នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

សេចក្តីសប្បុរសសម្រាប់អ្នករងទុក្ខ

សេចក្តីសប្បុរសសម្រាប់អ្នករងទុក្ខ

ដោយLisa Samra

November 13, 2025

អូបាឌា ១:៤-៩,១២-១៣
មិនត្រូវឲ្យឯងនឹកឃើញ ពីថ្ងៃរបស់បងប្អូនឯង ជាថ្ងៃដែលគេត្រូវអន្តរាយ ដោយមានចិត្តរីករាយពីដំណើរពួកកូនចៅយូដា ក្នុងកាលដែលគេត្រូវបំផ្លាញនោះឡើយ។ អូបាឌា ១:១២
កាលពីខែសីហា ឆ្នាំ២០២៣ មានភ្លើងឆេះព្រៃមួយបានបំផ្លិចបំផ្លាញទីក្រុងឡាហៃណា រដ្ឋហាវៃ ដែលបានបណ្តាលឲ្យមនុស្ស៩៩នាក់បាត់បង់ជីវិត និងបានបំផ្លាញអាគារជាង២០ពាន់ខ្នង។ ភ្លើងឆេះព្រៃនេះ ស្ថិតក្នុងចំណោមភ្លើងឆេះព្រៃដែលកាចសាហាវបំផុត ក្នុងប្រវត្តិសាស្រ្តសហរដ្ឋអាមេរិក។ ខណៈពេលដែលប្រជាពលរដ្ឋនៅទីនោះកំពុងតែមានចិត្តតក់ស្លុត ដោយសារការវិនាសកម្មនេះ ពួកគេក៏បានទទួលរងការបះទង្គិចផ្លូវចិត្តជាបន្ថែមទៀត នៅពេលដែលមានមនុស្សអាក្រក់ចូលលួចក្នុងអគារទាំងនោះយករបស់ទ្រព្យ ហើយពួកអ្នករកស៊ីអចលនទ្រព្យដែលមានចិត្តលោភលន់ ក៏បានព្យាយាមចាប់យកដីធ្វើជាកម្មសិទ្ធិរបស់ខ្លួនទៀត។
សេចក្តីប៉ងប្រាថ្នាដែលពុករលួយ ច្រើនតែព្យាយាមទាញយកប្រយោជន៍ ពីកាលៈទេសៈដ៏សោកសៅរបស់អ្នកដទៃ គឺដូចដែលព្រះអម្ចាស់បានមានបន្ទូលធ្ងន់ៗអំពីបញ្ហានេះ ទៅកាន់សាសន៍អេដំម។ ហោរាអូបាឌាបានព្រមានសាសន៍អេដំម ដែលជាខ្មាំងសត្រូវរបស់សាសន៍អ៊ីស្រាអែលអស់ជាច្រើនជំនាន់(អេសេគាល ៣៥:៥) ដោយប្រាប់ពួកគេអំពីការជំនុំជម្រះដ៏យុត្តិធម៌របស់ព្រះអម្ចាស់ ព្រោះសាសន៍អេដំមបានប្រើទីតាំងភូមិសាសន៍ដែលមានប្រៀបជាងពួកអ៊ីស្រាអែល(អូបាឌា ១:៣) ហើយបានគាស់កាយទ្រព្យសម្បត្តិរបស់គេ(ខ.៦) ចងសម្ព័ន្ធមិត្តជាមួយសាសន៍ដទៃ(ខ.៧) និងប្រើពួកអ្នកប្រាជ្ញា(ខ.៨) និងកម្លាំងទ័ព(ខ.៩) ដើម្បីកេងប្រវ័ញ្ចសាសន៍ដែលទន់ខ្សោយជាងខ្លួន។ ហោរាអូបាឌាក៏បានស្តីបន្ទោសឲ្យពួកអេដំមដែលបានអរសប្បាយ នៅពេលដែលប្រជាជនអ៊ីស្រាអែលក្លាយជាឈ្លើយសឹក ដែលត្រូវគេនិរទេសឲ្យទៅរស់នៅក្នុងទឹកដីសាសន៍ដទៃ។ ជាជាងមានចិត្តអាណិតដល់ពួកគេ សាសន៍អេដំមថែមទាំងបានលុកលុយផ្ទះរបស់ពួកគេយកទ្រព្យសម្បត្តិ ហើយក៏បានដង្ហែក្បួនទ័ពចូលទីក្រុងដែលបានដួលរលំ(ខ.១២-១៣)។ 
ប្រជាពលរដ្ឋនៅក្រុងឡាហៃណា បានឃើញទង្វើគួរឲ្យស្អប់ខ្ពើម បន្ទាប់ពីមានគ្រោះភ្លើងឆេះព្រៃនោះ តែទោះជាយ៉ាងណាក៏ដោយ ពួកគេក៏បានមើលឃើញសេចក្តីសប្បុរស នៅពេលដែលព្រះវិហារនៅលើកោះនោះ បានប្រែក្លាយជាមជ្ឈមណ្ឌលមនុស្សធម៌ ដែលផ្តល់ឲ្យនូវជម្រក អាហារក្តៅៗ និងជួយបំពេញតម្រូវការបន្ទាន់។ 
នៅពេលដែលនរណាម្នាក់កំពុងមានទុក្ខវេទនា យើងក៏មានជម្រើសស្រដៀងនេះផងដែរ។ យើងមិនត្រូវទាញយកផលចំណេញពីការខាតបង់របស់ពួកគេឡើយ។  តែផ្ទុយទៅវិញ យើងអាចឆ្លើយតបចំពោះទុក្ខលំបាករបស់ពួកគេ តាមរបៀបដែលព្រះទ្រង់សព្វព្រះទ័យ ដូចពួកជំនុំនៅទីក្រុងឡាហៃណា ដោយចិត្តសប្បុរស។—Lisa M. Samra

តើអ្នកបានជួបការល្បួងឲ្យទាញយកប្រយោជន៍ពីទុក្ខលំបាកអ្នកដទៃ នៅពេលណា? 
តើសេចក្តីស្រឡាញ់របស់ព្រះអម្ចាស់ បានជំរុញយើងឲ្យមានចិត្តសប្បុរសយ៉ាងណាខ្លះ? 
ឱព្រះអម្ចាស់ សូមព្រះអង្គជួយទូលបង្គំ ឲ្យបង្ហាញសេចក្តីសប្បុរសរបស់ព្រះអង្គ 
ដល់នរណាម្នាក់ដែលកំពុងមានការឈឺចាប់។ 
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : បរិទេវ ១-២ និង ហេព្រើរ ១០:១-១៨
 

ល្ងាច

ការ​ស្រុះ​ស្រួល​គ្នា​ក្នុង​ព្រះ​អម្ចាស់ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ការ​ស្រុះ​ស្រួល​គ្នា​ក្នុង​ព្រះ​អម្ចាស់ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

November 13, 2025

«ខ្ញុំ​សូម​ទូន្មាន​ដល់​នាង អ៊ើរ៉ូឌា នឹង​នាង ស៊ុនទីច​ដែរ ឲ្យ​មូល​គំនិត​តែ១ក្នុង​ព្រះ​អម្ចាស់ ហើយ​ខ្ញុំ​ក៏​សូម​ដល់​អ្នក ឱ​គូកន​ស្មោះ​ត្រង់​របស់​ខ្ញុំ​អើយ សូម​ជួយ​ស្ត្រី​ទាំង​២នោះ ដែល​បាន​តតាំង​ជា​មួយ​នឹង​ខ្ញុំ ក្នុង​ដំណឹង​ល្អ​ផង ហើយ​នឹង​អ្នក​ក្លេមេន នឹង​គូកន​ខ្ញុំ​ឯ​ទៀត ដែល​គេ​មាន​ឈ្មោះ​កត់ទុក​ក្នុង​បញ្ជី​ជីវិត​ដែរ» (ភីលីព ៤:២-៣)។
ការ​បែក​បាក់​ប្រៀប​ដូចជា​ច្រេះ​ដែល​ស៊ី​បំផ្លាញ​ពួក​ជំនុំ​ពី​ខាង​ក្នុង។ 
ហេតុ​នេះ​ហើយ សាវ័ក ប៉ុល បាន​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ចំពោះ​របាយ​ការណ៍​អំពី​ស្ត្រី​ពីរ​នាក់ ក្នុង​ពួក​ជំនុំ​នៅ​ទីក្រុង​ភីលីព​ដែល​មាន​ការ​ឈ្លោះ​ប្រកែក​គ្នា។ ក្នុង​សំបុត្រ​របស់​គាត់ គាត់​បាន​សរសេរ​ថា គាត់ «សូម​ទូន្មាន» ពួក​គេ «ឲ្យ​មូល​គំនិត​តែ១»។ ហើយ​ក្នុង​ការ​លើកឡើង​អំពី​ការ​មិន​ចុះសម្រុង​របស់​នាង អ៊ើរ៉ូឌា និង​នាង ស៊ុនទីច សាវ័ក ប៉ុល បាន​ផ្តល់​ឲ្យ​យើង​នូវ​គំរូ​ដ៏​ល្អ​សម្រាប់​ការ​ផ្សះផ្សា​គ្នា។ គាត់​បញ្ជាក់​ច្បាស់​ថា យើង​ត្រូវ​ចាំ​ថា យើង​មាន​ការ​រួប​រួម​គ្នា​ជា​មួយ​បង​ប្អូន «ក្នុង​ព្រះ​អម្ចាស់»។ ពាក្យ​មួយ​ឃ្លា​នេះ​បាន​ពន្យល់​ថា យើង​ជា​នរណា​នៅ​ក្នុង​ចំណុច​ស្នូល​របស់​យើង គឺ​យើង​មិន​មែន​ជា​កម្ម​សិទ្ធិ​ខ្លួន​ឯង តែ​យើង​ជា​កម្មសិទ្ធិ​របស់​ព្រះ​គ្រីស្ទ។ 
ដូច​នេះ សាវ័ក ប៉ុល បាន​សូម​ឲ្យ​នាង អ៊ើរ៉ូឌា និង​នាង ស៊ុនទីច នឹក​ចាំ​អំពី​ការ​រួបរួម «ក្នុង​ព្រះ​អម្ចាស់» និង​ចុះ​ចូល​ការ​បង្រៀន​របស់​ព្រះ​អង្គ​ដែល​បាន​ប្រទាន​មក​តាម​រយៈ​ពួក​សាវ័ក ដូច​ដែល​យើង​បាន​ចុះ​ចូល​នឹង​ព្រះ​បន្ទូល​ព្រះ​ក្នុង​ព្រះ​គម្ពីរ​ផង​ដែរ។ ព្រះ​គម្ពីរ​បាន​ចែង​ច្បាស់​ថា ក្នុង​នាម​យើង​ជា​គ្រីស្ទ​បរិស័ទ យើង​ត្រូវ​ស្រឡាញ់ និង​បម្រើ​ព្រះ​ជា​ទីមួយ។ បន្ទាប់​មក យើង​ត្រូវ​ព្យាយាម​ផ្គាប់​ព្រះ​ទ័យ​ព្រះ​អង្គ​ដូច​ដែល​ព្រះ​អង្គ​ធ្វើ​ការ​ក្នុង​ចិត្ត​យើង​ឲ្យ​មាន​ចិត្ត​ចង់​បម្រើ​អ្នក​ជិត​ខាង​ខ្លួន​សម្រាប់​ជា​សេចក្ដី​ល្អ​ឲ្យ​បាន​ស្អាង​ពួក​គេ​ឡើង (រ៉ូម ១៥:២)។ 
ពេល​ណា​យើង​ភ្លេច​ថា យើង​ជា​កម្ម​សិទ្ធិ​ផ្តាច់​មុខ​របស់​ព្រះ​គ្រីស្ទ យើង​នឹង​ប្រញាប់​ធ្វើ​តាម​ចិត្ត​ខ្លួន​ឯង ដើម្បី​បុព្វ​ហេតុ​ខ្លួន​ឯង ប្រយុទ្ធ​ដើម្បី​ការពារ​សិទ្ធិ​ខ្លួន​ឯង និង​មាន​អំនួត ក្នុង​ការ​ឈ្លោះ​ជា​មួយ​នរណា​ក៏​ដោយ ដែល​មិន​យល់​ស្រប​នឹង​យើង។ ការ​បែក​បាក់​ក្នុង​ចំណោម​អ្នក​ជឿ​អាច​បណ្ដាលឲ្យ​យើង​បែក​អារម្មណ៍​ដោយ​សារ​រឿង​តូច​តាច ឬ​មិន​សូវ​សំខាន់​បាន​ស្រូប​យក​ថាមពល​ពី​អ្នក​ឈ្លោះ​គ្នា ក៏​ដូច​ជា​អ្នក​ដែល​ជាប់​នៅ​ក្នុង​ជម្លោះ​នោះ​ផង​ដែរ។ ពួក​ជំនុំ​មិន​បាន​ឈោង​ទៅ​រក​មនុស្ស​នៅ​ខាង​ក្រៅ​ពួក​ជំនុំ​នោះ​ទេ តែ​ផ្ទុយ​ទៅ​វិញ ពួក​គេ​រវល់​ដោះ​ស្រាយ​បញ្ហា​ខាង​ក្នុង។ វា​ពិត​ជា​មិន​សម​សោះ ដែល​យើង​ម្នាក់ៗ​ទទូច​ចង់​ឲ្យ​គេ​ធ្វើ​តាម​គំនិត​យើង ខណៈ​ពេល​ដែល​យើង​ជា​កម្មសិទ្ធិ​របស់​ព្រះ​អង្គ​សង្គ្រោះ​ដែល​មិន​បាន​ធ្វើ​ដូច​នេះ។ បើ​ព្រះ​យេស៊ូវ​បាន​គិត​អំពី​អង្គ​ទ្រង់​តាម​របៀប​ដែល​យើង​ច្រើន​តែ​គិត និង​ងាយ​គិត​អំពី​ខ្លួន​ឯង​យ៉ាងនេះ នោះ​ព្រះ​អង្គ​មុខជា​មិន​បាន​មក​យក​កំណើត​ជា​មនុស្ស គ្មាន​ការ​សុគត​នៅ​លើ​ឈើឆ្កាង គ្មាន​ការ​អត់​ទោស​បាប ហើយ​យើង​ក៏​គ្មាន​សង្ឃឹម​ថា នឹង​បាន​ទៅ​ស្ថានសួគ៌​ដែរ។ 
យើង​មិន​គួរ​ធ្វើ​ពុត​ជា​ជឿ​ថា ការ​បែក​បាក់​មិន​អាច​កើត​មាន​ក្នុង​ចំណោម​អ្នក​ជឿ​នោះ​ឡើយ។ វា​ពិត​ជា​មាន​មែន។ ប៉ុន្តែ ក្នុង​នាម​យើង​ជា​ក្រុម​មនុស្ស​ដែល​ព្រះ​បាន​លោះ យើង​ត្រូវ​ជម្នះ​ការ​មិន​ចុះ​សម្រុង​គ្នា ផ្អែក​ទៅ​លើ​កម្លាំង និង​មូល​ដ្ឋានគ្រឹះ​នៃ​ការ​រួប​រួម​របស់​យើង​ក្នុង​ព្រះ​អម្ចាស់។ យើង​មិន​អាច​បន្ត​ផ្ដោត​ទៅ​លើ​ខ្លួន​ឯង​បាន​ទេ។ ក្នុង​ការ​ប្រោស​ឲ្យ​ជា និង​ការ​ជួស​ជុល​ទំនាក់​ទំនង​ដែល​ប្រេះស្រាំ យើង​ត្រូវ​យក​តម្រាប់​តាម​ព្រះ​គ្រីស្ទ ដោយ​ផ្ដួចផ្ដើម​ឲ្យ​មាន​ការ​ផ្សះផ្សា។ នេះ​ជា​ការ​ត្រាស់​ហៅ​សម្រាប់​យើង​រាល់​គ្នា។ បើ​ថ្ងៃ​នេះ អ្នក​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ដូច​នាង អ៊ើរ៉ូឌា និង​នាង ស៊ុនទីច នោះ​ព្រះ​អង្គ​ក៏​ត្រាស់​ហៅ​អ្នក​ឲ្យ «មូល​គំនិត​តែ១ក្នុង​ព្រះ​អម្ចាស់» ផង​ដែរ ទោះ​មាន​ការ​ពិបាក​យ៉ាង​ណា​ក៏​ដោយ។ ការ​រួប​រួម​របស់​អ្នក​ជា​មួយ​គ្រីស្ទ​បរិស័ទ​ដទៃ​ទៀត មាន​ភាព​រឹងមាំ ទោះ​ជា​មាន​ការ​មិន​ចុះ​សម្រុង​ផ្សេងៗ​ទៀត​ក៏​ដោយ។ សព្វ​ថ្ងៃ​នេះ បើ​ពួក​ជំនុំ​របស់​អ្នក​កំពុង​មាន​មនុស្ស​ដូច​នាង អ៊ើរ៉ូឌា និង​នាង ស៊ុនទីច នោះ​ព្រះ​អង្គ​បាន​ត្រាស់​ហៅ​អ្នក​ឲ្យ​ប្រព្រឹត្ត តាម​ការ​បង្គាប់​របស់​សាវ័ក ប៉ុល ឲ្យ «គូកន​ដ៏​ស្មោះ​ត្រង់» ជួយ​ផ្សះផ្សា​អ្នក​ដែល​កំពុង​មាន​ជម្លោះ​ឲ្យ​ជា​គ្នា​វិញ។ សេចក្តី​ស្រឡាញ់​ពិត​ផ្ដួចផ្ដើម​ឲ្យ​មាន​ការ​ផ្សះផ្សា។ សេចក្តី​ស្រឡាញ់​ពិត​ចូលរួម​ដោះ​ស្រាយ​បញ្ហា​វិវាទ។ សេចក្តី​ស្រឡាញ់​ពិត​មិន​អនុញ្ញាត​ឲ្យ​ការ​បែកបាក់ ស៊ី​បំផ្លាញ​ពួកជំនុំ តែ​ដេញ​តាម​ការ​រួបរួម ដែល​ស្អាង​យើង​ឡើង។ 


ខ​គម្ពីរ​សញ្ជឹងគិត៖ យ៉ូហាន ១៧:១-២៦
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈពេល១ឆ្នាំ៖ ១របាក្សត្រ ៧-៩ និង​លូកា ១:២១-៣៨

ប្រភេទ