នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

តភ្ជាប់គ្នាដោយសារព្រះយេស៊ូវ

តភ្ជាប់គ្នាដោយសារព្រះយេស៊ូវ

ដោយXochitl Dixon

November 3, 2025

អេភេសូរ ២:១២-២២
ដែលដោយសារទ្រង់ ដំណាក់ទាំងមូលនោះបានផ្គុំភ្ជាប់គ្នា ទាំងចំរើនឡើងជាវិហារបរិសុទ្ធក្នុងព្រះអម្ចាស់ ។ អេភេសូរ ២:២១
ថ្មកោងនៃទីក្រុងគ្រែន រែភីត ដែលលោកអ៊ែនឌី ហ្គោលវើឌី(Andy Goldsworthy) បានសង់នៅលើចិញ្ចើមផ្លូវមួយខ្សែ ដែលហាក់ដូចជាជើងដែលកំពុងបោះជំហានដើរ នៅតាមផ្លូវជាមួយអ្នកដំណើរទាំងឡាយ។ សិល្បៈកររូបនេះបានបង្កើតថ្មកោងមានកម្ពស់៥ម៉ែត្រកន្លះ ដោយប្រើថ្មជ្រង់ធំៗ៣៦ដុំ ជាថ្មភក់មកពីប្រទេសស្កត់ឡង់ ដោយមិនប្រើស៊ីម៉ង់ ឬដែកឡើយ។ ឥដ្ឋជ្រុងនីមួយៗត្រូវបានគេកាត់តម្រឹមឲ្យមានទំហំខុសគ្នា ហើយតម្រៀបត្រួតលើគ្នា ដូចសរសេរពីរទ្រេតទៅរកគ្នា និងប្រសព្វគ្នានៅកំពូល បង្កើតបានជារាងកោងដូចធ្នូ ដោយពឹងផ្អែកទៅលើសំពាធដែលបង្កើតឡើង ដោយថ្មដែលមានរូបរាងដូចស្នៀតនៅកណ្តាល និងនៅលើគេ ដែលធ្វើឲ្យសំណង់ទាំងមូលអាចឈរបានយ៉ាងមាំមួន ដោយមិនដួលរលំដោយខ្លួនឯងបាន។ ថ្មដែលនៅកណ្តាលនោះ មានភាពចាំបាច់ ក្នុងការតភ្ជាប់ថ្មនីមួយៗធ្វើជាសំណង់តែមួយ ដែលឈរមាំ ដូចថ្មជ្រុងសម្រាប់សង់គ្រឹះ។
សំណង់ដែលគួរឲ្យចាប់អារម្មណ៍មួយនេះ បានធ្វើឲ្យខ្ញុំនឹកចាំ អំពីរបៀបដែលព្រះយេស៊ូវបានបម្រើការជា “ថ្មជ្រុង” របស់ពួកជំនុំរបស់ទ្រង់ដែលមានជាតិសាសន៍ចម្រុះ (អេភេសូរ ២:២០)។ កាលពីមុន សាសន៍ដទៃ ដែលមិនមែនជាសាសន៍យូដា “ឃ្លាតចេញពីអំណាចជាតិអ៊ីស្រាអែលផង ជាមនុស្សដទៃខាងឯសេចក្ដីសញ្ញា ដែលទ្រង់បានសន្យាទុក ក៏ឥតមានទីសង្ឃឹម ហើយគ្មានព្រះក្នុងលោកីយនេះដែរ”(ខ.១២)។ ព្រះយេស៊ូវបានធ្វើឲ្យជាតិសាសន៍ទាំងពីរក្រុមរួមគ្នាមកតែមួយ ហើយបាន “រុះជញ្ជាំងដែលខាន់កណ្ដាលចេញ”(ខ.១៤)។ ព្រះអង្គបានបង្កើត “មនុស្សជាតិថ្មីមួយ” និង “បានផ្សះផ្សាទាំង២នឹងព្រះ ក្នុងរូបកាយតែ១ ដោយសារឈើឆ្កាង” ដោយឲ្យសាសន៍ទាំងអស់ “មានផ្លូវចូលទៅដល់ព្រះវរបិតា ដោយព្រះវិញ្ញាណតែ១”(ខ.១៥-១៦,១៨)។
ព្រះគ្រីស្ទបានសង់យើងឡើង ជាពួកជំនុំ “សំរាប់ជាលំនៅនៃព្រះដោយនូវព្រះវិញ្ញាណ”(ខ.២២)។ ព្រះអង្គបានបង្កើតយើងមកធ្វើជាមនុស្សមានលក្ខណៈពិសេសរៀងខ្លួន និងបានតភ្ជាប់យើងជាមួយព្រះអង្គ និងជាមួយគ្នាទៅវិញទៅមក តាមរយៈអង្គទ្រង់ ហើយដើរជាមួយយើង។ ពួកជំនុំរួមគ្នាមកតែមួយ ដោយសារព្រះយេស៊ូវ។—Xochitl Dixon

តើមានអ្វីរារាំងអ្នក មិនឲ្យតភ្ជាប់ជាមួយព្រះយេស៊ូវ ជាព្រះមែស៊ី ជាអ្នកបង្រួបបង្រួមពួកជំនុំ? 
តើព្រះអង្គបានជួយអ្នកតភ្ជាប់ជាមួយពួកជំនុំដែលមានជាតិសាសន៍ចម្រុះ ដោយរបៀបណា? 
ឱព្រះយេស៊ូវ សូមព្រះអង្គពង្រឹងចំណងទាក់ទងរបស់ទូលបង្គំជាមួយព្រះអង្គ 
និងសមាជិកនៃគ្រួសារទ្រង់ដែលមានជាតិសាសន៍ចម្រុះគ្នា។ 
Learn more here: ODB.org/personal-relationship-with-god.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យេរេមា ៣០-៣១ និង ភីលេម៉ូន
 

ល្ងាច

ការ​តាំង​សញ្ញា​ដែល​មាន​ការ​ប្ដេជ្ញា​ចិត្ត (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ការ​តាំង​សញ្ញា​ដែល​មាន​ការ​ប្ដេជ្ញា​ចិត្ត (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

November 3, 2025

«ដូច្នេះ​ពួក​អ្នក​ដែល​នៅ​ត្រង់​ទ្វារ​ក្រុង នឹង​ពួក​ចាស់ទុំ​ក៏​ឆ្លើយ​ឡើង​ថា យើង​ទាំង​អស់​គ្នា​ជាទី​បន្ទាល់​ពិត...ដូច្នេះ បូអូស​បាន​យក​នាងរស់​ធ្វើ​ជា​ប្រពន្ធ ក៏​ចូល​ទៅ​ឯ​នាង ហើយ​ព្រះ​យេហូវ៉ា​ទ្រង់​ប្រោស​ឲ្យ​នាង​មាន​ទំនង​បង្កើត​បាន​កូន​ប្រុស១» (នាងរស់ ៤:១១, ១៣)។
នៅ​សម័យ​សញ្ញាចាស់ ច្រក​ទ្វារ​ទីក្រុង​គឺ​ជា​កន្លែង​ប្រមូល​ផ្តុំ​នៃ​សកម្មភាព​ក្នុង​តំបន់ ជា​ទីផ្សារ និង​មជ្ឈមណ្ឌល​នៃ​ការងារ​ស៊ីវិល។ ពួក​ឈ្មួញ អ្នក​សុំទាន មន្ត្រី​រាជការ អ្នក​ដឹក​នាំ​សាសនា និង​មនុស្ស​ជាច្រើន​ទៀត ជួបជុំ​គ្នា នៅ​ទីនោះ ដើម្បី​ធ្វើ​ជំនួញ អនុវត្ត​ច្បាប់ ទទួល​ការ​តែងតាំង លក់ដូរ និង​ទំនាក់ទំនង​គ្នា។ លោក បូអូស បាន​ទៅ​ប្រកាស​អំពី​ការ​ប្ដេជ្ញា​ចិត្ត​ថា នឹង​រៀបការ​ជាមួយ​នាង រស់ នៅ​កន្លែង​អ៊ូអរ​ដូច​នេះ​ឯង។ អាពាហ៍ពិពាហ៍​របស់​ពួក​គេ​បាន​ជួយ​ឲ្យ​យើង​យល់​អត្ថន័យ​នៃ​ការ​រៀបការ​តាម​ព្រះ​គម្ពីរ។
ទីមួយ មង្គល​ការ​ស្របតាម​ព្រះ​គម្ពីរ ត្រូវ​រាប់បញ្ចូល​សេចក្តី​ស្រឡាញ់​ដែល​មាន​ការ​ប្ដេជ្ញា​ចិត្ត។ សេចក្តី​ស្រឡាញ់​ដូច​នេះ មិន​ផ្អែក​ទៅ​លើ​អារម្មណ៍ ឬ​កាលៈទេសៈ​ទាំងស្រុង​នោះ​ឡើយ តែ​បាន​ចាក់ឫស​ចូល​ជ្រៅ និង​គ្មាន​លក្ខខណ្ឌ គ្រប់​រដូវ​កាល និង​គ្រប់​ស្ថានភាព​ទាំងអស់។ ការ​នេះ​បាន​ឆ្លុះបញ្ចាំង នៅ​ក្នុង​ពាក្យ​សច្ចា ដែល​ពួកជំនុំ​ប្រើ​ក្នុង​ពេល​សព្វថ្ងៃ​ក្នុង​ពិធី​មង្គលការ ដែល​ជា​ការ​ប្ដេជ្ញា​ចិត្ត​ថា នឹង​ស្រឡាញ់​គ្នា ទោះ​មាន​ឬ​ក្រ ទោះ​ឈឺ​ឬ​ជា ល្អ​ឬ​អាក្រក់​ក្ដី។
ទីពីរ អាពាហ៍ពិពាហ៍​ក៏​រាប់បញ្ចូល​សាក្សី​ផង​ដែរ។ នៅ​ពេល​ដែល​ប្រុស​ម្នាក់ និង​ស្ត្រី​ម្នាក់​រៀបការ ពួក​គេ​រួបរួម​គ្នា​តែ​មួយ នៅ​ក្រោម​ការ​តាំង​សញ្ញា​នៃ​សេចក្តី​ស្រឡាញ់ និង​ការ​ថែរក្សា។ ក្នុងនាម​យើង​ជា​មនុស្ស​ដែល​មាន បាប យើង​ត្រូវការ​អ្នកដទៃ​ឲ្យ​ធ្វើ​សាក្សី​នៃ​ការ​ប្ដេជ្ញា​ចិត្ត​នេះ។ ហេតុនេះ​ហើយ ពិធី​មង្គលការ​យ៉ាង​ហោច​ណាស់​ត្រូវតែ​មាន​សាក្សី​ម្នាក់ ដែល​បាន​ដឹងឮ​ការ​រួបរួម បង្កើត​ជា​គ្រួសារ​ថ្មី។ លោក បូអូស បាន​អនុវត្ត​យ៉ាង​ដូច​នេះ នៅ​ច្រក​ទ្វារ​ទៅ​ក្រុង​ដែល​មាន​ហ្វូង​មនុស្ស និង​ពួក​ចាស់ទុំ​នៅ​ទីក្រុង​ធ្វើ​ជា​សាក្សី​នៃ​ការ​សច្ចា​ថា នឹង​យក​នាង រស់​ធ្វើ​ជា​ភរិយា។ ដូច​នេះ ពួក​គេ​បាន​ដឹងឮ​ពាក្យ​សម្ដី​របស់​គាត់។ 
ទីបី ទំនាក់ទំនង​ប្ដី​ប្រពន្ធ​ដែល​កោតខ្លាច​ព្រះ ត្រូវតែ​មាន​ការ​រួបរួម​ខាង​រូបកាយ​ដែល​មាន​ការ​ប្ដេជ្ញា​ចិត្ត។ ព្រះ​ទ្រង់​សព្វព្រះទ័យ​ឲ្យ​ទំនាក់ទំនង​ប្ដី​ប្រពន្ធ​ឆ្លុះបញ្ចាំង​អំពី​ភាព​ជិតស្និទ្ធ​កាន់​តែ​ស៊ីជម្រៅ ដែល​យើង​មាន​ជា​មួយ​ព្រះ​អង្គ គឺ​ដូច​ដែល​ព្រះ​អង្គ​បាន​ស្រឡាញ់​ពួកជំនុំ​ជា​កូនក្រមុំ​របស់​ទ្រង់។ ទំនាក់ទំនង​រវាង​ប្ដី និង​ប្រពន្ធ​គួរតែ​មាន​ភាព​ស៊ីជម្រៅ​កាន់តែ​ខ្លាំង​តាមរយៈ​ការ​រួមដំណេក ក៏​ដូចជា​ទំនាក់ទំនង​ផ្សេងទៀត។ ការ​រួបរួម​ផ្លូវកាយ​គួរតែ​កើតឡើង​ក្នុង​បរិបទ​នៃ​ទំនាក់ទំនង​ដែល​មាន​ការ​ប្ដេជ្ញា​ចិត្ត មាន​ក្តី​ស្រឡាញ់ និង​មាន​ការ​ទទួលស្គាល់​ដោយ​បើកចំហ។ ការ​កាត់​ផ្តាច់​ការ​ប្ដេជ្ញា​ចិត្ត​ខាង​ផ្លូវកាយ​ចេញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​ផ្លូវ​អារម្មណ៍ ផ្លូវចិត្ត ផ្លូវ​វិញ្ញាណ និង​ផ្លូវ​បញ្ញា គឺ​ជា​ការ​ចំអក​ឲ្យ​ការ​រចនា​របស់​ព្រះ។ 
ការ​យល់ដឹង​របស់​លោកីយ៍​អំពី​សេចក្តី​ស្រឡាញ់ និង​អាពាហ៍ពិពាហ៍ ច្រើនតែ​មាន​ការ​ខ្វះចន្លោះ​ខ្លាំង ធៀប​នឹង​ការ​បង្រៀន​អំពី​សម្រស់ និង​អត្ថប្រយោជន៍​នៃ​ការ​រួបរួម​នៃ​ប្ដី​មួយ​ប្រពន្ធ​មួយ​ដែល​អាច​ទុកចិត្ត​បាន ស្មោះត្រង់ និង​មាន​ការ​ប្ដេជ្ញា​ចិត្ត។ ពេលណា​យើង​ធ្វើ​តាម​សេចក្តី​សញ្ញា​នេះ យើង​នឹង​ឃើញ​តម្លៃ​នៃ​ការ​ប្ដេជ្ញា​ចិត្ត​ដែល​ព្រះ​ជា​កូនកំលោះ​នៅ​ស្ថានសួគ៌​មាន​ចំពោះ​ពួកជំនុំ​ជា​កូនក្រមុំ (អេភេសូរ ៥:២២-២៧)។ ទំនាក់ទំនង​ប្ដី​ប្រពន្ធ​គ្រីស្ទបរិស័ទ​គឺ​ជា​ព្រះពរ និង​ជា​រូបភាព​ឆ្លុះបញ្ចាំង​អំពី​ការ​ពិត​នៃ​មង្គលការ​ដែល​ធំ​ជាង។ គ្មាន​មង្គលការ​ណា​ដែល​ល្អ​ឥត​ខ្ចោះ​ទេ គឺ​ល្អ​ឥត​ខ្ចោះ​តែ​មង្គលការ​នៅ​ស្ថានសួគ៌​ដែល​ធំ​ជាង ប៉ុន្តែ​មង្គលការ​របស់​អ្នកជឿ សុទ្ធតែ​ព្យាយាម​ឆ្លុះ​បញ្ចាំ​អំពី​មង្គលការ​នៅ​ស្ថានសួគ៌។ ចូរ​លើកកម្ពស់​ការ​យល់ដឹង​អំពី​អត្ថន័យ​របស់​មង្គលការ​ក្នុង​ព្រះ​គម្ពីរ ហើយ​រស់នៅ​ស្របតាម​អត្ថន័យ​នោះ ក្នុង​របៀប​ដែល​អ្នក​គិត និយាយ អធិស្ឋាន និង​មាន​អាកប្បកិរិយា​ចំពោះ​ទំនាក់ទំនង​ប្ដី​ប្រពន្ធ (ទោះ​ក្នុង​ទំនាក់ទំនង​ប្ដី​ប្រពន្ធ​របស់​អ្នក ឬ​មនុស្ស​នៅ​ជុំវិញ​អ្នក​ក៏​ដោយ)។ 


ខ​គម្ពីរ​សញ្ជឹង​គិត៖ បទ​ចម្រៀង​សាឡូម៉ូន ៦:៤-១២
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈពេល១ឆ្នាំ៖ ២សាំយ៉ូអែល ២៣-២៤ និង​កូឡូស ១

ប្រភេទ