នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ធ្វើការរួមគ្នាក្នុងព្រះគ្រីស្ទ

ធ្វើការរួមគ្នាក្នុងព្រះគ្រីស្ទ

ដោយKatara Patton

November 7, 2025

ជនគណនា ២៧:១-៧
រួចព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងម៉ូសេថា “ពួកកូនស្រីស្លូផិហាតបាននិយាយត្រូវ ដូច្នេះត្រូវចែកឲ្យគេមានកេរ្តិ៍អាករនៅជាមួយនឹងពួកបងប្អូនរបស់ឪពុកគេផង”។ ជនគណនា ២៧:៦-៧
ស្ត្រីវ័យក្មេងម្នាក់បាននិយាយ ក្នុងការសម្ភាសក្នុងកម្មវិធីទូរទស្សន៍ថា “ទោះអ្នកនៅទីណា ហើយកំពុងឆ្លងកាត់បញ្ហាអ្វីក៏ដោយ ចូរប្រើអ្វីដែលអ្នកមាន ឲ្យបានល្អបំផុត”។ ពាក្យសម្តីរបស់គាត់បានជំរុញចិត្តខ្ញុំឲ្យចង់ស្តាប់រឿងទាំងមូល ដោយការប្រុងប្រយ័ត្ន។ ខ្ញុំក៏បានដឹងថា គាត់ស្ថិតក្នុងចំណោមបងប្អូនស្រីៗ៦នាក់ ដែលកំពុងរៀនសូត្រឲ្យបានសញ្ញាប័ត្រគិលានុបដ្ឋាយិកា។ កាលពីមុន ពួកគេគឺជាជនអនាថា ដែលកំពុងរស់នៅយ៉ាងលំបាកលំបិន តែពួកគេបានជួយគ្នាទៅវិញទៅមក ដើម្បីសម្រេចគោលដៅរួម។ នៅពេលដែលគេចាក់ផ្សាយអំពីរឿងនេះ ក្នុងកម្មវិធីទូរទស្សន៍ បងប្អូនស្រីទាំង៦នាក់ កំពុងបញ្ចប់ការសិក្សាជំនាញគិលានុបដ្ឋាយិកា នៅសកលវិទ្យាល័យមួយក្នុងតំបន់។
កណ្ឌគម្ពីរជនគណនា ជំពូក២៧ បានចែងអំពីរឿងរបស់បងប្អូនស្រីមួយក្រុមទៀត ដែលរួបរួមគ្នា និងជួយយកអសារគ្នាទៅវិញទៅមក។ កូនស្រីទាំង៥នាក់របស់លោកស្លូផិហាត បានសុំឲ្យលោកម៉ូសេជួយដោះស្រាយបញ្ហាកេរមរតករបស់ពួកគេ។ ពួកគេបានជួបជុំគ្នា នៅចំពោះមុខលោកម៉ូសេ ដោយជម្រាបគាត់ថា “ឪពុកយើងខ្ញុំបានស្លាប់ទៅ ... ដោយព្រោះតែបាបរបស់ខ្លួនវិញ ហើយគាត់គ្មានកូនប្រុសសោះ ... ហេតុនេះសូមឲ្យយើងខ្ញុំបានកេរ្តិ៍អាករ នៅជាមួយនឹងបងប្អូនរបស់ឪពុកយើងខ្ញុំផង”(ខ.៣-៤)។ ព្រះទ្រង់ឆ្លើយតប ដោយបន្ទូលដែលប្រាសចាកវប្បធម៌នៅសម័យនោះថា “ពួកកូនស្រីស្លូផិហាតបាននិយាយត្រូវ ដូច្នេះត្រូវចែកឲ្យគេមានកេរ្តិ៍អាករនៅជាមួយនឹងពួកបងប្អូនរបស់ឪពុកគេផង”(ខ.៧)។
បងប្អូនស្រីទាំង៥នាក់នោះបានរួបរួមគ្នា ស្វែងរកសេចក្តីមេត្តារបស់ព្រះ ខណៈពេលដែលពួកគេឈរនៅចំពោះលោកម៉ូសេ ហើយព្រះទ្រង់ក៏បានប្រទានអ្វីដែលពួកគេត្រូវការ ខណៈពេលដែលពួកគេរួបរួមគ្នា នៅចំពោះព្រះអង្គ។ 
ការធ្វើការជាមួយគ្នា មិនតែងតែមានភាពងាយស្រួល ក្នុងនាមយើងជាអ្នកជឿព្រះយេស៊ូវ។ ប៉ុន្តែ ពេលណាយើងស្វែងរកប្រាជ្ញា និងទិសដៅពីព្រះអង្គ ដោយការបន្ទាបខ្លួន យើងនឹងបានដឹងថា ព្រះអង្គអាចជួយយើងបម្រើព្រះអង្គជាមួយគ្នាបានកាន់តែប្រសើរឡើង។—Katara Patton

តើធ្វើដូចម្តេចឲ្យយើងអាចធ្វើការជាមួយអ្នកជឿព្រះគ្រីស្ទដទៃទៀត 
ឲ្យកាន់តែប្រសើរឡើង? តើការនេះបានលើកទឹកចិត្តអ្នកឲ្យបម្រើអ្នកដទៃ ដូចម្តេចខ្លះ? 
ឱព្រះអម្ចាស់ សូមព្រះអង្គបង្ហាញទូលបង្គំ អំពីរបៀបធ្វើការជាមួយអ្នកជឿដទៃទៀត
 ដើម្បីសម្រេចគោលដៅដែលថ្វាយព្រះកិត្តិនាមដល់ព្រះអង្គ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យេរេមា ៤០-៤២ និង ហេព្រើរ ៤
 

ល្ងាច

ទីក្រុង​បរិសុទ្ធ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ទីក្រុង​បរិសុទ្ធ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

November 7, 2025

«យ៉ូហាន​ខ្ញុំ ក៏​ឃើញ​ទីក្រុង​ដ៏​បរិសុទ្ធ គឺ​ជា​ក្រុង​យេរូសាឡឹម​ថ្មី ចុះ​ពី​ស្ថានសួគ៌​មក​អំពី​ព្រះ តាក់​តែង​ដូច​ជា​ប្រពន្ធ​ថ្មោង​ថ្មី​តែង​ខ្លួន​ទទួល​ប្ដី» (វិវរណៈ ២១:២)។
តាមរយៈ​ព្រះ​យេស៊ូវ ព្រះ​ទ្រង់​បាន​ឈោង​មក​រក​យើង​ពី​ស្ថានសួគ៌​មក ហើយ​នៅ​គ្រាចុងក្រោយ ទីក្រុង​បរិសុទ្ធ ជា​ទីក្រុង​យេរូសាឡឹម​ថ្មី​នឹង​ចុះ​ពី​ស្ថានសួគ៌​មក​ពី​ព្រះ​អង្គ​ផង​ដែរ។ ព្រះ​ទ្រង់​កំពុង​បង្កើត​ទីក្រុង​យេរូសាឡឹម​ថ្មី ដែល​មាន​អ្នកជឿ​គ្រប់​វ័យ និង​មកពី​គ្រប់​ទិសទី គឺ​មនុស្ស​ដូច​អ្នក និង​ខ្ញុំ។ យើង​បាន​ក្លាយជា​អ្នក​រស់នៅ​ក្នុង​ទីក្រុង ជាមួយ​គ្នា ដោយ​ភាព​សុខដុម​ដ៏​ឥត​ខ្ចោះ ដោយ​ព្រះ​ភក្ត្រ​របស់​ព្រះ​អង្គ នៅ​ចំពោះ​មុខ​យើង ហើយ​ព្រះ​អង្គ​នឹង​គូស​សំ​គាល់​ថា យើង​ជា​កម្មសិទ្ធិ​របស់​ព្រះ​អង្គ (វិវរណៈ ២២:៤)។ នៅ​ទីនោះ​នឹង​មាន​មនុស្ស​មួយ​ហ្វូង​ធំ គឺ​ធំ​ក្រៃ​លែង ដែល​គ្មាន​នរណា​អាច​រាប់​បាន ដែល​មាន​ពលរដ្ឋ​មកពី​គ្រប់​ជាតិ​សាសន៍ ពូជ​អំបូ ក្រុម​មនុស្ស និង​ភាសា (៧:៩)។ 
​ព្រះ​គម្ពីរ​បាន​ពណ៌នា អំពី​មនុស្ស​ច្រើន​សន្ធឹក​ដូច​នេះ ដើម្បី​ធ្វើ​ជា​ប្រភព​នៃ​ក្តី​សង្ឃឹម និង​ការ​លើកទឹកចិត្ត​សម្រាប់​ពួកជំនុំ​ក្នុង​សម័យ​របស់​សាវ័ក យ៉ូហាន ក៏​ដូច​ជា​សម្រាប់​សម័យ​យើង​ផង​ដែរ។ ពួកជំនុំ​ដំបូង មាន​សមាជិក​តិច គឺ​តូច​តាម​ស្តង់ដារ​របស់​មនុស្ស គឺ​មិន​ខុស​ពី​សម័យ​ផ្សេងទៀត​ក្នុង​ប្រវត្តិសាស្ត្រ​ទាំងមូល។ ប៉ុន្តែ សាវ័ក យ៉ូហាន បាន​ប្រាប់​យើង​ថា ពួកជំនុំ​មាន​ចំនួន​មនុស្ស​ច្រើនជាង​ឆ្ងាយណាស់ និង​សំខាន់​ជាង ហួស​ក្តី​ស្រមៃ ព្រោះ​សមាជិក​របស់​ពួកជំនុំ​គឺជា​ពលរដ្ឋ​នៃ​ទីក្រុង​យេរូសាឡឹម​ថ្មី​ដែល​ធ្វើ​ដំណើរ​ទៅមុខ ទាល់តែ​ពួក​គេ​បាន​ឈរ​ផ្តុំ​គ្នា​នៅ​តាមផ្លូវ​នៃ​ទីក្រុង​នោះ។
ថ្ងៃមួយ ក្នុង​ទីក្រុង​នោះ អ្នក​ជឿ​មាន​ចំនួន​រាប់មិនអស់ នឹង​ថ្វាយបង្គំ​ព្រះ​ជាមួយគ្នា ហើយ​យើង​នឹង​បាន​ឃើញ​ព្រះ​ទ្រង់​សម្រេច​ព្រះ​បន្ទូល​សន្យា​ដែល​ទ្រង់​បាន​ប្រទាន​លោក អ័ប្រាហាំ ដោយ​បន្ទូល​ថា «ចូរ​មើល​ទៅ​លើ​មេឃ​ឥឡូវ ហើយ​រាប់​ផ្កាយ​ចុះ បើ​ឯង​អាច​នឹង​រាប់​ទាំង​អស់​បាន រួច​ទ្រង់​មាន​បន្ទូល​ប្រាប់​ថា ពូជ​ឯង​នឹង​បាន​ដូច្នោះ​ដែរ» (លោកុប្បត្ដិ ១៥:៥)។ 
សព្វថ្ងៃ​នេះ ស្នាព្រះហស្ត​របស់​ព្រះ​អង្គ​មាន​ការ​បែកបាក់ និង​មិន​ចុះសម្រុង​គ្នា។ យើង​បាន​ញែក​ចេញ​ពី​គ្នា ដោយ​ភាសា សញ្ជាតិ វប្បធម៌ ដោយ​ជម្លោះ​ពី​បុរាណ និង​ការ​សង្ស័យ ក្នុង​ពេល​បច្ចុប្បន្ន។ ថ្ងៃមួយ បញ្ហា​ទាំងអស់​នេះ​នឹង​បញ្ច្រាស​មក​វិញ។ ព្រះ​ទ្រង់​កំពុង​បង្កើត​សហគមន៍​ថ្មី​មួយ ជា​ទីក្រុង​មាន​មនុស្ស​គ្រប់​ជាតិសាសន៍ មក​ពី​គ្រប់​វប្បធម៌ នៅ​ក្រោម​ការ​គ្រប់គ្រង និង​ដឹកនាំ​របស់​ព្រះ​អង្គ។ នៅ​ពេល​ដែល​ព្រះ​អង្គ​ប្រមូល​ផ្តុំ​យើង នៅ​គ្រា​ចុងក្រោយ ខណៈ​ពេល​ដែល​ស្ថានសួគ៌​ចុះ​មក​ផែនដី ហើយ​រាស្ត្រ​របស់​ព្រះ​គ្រីស្ទ​នឹង​បាន​រស់​ឡើងវិញ ដើម្បី​រស់នៅ​ក្នុង​ទីក្រុង​នោះ យើង​នឹង​បាន​រួបរួម​គ្នា ដោយ​ដំណឹងល្អ​របស់​ព្រះ​អម្ចាស់​យេស៊ូវ​គ្រីស្ទ ព្រោះ​ដំណឹងល្អ​គឺ​សម្រាប់​មនុស្ស​គ្រប់​ជាតិសាសន៍។
តើ​អ្នក​អាច​ស្រមៃ​អំពី​ថ្ងៃ​នោះ​ទេ? ទេ! យើង​មិន​អាច​ស្រមៃ​ឲ្យ​បាន​ពេញលេញ​ទេ តែ​ការ​គិត​អំពី​ថ្ងៃ​នោះ នឹង​ជំរុញ​អ្នក​ទៅមុខ ឆ្លង​កាត់​ទុក្ខ​លំបាក និង​សំពាធ​ក្នុង​ជីវិត​នេះ ហើយ​បណ្ដាល​ចិត្ត​អ្នក​ឲ្យ​ទម្លាក់​ចុះ​បន្ទុក​អ្វី ដែល​កំពុង​រារាំង​អ្នក​មិន​ឲ្យ​ទៅ​មុខ (ហេព្រើរ ១២:១-២)។ លោកីយ៍​នេះ មិនមែន​ជា​ផ្ទះ​របស់​អ្នក​ទេ តែ​ថ្ងៃ​មួយ ទីក្រុង​នៅ​ស្ថានសួគ៌​នឹង​ចុះ​មក​ផែនដី។ ថ្ងៃមួយ អ្នក​នឹង​បាន​ឃើញ​ដោយ​ផ្ទាល់​ភ្នែក នូវ​អ្វី​ដែល​លោក យ៉ូហាន បាន​ឃើញ​ក្នុង​ការ​បើក​សម្ដែង ហើយ​អ្នក​នឹង​បាន​ទៅ​នៅ​ផ្ទះ​របស់​អ្នក​នៅ​ស្ថានសួគ៌។ 


​ខ​គម្ពីរ​សញ្ជឹងគិត៖ វិវរណៈ ២២
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈពេល១ឆ្នាំ៖ អែសរ៉ា ១-២ និង​២ធីម៉ូថេ ១

ប្រភេទ