នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ដំណឹងល្អ គឺជាអាទិភាព

ដំណឹងល្អ គឺជាអាទិភាព

ដោយBill Crowder

November 6, 2025

១កូរិនថូស ១៥:៣-៨
យេរេមា ៣៧-៣៩ និង ហេព្រើរ ៣
១កូរិនថូស ១៥:៣-៨
ដ្បិតមុនដំបូង ខ្ញុំបានប្រាប់មកអ្នករាល់គ្នា តាមសេចក្ដីដែលខ្ញុំបានទទួលដែរ គឺថាព្រះគ្រីស្ទបានសុគត ... រួចដល់ថ្ងៃទី៣នោះទ្រង់មានព្រះជន្មរស់ឡើងវិញ។ ១កូរិនថូស ១៥:៣-៤
លោកថូម៉ាស ដឺ ម៉ាហ៊ី(Thomas de Mahy) ស្ថិតក្នុងចំណោមពួកអភិជន ដែលត្រូវហ្វូងមនុស្សកាត់ទោសប្រហារជីវិត ក្នុងអំឡុងសម័យបដិវត្តន៍ប្រទេសបារាំង នៅចុងសតវត្សរ៍ទី១៨។ មានរឿងព្រេងមួយបានដំណាលថា នៅពេលគេអានដីកាប្រហារជីវិត លោកដឺ ម៉ាហ៊ីក៏បានឆ្លើយតបថា “ខ្ញុំអាចមើលដឹងថា អ្នកបានប្រកបខុសបីពាក្យហើយ”។ បើរឿងនេះពិតមែន នោះលោកដឺ ម៉ាហ៊ី បានចង្អុលបង្ហាញថា គាត់មិនបានខ្វល់ពីសេចក្តីស្លាប់របស់គាត់ដែលហៀបនឹងមកដល់ ជារឿងដែលសំខាន់ជាងការប្រកបពាក្យខុសទៅទៀត។
សព្វថ្ងៃនេះ យើងកំពុងតែប្រឈមមុខដាក់គ្រោះថ្នាក់ នៃការមើលរំលងចំណុចសំខាន់ ដោយមិនដឹងខ្លួន គឺចំណុចដែលសំខាន់ចំពោះរូបកាយព្រះគ្រីស្ទ(ដែលជាពួកជំនុំ)។ មានមនុស្សដែលបានធ្វើឲ្យគេយល់ខុស អំពីគោលបំណងរបស់ពួកជំនុំ។ ប្រហែលជាយើងយល់ថា ព្រះវិហារគឺជាឧបករណ៍នយោបាយ ឬជាកន្លែងសម្រាប់ឲ្យយើងក្លាយជាអ្នកមាន ឬមួយសម្រាប់ឲ្យគេបម្រើយើង។ ពុំនោះទេ ប្រហែលជាយើងគិតថា ព្រះវិហារគ្រាន់តែជាស្ថាប័នសាសនាមួយប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយ ការផ្សាយដំណឹងល្អរបស់ព្រះយេស៊ូវ គឺជាអាទិភាពធំបំផុតរបស់ពួកជំនុំ តាំងពីដើមមក។
សាវ័កប៉ុលបានប្រាប់អ្នកជឿព្រះ នៅទីក្រុងកូរិនថូសថា “ដ្បិតមុនដំបូង ខ្ញុំបានប្រាប់មកអ្នករាល់គ្នា តាមសេចក្ដីដែលខ្ញុំបានទទួលដែរ គឺថាព្រះគ្រីស្ទបានសុគត ដោយព្រោះបាបរបស់យើងរាល់គ្នា តាមបទគម្ពីរ ហើយថា ទ្រង់ត្រូវគេបញ្ចុះក្នុងផ្នូរ រួចដល់ថ្ងៃទី៣ នោះទ្រង់មានព្រះជន្មរស់ឡើងវិញ ក៏តាមបទគម្ពីរ”(១កូរិនថូស ១៥:៣-៤)។ ការបង្រៀនអ្វីផ្សេងទៀត ក្នុងជីវិតគ្រីស្ទានអាចមានប្រយោជន៍ តាមពេលវេលា និងទីកន្លែងផ្សេងគ្នា តែដំណឹងល្អគឺជាការបង្រៀនសំខាន់បំផុត សម្រាប់គ្រប់ពេលវេលា និងគ្រប់ទីកន្លែង។
តើធ្វើដូចម្តេច ឲ្យយើងអាចធ្វើជាភ្នាក់ងារនៃដំណឹងល្អរបស់ព្រះ ទៅកាន់លោកិយ ដែលកំពុងជ្រួតជ្រាបយ៉ាងខ្លាំង ដោយដំណឹងអាក្រក់? គឺដោយទូលសូមព្រះទ្រង់ប្រទានកម្លាំងយើង ឲ្យផ្សាយដំណឹងល្អនេះ នៅពេលណាយើងមានឱកាស។—Bill Crowder

តើអ្នកបានទទួលដំណឹងល្អ យ៉ាងដូចម្តេចខ្លះ? តើអ្នកអាចត្រៀមខ្លួនដូចម្តេចខ្លះ 
ដើម្បីផ្សាយដំណឹងល្អ ដល់អ្នកដទៃ នៅពេលមានឱកាស? 
ព្រះប្រកបដោយព្រះគុណ ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលបាននាំទូលបង្គំមករកព្រះអង្គ 
តាមរយៈដំណឹងល្អរបស់ព្រះយេស៊ូវ។ សូមព្រះអង្គជួយទូលបង្គំឲ្យផ្សាយដំណឹងល្អ ដល់អ្នកដទៃផងដែរ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យេរេមា ៣៧-៣៩ និង ហេព្រើរ ៣

 

ល្ងាច

ស្វែងរក​ការ​ធានា (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ស្វែងរក​ការ​ធានា (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

November 6, 2025

«នោះ​មាន​ម្នាក់​មក​ទូល​សួរ​ទ្រង់​ថា លោក​គ្រូ​ល្អ​អើយ តើ​ត្រូវ​ឲ្យ​ខ្ញុំ​ធ្វើ​ការ​ល្អ​អ្វី ឲ្យ​បាន​ជីវិត​រស់​នៅ​អស់​កល្ប​ជានិច្ច»...នោះ​ទ្រង់​មាន​បន្ទូល​ថា បើ​អ្នក​ចង់​បាន​ជា​គ្រប់​លក្ខណ៍ ចូរ​អ្នក​ទៅ​លក់​របស់​ទ្រព្យ​ខ្លួន ហើយ​ចែក​ដល់​ពួក​ក្រី​ក្រ​ទៅ នោះ​អ្នក​នឹង​បាន​ទ្រព្យ​សម្បត្តិ នៅ​ឯ​ស្ថាន​សួគ៌​វិញ រួច​ឲ្យ​មក​តាម​ខ្ញុំ​ចុះ កាល​មនុស្ស​កំឡោះ​បានឮ​ព្រះ​បន្ទូល​នោះ​ហើយ នោះ​ក៏​ចេញ​ទៅ​ទាំង​ព្រួយ​ចិត្ត ព្រោះ​មាន​ទ្រព្យ​សម្បត្តិ​ជា​ច្រើន» (ម៉ាថាយ ១៩:១៦, ២១-២២)។
ការ​កាន់​តាម​ក្រឹត្យវិន័យ និង​បទបញ្ជា​របស់​សាសនា ដើម្បី​ឲ្យ​បាន​ចូល​ស្ថានសួគ៌ មិន​បាន​ជួយ​ឲ្យ​ចិត្ត​យើង​មាន​សន្តិភាព និង​ទំនុកចិត្ត ឬ​ការ​ធានា អំពី​ការ​អត់ទោស​បាប​បាន​ឡើយ។ វា​ក៏​មិន​បាន​ជួយ​ឲ្យ​យើង​ទទួល​បាន​ជីវិត​អស់​កល្ប​ដែរ។ 
ដោយ​សារ​បុរស​វ័យក្មេង​នោះ​ខ្វះ​ការ​ធានា​អំពី​ការ​អត់ទោស​បាប គាត់​ក៏​បាន​ចូល​ទៅ​រក​ព្រះ​យេស៊ូវ ហើយ​ទូល​សួរ​ព្រះ​អង្គ​ដោយ​ចិត្ត​ក្លាហាន។ គាត់​ជា​អ្នក​មាន ហើយ​កណ្ឌ​គម្ពីរ​លូកា​ក៏​បាន​ពណ៌នា​ថា គាត់​ជា​អ្នក​ដឹកនាំ មាន​អំណាច និង​ឥទ្ធិពល (លូកា ១៨:‌១៨) ជា​ប្រភេទ​មនុស្ស ដែល​លោកីយ៍​ឲ្យ​តម្លៃ ហើយ​ចាត់​ទុកជា​មនុស្ស​មាន​ពរ។ មិន​តែ​ប៉ុណ្ណោះ គាត់​ក៏​មាន​ការ​ប្រុងប្រយ័ត្ន​ក្នុង​ការ​កាន់​តាម​ក្រឹត្យវិន័យ​របស់​ព្រះ​ផង​ដែរ (ម៉ាថាយ ១៩:២០)។ ការ​នេះ​ប្រហែល​ជា​បាន​ធ្វើឲ្យ​គេ​គិត​ឃើញ​ថា «គាត់​ជា​មនុស្ស​ដែល​គួរតែ​បាន​ជីវិត​អស់​កល្ប​ជានិច្ច»។ ដូច​នេះ បុរស​នេះ​ប្រហែល​ជា​រំពឹង​ថា ព្រះ​យេស៊ូវ​នឹង​សរសើរ​គាត់ ដោយ​សារ​គាត់​បាន​កាន់​តាម​ក្រឹត្យវិន័យ​យ៉ាង​ខ្ជាប់ខ្ជួន ហើយ​ធានា​គាត់​ថា គាត់​នឹង​ទទួល​បាន​រង្វាន់​នៅ​ស្ថានសួគ៌។ តែ​ផ្ទុយទៅវិញ ព្រះ​យេស៊ូវ​បាន​ចង្អុល​បង្ហាញ​គាត់​ថា គាត់​មិន​បាន​កាន់​តាម​ក្រឹត្យវិន័យ​របស់​ព្រះ​យ៉ាង​ឥត​ខ្ចោះ​ទេ។ ជា​ការពិត​ណាស់ គាត់​បាន​បំពាន​ក្រឹត្យវិន័យ​ធំ​បំផុត​ទីមួយ ព្រោះ​ជាជាង​ស្រឡាញ់​ព្រះ​អស់​ពី​ចិត្ត វិញ្ញាណ និង​កម្លាំង​របស់​គាត់ គាត់​បាន​ថ្វាយបង្គំ​ទ្រព្យសម្បត្តិ​របស់​គាត់ គឺ​ដូច​ដែល​គាត់​បាន «ដើរ​ចេញ» ពី​ព្រះ​យេស៊ូវ នៅ​ពេល​ដែល​ព្រះ​អង្គ​ឲ្យ​គាត់​ជ្រើសរើស​រវាង​ព្រះ និង​លុយ ធ្វើ​ជា​ម្ចាស់ជីវិត​គាត់។ ព្រះ​យេស៊ូវ​បង្ហាញ​បុរស​នេះ​ថា ក្រឹត្យ​វិន័យ​របស់​ព្រះ​មិន​មែន​ជា​កាំជណ្តើរ​ដែល​យើង​ឡើង ដើម្បី​ឈោង​ទៅ​រក​ការ​ទទួល​ស្គាល់​របស់​ព្រះ​នោះ​ទេ តែ​ជា​កញ្ចក់​សម្រាប់​ឆ្លុះ​អំពី​សណ្ឋាន​ពិត​នៃ​វិញ្ញាណ​របស់​យើង។ 
អ្នក​ដឹកនាំ​វ័យក្មេង​នេះ​មាន​បញ្ហា​របស់​ចិត្ត​នៅ​ក្នុង​ចំណុច​ស្នូល​នៃ​ជីវិត​គាត់។ យើង​ក៏​មាន​បញ្ហា​នេះ​ដែរ។ ​ព្រះ​គម្ពីរ​បាន​ចែង​ថា យើង​បាន​ទាស់​ប្រឆាំង​នឹង​ព្រះ​តាំង​ពី​កំណើត​មាន ហើយ​មិន​អាច​ផ្សះផ្សា​ទំនាក់ទំនង​ជា​មួយ​ព្រះ​អង្គ ដោយ​ខ្លួន​ឯង​បាន​ទេ។ យើង​មិន​បាន​ស្រឡាញ់​ព្រះ​ឲ្យ​អស់​ពី​ចិត្ត ព្រោះ​យើង​ស្រឡាញ់​អ្វី​ផ្សេង​ទៀត​ខ្លាំង​ជាង​ព្រះ​អង្គ។ ហើយ​គាត់​មិនអាច​ស្តាប់​បង្គាប់​តាម​ក្រឹត្យវិន័យ​របស់​ព្រះ និង​ស្រឡាញ់​ព្រះ​អង្គ​តាម​ការ​គួរ គឺ​មិន​ខុសពី​យើង​ឡើយ។ គ្មាន​នរណា​បាន គ្មាន​នរណា​អាច ហើយ​ក៏​គ្មាន​នរណា​ស្រឡាញ់​ព្រះ ហើយ​កាន់​តាម​ព្រះរាជ​បញ្ជា​របស់​ព្រះ​អង្គ បាន​ល្អ​ឥត​ខ្ចោះ​ឡើយ លើកលែង​តែ​ព្រះ​យេស៊ូវ​ប៉ុណ្ណោះ។ ប៉ុន្តែ នេះ​ជា​ដំណឹង​ល្អ​ពិត​ប្រាកដ​មែន! សេចក្តី​សង្គ្រោះ​មិន​ពឹងផ្អែក​ទៅ​លើ​យើង និង​ទៅ​លើ​ការ​អ្វី​ដែល​យើង​ធ្វើ​ទេ។ ផ្ទុយ​ទៅ​វិញ យើង​មាន​សន្តិភាព ទំនុកចិត្ត ការ​អត់​ទោស និង​មាន​ភាព​ត្រឹមត្រូវ​ចំពោះ​ព្រះ នៅ​ពេល​ណា​យើង​ពឹងផ្អែក​លើ​សេចក្តី​មេត្តា​របស់​ព្រះ​អង្គ បាន​សេចក្តី​ថា ពេល​ណា​យើង​ទទួល​សេចក្តី​សង្គ្រោះ​របស់​ព្រះ​អង្គ ជា​អំណោយ​ឥត​គិត​ថ្លៃ​ដែល​មិន​អាច​រក ឬ​ទិញ​ដោយ​សមត្ថភាព​ខ្លួន​ឯង​បាន ហើយ​ពេលណា​យើង​ក្រាប​ចុះ ដោយ​ការ​បន្ទាបខ្លួន និង​ការ​ដឹងគុណ​នៅ​ចំពោះ​មុខ​នៃ​ការ​ប្រទាន​ឲ្យ​ដែល​ព្រះ​យេស៊ូវ​បាន​ធ្វើ ដោយ​ការ​សុគត​របស់​ព្រះ​អង្គ​នៅ​លើ​ឈើឆ្កាង។ 
បុរស​នោះ​មិន​ចាំបាច់​ត្រូវ​ដើរចេញ​ដោយ​ទឹកមុខ​ព្រួយបារម្ភ បន្ទាប់ពី​បាន​ជួប​ព្រះ​យេស៊ូវ​នោះ​ទេ។ គាត់​អាច​លះបង់​ចោល​អំនួត និង​ការ​ពឹង​អាង​សមត្ថភាព​ខ្លួន​ឯង។ គាត់​អាច​ស្គាល់​ក្តី​អំណរ​ក្នុង​ការ​យក​ព្រះ​យេស៊ូវ​ជា​ទីមួយ ជាជាង​ជ្រើសរើស​យក​ទុក្ខព្រួយ​ក្នុង​ការ​ទុកចិត្ត​លើ​ការ​ប្រព្រឹត្ត​ល្អ និង​ទ្រព្យសម្បត្តិ​របស់​គាត់។ គេ​តែងតែ​អាច​ដឹង​ថា ការ​ព្យាយាម​ជួយ​ខ្លួន​ឯង​ឲ្យ​រួច​ពី​បាប គឺ​គ្មាន​ប្រយោជន៍​ទេ ហើយ​ធ្វើឲ្យ​មាន​ការ​ថប់បារម្ភ ចំពោះ​យើង​មិន​ខុស​ពី​គាត់​ទេ។ ប៉ុន្តែ បើ​យើង​ចូល​ទៅ​ចំពោះ​ព្រះ​អង្គ​សង្គ្រោះ​របស់​យើង​ដោយ​ជំនឿ និង​ការ​ទុកចិត្ត​ដូច​ក្មេងៗ យើង​អាច​ដកពិសោធន៍​នឹង​សន្តិភាព​ពិតប្រាកដ និង​ការ​ធានា​អំពី​ជីវិត​អស់កល្ប។ ដូច​នេះ ចូរ​យក​ព្រះ​យេស៊ូវ​គង់នៅ​លើ​បល្ល័ង្ក​ចិត្ត​របស់​អ្នក ហើយ​ត្រៀម​ខ្លួន​ជា​ស្រេច ដើម្បី​ថ្វាយ​គ្រប់យ៉ាង​ដែល​អ្នក​មាន ដើម្បី​ថ្វាយ​សិរីល្អ​ដល់​ព្រះ​អង្គ។ ចូរ​ចូល​មក​រក​ព្រះ​យេស៊ូវ​ដោយ​បន្ទាបខ្លួន ហើយ​ស្គាល់​ក្តី​អំណរ និង​ជីវិត​ដែល​ព្រះ​អង្គ​ប្រទាន។ 


ខ​គម្ពីរ​សញ្ជឹង​គិត៖ ម៉ាថាយ ១៩:១៦-៣០
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈពេល១ឆ្នាំ៖ សេផានា និង​កូឡូស ៤

ប្រភេទ