នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

លទ្ធផលផ្ទុយគ្នានៃការបៀតបៀន

លទ្ធផលផ្ទុយគ្នានៃការបៀតបៀន

ដោយDave Branon

November 2, 2025

កិច្ចការ ៧:៥៩-៨:៨
ហើយនៅទីក្រុងនោះ គេមានសេចក្ដីអំណរជាខ្លាំង ។ កិច្ចការ ៨:៨
រឿងមិនធម្មតាបានកើតឡើង ក្នុងបទគម្ពីរចំនួន១០ខ ចាប់តាំងពីបទគម្ពីរកិច្ចការ ៧:៥៩។ សាច់រឿងក្នុងបទគម្ពីរនេះបានផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ពីការនិយាយអំពីការស្លាប់ដ៏រន្ធត់របស់លោកស្ទេផាន ដោយការចោលថ្មសម្លាប់ ទៅដល់ការនិយាយអំពីអ្នកជឿព្រះគ្រីស្ទដែលបានខ្ចាត់ខ្ចាយ និងការ “ផ្សាយព្រះបន្ទូល” ដែលនាំទៅដល់ការនិយាយពាក្យមួយឃ្លាដ៏អស្ចារ្យថា “នៅទីក្រុងនោះ គេមានសេចក្ដីអំណរជាខ្លាំង ”(៨:៨)។ 
នេះគឺជារឿងនៃការបៀតបៀនអ្នកជឿព្រះ ដែលនាំមកនូវលទ្ធផលផ្ទុយគ្នាពីរយ៉ាង ដែលពិតជាបានកើតឡើងមែន។
លោកគ្រូ ហ៊ីស្ត្រូ គូលីចេវ(Hristo Kulichev) ជាគ្រូគង្វាលអឺរ៉ុប បានដកពិសោធន៍ជាមួយនឹងការអស្ចារ្យនៃការល្អ ដែលកើតចេញពីអាក្រក់។ ក្នុងទសវត្សរ៍ឆ្នាំ១៩៨០ គាត់ត្រូវគេចាប់ខ្លួន ពីបទផ្សាយដំណឹងល្អ ហើយត្រូវគេចាប់ដាក់គុក។ នៅទីនោះ គាត់ក៏បានចែកចាយដំណឹងល្អរបស់ព្រះយេស៊ូវ ដោយបើកចំហ។ ៨ខែក្រោយមក គាត់ត្រូវគេដោះលែង។ ពេលនោះគាត់ក៏បានមានប្រសាសន៍ថា “ការងារដែលយើងធ្វើបម្រើព្រះនៅទីនោះ មានផលផ្លែ លើសពីការងារដែលយើងរំពឹងថា យើងអាចធ្វើបានក្នុងព្រះវិហារ។ យើងបានធ្វើការបម្រើព្រះអង្គ ដោយវត្តមានរបស់យើងក្នុងគុក បានល្អជាងកន្លែងដែលយើងមានសេរីភាព”។ 
ដូចនេះ បទពិសោធន៍របស់គាត់បានផ្លាស់ប្តូរពីការរងទុក្ខដោយសារការបៀតបៀន ទៅជាការមានអំណរដ៏អស្ចារ្យ ដូចពួកជំនុំដំបូង។ នៅពេលដែល“កើតមានសេចក្ដីបៀតបៀនជាខ្លាំង ទាស់នឹងពួកជំនុំនៅក្រុងយេរូសាឡិម”(កិច្ចការ ៨:‌១) “ចំណែកអស់អ្នកដែលត្រូវខ្ចាត់ខ្ចាយនោះ គេដើរចុះឡើងទាំងផ្សាយដំណឹងល្អ គឺជាព្រះបន្ទូល”(ខ.៤)។ ជាលទ្ធផល នៅទីក្រុងសាម៉ារី “គេមានសេចក្តីអំណរជាខ្លាំង”(ខ.៨)។
ពេលណាអំណាចក្នុងលោកិយបានទាស់ប្រឆាំងនឹងសេចក្តីពិត និងការបង្រៀនក្នុងព្រះគម្ពីរប៊ីប ជាពិសេសដំណឹងល្អ ពេលនោះមិនមែនជាពេលដែលត្រូវបោះបង់ចោលការតស៊ូនោះទេ។ ព្រះទ្រង់ធ្វើការ តាមរបៀបដ៏អស្ចារ្យ ពេលណាពួកជំនុំជួបការលំបាកដូចនេះ។
សាវ័កពេត្រុសមានប្រសាសន៍ថា “ពួកស្ងួនភ្ងាអើយ កុំឲ្យមានប្លែកក្នុងចិត្ត ដោយភ្លើងដ៏ក្ដៅក្រហាយ ដែលកំពុងតែល្បងអ្នករាល់គ្នា”(១ពេត្រុស ៤:១២)។ ក្នុងករណីនេះ អ្នក “មានពរហើយ ពីព្រោះព្រះវិញ្ញាណដ៏មានសិរីល្អ គឺជាព្រះវិញ្ញាណនៃព្រះ ទ្រង់សណ្ឋិតលើអ្នករាល់គ្នាហើយ”(ខ.១៤)។ ព្រះទ្រង់មានអំណាចកែប្រែការបៀតបៀនឲ្យក្លាយទៅជាអ្វីដែលមានតម្លៃ និងមានប្រយោជន៍ចំពោះយើង។—Dave Branon

តើការបៀតបៀនបានធ្វើឲ្យអ្នកថប់បារម្ភ និងបានលើកទឹកចិត្តអ្នកយ៉ាងណាខ្លះ?
 ហេតុអ្វីអ្នកគិតថា ការបៀតបៀនអាចនាំទៅរកក្តីអំណរ? 
ឱព្រះអម្ចាស់ សូមព្រះអង្គជួយទូលបង្គំឲ្យនៅតែស្មោះត្រង់ចំពោះព្រះអង្គ។ 
Visit ODBU.org/CH101 to discover the rich story of how the church sprung up from these circumstances.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យេរេមា ២៧-២៩ និង ទីតុស ៣
 

ល្ងាច

ការ​ប្ដេជ្ញា​ចិត្ត​ធ្វើ​អ្វី​ដែល​ត្រឹមត្រូវ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ការ​ប្ដេជ្ញា​ចិត្ត​ធ្វើ​អ្វី​ដែល​ត្រឹមត្រូវ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

November 2, 2025

«នោះ​បូអូស​ក៏​ប្រកាស​ដល់​ពួក​ចាស់​ទុំ​នឹង​មនុស្ស​ទាំង​នោះ​ថា នៅ​ថ្ងៃ​នេះ​សូម​អ្នក​រាល់​គ្នា​ចាំ​ជា​សាក្សី​ថា ខ្ញុំ​បាន​ទិញ​ទាំង​អស់​ដែល​ជា​របស់​អេលីម៉ាលេច​នឹង​របស់​គីលីយ៉ុន​ហើយ ហើយ​ម៉ាឡូន​ពី​ន៉ាអូមី​ហើយ។ មួយទៀត ខ្ញុំ​បាន​ទិញ​នាង រស់ សាសន៍​ម៉ូអាប់ ជា​ប្រពន្ធ​របស់​ម៉ាឡូន មក​ធ្វើ​ជា​ប្រពន្ធ​ខ្ញុំ​ដែរ» (នាងរស់ ៤:៩-១០)។
ជា​រៀងរាល់ថ្ងៃ នៅ​ពេល​ដែល​យើង​ជួបប្រទះ​បញ្ហា​ផ្សេងៗ សំណួរ​ដែល​យើង​ត្រូវ​សួរ​ខ្លួន​ឯង​នោះ​គឺ «តើ​អ្វី​ជា​រឿង​ត្រឹមត្រូវ​ដែល​ខ្ញុំ​ត្រូវធ្វើ?»
នេះ​ជា​អ្វី​ដែល​លោក បូអូស បាន​គិតដល់ នៅ​ពេល​ដែល​គាត់​តាំងចិត្ត​ថា នឹង​ទៅ​ច្រក​ទ្វារ​ទីក្រុង។ គាត់​ចង់​រៀបការ​ជាមួយ​នាង រស់ ផ្គត់ផ្គង់ និង​ថែរក្សា​នាង ធ្វើ​ជា​អ្នក​លោះ​សាច់ញាតិ​របស់​នាង។ តែ​គាត់​ក៏​ដឹង​ផ​ដែរ​ថា មាន​សាច់ញាតិ​ម្នាក់​ដែល​ជិតដិត​នឹង​នាង រស់ ជាង​គាត់​ទៀត ដែល​អាច​សម្រេចចិត្ត​ទទួលយក​តួនាទី​នោះ។ លោក បូអូស គឺ​ជា​មនុស្ស​ត្រឹមត្រូវ​មិនអាច​ធ្វើ​អ្វី​ទាំង​តក់ក្រហល់​តាម​អារម្មណ៍ នៅ​ពេល​ដែល​នាង ​រស់ សុំ​ឲ្យ​គាត់​រៀបការ​ជាមួយ​នាង​នៅ​កន្លែង​បោកស្រូវ។ គាត់​បាន​តាំងចិត្ត​ថា នឹង​ទទួលយក​នាង រស់ តាម​ផ្លូវច្បាប់។ លោក បូអូស បាន​ចាត់ទុក​ការ​ធ្វើ​អ្វី​ដែល​ត្រឹមត្រូវ ជា​សំខាន់​ជាង​មុខមាត់​របស់​គាត់។ គាត់​ទៅ​ច្រក​ទ្វារ​ទីក្រុង ជា​កន្លែង​សាធារណៈ ដើម្បី​ឲ្យ​បាន​រៀបការ​ជាមួយ​ជន​បរទេស​ម្នាក់ ដែល​អាច​ធ្វើឲ្យ​ខូច​កេរ្តិ៍ឈ្មោះ និង​កេរដំណែល​របស់​គាត់។ សាច់ញាតិ​ម្នាក់​នោះ ដែល​ជិតដិត​នឹង​នាង រស់​ជាង​គាត់ មិន​ហ៊ាន​ប្រថុយ​ទេ (នាងរស់ ៤:៦)។ បុរស​នោះ​មិន​ទាំង​មាន​ឈ្មោះ​ក្នុង​ព្រះ​គម្ពីរ​ផង។ អ្វី​ដែល​យើង​រៀន​បាន​នោះ​គឺ៖ យើង​មិន​គួរ​ព្យាយាម​បង្កើត ឬ​ការពារ​កេរ្តិ៍ឈ្មោះ​សម្រាប់​ខ្លួន​ឯង​នោះ​ទេ។ ចូរ​ទុក​ឲ្យ​អ្នកដទៃ​សរសើរ និង​គោរព​យើង គឺ​យើង​មិន​ត្រូវ​សរសើរ​ខ្លួន​ឯង​ទេ។ យើង​គួរ​តែ​ព្យាយាម​ធ្វើ​អ្វី​ដែល​ត្រឹមត្រូវ។ 
ពាក្យសម្ដី​របស់​លោក បូអូស បាន​បើក​បង្ហាញ​ថា គោលបំណង​របស់​គាត់ គឺ​ដើម្បី​កុំ​ឲ្យ​ឈ្មោះ​របស់​ញាតិ​ដែល​បាន​ស្លាប់​នោះ ត្រូវ​កាត់​ចេញ​ពី​ពួក​បងប្អូន នឹង​ពី​ទ្វារ​ទីលំនៅ​របស់​គាត់​ឡើយ» (នាងរស់ ៤:១០) គឺ​ដើម្បី​រក្សា​ឈ្មោះ​របស់​លោក អេលីម៉ាលេច ដែល​ជា​ប្ដី​របស់​នាង ណាអូមី ដែល​បាន​ស្លាប់ ដោយ​បន្ត​វង្សត្រកូល​របស់​គាត់។ នេះ​ជា​ការ​លះបង់​ប្រយោជន៍​ផ្ទាល់ខ្លួន​ដែល​គួរ​ឲ្យ​ស្ញប់ស្ញែង។ បើ​លោក បូអូស គិត​តែ​ពី​ខ្លួន​ឯង និង​អារម្មណ៍​របស់​គាត់ នោះ​គាត់​អាច​យក​នាង រស់ ធ្វើ​ជា​ប្រពន្ធ​តាមចិត្ត។ តែ​ផ្ទុយទៅវិញ គាត់​បាន​ទទួល​ខុសត្រូវ និង​ដោះស្រាយ​ជា​សាធារណៈ។ នៅ​សម័យ​នោះ ការ​ផ្ទេរ​ឈ្មោះ​អ្នក​លោះ​សាច់ញាតិ ត្រូវ​ធ្វើ​ឡើង ដោយ​ការ​ប្រគល់​ស្បែកជើង​សង្រែក ធ្វើ​ជា​បន្ទាល់ ជា​សាធារណៈ (ខ.៧)។ ការ​ប្រគល់​នេះ​គឺជា​និមិត្តរូប​តំណាង​ឲ្យ​រឿង​ដែល​សំខាន់​ជាង គឺ​ការ​ប្ដេជ្ញា​ចិត្ត សេចក្តី​ស្រឡាញ់ និង​ការ​លះបង់​ផ្ទាល់ខ្លួន​ដែល​លោក បូអូស បាន​ធ្វើ​សម្រាប់​នាង រស់។ ស្រដៀង​គ្នា​នេះ​ដែរ ឈើឆ្កាង​ក៏​ត្រូវ​បាន​បញ្ឈរ​ឲ្យ​គេ​ឃើញ​ជា​សាធារណៈ ហើយ​យើង​អាច​មើលឃើញ​ការ​ប្ដេជ្ញា សេចក្តី​ស្រឡាញ់ និង​ការ​លះបង់​របស់​ព្រះ​គ្រីស្ទ​ដើម្បី​យើង។ លោក បូអូស មាន​ការ​លះបង់​ផ្នែក​ហិរញ្ញវត្ថុ ដើម្បី​រៀបការ​ជាមួយ​នាង រស់។ ព្រះ​គ្រីស្ទ​បាន​លះបង់​ព្រះជន្ម ដើម្បី​លោះ​ហើយ ហើយ​ទទួល​យើង​ជា​ពួកជំនុំ ធ្វើ​ជា​កូនក្រមុំ​របស់​ទ្រង់។
ការ​លះបង់​ទាំងពីរ​នេះ គឺ​បាន​ទទួល​រង្វាន់ និង​បន្សល់ទុក​កេរដំណែល ដោយ​ផ្តល់​ឲ្យ​នូវ​អនាគត និង​ក្តី​សង្ឃឹម សម្រាប់​ស្ត្រី​វ័យក្មេង​ជនជាតិ​ម៉ូអាប់ និង​ម្តាយក្មេក​របស់​នាង ក៏​ដូច​ជា​មនុស្សជាតិ​ទាំងមូល។ ការ​ដែល លោក បូអូស ដេញ​តាម​ភាព​ត្រឹមត្រូវ​ក្នុង​អាពាហ៍ពិពាហ៍​ជា​ផ្នែក​សំខាន់​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​មនុស្សជាតិ​ដោយ​បន្ត​វង្សត្រកូល ដែល​ទីបំផុត បាន​នាំមក​នូវ​ការ​ប្រសូត​នៃ​ព្រះ​អង្គ​សង្គ្រោះ​នៃ​យើង (ម៉ាថាយ ១:៥)។ ហើយ​ដោយ​សារ​ការ​លះបង់​របស់​ព្រះ​គ្រីស្ទ សព្វថ្ងៃ​នេះ យើង​ទន្ទឹង​រង់ចាំ​ថ្ងៃ​ដែល​យើង​នឹង​ឈរ​ក្នុង​សិរីល្អ​មើល​ឃើញ​ព្រះ​ភក្ត្រ​ទ្រង់ ហើយ​សរសើរ​តម្កើង​ព្រះ​នាម​ព្រះ​អង្គ​ជា​រៀង​រហូត។ កូនកំលោះ​របស់​យើង​បាន​យាង​មក ដោយ​ឈ្នះ​ ហើយ​ទទួល​បាន​យើង​ធ្វើ​ជា​កម្ម​សិទ្ធិ​ទ្រង់​យ៉ាង​ត្រឹមត្រូវ ដោយ​ការ​លះបង់​ធំ​បំផុត។ សូម​យើង​ស្រមៃ​ថា នាង រស់ មាន​អំណរ​ប៉ុណ្ណា នៅ​ពេល​ដែល​បាន​ឮ​ថា លោក បូអូស បាន​ប្រគល់​ស្បែកជើង​របស់​គាត់ ហើយ​បញ្ជាក់​ថា គាត់​នឹង​រៀបការ​ជាមួយ​នឹង​នាង។ យើង​ក៏​គួរតែ​មាន​អំណរ​ស្រដៀង​នេះ​ដែរ នៅ​ពេល​ដែល​យើង​មើល​ទៅ​ឈើឆ្កាង ហើយ​ដឹង​ថា យើង​គឺ​ជា​កម្មសិទ្ធិ​របស់​ព្រះ​គ្រីស្ទ។ យើង​ក៏​គួរ​តែ​យក​គំរូ​តាម​លោក បូអូស នៅ​ថ្ងៃ​ដែល​យើង​ធ្វើ​ការ​សម្រេចចិត្ត និង​ជួប​ការ​លំបាក ហើយ​គ្រាន់​តែ​សួរ​ខ្លួន​ឯង​ថា «តើ​អ្វី​ជា​រឿង​ត្រឹមត្រូវ​ដែល​ខ្ញុំ​ត្រូវ​ធ្វើ?»


ខ​គម្ពីរ​សញ្ជឹង​គិត៖ នាងរស់ ៤:១-១២
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈពេល១ឆ្នាំ៖ ២សាំយ៉ូអែល ២១-២២ និង ៣យ៉ូហាន 
 

ប្រភេទ