ្រីស្ទ និងជំនឿដែលយើងមានចំពោះព្រះអង្គ អនុញ្ញាតឲ្យយើងទៅរស់នៅជាមួយព្រះអង្គអស់កល្បជានិច្ច។ 
ពេលណាយើងទទួលជឿព្រះយេស៊ូវជាព្រះអង្គសង្គ្រោះ យើងក្លាយជាកូនរបស់ព្រះ។ នេះគឺជា “ព្រះគុណដ៏ឧត្ដមរបស់ទ្រង់” ដែលបានប្រទានមកយើងដោយឥតគិតថ្លៃ(អេភេសូរ ១:៦)។ យើងក៏អាចមើលទៅព្រះវរបិតានៃយើងដែលគង់នៅស្ថានសួគ៌ ហើយនិយាយដោយទំនុកចិត្តថា “ព្រះវរបិតាបានអនុញ្ញាតឲ្យខ្ញុំចូលរួមជាមួយព្រះអង្គ”។—Karen Huang

តើការដឹងថា ព្រះយេស៊ូវបានសុគតជំនួសអ្នក បានធ្វើឲ្យអ្នកមានអារម្មណ៍ដូចម្តេច? 
តើសេចក្តីពិតនេះមានឥទ្ធិពលយ៉ាងណាមកលើជីវិតអ្នក? 
ឱព្រះយេស៊ូវ ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលបានសុគតជំនួសទូលបង្គំ។ 
ដោយសារព្រះគុណ និងសេចក្តីស្រឡាញ់ ព្រះអង្គបានអត់ទោសឲ្យបាបរបស់ទូលបង្គំ។ 
ទូលបង្គំអាចទន្ទឹងរង់ចាំពេលដែលទូលបង្គំនឹងបានទៅរស់នៅជាមួយព្រះអង្គជារៀងរហូត។ 
Learn more here: ODB.org/personal-relationship-with-god.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យេរេមា ២២-២៣ និង ទីតុស ១
 

ល្ងាច

ចេញ​ពី​កន្លែង​រង់​ចាំ​បំណង​ព្រះ​ទ័យ​ព្រះ  (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ចេញ​ពី​កន្លែង​រង់​ចាំ​បំណង​ព្រះ​ទ័យ​ព្រះ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

October 31, 2025

«រួច​នាង​លប​ចូល​ទៅ បើក​ភួយ​ពី​ខាង​ចុង​ជើង​លោក​ដេក​ទៅ។ លុះ​ដល់​ពេល​កណ្ដាល​អធ្រាត្រ​នោះ​លោក​ក៏​នឹក​ខ្លាច ហើយ​ភ្ងារ​ប្រែ​ខ្លួន​មក ឃើញ​មាន​ស្ត្រី​ម្នាក់​ដេក​នៅ​ត្រង់​ចុង​ជើង​របស់​ខ្លួន» (នាងរស់ ៣:៧-៨)។
ជីវិត​គ្រីស្ទ​បរិស័ទ​មិន​មែន​សម្រាប់​រស់​នៅ ក្នុង​កន្លែង​សុខ​ស្រួល​នោះ​ទេ។ 
ក្នុង​បទ​គម្ពីរ​នាង​រស់​ជំពូក៣ យើង​ឃើញ​ថា នាង​រស់​បាន​ប្រថុយ​យ៉ាង​ខ្លាំង នៅ​ពេល​ដែល​នាង​ចូល​ទៅ​រក​លោក​បូអូស ដើម្បី​ស្នើ​ឲ្យ​គាត់​ថែរក្សា​នាង​ដោយ​ទទួល​នាង​ជា​ភរិយា។ នាង​បាន​ចេញ​ទៅ​តែ​ម្នាក់​ឯង នៅ​ពាក់​កណ្ដាល​អធ្រាត្រ ចូល​ឃ្លាំង​ស្រូវ ដែល​មាន​សុទ្ធតែ​មនុស្ស​ប្រុស​ដែល​កំពុង​ដេក បន្ទាប់​ពី​ពួក​គេ​បាន​ធ្វើ​ពិធី​ជប់​លៀង អបអរ​ការ​ប្រមូល​ផល។ នៅ​ពេល​ដែល​លោក បូអូស គេង​លក់ នាង​ក៏​បាន​ចូល​ទៅ​រក​គាត់ ក្នុង​ពេល​ងងឹត ហើយ​បើក​ភួយ​នៅ​ចុង​ជើង​គាត់។ បើ​នាង​បាន​ភ្លាត់​ស្នៀត​តែ​បន្តិច ឬ​គេ​ឃើញ​នាង យើង​មិន​ដឹង​ថា ពួក​ប្រុសៗ​ទាំង​នោះ​អាច​ធ្វើ​អ្វី​ខ្លះ​មក​លើ​នាង ឬ​មនុស្ស​នឹង​គិត​ថា នាង​មាន​បំណង​យ៉ាង​ណា​ទេ។ 
ហេតុ​ការណ៍​ហាក់​ដូច​ជា​រឿង​ចម្លែក សម្រាប់​ភ្នែក​មនុស្ស​នៅ​សតវត្សរ៍​ទី២១ ប៉ុន្តែ​សកម្មភាព​របស់​នាង​រស់ ដែល​ខុស​ពី​ធម្មតា បាន​បង្ហាញ​ចេញ​នូវ​ការ​ទុក​ចិត្ត​ដោយ​ចិត្ត​ស្មោះ​ត្រង់ លើ​ការ​ថែរក្សា និង​ការពារ​របស់​ព្រះ។ ព្រះ​ទ្រង់​បាន​អនុញ្ញាត តាម​ក្រឹត្យ​វិន័យ​របស់​ទ្រង់​ឲ្យ​លោក បូអូស អាច​ធ្វើ​ជា​អ្នក​លោះ​សាច់​ញាតិ​របស់​ខ្លួន​ធ្វើ​ជា​អ្នក​ការពារ និង​អ្នក​ផ្គត់​ផ្គង់​ដល់​នាង​រស់។ ព្រះ​អង្គ​បាន​នាំ​នាង​រស់ ទៅ​វាល​ស្រែ​របស់​លោក បូអូស តាម​ផែនការ​របស់​ព្រះ​អង្គ​ដែល​នៅ​ទីនោះ គាត់​បាន​បង្ហាញ​សេចក្តី​មេត្តា​ដល់​នាង។ រឿង​របស់​នាង​បាន​បង្ហាញ​យើង​ម្តង​ហើយ​ម្តង​ទៀត​អំពី​របៀប​ដែល​ព្រះ​ទ្រង់​គ្រប់​គ្រង​តាម​ផែនការ​របស់​ទ្រង់​មក​លើ​កាលៈទេសៈ​ទាំង​អស់​ដែល​យើង​មើល​មិន​ឃើញ ដើម្បី​សិរីល្អ​ដល់​ព្រះ​អង្គ និង​សុខុមាលភាព​របស់​រាស្ត្រ​ព្រះ​អង្គ។
នៅ​ពេល​ខ្លះ យើង​នឹង​ជួប​កាលៈទេសៈ​ក្នុង​ជីវិត​ដែល​យើង​មិន​អាច​មើល​លើស​ជំហាន​បន្ទាប់ មិន​ខុស​ពី​នាង​រស់​ឡើយ។ មនុស្ស​ជា​ច្រើន​មាន​ចិត្ត​ចង់​នៅ​ក្នុង​បន្ទប់​រង់​ចាំ ទាល់​តែ​ពួក​គេ​ហាក់​ដូច​ជា​បាន​ដឹង​គ្រប់​ជ្រុង​ជ្រោយ។ យើង​ចង់​មាន​សុវត្ថិភាព និង​គ្រប់​គ្រង​ស្ថាន​ការណ៍​របស់​យើង។ ប៉ុន្តែ បើ​យើង​នៅ​តែ​មិន​ចង់​ធ្វើ​អ្វី​សោះ ទាល់​តែ​យើង​មាន​អារម្មណ៍​ថា​ចង់​ធ្វើ នោះ​ជីវិត​យើង​មិន​សូវ​មាន​ការ​លូត​លាស់​ខាង​វិញ្ញាណ ហើយ​នឹង​បាន​ធ្វើ​បន្ទាល់​តែ​បន្តិច​បន្តួច​អំពី​កិច្ចការ​ដ៏​អស្ចារ្យ​របស់​ព្រះ។ ពេល​ណា​យើង​នៅ​ទ្រឹង​មួយ​កន្លែង ដោយ​សារ​យើង​ខ្លាច​ទៅ​តាម​ទិស​ដៅ​ខុស យើង​នឹង​មិន​អាច​ទៅ​ណា​សោះ។ 
ពេល​ណា​យើង​មិន​អាច​មើល​ទៅ​មុខ​លើស​ជំហាន​បន្ទាប់ ឬ​នៅ​ពេល​ណា​ភាព​មិន​ច្បាស់​លាស់ ចូល​ក្នុង​ជីវិត ហើយ​ពួក​វា​នឹង​កើត​មាន​មែន! យើង​ត្រូវ​ទុក​ចិត្ត​ព្រះ ហើយ​ធ្វើ​អ្វី​មួយ​ផ្អែក​ទៅ​លើ​សេចក្តី​ពិត​នៃ​ព្រះ​បន្ទូល​របស់​ព្រះ​អង្គ ហើយ​ទុក​ចិត្ត​ការ​ដឹក​នាំ​របស់​ព្រះ​វិញ្ញាណ​របស់​ព្រះ​អង្គ។ ផែនការ​របស់​នាង​រស់ មិន​មាន​ការ​ធានា និង​មិន​មាន​ការ​ដឹង​ច្បាស់ តែ​នាង​បាន​បោះ​ជំហាន​ទៅ​មុខ ព្រោះ​នាង​ទុក​ចិត្ត​ព្រះ ដែល​បាន​បង្ហាញ​សេចក្តី​ស្មោះ​ត្រង់​របស់​ទ្រង់​ចំពោះ​នាង​ម្តង​ហើយ​ម្តង​ទៀត។
តើ​អ្នក​ចាំ​បាច់​ត្រូវ​ចាប់​ផ្តើម​គិត​យ៉ាង​ដូច​នេះ​ទេ? តើ​អ្នក​ចាំ​បាច់​ត្រូវ​មើល ឲ្យ​ហួស​ព្រំ​ដែន​នៃ​កន្លែង​សុខ​ស្រួល​របស់​អ្នក​តាម​ការ​ត្រាស់​ហៅ​របស់​ព្រះ​ទេ? បើ​នាង​រស់​បាន​ទទួល​ការ​បណ្ដាល​ចិត្ត​ដោយ​ជំនឿ និង​ការ​ស្តាប់​បង្គាប់ តើ​អ្នក​បាន​ទទួល​ការ​បណ្ដាល​ចិត្ត​ពី​អ្វី? តើ​មាន​ផ្នែក​ណា​ខ្លះ​នៃ​ជីវិត​អ្នក នៅ​ពេល​នេះ ដែល​បង្ហាញ​ថា អ្នក​ទុក​ចិត្ត​ព្រះ​អង្គ? អ្នក​ប្រហែល​ជា​មាន​ការ​សម្រេច​ចិត្ត​ដែល​ត្រូវ​ធ្វើ កន្លែង​ដែល​ត្រូវ​ទៅ កិច្ចការ​ដែល​ត្រូវ​ធ្វើ ឬ​ការ​សន្ទនា​ដែល​ត្រូវ​មាន ដែល​អ្នក​មិន​បាន​ដឹង​ឲ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ ហើយ​អ្វី​ដែល​អ្នក​អាច​និយាយ​នោះ​គឺ «ខ្ញុំ​គ្មាន​តម្រុយ​ថា រឿង​នេះ​នឹង​ទៅ​ជា​យ៉ាង​ណា​ទេ តែ​នេះ​ជា​អ្វី​ដែល​ព្រះ​ទ្រង់​កំពុង​ត្រាស់​ហៅ​ឲ្យ​ខ្ញុំ​ធ្វើ»។ ក្នុង​ស្ថានភាព​នេះ ព្រះ​បន្ទូល​ព្រះ​អង្គ​ត្រាស់​ហៅ​អ្នក​ឲ្យ​ប្រើ​ប្រាជ្ញា ហើយ​បោះ​ជំហាន​ទៅ​មុខ​ដោយ​ជំនឿ មួយ​ជំហាន​ម្តងៗ ដោយ​ទុក​ចិត្ត​លើ​ព្រះ​ដែល​បាន​សុគត​ជំនួស​អ្នក ហើយ​សន្យា​ថា «ខ្ញុំ​ក៏​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ជា​រាល់​ថ្ងៃ​ដែរ ដរាប​ដល់​បំផុត​កល្ប» (ម៉ាថាយ ២៨:២០)។ ចូរ​ទុក​ដាក់​ជីវិត​អ្នក មិន​មែន​នៅ​ក្នុង​សុវត្ថិភាព​នៃ​កន្លែង​សុខ​ស្រួល​របស់​អ្នក​ឡើយ ប៉ុន្តែ​នៅ​ក្នុង​ការ​ដឹក​នាំ នៃ​ព្រះ​ហស្ត​របស់​ព្រះ​អង្គ​ដែល​តែង​តែ​ផ្គត់ផ្គង់​យើង។ 


ខ​គម្ពីរ​សញ្ជឹង​គិត៖ នាងរស់ ៣
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ ២សាំយ៉ូអែល ១៦-១៨ និង​១យ៉ូហាន ៥

ប្រភេទ