នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ការលះបង់សម្ភារៈនិយម

ការលះបង់សម្ភារៈនិយម

ដោយadamholz

November 12, 2025

១ពេត្រុស ១:៣-៩,១៣
តាមសេចក្ដីមេត្តាករុណាដ៏ធំរបស់ទ្រង់ ដើម្បីឲ្យយើងរាល់គ្នាបានសេចក្ដីសង្ឃឹមដ៏រស់ ដោយសារព្រះយេស៊ូវគ្រីស្ទ ទ្រង់រស់ពីស្លាប់ឡើងវិញ។ ១ពេត្រុស ១:៣
រៀងរាល់រដូវស្លឹកឈើជ្រុះ ក្នុងវ័យយុវជន ជីដូនរបស់ខ្ញុំតែងតែទទួលបានសៀវភៅកាតាឡុកវត្ថុអនុស្សាវរីយ៍សម្រាប់ថ្ងៃណូអែល។ ខ្ញុំក៏បានប្រញាប់បើកមើលសៀវភៅនោះភ្លាមៗ ដោយចិត្តរីករាយ ដើម្បីមើលរូបភាពទំនិញជាច្រើន ដែលបានទាក់ទាញចំណាប់អារម្មណ៍របស់ខ្ញុំយ៉ាងខ្លាំង។ 
សព្វថ្ងៃនេះ រូបភាពប្រភេទនោះបានលេចឡើងនៅលើកញ្ចក់ទូរស័ព្ទឆ្លាតវ័យរបស់យើង ជារៀងរាល់ថ្ងៃ ដែលកម្មវិធីបណ្ដាញសង្គមបានជ្រើសរើសសម្រាប់យើងរៀងៗខ្លួន ទៅតាមចំណង់ចំណូលចិត្ត ធ្វើឲ្យយើងស្រមៃ និងសង្ឃឹមថានឹងទទួលបានពួកវាជាកម្មសិទ្ធិ។ យើងងាយនឹងលង់ខ្លួន នៅក្នុងការមើលទំនិញទាំងអស់នោះ។ ថ្មីៗនេះ អ្នកជំនាញបាន ហៅបាតុភូតឌីជីថលនេះថា ការបង្អូសនៃក្តីស្រមៃ។ ការស្ទង់មតិមួយ ដែលធ្វើឡើងដោយកម្មវិធី OnePoll បានចង្អុលបង្ហាញថា ជាមធ្យមអ្នកប្រើប្រាស់ទូរស័ព្ទឆ្លាតវ័យរបស់អាមេរិក បានចំណាយពេលអូសមើលរូបភាពក្នុងទូរស័ព្ទរបស់ខ្លួន រយៈពេល២ម៉ោង ក្នុងមួយថ្ងៃ។ រូបភាពដែលទាក់ទាញអារម្មណ៍យើង បាននាំឲ្យយើងសង្ឃឹម ឬជឿថា បើយើងទទួលបានទំនិញមួយនេះ យើងនឹងមានការសប្បាយចិត្តយ៉ាងខ្លាំង។
ប៉ុន្តែ ព្រះគម្ពីរប៊ីបបានបង្រៀនយើងឲ្យប្រព្រឹត្តផ្ទុយពីនេះ ដោយបានអញ្ជើញយើងឲ្យលះបង់សម្ភារៈនិយម។ ក្នុងបទគម្ពីរ ១ពេត្រុស ១:៣-៤ យើងឃើញថា “តាមសេចក្ដីមេត្តាករុណាដ៏ធំរបស់ទ្រង់ ដើម្បីឲ្យយើងរាល់គ្នាបានសេចក្ដីសង្ឃឹមដ៏រស់ ដោយសារព្រះយេស៊ូវគ្រីស្ទ ទ្រង់រស់ពីស្លាប់ឡើងវិញ ហើយឲ្យយើងបានមរដក ដែលមិនចេះពុករលួយ ក៏ឥតសៅហ្មង ហើយមិនដែលស្រពោនឡើយ”។ ត្រង់ចំណុចនេះ សាវ័កពេត្រុសបានបង្ហាញភាពផ្ទុយគ្នារវាងការស្រេកឃ្លានចង់បានរបស់ទ្រព្យមិនស្ថិតស្ថេរ និងភាពស្កប់ស្កល់ដែលយើងនឹងមាន តាមព្រះបន្ទូលសន្យា ពេលណាយើងទុកដាក់ក្តីសង្ឃឹមយើង ក្នុងព្រះគុណរបស់ព្រះ។ បន្ទាប់មក គាត់ក៏បានបង្រៀនទៀតថា “ចូរក្រវាត់គំនិតអ្នករាល់គ្នាឲ្យមាំមួនចុះ ទាំងដឹងខ្លួន ហើយឲ្យមានសេចក្ដីសង្ឃឹមគ្រប់ជំពូក ដល់ព្រះគុណដែលត្រូវផ្ដល់មកដល់អ្នករាល់គ្នា ក្នុងកាលដែលព្រះយេស៊ូវគ្រីស្ទទ្រង់លេចមកផង”(ខ.១៣)។ 
តើយើងម្នាក់ៗបានចំណាយពេលច្រើនម៉ោងជារៀងរាល់ថ្ងៃ ក្នុងការអូសមើលរូបភាពមុខទំនិញ ក្នុងបណ្ដាញសង្គម ដោយចិត្តចង់បំពេញក្តីស្រមៃដែរឬទេ? ចូរយើងទូលសូមព្រះអង្គជួយយើង ឲ្យរៀនពឹងផ្អែកលើព្រះអង្គ ដោយមានក្តីសង្ឃឹមដែលប្រសើរជាង និងមានសេចក្តីប្រាថ្នារកព្រះអង្គ។—Adam R. Holz

តើអ្នកកំពុងស្វែងរកអ្វីឲ្យពិតប្រាកដ នៅពេលដែលអ្នកបើកមើលបណ្ដាញសង្គម? តើមានអ្វីទាក់ទាញចិត្តអ្នក? 
ឱព្រះវរបិតា លោកិយមានពេញដោយការសន្យា អំពីការស្កប់ចិត្ត។ តែទូលបង្គំមានក្តីសង្ឃឹម
ក្នុងព្រះអង្គ ដែលនឹងមិនខកចិត្តឡើយ។ សូមព្រះអង្គជួយទូលបង្គំ ឲ្យមានសង្ឃឹមដល់ព្រះអង្គនៅថ្ងៃនេះ។ 
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យេរេមា ៥១-៥២ និង ហេព្រើរ ៩
 

ល្ងាច

មូលហេតុ​ដែល​យើង​អត់ទោស​ឲ្យ​គេ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

មូលហេតុ​ដែល​យើង​អត់ទោស​ឲ្យ​គេ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

November 12, 2025

«ចូរ​មាន​ចិត្ត​សប្បុរស​នឹង​គ្នា​ទៅ​វិញ​ទៅ​មក ព្រម​ទាំង​មាន​ចិត្ត​ទន់​សន្ដោស ហើយ​អត់​ទោស​គ្នា​ដូច​ជា​ព្រះ​ទ្រង់​បាន​អត់​ទោស​ឲ្យ​អ្នក​រាល់​គ្នា ដោយ​ព្រះ​គ្រីស្ទ​ដែរ» (អេភេសូរ ៤:៣២)។
ការ​អត់ទោស​បាប​របស់​ព្រះ មិន​គ្រាន់តែ​ជា​ការ​បង្ហាញ​ព្រះ​ទ័យ​របស់​ព្រះ​អង្គ តែ​ក៏​ជា​អ្វី​ដែល​ព្រះ​អង្គ​បាន​សន្យា​ក្នុង​ព្រះ​បន្ទូល​ផង​ដែរ។ ដូច​នេះ ការ​ដក​ពិសោធន៍​ជាមួយ​ការ​អត់ទោស​បាប​របស់​ព្រះ មាន​ការ​ជាប់​ទាក់ទង​ដោយ​ផ្ទាល់​ជាមួយ​នឹង​ការ​ស្ម័គ្រចិត្ត​ជឿ​ថា ព្រះ​អង្គ​នឹង​ធ្វើតាម​ព្រះ​បន្ទូល​របស់​ព្រះ​អង្គ។
អ្នក​និពន្ធ​កណ្ឌ​គម្ពីរ​ហេព្រើរ​បាន​ពន្យល់​ថា ការ​ធានា​អំពី​ការ​អត់ទោស​បាប​របស់​យើង មាន​ការ​ពឹង​ផ្អែក​ទាំងស្រុង​ទៅ​លើ​ព្រះ​លោហិត​របស់​ព្រះ​យេស៊ូវ​តែប៉ុណ្ណោះ (ហេព្រើរ ១០:១៩-២២)។ ជាង​នេះ​ទៅ​ទៀត ពេល​ណា​យើង​ចូល​មក​រក​ព្រះ​ដោយ​ការ​ប្រែ​ចិត្ត ព្រះ​អង្គ​បាន​សន្យា​ថា ព្រះ​អង្គ​នឹង​មិន​នឹក​ចាំ​ពី​អំពើ​បាប​របស់​យើង​ទៀត​ទេ (ខ.១៧)។ ព្រះ​ទ្រង់​បាន​សន្យា​ច្បាស់​ថា ព្រះ​អង្គ​នឹង​មិន​កត់​ទុក​អំពើ​បាប​របស់​យើង​ទេ (អេសាយ ៤៣:២៥)។ អាច​និយាយ​ម្យ៉ាង​ទៀត​ថា បើ​យើង​ព្យាយាម​ងាក​បែរ​ទៅ​រក​ព្រះ​អង្គ​វិញ ដោយ​នាំ​យក​បញ្ហា​ដែល​ព្រះ​អង្គ​បាន​ដោះ​ស្រាយ​រួច​ហើយ នោះ​យើង​ត្រូវ​ចាំ​ថា ព្រះ​អង្គ​បាន​សន្យា​ថា ព្រះ​អង្គ​នឹង​មិន​នឹក​ចាំ​អំពី​បាប​របស់​យើង​ទៀត​ទេ ហើយ​យើង​ក៏​ត្រូវ​ធ្វើ​ដូច​ព្រះ​អង្គ​ដែរ។
គំរូ​របស់​ព្រះ​អង្គ គឺ​សម្រាប់​ឲ្យ​យើង​យក​តម្រាប់​តាម​ក្នុង​ការ​អត់​ទោស​ឲ្យ​អ្នក​ដទៃ។ ការ​អត់​ទោស​ឲ្យ​អ្នក​ដទៃ មិន​មែន​ជា​អារម្មណ៍​នោះ​ទេ តែ​ផ្អែក​ទៅ​លើ​ព្រះ​បន្ទូល​សន្យា និង​មាន​ការ​ស្តាប់​បង្គាប់។ នៅ​ពេល​ដែល​យើង​អត់​ទោស​ឲ្យ​នរណា​ម្នាក់ គឺ​យើង​កំពុង​ធ្វើ​ការ​សន្យា​បី​ចំណុច។ ទី​មួយ យើង​នឹង​មិន​លើក​យក​បញ្ហា​នោះ​មក​និយាយ​ជាមួយ​បុគ្គល​នោះ​ទៀត​ទេ។ ទីពីរ យើង​ក៏​នឹង​មិន​លើក​យក​បញ្ហា​នោះ​មក​និយាយ​ជា​មួយ​អ្នក​ដទៃ​ដែរ។ ហើយ​ទីបី យើង​នឹង​មិន​រំឭក​ខ្លួន​យើង​អំពី​បញ្ហា​នោះ​ទៀត​ឡើយ។ យើង​បង្ហាញ​ចេញ​នូវ​ការ​អត់​ទោស​ពិត​ប្រាកដ នៅ​ពេល​ដែល​យើង​ចង់​អត់​ទោស​ឲ្យ​គេ ដូច​ដែល​ព្រះ​ទ្រង់​បាន​អត់​ទោស​ឲ្យ​យើង​ក្នុង​ព្រះ​គ្រីស្ទ។ ការ​នេះ​មិន​មាន​ន័យ​ថា យើង​ត្រូវ​មាន​ការ​អត់​ទោស​តែ​នៅ​ក្នុង​គំនិត និង​ការ​តាំង​ចិត្ត​ប៉ុណ្ណោះ​ទេ។ យើង​ក៏​ត្រូវ​មាន​ការ​អត់​ទោស​ឲ្យ​គេ​ចេញ​ពី​ក្នុង​ចិត្ត​ផង​ដែរ (ម៉ាថាយ ១៨:៣៥)។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ការ​បង្ហាញ​ចេញ​នូវ​ការ​អត់​ទោស​ពិត​ប្រាកដ កើត​ចេញ​ពី​ការ​ដឹង​គុណ​ព្រះ​គ្រីស្ទ​ដែល​បាន​អត់​ទោស​បាប​ឲ្យ​យើង គួបផ្សំ​នឹង​ការ​ស្តាប់​បង្គាប់​តាម​ព្រះ​រាជ​បញ្ជា​របស់​ព្រះ​អង្គ​ដែល​បង្គាប់​យើង​ឲ្យ​អត់ទោស​ឲ្យ​គេ។ 
តើ​មាន​នរណា​ខ្លះ​ដែល​អ្នក​ចាំ​បាច់​ត្រូវ​អត់​ទោស​ឲ្យ? អ្នក​ប្រហែល​មិន​មាន​អារម្មណ៍​ចង់​អត់​ទោស​ឲ្យ​គេ នៅ​ថ្ងៃ​នេះ​ទេ ប៉ុន្តែ​ទោះ​យើង​មាន​អារម្មណ៍ ឬ​គ្មាន​អារម្មណ៍ ក្នុង​នាម​យើង​ជា​អ្នក​ទទួល​ការ​អត់​ទោស​ពី​ព្រះ​ក្នុង​ព្រះ​គ្រីស្ទ ព្រះ​អង្គ​បាន​ត្រាស់​ហៅ​យើង​ឲ្យ​អត់ទោស​ឲ្យ​គេ ដូច​ដែល​ព្រះ​អង្គ​បាន​អត់​ទោស​ឲ្យ​យើង។ យើង​ប្រហែល​ពិបាក​អត់ទោស​ឲ្យ​គេ តែ​វា​ជា​អ្វី​ដែល​យើង​អាច​ធ្វើ​បាន។ ព្រះ​វិញ្ញាណ​នៃ​ព្រះ​អាច​ជួយ​អ្នក​ឲ្យ​សន្យា​ថា អ្នក​នឹង​អត់ទោស​ឲ្យ​គេ ហើយ​ធ្វើ​តាម​ការ​សន្យា​នេះ។ ពេល​ណា​អ្នក​អត់​ទោស​ឲ្យ​គេ​ដោយ​ការ​សន្យា​ដែល​មាន​បី​ចំណុច​នេះ ដោយ​ការ​ស្តាប់​បង្គាប់​តាម​ព្រះ​រាជ​បញ្ជា​របស់​ព្រះ ព្រះ​អង្គ​អាច ហើយ​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ចង់​អត់ទោស​ឲ្យ​គេ។ 


ខ​គម្ពីរ​សញ្ជឹងគិត៖ ម៉ាថាយ ១៨:២‌១-៣៥
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈពេល១ឆ្នាំ៖ ១របាក្សត្រ ៤-៦ និង​លូកា ១:១-២០

ប្រភេទ