នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ការសរសើរដំកើងដ៏ជាប់លាប់

ការសរសើរដំកើងដ៏ជាប់លាប់

ដោយCindy Hesskasper

November 8, 2025

ទំនុកដំកើង ១៤៥:១-១៣
ទូលបង្គំនឹងសូមឲ្យទ្រង់បានប្រកបដោយព្រះពររាល់ៗថ្ងៃ ព្រមទាំងសរសើរដល់ព្រះនាមទ្រង់អស់កល្បជានិច្ច។ ទំនុកដំកើង ១៤៥:២ 
ក្នុងការធ្វើដំណើរតាមផ្លូវ ទៅរដ្ឋមុនតាណា កាលពីរដូវក្តៅ ក្នុងឆ្នាំមួយនោះ យើងបានឈប់ឡាន នៅកន្លែងសម្រាក ដើម្បីពត់ខ្លួនបំបាត់ការចុករួយស្រពន់ជើង។ មានបុរសម្នាក់នៅក្នុងអគារ កំពុងតែច្រៀងបទចម្រៀងសរសើរដំកើងព្រះ ដែលខ្ញុំធ្លាប់ឮ ខណៈពេលដែលកាត់កំពុងជូតផ្ទះ។ បន្ទាប់មក គាត់ក៏បានចាប់ផ្តើមច្រៀងបទចម្រៀងទំនុកសកល មានចំណងជើងថា “មិនអីទេ នៅក្នុងចិត្ត”។ ខ្ញុំមិនអាចទប់ចិត្តឲ្យខ្លួនឯងមិនឲ្យច្រៀងបានទេ។ នៅពេលដែលគាត់ច្រៀងដល់ឃ្លា “មិនអីទេ” ខ្ញុំក៏បានច្រៀងតាមគាត់ថា "មិនអីទេ"។ នៅពេលគាត់ច្រៀងថា “នៅក្នុងចិត្ត” ខ្ញុំក៏ច្រៀងបន្ទរពីក្រោយគាត់ទៀត។ យើងក៏បានច្រៀងឃ្លាចុងក្រោយទាំងអស់គ្នាថា “មិនអីទេ មិនអីទេ នៅក្នុងចិត្ត”។ គាត់ក៏បានញញឹម ហើយបបួលខ្ញុំជល់ដៃគ្នា ហើយនិយាយថា “សរសើរព្រះអង្គ”។ នៅពេលដែលខ្ញុំវិលត្រឡប់ទៅឡានវិញ ស្វាមីខ្ញុំក៏បានសួរខ្ញុំពីមូលហេតុដែលខ្ញុំមានទឹកមុខញញឹម។
ចូរយើងគិតអំពីរឿងដែលយើងអាចសរសើរដំកើងព្រះ ដូចជា សេចក្តីល្អ សេចក្តីសុចរិត សេចក្តីអាណិត ព្រះបន្ទូលសន្យា ការផ្គត់ផ្គង់ និងការការពាររបស់ព្រះអង្គ។ ហើយបទគម្ពីរទំនុកដំកើង ១៤៥ ស្ថិតក្នុងចំណោមបទគម្ពីរជាច្រើន ដែលជំរុញយើងឲ្យសរសើរដំកើងព្រះអង្គជាប់ជានិច្ច។ គឺដូចដែលស្តេចដាវីឌបានបន្លឺសម្លេងថា ទ្រង់នឹង “សរសើរដល់ព្រះនាមទ្រង់អស់កល្បជានិច្ច”(ខ.២)។ មនុស្សជាច្រើនសរសើរដំកើងព្រះ ដោយលេងឧបករណ៍តន្ត្រី អ្នកខ្លះទៀតអាន ឬសូត្រខគម្ពីរ ឬក៏ច្រៀងទំនុកដំកើង ទំនុកបរិសុទ្ធ ឬបទចម្រៀងខាងវិញ្ញាណ(កូល៉ុស ៣:១៦)។ អ្នកខ្លះបង្ហាញចេញនូវការសរសើរដំកើង តាមរយៈការលោតរាំ។ ប៉ុន្តែ ការសរសើរដំកើងពិតប្រាកដ កើតចេញពីក្នុងចិត្ត ដែលពេញដោយការដឹងគុណព្រះអង្គ។ 
ព្រះទ្រង់បានបង្កើតវិញ្ញាណយើងមក ឲ្យសរសើរដំកើងព្រះអង្គ។ គឺដោយសារសេចក្តីស្រឡាញ់របស់ព្រះអង្គដែលមានការលះបង់ បានជាយើងអាចនិយាយដោយទំនុកចិត្តថា “មិនអីទេ នៅក្នុងចិត្ត!”។—Cindy Hess Kasper

តើអ្នកយល់ឃើញថា អ្នកងាយស្រួលសរសើរដំកើងព្រះអង្គ នៅពេលណា? 
តើមានអ្វីជួយអ្នកផ្ដោតចិត្តទៅលើការសរសើរដំកើងព្រះអង្គ តាមរបៀបថ្មីមួយ? 
ឱព្រះអម្ចាស់ ទូលបង្គំចង់ឲ្យជីវិតទូលបង្គំ មានលក្ខណៈជាការសរសើរដំកើង 
និងថ្វាយបង្គំដ៏ជាប់លាប់។ ទូលបង្គំសូមថ្វាយសិរីល្អដល់ព្រះអង្គតែមួយប៉ុណ្ណោះ។
For further study, read Worshipping Means More than Singing at ODBM.org.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យេរេមា ៤៣-៤៥ និង ហេព្រើរ ៥

 

ល្ងាច

ការ​តយុទ្ធ​នឹង​ការ​ល្បួង (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ការ​តយុទ្ធ​នឹង​ការ​ល្បួង (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

November 8, 2025

«ដ្បិត​បាប​មិន​ត្រូវ​មាន​អំណាច​លើ​អ្នក​រាល់​គ្នា​ទៀត​ឡើយ ដោយ​ព្រោះ​អ្នក​រាល់​គ្នា​មិន​នៅ​ក្រោម​ក្រឹត្យ​វិន័យ គឺ​នៅ​ក្រោម​ព្រះ​គុណ​វិញ» (រ៉ូម ៦:១៤)។
ក្នុង​ជីវិត​នេះ យើង​មិន​អាច​ជៀស​វាង​ការ​ល្បួង​បាន​ទេ។ តាម​ពិត ពេល​យើង​មាន​វ័យ​កាន់​តែ​ចាស់ នោះ​យើង​ក៏​កាន់តែ​រក​ឃើញ​ថា ការ​ល្បួង​ដដែលៗ​ច្រើន​តែ​ក្នុង​រូបភាព​ថ្មី​កំពុង​នៅ​ពី​ក្រោយ​យើង ខាំ​កែងជើង​យើង ហើយ​ព្យាយាម​ផ្ដួល​យើង។ ដែល​អាក្រក់​លើស​នេះ​ទៀត​នោះ គឺ​ពួក​វា​ច្រើន​តែ​មាន​ការ​ចូលរួម​ពី​ការ​ល្បួង​ថ្មីៗ​ជា​ច្រើន​ទៀត។ 
ជា​ការ​ពិត​ណាស់ ការ​ល្បួង​មាន​ពិត​មែន ហើយ​មិន​អាច​ជៀសវាង​បាន​ទេ។ ប៉ុន្តែ ហេតុ​អ្វី​យើង​គិត​អំពី​រឿង​នេះ។ មូល​ហេតុ​ទីមួយ គឺ​ដោយ​សារ​ព្រះ​គុណ​ដដែល ដែល​បាន​ផ្សះផ្សា​យើង​ឲ្យ​ជា​នឹង​ព្រះ ក៏​បាន​នាំ​យើង​ប្រឆាំង​នឹង​អារក្ស​ដែល​ព្រះ​គម្ពីរ​បាន​ចែង​ថា វា​ល្បួង​យើង​ថា វា​ជា​មិត្តភក្ដិ​យើង មុន​ពេល​យើង​ទទួល​ជឿ​ព្រះ​គ្រីស្ទ។ នៅ​ពេល​ដែល​ព្រះ​គុណ​ព្រះ​ធ្វើឲ្យ​យើង​ក្លាយជា​មិត្តភក្ដិ​របស់​ព្រះ​អង្គ នោះ​ព្រះ​គុណ​របស់​ព្រះ​អង្គ​ក៏​បាន​ធ្វើឲ្យ​យើង​ក្លាយ​ជា​សត្រូវ​របស់​សត្រូវ​ព្រះ​អង្គ។ ហើយ​ទោះ​អារក្ស​មិន​អាច​រារាំង​ព្រះ មិន​ឲ្យ​ជួយ​សង្គ្រោះ​រាស្ត្រ​របស់​ព្រះ​អង្គ​ក៏​ដោយ ក៏​វា​នៅ​តែ​អាច​ប្រើ​ល្បិច​របស់​វា ដែល​ជា​ការ​ល្បួង មក​លើ​យើង នៅ​ពេល​ដែល​យើង​បាន​សង្គ្រោះ​ហើយ។ 
ទីពីរ នៅ​ពេល​ដែល​យើង​បាន​កើត​ជាថ្មី​អំពើ​បាប​មិន​មែន​ជា​ម្ចាស់​យើង​ទៀត​ទេ តែ​វា​បន្ត​ធ្វើ​សង្គ្រាម​មក​លើ​វិញ្ញាណ​យើង ហើយ​ការ​ល្បួង​គឺ​ជា​អាវុធ​ខ្លាំង​បំផុត​របស់​វា។ លោកីយ៍​បាន​ល្បួង​យើង គឺ​អ្វីៗ​គ្រប់​យ៉ាង​ក្នុង​លោកីយ៍​នេះ​ដែល​និយាយ​មកកាន់​យើង​ថា «បើ​អ្នក​មាន​របស់​ទាំង​អស់​នេះ អ្នក​នឹង​សប្បាយ​ចិត្ត ហើយ​នឹង​បាន​អរ​សប្បាយ​នឹង​ជីវិត»។ យើង​ក៏​ត្រូវ​សាច់​ឈាម​ល្បួង​យើង​ដែរ។ និស្ស័យ​សាច់​ឈាម​របស់​យើង​មាន​បាប និង​នៅ​ជាប់​ក្នុង​ជីវិត​នេះ និង​សូម្បី​បន្ទាប់​ពី​យើង​បាន​ជឿ​ព្រះ​គ្រីស្ទ​ហើយ។ វា​កំពុង​ធ្វើ​សង្គ្រាម​ដ៏​សាហាវ​មក​លើ​ជីវិត​ថ្មី​របស់​យើង។ 
ប៉ុន្តែ ទោះ​ការ​ល្បួង​របស់​អារក្ស​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ ក៏​ពួក​វា​មិន​មាន​អំណាច​ចាប់​បង្ខំ​យើង​ឲ្យ​ចុះចាញ់​ការ​ល្បួង​បាន​ទេ។ អារក្ស​មាន​អំណាច​នាំ​លោកីយ៍​មក​ឲ្យ​យើង តែ​វា​មិន​មាន​អំណាច​បង្ខំ​យើង​ឲ្យ​ធ្វើ​អំពើ​បាប​ទេ។ 
ចូរ​យើង​កុំ​មាន​ការ​ភ័យខ្លាច​រក​ធ្វើ​អ្វី​មិន​កើត ឬ​មាន​ការ​ធ្វេសប្រហែស​ចំពោះ​ការ​ល្បួង​ដែល​យើង​ជួប​ឡើយ។ ក្នុង​ការ​តយុទ្ធ​នឹង​ការ​ល្បួង អ្នក​មិន​ចាំបាច់​ត្រូវ​ឆ្ងល់​ថា អ្នក​នឹង​ឈ្នះ ឬ​ចាញ់​ឡើយ។ ព្រះ​ទ្រង់​បាន​ប្រកាស​ជ័យជម្នះ​រួច​ហើយ គឺ​ដូច​ដែល​សាវ័ក យ៉ូហាន បាន​សរសេរ​ថា «ព្រះ​ដែល​គង់​ក្នុង​អ្នក​រាល់​គ្នា នោះ​ទ្រង់​ធំ​ជាង​អានោះ ដែល​នៅ​ក្នុង​លោកីយ៍​ផង» (១យ៉ូហាន ៤:៤)។ សង្គ្រាម​បាន​បញ្ចប់ ដោយ​មាន​ការ​ធានា​អំពី​ជ័យជម្នះ។ ការ​តយុទ្ធ​អាច​នៅ​តែ​បន្ត ប៉ុន្តែ​មិនអាច​មាន​ផល​ប៉ះពាល់​មក​លើ​ការ​សន្និដ្ឋាន​ចុង​ក្រោយ​នៃ​សង្គ្រាម​បាន​ទេ។ 
សព្វ​ថ្ងៃ​នេះ តើ​អ្នក​កំពុង​តយុទ្ធ ឬ​ចាញ់​ការ​ល្បួង​មួយ​ណា? ចូរ​ចំណាយ​ពេល​មួយ​ភ្លែត ដើម្បី​គិត​អំពី​ការ​ល្បួង​ទាំង​នោះ។ ហើយ​បន្ទាប់​មក ចូល​ទទួល​យក​ការ​កម្សាន្តចិត្ត នៅ​ថ្ងៃនេះ​ដោយ​ដឹង​ថា ទោះ​ការ​ល្បួង​នោះ​ហាក់​ដូច​ជា​មាន​អំណាច​ខ្លាំង​ប៉ុណ្ណា​ក៏ដោយ ក៏​អារក្ស​ដែល​ជា​ខ្មាំង​សត្រូវ​ដែល​ព្រះ​យេស៊ូវ គឺ​ទ្រង់​បាន​វាយ​បំបាក់​រួច​ហើយ ហើយ​ព្រះ​អង្គ​គ្រង​រាជ​ដោយ​ជ័យ​ជម្នះ! ព្រះ​ចេស្ដា​របស់​ព្រះ​អង្គ​នៅ​ក្នុង​អ្នក គឺ​គ្រប់​គ្រាន់​ល្មម​នឹង​ជួយ​អ្នក​ឲ្យ​អាច​ឈ្នះ​ការ​ល្បួង ហើយ​ការ​សុគត​របស់​ព្រះ​អង្គ គឺ​មាន​ភាព​គ្រប់​គ្រាន់​ល្មម​នឹង​ឲ្យ​ព្រះ​អង្គ​អត់​ទោស​ឲ្យ​អ្នក!


ខ​គម្ពីរ​សញ្ជឹងគិត៖ រ៉ូម ៦:១-១៤
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈពេល១ឆ្នាំ៖ អែសរ៉ា ៣-៥ និង​២ធីម៉ូថេ ២

ប្រភេទ