នំម៉ាណាប្រចាំថ្ងៃ

ល្ងាច

ធាតុ​ពិត​នៃ​សេចក្តី​អាក្រក់ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ធាតុ​ពិត​នៃ​សេចក្តី​អាក្រក់ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

November 10, 2025

«ឯ​ចិត្ត​ជា​គ្រឿង​បញ្ឆោត​លើស​ជាង​ទាំង​អស់ ហើយ​ក៏​អាក្រក់​ហួស​ល្បត់​ផង តើ​អ្នក​ណា​នឹង​អាច​ស្គាល់​បាន។ អញ​នេះ គឺ​ព្រះ​យេហូវ៉ា អញ​ស្ទង់​ចិត្ត អញ​ក៏​ល្បង​ល​ថ្លើម ដើម្បី​នឹង​សង​ដល់​មនុស្ស​ទាំង​អស់​តាម​ផ្លូវ​គេ​ប្រព្រឹត្ត ហើយ​តាម​ផល​នៃ​កិរិយា​របស់​គេ» (យេរេមា ១៧:៩-១០)។
​ព្រះ​គម្ពីរ​បាន​ចែង​យ៉ាង​ច្បាស់​អំពី​ធាតុ​ពិត​នៃ​សេចក្តី​អាក្រក់ ហើយ​ក៏​បាន​ចែង​ច្បាស់​អំពី​បុគ្គលិក​លក្ខណៈ​របស់​បុគ្គល​ដែល​នៅ​ពី​ក្រោយ​សេចក្តី​អាក្រក់​ទាំងអស់​ក្នុង​លោកីយ៍​នេះ។ សាតាំង ដែល​ជា​អារក្ស ទាស់​ប្រឆាំង​ទាំងស្រុង​មក​លើ​សុខមាលភាព​ខាង​វិញ្ញាណ​របស់​ជន​រងគ្រោះ​របស់​វា។ វា​ជា​សត្វ​តោ​ដ៏​សាហាវ ហើយ​វា​ជា​អ្នក​គ្រប់​គ្រង​លោកីយ៍​នេះ ទោះ​វា​នៅ​តែ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ព្រះ​ក៏​ដោយ។ វា​នៅ​ពី​ក្រោយ​អំពើ​បាប​ទាំង​អស់ ហើយ​មុន​ពេល​មនុស្ស​កើត​ជាថ្មី​ពី​ព្រះ​វិញ្ញាណ​នៃ​ព្រះ ពួក​គេ​ស្ថិត​ក្រោម​អំណាច​របស់​វា ហើយ​ទង្វើ​អាក្រក់​របស់​ពួក​គេ គឺ​ជា​ភស្តុតាង​បញ្ជាក់​ថា ពួក​គេ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​វា។ 
ជា​ការ​ពិត​ណាស់ មនុស្ស​រស់​នៅ​ក្នុង​សម័យ​បច្ចុប្បន្ន​បាន​សើច​ចំអក​ឲ្យ​ការ​បង្រៀន​អំពី​អារក្ស។ ពួក​គេ​ថា «អូហ៍ សម័យ​នេះ​ហើយ អ្នក​នៅ​តែ​នៅ​ជឿ​ថា មាន​វិញ្ញាណ​អាក្រក់​ដែល​ហៅថា អារក្ស​ទៀត​ឬ?» ប៉ុន្តែ ខណៈ​ពេល​ដែល​ពួក​គេ​កំពុង​តែ​បន្ទាប​បន្ថោក​ការ​បង្រៀន​អំពី​អារក្ស ទន្ទឹម​នឹង​នោះ ពួក​គេ​មិន​អាច​ពន្យល់​បាន​ទេ​ថា ហេតុ​អ្វី​យើង​អាច​នាំ​ឲ្យ​មាន​ការ​រីក​ចម្រើន​ផ្នែក​បច្ចេកវិទ្យា​ខ្លាំង​យ៉ាង​នេះ​ហើយ តែ​មិន​អាច​គ្រប់​គ្រង​ចិត្ត​ដែល​មាន​បាប​ឲ្យ​បាន​ល្អ​ជាង​មនុស្ស​សម័យ​មុន។ ហេតុ​អ្វី? 
ព្រះ​គម្ពីរ​បាន​បង្រៀន​ថា នៅ​ពេល​ដែល​លោក អ័ដាម អនុញ្ញាត​ឲ្យ​ភរិយា​ដាក់​ខ្លួន​គាត់ នៅ​ក្រោម​ឥទ្ធិពល​នៃ​មេ​បោក​បញ្ឆោត ហើយ​ប្រព្រឹត្ត​អំពើ​បាប គឺ​គាត់​បាន​បណ្ដាល​ឲ្យ​មនុស្ស​ជាតិ​ទាំងមូល​ធ្លាក់​ចូល​ក្នុង​អំពើ​បាប​ជាមួយ​គាត់។ អាច​និយាយ​ម្យ៉ាង​ទៀត​ថា នៅ​ពេល​ដែល​លោក អ័ដាម ធ្វើ​អំពើ​បាប យើង​ក៏​មាន​បាប​ផង​ដែរ។ យើង​ម្នាក់ៗ​បាន​កើត​មក​ដោយ​យក​បាប​មក​ជា​មួយ។ ដូច​នេះ ចិត្ត​របស់​យើង​ដែល​ជា​ស្នូល​នៃ​ខ្លួន​យើង ប្រភព​នៃ​អារម្មណ៍ ការ​ប្រាថ្នា និង​ការ​សម្រេចចិត្ត គឺ​ជា «គ្រឿង​បញ្ឆោត​លើស​ជាង​ទាំងអស់ ហើយ​ក៏​អាក្រក់​ហួស​ល្បត់​ផង»។ ទាក់ទង​នឹង​សម្ដី​របស់​ហោរា យេរេមា ព្រះ​យេស៊ូវ​ក៏​បាន​មាន​បន្ទូល​ទៅ​កាន់​ពួក​ផារិស៊ី​ផង​ដែរ​ថា «គ្មាន​អ្វី​ពី​ខាង​ក្រៅ ចូល​ទៅ​ក្នុង​ខ្លួន​មនុស្ស​ដែល​អាច​នឹង​ធ្វើ​ឲ្យ​ស្មោក​គ្រោក​បាន​ទេ គឺ​ជា​សេចក្ដី​ដែល​ចេញ​ពី​មនុស្ស​មក​ទេ​តើ​ដែល​ធ្វើ​ឲ្យ​ស្មោក​គ្រោក​វិញ...ដ្បិត​នៅ​ពី​ខាង​ក្នុង ពី​ក្នុង​ចិត្ត​របស់​មនុស្ស មាន​ចេញ​អស់​ទាំង​គំនិត​អាក្រក់​យ៉ាង​នេះ គឺ​សេចក្ដី​កំផិត សហាយ​ស្មន់ កាប់​សម្លាប់​គេ» ព្រម​ទាំង​ការ​អាក្រក់​គ្រប់​ប្រភេទ ទោះ​បើក​ចំហ និង​លាក់​កំបាំង​ក្តី (ម៉ាកុស ៧:១៥, ២១) ។
សេចក្តី​ពិត​នេះ​បាន​ផ្តល់​ឲ្យ​នូវ​ការ​ពន្យល់​អំពី​អ្វីៗ​ដែល​យើង​មើល​ឃើញ​ក្នុង​លោកីយ៍ តែ​ក៏​បាន​ជំរុញ​យើង​ឲ្យ​មាន​ការ​ពិចារណា​ត្រឹមត្រូវ អំពី​ខ្លួន​ឯង​ផង​ដែរ។ សេចក្តី​ពិត​នេះ​ប្រាប់​យើង​ថា យើង​មិន​មែន​ជា​មនុស្ស​ល្អ ដែល​មិន​ចេះ​ធ្វើ​ខុស​នោះ​ទេ តែ​យើង​ជា​មនុស្ស​មាន​បាប ដែល​ត្រូវ​ការ​សេចក្តី​មេត្តា​របស់​ព្រះ។ យើង​ត្រូវ​ការ​ការ​បន្ទាប​ខ្លួន ដើម្បី​ទទួល​ស្គាល់​ធាតុ​ពិត​នៃ​ចិត្ត​របស់​យើង ព្រោះ​វា​ងាយ​នឹង​ទទួល​ការ​បោក​បញ្ឆោត​ពី​គ្រូ​ជោគជ័យ ដែល​បង្រៀន​អំពី​ការ​ទុក​ចិត្ត​ខ្លួន​ឯង និង​សរសើរ​ខ្លួន​ឯង ជា​ជាង​ស្តាប់​តាម​ហោរា​ដូច​លោក យេរេមា ជា​ដើម។ សេចក្តី​ពិត​ក៏​បាន​បញ្ជាក់​ថា មនុស្ស​ម្នាក់ៗ​បាន​កើត​មក ដោយ​ការ​ផ្លាស់​ប្ដូរ​ចិត្ត​ថ្មី គឺ​ចិត្ត​ខាង​វិញ្ញាណ។ មាន​តែ​ព្រះ​ទេ​ដែល​អាច​ផ្លាស់​ប្ដូរ​ឲ្យ​យើង​បាន។ ដែល​ព្រះ​ទ្រង់​បាន​រាប់​យើង​ថា​មាន​បាប ដោយ​សារ​កំហុស​របស់​លោក អ័ដាម ជា​យ៉ាង​ណា នោះ​ដោយ​សារ​ព្រះ​គុណ ព្រះ​អង្គ​ក៏​បាន​រាប់​អ្នក​ជឿ​ទាំង​អស់​ថា មាន​សេចក្តី​សុចរិត​របស់​ព្រះ​អម្ចាស់​យេស៊ូវ​គ្រីស្ទ។ ក្នុងនាម​យើង​ជា​អ្នក​ជឿ​ព្រះ​យេស៊ូវ យើង​បាន​ផ្លាស់​ប្រែ​ពី​ក្នុង​មក​ក្រៅ។ នៅ​ថ្ងៃ​នេះ ក៏​ដូច​ជា​រៀង​រាល់​ថ្ងៃ ដើម្បី​បន្សាប​ចិត្ត​របស់​អ្នក​ដែល​មាន​ពុត​ត្បុត អ្នក​ត្រូវ​ចូល​មក​ចំពោះ​ព្រះ​អម្ចាស់ ដោយ​បន្ទាប​ខ្លួន និង​ចិត្ត​ស្មោះ​ត្រង់ ហើយ​អធិស្ឋាន​ថា «ឱ​ព្រះ​អង្គ​អើយ សូម​បង្កើត​ចិត្ត​បរិសុទ្ធ​នៅ​ក្នុង​ទូល​បង្គំ ហើយ​កែ​វិញ្ញាណ​ក្នុង​ទូល​បង្គំ​ឲ្យ​ត្រឹម​ត្រូវ​ឡើង» (ទំនុកតម្កើង ៥១:១០)។ 


ខ​គម្ពីរ​សញ្ជឹងគិត៖ ម៉ាកុស ៧:១-២៣
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល១ឆ្នាំ៖ អែសរ៉ា ៩-១០ និង​២ធីម៉ូថេ ៤

ប្រភេទ