នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ការសង្ឃឹមដល់ព្រះអម្ចាស់

ការសង្ឃឹមដល់ព្រះអម្ចាស់

ដោយWinn Collier

November 14, 2025

បរិទេវ ៣:២២-៣៣
ព្រះយេហូវ៉ាជាចំណែកនៃខ្ញុំ ហេតុនោះខ្ញុំនឹងសង្ឃឹមដល់ទ្រង់។ បរិទេវ ៣:២៤
នៅពេលដែលសង្គ្រាមស៊ីវិលបានផ្ទុះឡើង នៅក្នុងប្រទេសមួយ អាជ្ញាធរបានតម្រូវឲ្យប្រុសៗចូលធ្វើទាហាន។ ទោះជាយ៉ាងណាក៏ដោយ មានបុរសម្នាក់បានបដិសេធថា “ខ្ញុំមិនចង់រួមចំណែកនៅក្នុងការបំផ្លិចបំផ្លាញប្រទេសជាតិខ្លួនឯងទេ”។ ដូចនេះ គាត់ក៏បានចាកចេញពីប្រទេសរបស់គាត់។ ទោះជាយ៉ាងណាក៏ដោយ ដោយសារគាត់មិនមានទិដ្ឋាការត្រឹមត្រូវ គាត់ក៏បានជាប់គាំងដំណើរ នៅក្នុងប្រលានយន្តហោះរបស់ប្រទេសដទៃ។ គាត់ក៏បានរស់នៅក្នុងប្រលានយន្តហោះនោះអស់ជាច្រើនខែ ដោយបុគ្គលិកអាកាសយានដ្ឋានបានឲ្យអាហារគាត់បរិភោគ ហើយមនុស្សរាប់ពាន់អ្នកបានតាមដានការបង្ហោះសាររបស់គាត់ នៅលើបណ្ដាញសង្គមទ្វីទ័រ ខណៈពេលដែលគាត់រស់នៅវិលវល់ក្នុងប្រលានយន្តហោះ គាត់បានយកអំបោះមកចាក់ធ្វើកន្សែងបង់កលក់ឲ្យអ្នកដំណើរ ហើយប្រកាន់ខ្ជាប់នូវសេចក្តីសង្ឃឹម។ នៅពេលដែលសហគមន៍មួយបានដឹង អំពីទុក្ខលំបាករបស់គាត់ដែលហាក់ដូចជាគ្មានទីបញ្ចប់នោះ ពួកគេក៏បានរៃអង្គាសប្រាក់ ដើម្បីជួយឧបត្ថម្ភគាត់ ហើយក៏បានស្វែងរកការងារឲ្យគាត់ធ្វើ និងផ្ទះសម្រាប់ស្នាក់នៅ។
កណ្ឌគម្ពីរបរិទេវគឺជាបទទំនួញរបស់ហោរាយេរេមា ដែលបានសង្ឃឹមដល់ព្រះអម្ចាស់ និងបានរង់ចាំព្រះអង្គដកបណ្តាសារចេញពីរាស្រ្តទ្រង់ ដែលបានប្រព្រឹត្តអំពើបាប។ លោកហោរានៅតែមានជំនឿលើព្រះដ៏អស់កល្ប ដែលគាត់អាចដឹងថា គាត់អាចទុកចិត្តទ្រង់បាន។ “ព្រះយេហូវ៉ាទ្រង់ល្អដល់អស់អ្នកដែលរង់ចាំទ្រង់”(៣:២៥)។ រាស្រ្តរបស់ព្រះក៏អាចមានក្តីសង្ឃឹម នៅពេលដែលពួកគេមានអារម្មណ៍ថាពិបាកពេក ដោយសារបញ្ហាដែលហាក់ដូចជាមិនអាចមានភាពធូរស្រាល។ ទោះពួកគេត្រូវបន្ទាបខ្លួនទទួលយកការដាក់ពិន័យរបស់ព្រះក៏ដោយ ក៏ពួកគេអាចប្រកាន់ខ្ជាប់តាមការពិតដែលថា ពួកគេនៅតែអាចមានសេចក្តីសង្ឃឹម(ខ.២៩)។ អស់អ្នកដែលស្គាល់ព្រះ អាចដកពិសោធន៍នឹងសេចក្តីសង្ឃឹម ដែលបង្ហូរចេញពីព្រះអង្គ។ “មនុស្សនឹងសង្ឃឹមដល់ ហើយរង់ចាំសេចក្ដីសង្គ្រោះរបស់ព្រះយេហូវ៉ា ឥតបារម្ភព្រួយ នោះល្អហើយ”(ខ.២៦)។
នៅពេលដែលយើងគ្មានចម្លើយ ឬផ្លូវសម្រាប់គេចចេញពីបញ្ហា យើងអាចសង្ឃឹមដល់ព្រះ ដែលបានបង្ហាញឲ្យយើងដឹងម្តងហើយម្តងទៀតថា ព្រះអង្គមានព្រះទ័យស្មោះត្រង់ ក្នុងការជួយសង្គ្រោះយើង។—Winn Collier

តើអ្នកមានទុក្ខលំបាកណាខ្លះ ដែលអ្នកត្រូវសង្ឃឹមដល់ព្រះអង្គ? 
ហេតុអ្វីអ្នកមានការពិបាកក្នុងការទុកចិត្តព្រះអង្គ ហើយព្រះអង្គបានជួយអ្នកឲ្យទុកចិត្តព្រះអង្គដូចម្តេចខ្លះ? 
ឱព្រះអម្ចាស់ សូមព្រះអង្គជួយទូលបង្គំឲ្យអត់ធ្មត់ ក្នុងការរង់ចាំព្រះអង្គសម្រេចបំណងព្រះទ័យព្រះអង្គ ក្នុងជីវិតទូលបង្គំ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : បរិទេវ ៣-៥ និង ហេព្រើរ ១០:‌១៩-៣៩
 

ល្ងាច

បាន​ផ្លាស់ប្រែ​យ៉ាង​ខ្លាំង (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

បាន​ផ្លាស់ប្រែ​យ៉ាង​ខ្លាំង (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

November 14, 2025

«ឡើយ ដ្បិត​ពួក​មនុស្ស​កំផិត ពួក​ថ្វាយ​បង្គំ​រូប​ព្រះ ពួក​សហាយ​ស្មន់ ពួក​អ្នក​សម្រេច​កិច្ច​ដោយ​ខ្លួន​ឯង ពួក​លេង​កូនជឹង ពួក​ចោរ ពួក​មនុស្ស​លោភ ពួក​ប្រមឹក ពួក​ត្មះ​តិះដៀល នឹង​ពួក​ប្លន់​កំហែង នោះ​មិន​ដែល​បាន​គ្រង​នគរ​ព្រះ​ទុកជា​មរដក​ឡើយ ឯពួក​អ្នក​រាល់​គ្នា​ខ្លះ ពី​ដើម​ក៏​ជា​មនុស្ស​យ៉ាង​ដូច្នោះ​ដែរ តែ​បាន​លាង​ស្អាត​ហើយ ក៏​បាន​ញែក​ជា​បរិសុទ្ធ ហើយ​រាប់​ជា​សុ​ចរិត​ផង ដោយ​នូវ​ព្រះ​នាម​ព្រះ​អម្ចាស់​យេស៊ូវ នឹង​ព្រះ​វិញ្ញាណ​របស់​ព្រះ​នៃ​យើង​រាល់​គ្នា» (១កូរិនថូស ៦:៩-១១)។
ភស្តុតាង​នៃ​សេចក្តី​ជំនឿ​របស់​គ្រីស្ទាន គឺ​ស្ថិត​នៅ​លើ​ព្រះ​ចេស្ដា​ដែល​មាន​ក្នុង​ជំនឿ​របស់​ពួក​គេ។ មាន​តែ​ព្រះ​ចេស្ដា​របស់​ព្រះ​គ្រីស្ទ​ប៉ុណ្ណោះ ដែល​អាច​ទទួល​យក​មនុស្ស​ប្រុស​ស្រី​ដែល​វង្វេង​ក្នុង​អំពើ​បាប ហើយ​ធ្វើ​ឲ្យ​ពួក​គេ​ក្លាយ​ជា​កូន​ប្រុសស្រី​របស់​ព្រះ។ ទោះ​មនុស្ស​ម្នាក់​បាន​ធ្លាក់​ចូល​ទៅ​ដល់​ជម្រៅ​នៃ​កំហុស​ជ្រៅ​យ៉ាង​ណា ឬ​មាន​ភាព​អាម៉ាស់​ធ្ងន់ធ្ងរ​យ៉ាង​ណា​ក៏​ដោយ ក៏​នៅតែ​មិន​អាច​លើស​ពី​លទ្ធភាព​ដែល​ព្រះ​គុណ​របស់​ព្រះ​អត់​ទោស​ឲ្យ​គាត់​នោះ​ឡើយ។ ក្នុង​ការ​រៀបរាប់​អំពី​អំពើ​បាប​ទាំង​អស់​នោះ សាវ័ក ប៉ុល បាន​ធ្វើ​ការ​សន្និដ្ឋាន​ថា «ពួក​អ្នក​រាល់​គ្នា​ខ្លះ ពី​ដើម​ក៏​ជា​មនុស្ស​យ៉ាង​ដូច្នោះ​ដែរ»។ ពាក្យ​មួយ​ឃ្លា​នេះ គឺ​ជា​ការ​ប្រកាស​ជ័យជម្នះ មិន​មែន​ការ​ស្តាយ​ក្រោយ​នោះ​ទេ។ គឺ​បាន​និយាយ​អំពី​ពេល​អតីតកាល មិន​មែន​ពេល​បច្ចុប្បន្ន។ ហេតុ​អ្វី? ព្រោះ​ដោយ​សារ​អំណាច​របស់​ព្រះ​យេស៊ូវ​ដែល​អាច​កែប្រែ​ជីវិត។ គ្មាន​នរណា​អាច​ធ្វើឲ្យ​ជីវិត​ខ្លួន​ឯង​ផ្លាស់​ប្រែ​បាន​ទេ គឺ​មាន​តែ​ព្រះ​យេស៊ូវ​ទេ ដែល​អាច​ធ្វើឲ្យ​ពួក​គេ​ផ្លាស់​ប្រែ​បាន។
តើ​យើង​ពិត​ជា​ជឿ​ថា ការ​ផ្លាស់​ប្រែ​ទាំងស្រុង​អាច​កើត​ឡើង​ឬទេ? យើង​ច្រើនតែ​ចង់​ផ្តល់​ឲ្យ​គេ​នូវ​ការ​ជួស​ជុល​តែ​សម្បក​ក្រៅ តែ​ទន្ទឹម​នឹង​នោះ យើង​ប្រាប់​ពួក​គេ​ថា ពួក​គេ​ត្រូវ​តែ​បន្ត​រស់​នៅ​ក្នុង​ភាព​ប្រេះ​បែក ដោយ​សារ​អំពើ​បាប​ពី​អតីតកាល ឬ​ធានា​ពួក​គេ​ថា ពួក​គេ​បាន​សង្គ្រោះ​ដោយ​សារ​ព្រះ​គុណ​ព្រះ តែ​ឥឡូវ​នេះ ពួក​គេ​ត្រូវ​ខិតខំ​ប្រព្រឹត្ត​ល្អ ដើម្បី​ធ្វើ​ឲ្យ​ជីវិត​ផ្លាស់​ប្រែ។ តើ​យើង​បាន​ការ​បង្រៀន​នេះ​មក​ពី​ណា? តើ​ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ឬទេ​ថា ខ្ញុំ​នឹង​ដាក់​ដៃ​លើ​ជីវិត​អ្នក ហើយ​កែ​ប្រែ​អ្នក តែ​ខ្ញុំ​ចង់​ឲ្យ​អ្នក​ដឹង​ថា អ្នក​នឹង​ផ្លាស់​ប្រែ​បន្តិច​បន្តួច ហើយ​ក្រៅពី​នោះ អ្នក​ត្រូវ​ខិតខំ​ដោយ​ខ្លួន​ឯង? ទេ! ផ្ទុយ​ទៅ​វិញ ព្រះ​អង្គ​មាន​បន្ទូល​ថា ខ្ញុំ​នឹង​ធ្វើឲ្យ​អ្នក​កើត​ជាថ្មី ពី​ក្នុង​មក​ក្រៅ។ ខ្ញុំ​នឹង​កែ​ប្រែ​អ្នក​រំដោះ​អ្នក និង​ធ្វើ​ឲ្យ​អ្នក​ផ្លាស់​ប្ដូរ។ នេះ​ជា​ព្រះ​បន្ទូល​របស់​ព្រះ​យេស៊ូវ ហើយ​ក៏​ជា​ទីបន្ទាល់​របស់​គ្រីស្ទ​បរិស័ទ​នៅ​ទីក្រុង​កូរិនថូស។ ពួក​គេ​ជា​ប្រភេទ​មនុស្ស ដែល​មាន​បាប ដែល​ត្រូវ​ប្រឈម​មុខ​ដាក់​ការ​ជំនុំជម្រះ ប៉ុន្តែ​ក្រោយ​មក ពួក​គេ​ក៏​បាន​ផ្លាស់​ប្រែ។ ជីវិត​របស់​ពួក​គេ​ខុស​ប្លែក​ពី​មុន។ ដូច​នេះ តើ​ការ​ផ្លាស់​ប្រែ​នេះ​បាន​ចាប់​ផ្ដើម​ដូច​ម្ដេច? គឺ​ចាប់​ដើម​ដោយ​ការ​មើល​ឃើញ​អំពើ​បាប​របស់​ខ្លួន​ឯង​ច្បាស់។ បើ​ខ្ញុំ​មិន​ដឹង​ថា ខ្លួន​ឯង​មាន​បាប​ទេ តើ​ធ្វើ​ដូចម្ដេច​ឲ្យ​ខ្ញុំ​ដឹង​ថា ខ្លួន​ខ្ញុំ​បាន​សង្គ្រោះ​រួច​ពី​បាប? យើង​ម្នាក់ៗ​ត្រូវ​តែ​ប្រឈម​មុខ​ដាក់​ទម្ងន់​នៃ​អំពើ​បាប​របស់​យើង ដើម្បី​កាល​ណា​ព្រះ​បន្ទូល​ព្រះ​អង្គ​ប្រាប់​យើង​ថា ព្រះ​យេស៊ូវ​បាន​យាង​មក​សង្គ្រោះ​មនុស្ស​ឲ្យ​រួច​ពី​បាប និង​ចំណង​នីមួយៗ​នៃ​ជីវិត ហើយ​ប្រទាន​ពួក​គេ​នូវ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ដើម្បី​កែ​ប្រែ​ពួក​គេ​ពី​ក្នុង​មក​ក្រៅ យើង​នឹង​បាន​ឈោង​ទៅ​រក​ព្រះ​អង្គ​ដោយ​ដៃ​ទាំង​ទ្វេ។ នេះ​ជា​សេចក្តី​សង្គ្រោះ! នេះ​ជា​ការ​ផ្លាស់​ប្រែ! 
គ្រីស្ទ​បរិស័ទ​ម្នាក់ៗ​គឺ​ជា​ភស្តុតាង​បញ្ជាក់​ការ​ពិត​ដែល​ថា ព្រះ​ទ្រង់​ធ្វើ​ឲ្យ​ជីវិត​ផ្លាស់​ប្រែ។ មាន​បុរស និង​ស្ត្រី​នៅ​គ្រប់​ទិសទី ដែល​ជា​ស្មរបន្ទាល់​ដ៏​រស់ នៃ​ព្រះ​ចេស្ដា​របស់​ព្រះ​គ្រីស្ទ​ដែល​កែ​ប្រែ​ជីវិត និង​ប្រទាន​ការ​កើត​ជា​ថ្មី។ ដូច​នេះ តើ​យើង​បាន​ត្រៀម​ខ្លួន​ហើយ​ឬនៅ សម្រាប់​ពួក​ជំនុំ​ដែល​មាន​ពេញ​ដោយ​មនុស្ស​ដែល​ធ្លាប់​ធ្វើ​អំពើ​អសីលធម៌​ផ្លូវភេទ ផិត​ក្បត់ ប្រមឹក និង​បោកប្រាស់ កាល​មិន​ទាន់​ជឿ​ព្រះ? តើ​យើង​បាន​ត្រៀម​ខ្លួន​ទទួល​ស្គាល់​ថា កាល​ពីមុន​យើង​ជា​មនុស្ស​ប្រភេទ​នេះ តែ​យើង​បាន​ផ្លាស់​ប្រែ​ហើយ ដោយ​សារ​ព្រះ​គុណ​របស់​ព្រះ​ទាំង​ស្រុង? ឬ​យើង​ចង់​បាន​ពួកជំនុំ ដែល​ប្រមូល​ផ្តុំ​ដោយ​មនុស្ស ដែល​មើល​ទៅ​ហាក់​ដូច​ជា​ល្អ គឺជា​អ្នក​ដែល​ជឿ​ថា ពួក​គេ​មិន​ត្រូវ​ការ​ព្រះ​យេស៊ូវ? ព្រះ​យេស៊ូវ​សង្គ្រោះ និង​កែ​ប្រែ​ជីវិត។ ដោយ​ជំនឿ អ្នក​មិន​មែន​ជា​ខ្លួន​អ្នក​កាល​ពីមុន​ទៀត​ទេ ហើយ​អ្នក​នឹង​អាច​និយាយ​ដូច​នេះ​ទៀត នៅ​ខែ និង​ឆ្នាំ​ក្រោយ​ទៀត។ តើ​អ្នក​មើល​ឃើញ​នរណា​ខ្លះ ដែល​ហាក់​ដូច​ជា​ធ្លាក់​កប់​ក្នុង​បាប​ជ្រៅ​ពេក មិន​អាច​ចូល​ទៅ​រក​ព្រះ​គ្រីស្ទ​បាន? ចូរ​អធិស្ឋាន​សូម​ការ​ផ្លាស់​ប្រែ​មកពី​ព្រះ​សម្រាប់​ពួក​គេ។ តើ​ផ្នែក​ណា​ខ្លះ​នៃ​ជីវិត​អ្នក ដែល​ហាក់​ដូច​ជា​មាន​ភាព​រឹងរូស​ពេក មិន​ព្រម​ទទួល​ការ​ផ្លាស់​ប្រែ ដើម្បី​ផ្គាប់​ព្រះ​ទ័យ​ព្រះ​គ្រីស្ទ? ចូរ​អធិស្ឋាន​សូម​ការ​ផ្លាស់​ប្រែ​ពី​ព្រះ​អង្គ។ អ្នក​មិន​អាច​ធ្វើឲ្យ​នរណា​ម្នាក់​ផ្លាស់​ប្រែ រាប់​បញ្ចូល​ទាំង​ខ្លួន​អ្នក​ដែរ។ តែ​ព្រះ​គ្រីស្ទ​មាន​អំណាច​ចេស្ដា អាច​ធ្វើ​អ្វី​ដែល​អ្នក​មិន​អាច​ធ្វើ​បាន។ 


ខ​គម្ពីរ​សញ្ជឹងគិត៖ ២កូរិនថូស ៣:‌១៧-៤:៦
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈពេល១ឆ្នាំ៖ ១របាក្សត្រ ១០-១២ និង​លូកា ១:៣៩-៥៦

ប្រភេទ