ព្រឹក

មនុស្សមកពីគ្រប់ជាតិសាសន៍
ដោយKirsten Holmberg
November 1, 2025
វិវរណៈ ៧:៩-១០,១៣-១៧
ក្រោយនោះមក ខ្ញុំក្រឡេកទៅឃើញមនុស្ស១ហ្វូងយ៉ាងធំ ដែលគ្មានអ្នកណាអាចនឹងរាប់បានឡើយ គេមកពីគ្រប់ទាំងសាសន៍ គ្រប់ទាំងពូជមនុស្ស គ្រប់ទាំងគ្រួសារ ហើយគ្រប់ទាំងភាសា ក៏ឈរនៅមុខបល្ល័ង្ក នឹងកូនចៀម។ វិវរណៈ ៧:៩
កាលពីឆ្នាំ២០១០ អ្នកជឿព្រះយេស៊ូវជិត៤ពាន់នាក់ បានជួបជុំគ្នា ក្នុងទីក្រុងខេប ថោន ប្រទេសអាហ្វ្រិកខាងត្បូង។ អ្នកចូលរួមមកពី១៩៨ប្រទេស មានវត្តមានក្នុងសន្និសីទ ដែលគេបានចាត់ទុកជាការប្រជុំគ្នារបស់ពួកជំនុំគ្រីស្ទបរិស័ទ ដែលមានតំណាងមកពីប្រជាជាតិច្រើនជាងគេបំផុត ក្នុងប្រវត្តិសាស្រ្តពួកជំនុំ ជាង២ពាន់ឆ្នាំ ចាប់តាំងពីពេលដែលព្រះយេស៊ូវបានយាងមកចាប់កំណើតនៅលើផែនដី។
ថ្ងៃមួយ នឹងមានការជួបជុំគ្នាដែលមិនត្រូវការឲ្យមានអ្នកតំណាងជាតិសាសន៍នីមួយៗទៀតទេ ព្រោះអ្នកជឿទាំងអស់ ដែលបានសង្គ្រោះ នឹងបានជួបជុំគ្នាដោយផ្ទាល់។ ក្នុងការទទួលការបើកសម្ដែងពីព្រះ សាវ័កយ៉ូហានបានពិពណ៌នា អំពីរឿងនេះថា “ក្រោយនោះមក ខ្ញុំក្រឡេកទៅឃើញមនុស្ស១ហ្វូងយ៉ាងធំ ដែលគ្មានអ្នកណាអាចនឹងរាប់បានឡើយ គេមកពីគ្រប់ទាំងសាសន៍ គ្រប់ទាំងពូជមនុស្ស គ្រប់ទាំងគ្រួសារ ហើយគ្រប់ទាំងភាសា ក៏ឈរនៅមុខបល្ល័ង្ក នឹងកូនចៀម ទាំងពាក់អាវសវែង ហើយកាន់ធាងចាកនៅដៃ គេបន្លឺសំឡេងថា សេចក្ដីសង្គ្រោះស្រេចនូវព្រះនៃយើងរាល់គ្នា ដែលគង់លើបល្ល័ង្ក ហើយស្រេចនឹងកូនចៀមផង”(វិវរណៈ ៧:៩-១០)។
ពួកជំនុំក្នុងតំបន់របស់យើង មិនតែងតែឆ្លុះបញ្ចាំងអំពីភាពចម្រុះគ្នា ដែលកើតមានក្នុងនគរដ៏អស់កល្បរបស់ព្រះឡើយ។ ជួនកាល បញ្ហានេះកើតឡើង ដោយសារកត្តាដែលយើងមិនអាចគ្រប់គ្រងបាន ពេលខ្លះទៀត យើងចង់ថ្វាយបង្គំជាមួយមនុស្សដែលមានវប្បធម៌ស្រដៀងយើង ឬស្ថិតក្នុងជំនាន់ដូចយើង ឬមួយមាននិន្នាការនយោបាយ និងស្ថានភាពសេដ្ឋកិច្ចស្រដៀងយើង។
ប៉ុន្តែ យើងថ្វាយព្រះកិត្តិនាមដល់ព្រះ ពេលណាយើងឱបក្រសោប ឬថែមទាំងស្វែងរកភាពខុសប្លែកគ្នាដ៏ស្រស់ស្អាត ដែលព្រះអង្គបានប្រទានកូនព្រះអង្គផ្សេងៗគ្នា។ ការនេះផ្តល់ឲ្យយើងនូវការរំពឹងទុកជាមុន នូវភាពចម្រុះគ្នា ក្នុងការជួបជុំគ្នានៅស្ថានសួគ៌ នៅពេលដែលអស់អ្នកដែលជឿលើការលះបង់របស់ព្រះយេស៊ូវ នឹងបានថ្វាយបង្គំព្រះអង្គជាមួយគ្នា។—Kirsten Holmberg
តើអ្នកអាចស្វាគមន៍មនុស្សដែលខុសពីអ្នក តាមរបៀបដែលប្រសើរជាងមុន ដូចម្តេចខ្លះ?
តើភាពខុសប្លែកគ្នានោះអាចជួយឲ្យអ្នកមានការយល់ដឹងកាន់តែច្បាស់ អំពីព្រះអម្ចាស់យ៉ាងណាខ្លះ?
ឱព្រះអម្ចាស់ ទូលបង្គំសូមអរព្រះគុណព្រះអង្គ សម្រាប់ការប្រទានឱកាសដើម្បីឲ្យទូលបង្គំថ្វាយបង្គំព្រះអង្គ
ជាមួយមនុស្សដែលខុសពីទូលបង្គំ ក្នុងពេលបច្ចុប្បន្ន និងអស់កល្បជានិច្ច។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យេរេមា ២៤-២៦ និង ទីតុស ២
ល្ងាច

អ្នកលោះសាច់ញាតិ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
November 1, 2025
«ខ្ញុំឈ្មោះរស់ ជាបាវស្រីរបស់លោក សូមបណ្ដោយផួយលោកមកដណ្ដប់ឲ្យបាវស្រីផង ដ្បិតលោកជាអ្នកមានច្បាប់នឹងលោះបាន» (នាងរស់ ៣:៩)។
នេះគឺជាសេចក្ដីពិតដែលនាំឲ្យមានការផ្លាស់ប្ដូរគឺថា អ្នកមានសាច់ញាតិដែលអាចលោះបាន។ នៅក្នុងជំពូកទី២នៃកណ្ឌគម្ពីរនាងរស់ បានបញ្ចប់ដោយនាង ណាអូមី បានបើកបង្ហាញថា លោក បូអូស គឺជាបងប្អូនសាច់ឆ្ងាយ «និងជាអ្នកមានច្បាប់លោះសាច់ញាតិ» (នាងរស់ ២:២០)។ តាំងពីយូរមកហើយមុនពេលរឿងនេះកើតឡើង ព្រះទ្រង់បានបង្កើតប្រពៃណីមួយដែលមិនគ្រាន់តែមានប្រយោជន៍សម្រាប់នាង តែក៏សម្រាប់ប្រជាជនអ៊ីស្រាអែល និងរាស្ត្ររបស់ព្រះអង្គទាំងអស់ក្នុងប្រវត្តិសាស្ត្រនៃការប្រោសលោះ។
ប្រពៃណីនៃការរៀបការ និងប្រពៃណីនៃការលោះមនុស្សនៅគ្រាសញ្ញាចាស់ គឺជាប្រពៃណីដែលគេបានប្រកាន់ខ្ជាប់តាំងពីរយូរមកហើយ ដែលយើងចាំបាច់ត្រូវយល់បរិបទ និងក្តីអំណរដែលមានក្នុងរឿងនេះ។ ប្រពៃណីមង្គលការបានកំណត់មកថា បើមនុស្សប្រុសស្លាប់ ឈ្មោះ និងខ្សែលោហិតរបស់គ្រួសារគាត់មិនត្រូវលុបបំបាត់ជាមួយគាត់ ឬមិនត្រូវឲ្យអ្នកដទៃប្រើជាប្រយោជន៍នោះឡើយ (ចោទិយកថា ២៥:៥-១០)។ ចំណែកឯប្រពៃណីនៃការលោះមនុស្សវិញ ក្នុងព្រះគម្ពីរដើមជាភាសាហេព្រើរ គេប្រើពាក្យ ហ្គោអែល (Goel) ថ្នាក់ពាក្យជាកិរិយាស័ព្ទដែលមានន័យថា «ទៅយកមកវិញ ឬលោះ» ហើយច្រើនតែប្រែមកថា «អ្នកមានច្បាប់លោះសាច់ញាតិរបស់ខ្លួន»។ ក្រឹត្យវិន័យរបស់លោក ម៉ូសេ បានតម្រូវឲ្យមានការទទួលខុសត្រូវដូចនេះ ក្នុងបទគម្ពីរលេវីវិន័យជំពូក២៥ ដែលអនុញ្ញាតឲ្យសាច់ញាតិដែលអាចថែរក្សា និងផ្គត់ផ្គង់សាច់ញាតិដែលទ័លក្រ ក្នុងកាល:ទេសៈណាមួយ។ អ្នកលោះសាច់ញាតិ មានការទទួលខុសត្រូវ ក្នុងការធ្វើអ្វីដែលចាំបាច់ ដើម្បីលោះដី និងទំនុកបម្រុងសាច់ញាតិនោះ។ លោក បូអូស បានប្រកាន់ខ្ជាប់តាមប្រពៃណីនេះដោយស្ម័គ្រពីចិត្ត ដោយផ្គត់ផ្គង់ និងថែរក្សានាង ណាអូមី និងនាង រស់ ដែលងាយរងគ្រោះ និងកំពុងខ្វះខាត។ លោក បូអូស មិនគ្រាន់តែជាបុព្វបុរសរបស់ព្រះយេស៊ូវប៉ុណ្ណោះទេ តែរឿងនេះក៏បានឆ្លុះបញ្ចាំងទុកជាមុនអំពីការយាងមករបស់ព្រះគ្រីស្ទធ្វើជាអ្នកប្រោសលោះរបស់យើង។
នៅពេលដែលនាង រស់ បានទៅដេកនៅចុងជើងរបស់លោក បូអូស ដោយភាពទុរគត និងពឹងផ្អែកលើការថែរក្សារបស់គាត់ជាយ៉ាងណា នោះយើងក៏ក្រាបនៅទាបព្រះបាទព្រះគ្រីស្ទ ដោយស្វែងរកសេចក្តីមេត្តារបស់ទ្រង់ផងដែរ។ ដែលលោក បូអូស បានប្រព្រឹត្តល្អចំពោះនាង រស់ ជាយ៉ាងណា នោះព្រះគ្រីស្ទក៏បានប្រព្រឹត្តចំពោះមនុស្សមានបាបម្នាក់ៗដែលចូលមករកព្រះអង្គដោយការប្រែចិត្ត ដោយគ្របបាំងពួកគេ ដោយព្រះលោហិតនៃសេចក្តីសញ្ញាដែលព្រះអង្គបានប្រើ ដើម្បីស្វាគមន៍យើងចូលទៅក្នុងសន្តិភាព សុវត្ថិភាព និងការស្កប់ចិត្ត នៅក្រោមស្លាបរបស់ព្រះអង្គ (ទំនុកតម្កើង ៩១:៤)។ ព្រះអង្គរម្ងាប់ការសោកសង្រេង បំបាត់ការភ័យខ្លាច និងជូតទឹកភ្នែករបស់យើង។ នាង រស់ បានមករកលោក បូអូស ក្នុងនាមជាជនបរទេសដែលគ្មានប្រាក់មួយរៀលជាប់ខ្លួន ហើយបានប្រែជាមានភាពសម្បូរសប្បាយ ដោយសារពររបស់គាត់។ យើងចូលមករកព្រះយេស៊ូវដោយវិញ្ញាណដែលទន់ខ្សោយ ហើយបានក្លាយជាអ្នកស្នងមរតកជាមួយព្រះអង្គ (រ៉ូម ៨:១៧)។ ដែលលោក បូអូស បានទទួលយកនាង រស់ ធ្វើជាកូនក្រមុំរបស់គាត់ជាយ៉ាងណា នោះព្រះគ្រីស្ទក៏បានទទួលយើងជាពួកជំនុំ ធ្វើជាកូនក្រមុំរបស់ព្រះអង្គផងដែរ (វិវរណៈ ១៩:៧-៨)។
ព្រះគម្ពីរមានពេញទៅដោយគំរូនៃការផ្គត់ផ្គង់ និងការថែរក្សាដែលព្រះទ្រង់មានសម្រាប់រាស្ត្រទ្រង់ តាំងពីមុនពេលដែលពួកគេដឹងថា ពួកគេត្រូវការព្រះអង្គ។ ផែនការនៃការប្រោសលោះរបស់ព្រះសម្រាប់នាង រស់ សម្រាប់រាស្ត្រអ៊ីស្រាអែល និងរាស្ត្ររបស់ព្រះអង្គទាំងអស់ក្នុងប្រវត្តិសាស្ត្រទាំងមូល គឺបានបង្ហាញចេញមក មិនគ្រាន់តែនៅក្នុងតួនាទីជាអ្នកលោះសាច់ញាតិប៉ុណ្ណោះទេ តែចាប់តាំងពីអស់កល្បជានិច្ចមក (អេភេសូរ ១:៣-៧)។
នៅថ្ងៃនេះ ចូរទុកចិត្តថា ព្រះយេស៊ូវគឺជាកូនកំលោះ និងជាអ្នកលោះរបស់ពួកជំនុំរបស់ទ្រង់។ ចូរទុកចិត្តថា ព្រះអង្គទទួលខុសត្រូវក្នុងការថែរក្សា និងផ្គត់ផ្គង់អ្នកគ្រប់យ៉ាង និងនាំអ្នកចូលទៅក្នុងទឹកដីសន្យាដោយសុវត្ថិភាព។ ចូរទុកចិត្តថា វិញ្ញាណរបស់អ្នកនៅតែមានសុវត្ថិភាព នៅក្រោមម្លប់នៃស្លាបរបស់ព្រះអង្គ ទោះអ្នកជួបការវាយប្រហារទាំងខាងក្នុង និងខាងក្រៅក្តី ។
ខគម្ពីរសញ្ជឹងគិត៖ ទំនុកតម្កើង ៥៧
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ២សាំយ៉ូអែល ១៩-២០ និង២យ៉ូហាន