នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

មហាបេសកកម្ម

មហាបេសកកម្ម

ដោយMatt Lucas

November 9, 2025

ម៉ាថាយ ២៨:១៦-២០
ដូច្នេះ ចូរទៅបញ្ចុះបញ្ចូលឲ្យមានសិស្សនៅគ្រប់ទាំងសាសន៍ ព្រមទាំងធ្វើបុណ្យជ្រមុជទឹកឲ្យ ដោយនូវព្រះនាមព្រះវរបិតា ព្រះរាជបុត្រា នឹងព្រះវិញ្ញាណបរិសុទ្ធចុះ។ ម៉ាថាយ ២៨:‌១៩
លោកឌីអូនេតឺស(Diognetus) ជាអ្នកជឿសាសនារបស់សាសន៍ដទៃ នៅសតវត្សរ៍ទី២ បានកត់សំគាល់ឃើញថា ចំនួនរបស់អ្នកដើរតាមព្រះគ្រីស្ទ “មានការកើនឡើង ពីមួយថ្ងៃទៅមួយថ្ងៃ”។ រឿងនេះបានកើតឡើង ទោះពួកគេបានទទួលរងការបៀតបៀនរបស់ជនជាតិរ៉ូម៉ាំងយ៉ាងណាក៏ដោយ។ គាត់ក៏បានសួរអ្នកជឿព្រះយេស៊ូវម្នាក់ អំពីមូលហេតុដែលរឿងនេះបានកើតឡើង។ តាមឯកសារបុរាណមួយ ដែលគេបានដាក់ចំណងជើងថា សំបុត្រផ្ញើទៅកាន់លោកឌីអូនេតឺស បានឲ្យដឹងថា អ្នកដឹកនាំពួកជំនុំនៅសម័យដើមបានឆ្លើយតបចំពោះគាត់ថា “តើអ្នកមិនបានដឹងទេឬថា កាលណាពួកគេបានទទួលរងការបៀតបៀនកាន់តែខ្លាំង នោះចំនួនរបស់ពួកគេក៏មានការកើនឡើងផងដែរ? ការអស្ចារ្យនេះហាក់ដូចជាមិនបានកើតឡើង ដោយសារកិច្ចការរបស់មនុស្សទេ តែកើតឡើងដោយសារតែព្រះចេស្តារបស់ព្រះប៉ុណ្ណោះ”។ 
កាលព្រះយេស៊ូវមានបន្ទូលទៅកាន់ពួកសាវ័កជាលើកចុងក្រោយ មុនពេលព្រះអង្គយាងឡើងស្ថានសួគ៌វិញ ពួកគេអាចមានតម្រុយខ្លះៗ អំពីការរីកលូតលាស់ដែលពួកជំនុំនឹងមាន នៅក្នុងសតវត្សរ៍ក្រោយ។ ព្រះអង្គបានប្រាប់ពួកគេថា “ចូរទៅបញ្ចុះបញ្ចូលឲ្យមានសិស្សនៅគ្រប់ទាំងសាសន៍ ព្រមទាំងធ្វើបុណ្យជ្រមុជទឹកឲ្យ ដោយនូវព្រះនាមព្រះវរបិតា ព្រះរាជបុត្រា នឹងព្រះវិញ្ញាណបរិសុទ្ធចុះ”(ម៉ាថាយ ២៨:១៩)។ ព្រះបន្ទូលព្រះអង្គត្រង់ចំណុចនេះ ត្រូវបានគេស្គាល់ថា ជាមហាបេសកកម្ម តែបើព្រះអង្គមានបន្ទូលដូចនេះ ជាលើកចុងក្រោយ ទៅកាន់ពួកសាវ័ក នោះពួកគេអាចមានអារម្មណ៍ថា ពួកគេមានបន្ទុកធ្ងន់ណាស់។ តាមពិត ព្រះរាជបញ្ជានេះគឺជាការត្រាស់ហៅអ្នកដើរតាមព្រះអង្គម្នាក់ៗ ឲ្យធ្វើ គឺឲ្យបង្កើតសិស្ស ក្នុងការរស់នៅប្រចាំថ្ងៃ។ យើងមិនចាំបាច់ធ្វើដំណើរទៅដល់ចុងផែនដីក៏បាន ព្រោះយើងអាចនាំព្រះរាជសារនេះ ទៅកន្លែងណា ដែលយើងទៅដល់។
ចូរកុំមានការបាក់ទឹកចិត្ត ដោយសារទុក្ខលំបាក ក្នុងពេលបច្ចុប្បន្ននោះឡើយ។ ព្រះយេស៊ូវក៏បានមានបន្ទូលផងដែរថា “មើល ខ្ញុំក៏នៅជាមួយនឹងអ្នករាល់គ្នាជារាល់ថ្ងៃដែរ ដរាបដល់បំផុតកល្ប”(ខ.២០)។ ព្រះអង្គយាងទៅជាមួយយើង គ្រប់ទីកន្លែងដែលយើងទៅដល់។—Matt Lucas

តើក្នុងជីវិតអ្នក មាននរណាខ្លះត្រូវការឮដំណឹងល្អ? 
តើអ្នកនឹងចែកចាយដំណឹងល្អដល់ពួកគេ នៅថ្ងៃនេះ ដូចម្តេចខ្លះ?
ឱព្រះវរបិតា សូមព្រះអង្គប្រទានទូលបង្គំនូវឱកាសចែកចាយរឿងនៃ
សេចក្តីសង្គ្រោះរបស់ព្រះអង្គ ដល់អ្នកមិនទាន់ជឿព្រះអង្គ។ 
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យេរេមា ៤៦-៤៧ និង ហេព្រើរ ៦
 

ល្ងាច

សេចក្តី​ជំនឿ​ដែល​អាច​រើ​ភ្នំ​ចេញ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

សេចក្តី​ជំនឿ​ដែល​អាច​រើ​ភ្នំ​ចេញ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

November 9, 2025

«ព្រះ​យេស៊ូវ​ទ្រង់​ឆ្លើយ​ថា ចូរ​មាន​សេចក្ដី​ជំនឿ​ដល់​ព្រះ​ចុះ។ ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាកដ​ថា បើ​អ្នក​ណា​និយាយ​ទៅ​ភ្នំ​នេះ​ថា ចូរ​រើ​ចេញ​ពី​ទីនេះ​ទៅ​ធ្លាក់​ក្នុង​សមុទ្រ​ចុះ ដោយ​ឥត​សង្ស័យ​ក្នុង​ចិត្ត គឺ​ជឿ​ជាក់​ថា សេចក្ដី​អ្វី​ដែល​ខ្លួន​ថា នឹង​បាន​កើត​មក​ពិត នោះ​នឹង​បាន​ដូច​ប្រាថ្នា​គ្រប់​ជំពូក​ទាំង​អស់។ ដោយ​ហេតុ​នោះ​បាន​ជា​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា គ្រប់​ទាំង​សេចក្ដី​អ្វី​ដែល​អ្នក​រាល់​គ្នា​អធិស្ឋាន​សូម ចូរ​ជឿ​ថា បាន​ហើយ នោះ​នឹង​បាន​មែន» (ម៉ាកុស ១១:២២-២៤)។
នៅ​ក្នុង​ការ​អាន​ព្រះ​គម្ពីរ យើង​នឹង​ឃើញ​ខ​គម្ពីរ​ខ្លះ ដែល​ហាក់​ដូច​ជា​និយាយ​ត្រង់ៗ​ងាយ​យល់​ភ្លាមៗ។ ទន្ទឹម​នឹង​នោះ ក៏​មាន​ខ​គម្ពីរ​ចែង​ដូច​នេះ​ថា «គ្រប់​ទាំង​សេចក្ដី​អ្វី​ដែល​អ្នក​រាល់​គ្នា​អធិស្ឋាន​សូម ចូរ​ជឿ​ថា បាន​ហើយ នោះ​នឹង​បាន​មែន»។ នេះ​ជា​ព្រះ​បន្ទូល​របស់​ព្រះ​យេស៊ូវ ។ យើង​ច្រើន​តែ​ចង់​ជៀសវាង​អត្ថន័យ​ដើម​របស់​ខ​គម្ពីរ​នេះ។ យើង​មាន​ការ​បក​ស្រាយ​ជាច្រើន​អំពី​ខ​គម្ពីរ​នេះ និង​និយាយ​ច្រើន​ពេក​អំពី​ករណី​លើកលែង ដោយ​ធ្វើ​ឲ្យ​កប់​បាត់​អត្ថន័យ​ដើម។ ការ​ប្រើ​ខ​គម្ពីរ​នេះ​ក្នុង​ផ្លូវ​ខុស បាន​ធ្វើ​ឲ្យ​អ្នកខ្លះ​មាន​ការ​ភ័យខ្លាច​យ៉ាង​ខ្លាំង បាន​ជា​យើង​ស្ទើរតែ​មិន​ចាប់អារម្មណ៍ ចំពោះ​ការ​លើកទឹកចិត្ត និង​ការ​ជំរុញ នៅ​ក្នុង​ខ​គម្ពីរ​ទាំងនេះ។ 
ក្នុង​ព្រះរាជ​បញ្ជា​ធ្ងន់ៗ​នេះ ព្រះ​យេស៊ូវ​បាន​រំឭក​អ្នក​ដើរតាម​ព្រះ​អង្គ​ឲ្យ​ទុកចិត្ត​ព្រះ ព្រោះ​ជំនឿ​យើង​មាន​តម្លៃ ដោយ​សារ​ជំនឿ​របស់​យើង​មាន​មូលដ្ឋានគ្រឹះ​នៅ​ក្នុង​ព្រះ​អង្គ។ យើង​មិន​ត្រូវ​ទុកចិត្ត​លើ​សេចក្តី​ជំនឿ​របស់​យើង ឬ​ទុកចិត្ត​លើ​ខ្លួន​ឯង​ឡើយ តែ​ត្រូវ​ទុកចិត្ត​ព្រះ​អង្គ​តែ​ប៉ុណ្ណោះ។
នៅ​ពេល​ដែល​ព្រះ​យេស៊ូវ​មាន​បន្ទូល​ជា​ពាក្យ​ប្រៀប​ប្រដូច​អំពី​មនុស្ស​ដែល​បង្គាប់​ភ្នំ​ឲ្យ​ធ្លាក់​ចូល​ទៅ​ក្នុង​សមុទ្រ ពួក​សាវ័ក​ប្រហែល​ជា​អាច​យល់​បាន ព្រោះ​ពួក​គ្រូ​សាសនា​យូដា​បាន​ប្រើ​ពាក្យ​ប្រៀប​ប្រដូច​ស្រដៀង​នេះ​ដែរ ដើម្បី​និយាយ​អំពី​ការ​សម្រេច​បាន​អ្វី​មួយ ដែល​ហាក់​ដូច​ជា​មិន​អាច​សម្រេច​បាន។121 ពួក​សាវ័ក​មិន​បាន​យល់​ច្រឡំ​ថា ព្រះ​យេស៊ូវ​កំពុង​បង្រៀន​ក្នុង​ន័យ​ត្រង់​ឲ្យ​ពួក​គេ​បោះ​ភ្នំ​ដើម​អូលីវ​ចូល​ទៅ​ក្នុង​សមុទ្រ​មរណៈ​នោះ​ទេ។ ពួក​គេ​អាច​យល់ឃើញ​ថា ព្រះ​បន្ទូល​ព្រះ​អង្គ​មាន​លក្ខណៈ​ជា​សុភាសិត​ដែល​បង្រៀន​ថា ព្រះ​ទ្រង់​សព្វ​ព្រះ​ទ័យ​នឹង​ធ្វើ​ការ​អស្ចារ្យ​សម្រាប់​កូន​របស់​ព្រះ​អង្គ។
ក្នុង​កណ្ឌ​គម្ពីរ​កិច្ចការ​ទាំង​មូល យើង​រក​ឃើញ​ភស្តុតាង​ច្បាស់​លាស់​ដែល​បញ្ជាក់​ថា ព្រះ​យេស៊ូវ​បាន​បង្រៀន​អំពី​សេចក្តី​ជំនឿ និង​ការ​អធិស្ឋាន។ នៅ​ដើម​ដំបូង​នៃ​កណ្ឌ​គម្ពីរ​កិច្ចការ នៅ​ពេល​ដែល​ជន​ពិការ​ជើង​ម្នាក់​សុំទាន​សាវ័ក​ពេត្រុស និង​យ៉ូហាន នោះ​សាវ័ក ពេត្រុស ក៏​បាន​ប្រាប់​គាត់​ឲ្យ​ក្រោកឈរ ហើយ​ដើរ (កិច្ចការ ៣:៦)។ នៅ​ពេល​សាវ័ក ពេត្រុស និយាយ​ទៅកាន់​បុរស​នោះ គាត់​ប្រហែល​ជា​នឹក​ចាំ​ព្រះ​បន្ទូល​ព្រះ​យេស៊ូវ ហើយ​គិត​ក្នុង​ចិត្ត​ថា «គ្រប់​ទាំង​សេចក្ដី​អ្វី​ដែល​អ្នក​រាល់​គ្នា​អធិស្ឋាន​សូម... ចូរ​ជឿ...»។
នៅ​ពេល​ណា​ព្រះ​ទ្រង់​ធ្វើ​ជា​ការ​កម្មបទ​នៃ​ជំនឿ​របស់​យើង យើង​អាច​មាន​សេចក្តី​ជំនឿ​ដ៏​មុតមាំ គឺ​ជំនឿ​ដែល​ជឿ​ថា ការ​អ្វី​ដែល​យើង​មិន​អាច​ធ្វើ​បាន​នោះ​ព្រះ​អង្គ​អាច​ធ្វើ​បាន។ យើង​ដឹង​ថា យើង​កំពុង​និយាយ​ទៅ​កាន់​ព្រះ​មួយ​អង្គ​ដែល​អាច​នឹង​ធ្វើ​ហួស​សន្ធឹក លើស​ជាង​អស់​ទាំង​សេចក្ដី​ដែល​យើង​សូម ឬ​គិត​ក្ដី (អេភេសូរ ៣:២០-២១)។ ក្នុង​បទ​គម្ពីរ​ខាង​លើ​នោះ ព្រះ​យេស៊ូវ​ចង់​មាន​ន័យ​ថា ខ្ញុំ​ចង់​ឲ្យ​អ្នក​អធិស្ឋាន​តាម​របៀប​ដែល​បញ្ជាក់​ថា អ្នក​ពិត​ជា​ជឿ​ព្រះ ដែល​មាន​ប្រាជ្ញា​លើសលប់​មិន​ចេះ​ធ្វើ​ខុស មាន​សេចក្តី​សប្បុរស​លើស​លប់​មិន​អាច​មាន​ព្រះ​ទ័យ​សាហាវ ហើយ​មាន​អំណាច​លើសលប់​មិន​អាច​ចុះចូល​អំណាច​ធម្មជាតិ នៃ​ចក្រវាល​បានទេ។ 
ចូរ​យើង​កុំ​មើល​រំលង​អត្ថន័យ​ដើម​នៃ​ខ​គម្ពីរ​នេះ ដោយ​ការ​បកស្រាយ​ជ្រុល​ហួស​នោះ​ឡើយ។ ចូរ​យើង​ឲ្យ​អត្ថន័យ​នៃ​បទ​គម្ពីរ​នេះ​បាន​ជ្រួតជ្រាប​ក្នុង​ចិត្ត​យើង​មួយ​រយៈ​សិន។ ចូរ​អរ​សប្បាយ​នឹង​សេចក្តី​ពិត​ដែល​ថា ព្រះ​ទ្រង់​អាច​នឹង​ធ្វើ​ហួស​សន្ធឹក លើស​ជាង​អស់ទាំង​សេចក្ដី​ដែល​យើង​សូម ឬ​គិត​ក្ដី។ ចូរ​ទុកចិត្ត​លើ​ការ​ពិត​ដែល​ថា គ្មាន​អ្វី​ដែល​ព្រះ​អង្គ​មិន​អាច​ធ្វើ​បាន​នោះ​ទេ។ ហើយ​អធិស្ឋាន​ចុះ។ 


ខ​គម្ពីរ​សញ្ជឹងគិត៖ អេភេសូរ ៣:១៤-២១
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈពេល១ឆ្នាំ៖ អែសរ៉ា ៦-៨ និង​២ធីម៉ូថេ ៣

ប្រភេទ