នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ច្រៀងសរសើរព្រះ តាមព្រះគម្ពីរប៊ីប

ច្រៀងសរសើរព្រះ តាមព្រះគម្ពីរប៊ីប

ដោយAmy Boucher Pye

November 15, 2025

បទចម្រៀងសាឡូម៉ូន ១:១-៦
ឱពួកកូនស្រីនៃក្រុងយេរូសាឡិមអើយ ខ្ញុំខ្មៅ តែល្អគួរសម។ បទចម្រៀងសាឡូម៉ូន ១:៥
នៅក្នុងការសិក្សាព្រះបន្ទូលប្រចាំថ្ងៃ ជូលី(Julie) បានចាប់ផ្តើមច្រៀង ដោយប្រើខគម្ពីរដែលគាត់បានអាន ធ្វើជាទំនុកច្រៀង។ គាត់ថា “នៅពេលដែលខ្ញុំបានច្រៀង ចិត្ត និងគំនិតខ្ញុំក៏បានចាប់ផ្តើមធ្វើ និងជឿលើអ្វីដែលខ្ញុំកំពុងច្រៀង”។ តាមរយៈការច្រៀង ដោយមានព្រះបន្ទូលព្រះធ្វើជាទំនុកច្រៀង ជូលីចង់ឲ្យសេចក្តីពិតរបស់ព្រះអង្គ ចែងចាំងពន្លឺមកលើចំណុចដែលគាត់មិនចូលចិត្តនៅក្នុងខ្លួនគាត់ ដូចជាសម្លេង និងកម្ពស់របស់គាត់ជាដើម។ 
គាត់ថា “ខ្ញុំបានចាប់ផ្តើមច្រៀងតាមបទគម្ពីរ បទចម្រៀងសាឡូម៉ូន ១:៥ ថា ខ្ញុំខ្មៅ តែល្អគួរសម”។ ក្នុងសង្គមដែលប្រជាជនភាគច្រើនប្រកបរបរកសិកម្ម ស្រ្តីដែលមានសម្បុរខ្មៅ ដោយសារត្រូវពន្លឺថ្ងៃច្រើន មិនត្រូវបានគេមើលឃើញថា មានរូបសម្រស់ស្អាតនោះទេ។ តាមរយៈការច្រៀង តាមបទគម្ពីរនេះ ព្រះទ្រង់ក៏បានកែប្រែការគិតរបស់គាត់។ ភ្លាមៗនោះ គាត់ក៏បានយល់ដឹងថា “ព្រះទ្រង់ស្រឡាញ់ខ្ញុំ ទោះខ្ញុំមិនល្អឥតខ្ចោះក៏ដោយ”។
ជូលី ក៏បានច្រៀងតាមបទកំណាព្យដ៏ពីរោះ ដែលបានកត់ទុកក្នុងអក្សរសាស្រ្តនៃប្រាជ្ញាក្នុងព្រះគម្ពីរសញ្ញាចាស់។ អ្នកខ្លះបានកាត់ស្រាយថា កណ្ឌគម្ពីរបទចម្រៀងសាឡូម៉ូន គឺជាការពិពណ៌នាក្នុងន័យធៀប អំពីសេចក្តីស្រឡាញ់របស់ព្រះ ចំពោះរាស្រ្តរបស់ទ្រង់ តែមនុស្សជាច្រើនយល់ឃើញថា បទគម្ពីរនេះជាការអបអរសេចក្តីស្រឡាញ់របស់ប្តីប្រពន្ធមួយគូរ។ នៅពេលយើងឃើញប្តីប្រពន្ធមួយគូរនោះមានការប្ដេជ្ញាចិត្តចំពោះគ្នា យើងអាចនិយាយតាមមិត្តសំឡាញ់របស់ពួកគេថា “យើងខ្ញុំនឹងមានចិត្តអំណរ ហើយរីករាយក្នុងអង្គទ្រង់ យើងខ្ញុំនឹងនឹកចាំពីសេចក្ដីស្រឡាញ់របស់ទ្រង់ ជាជាងស្រាទំពាំងបាយជូរ”(ខ.៤)។ 
ទោះជាយ៉ាងណាក៏ដោយ ពេលយើងសិក្សាខគម្ពីរពីរបុរាណនេះ យើងក៏អាចដឹងច្បាស់ដូចជូលីផងដែរថា ព្រះទ្រង់មានព្រះទ័យរីករាយ នៅក្នុងរាស្រ្តដែលព្រះអង្គបានជ្រើសរើស។ គឺដូចដែលព្រះអង្គមានបន្ទូលក្នុងបទគម្ពីរផ្សេងទៀត ក្នុងព្រះគម្ពីរសញ្ញាចាស់ថា “ឯងមានដំឡៃវិសេសនៅភ្នែកអញ ក៏គួរលើកដំកើង ហើយជាទីស្រឡាញ់ដល់អញផង”(អេសាយ ៤៣:៤)។—Amy Boucher Pye

ក្រៅពីការច្រៀងសរសើរព្រះ តើអ្នកអាចសិក្សាព្រះបន្ទូលព្រះ ក្នុងព្រះគម្ពីរតាមរបៀបណាខ្លះ? 
តើអ្នកអាចឱប ក្រសោបយកសេចក្តីពិតដែលថា ព្រះស្រឡាញ់អ្នក ដូចម្តេចខ្លះ? 
ឱព្រះអាទិករ ព្រះអង្គបានបង្កើតទូលបង្គំឲ្យដូចរូបអង្គទ្រង់ ហើយមានបន្ទូលថា ព្រះអង្គស្រឡាញ់ទូលបង្គំ។ 
សូមព្រះអង្គជួយទូលបង្គំឲ្យស្គាល់សេចក្តីពិតនេះ ក្នុងគំនិត និងចិត្តទូលបង្គំ ដើម្បីឲ្យទូលបង្គំចែករំលែក
សេចក្តីស្រឡាញ់របស់ព្រះអង្គ ដល់អ្នកដទៃ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អេសេគាល ១-២ និង ហេព្រើរ ១១:១-១៩

ល្ងាច

ការ​ថែរក្សា​ដ៏​ស្រទន់​របស់​ព្រះវរបិតា (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ការ​ថែរក្សា​ដ៏​ស្រទន់​របស់​ព្រះវរបិតា (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

November 15, 2025

«ដូច្នេះ កុំ​ឲ្យ​ខ្វល់​ខ្វាយ​ថា តើ​ត្រូវ​បរិភោគ​អ្វី ឬ​ស្លៀកពាក់​អ្វី​នោះ​ឡើយ ដ្បិត​គឺជា​សាសន៍​ដទៃ​ទេតើ ដែល​ខំ​ស្វែង​រក​របស់​ទាំង​នោះ​វិញ ឯ​ព្រះ​វរបិតា​នៃ​អ្នក​រាល់​គ្នា ដែល​គង់​នៅ​ស្ថានសួគ៌ ទ្រង់​ជ្រាប​ហើយ ថា​អ្នក​រាល់​គ្នា​ត្រូវ​ការ​នឹង​របស់​ទាំង​នោះ​ដែរ ចូរ​ស្វែង​រក​នគរ នឹង​សេចក្ដី​សុចរិត​នៃ​ព្រះ​ជា​មុន​សិន ទើប​គ្រប់​របស់​ទាំង​នោះ នឹង​បាន​ប្រទាន​មក​អ្នក​រាល់​គ្នា​ថែម​ទៀត​ផង» (ម៉ាថាយ ៦:៣១-៣៣)។
ក្នុង​នាម​យើង​ជា​ស្នាព្រះហស្ត​របស់​ព្រះ​ក្នុង​ពិភពលោក​របស់​ព្រះ​អង្គ ជោគវាសនា ឬ​យថាកម្ម មិន​មែន​ជា​អ្នក​កំណត់​ជីវិត​យើង​ទេ។ យើង​មិន​ត្រូវ​បាន​រុញច្រាន​ដោយ​អំណាច​ដែល​ខ្វាក់ និង​មិន​មាន​លក្ខណៈ​ជា​អង្គ​បុគ្គល ហើយ​យើង​ក៏​មិន​ត្រូវ​ខ្វល់​អំពី​ជោគជតា​រាសី តារា​សាស្ត្រ ឬ​អ្វី​ផ្សេងទៀត​ដែល​ធ្វើ​ឲ្យ​យើង​បែក​អារម្មណ៍​ដែរ។
ប៉ុន្តែ សម្រាប់​អ្នក​ដែល​មិន​ស្គាល់ និង​មិន​ទទួល​ជឿ​ព្រះ​ថា​ជា​ព្រះ​វរបិតា​ដែល​គង់នៅ​ស្ថានសួគ៌ ចំពោះ​ពួក​គេ ចក្រវាល​មាន​លក្ខណៈ​ដូច​នេះ​ឯង។ ហេតុ​នេះ​ហើយ ព្រះ​គម្ពីរ​បាន​ចែង​ច្បាស់​ថា សាសន៍​ដទៃ គឺ​អ្នក​ដែល​មិន​ចាប់​អារម្មណ៍​អំពី​ព្រះ ពួក​គេ «ខំ​ស្វែង​រក​របស់​ទាំង​នោះ​វិញ»។ មនុស្ស​ប្រភេទ​នោះ​មិន​ដឹង​ច្បាស់​ថា ព្រះ​អាទិករ​មាន​ពិត​មែន​ឬ​ក៏​អត់​ទេ ហើយ​ពួក​គេ​សន្មត​ថា បើ​ព្រះ​មាន​ពិត​មែន នោះ​ទ្រង់​មុខ​ជា​បាន​លះបង់​ចោល​ស្នាព្រះហស្ត​ទ្រង់ តាំងពី​ពេល​ដែល​ទ្រង់​បាន​បង្កើត​ពួក​គេ​មក។ ក្នុង​គំនិត​របស់​ពួក​គេ ប្រវត្តិសាស្ត្រ​នៃ​មនុស្ស​ជាតិ មាន​ការ​ឡើង​ចុះ និង​បត់បែន តាម​យថាកម្ម​ដោយ​យើង​រាល់គ្នា​សុទ្ធតែ​ជាប់​ខ្លួន​រើ​មិន​រួច​នៅ​ក្នុង​យន្តការ​ដ៏​ធំធេង និង​គ្មាន​មនោសញ្ចេតនា។ តែ​អរ​ព្រះ​គុណ​ព្រះ​អង្គ ដែល​ព្រះ​គម្ពីរ​បាន​ប្រាប់​យើង ផ្ទុយ​ពី​នេះ។ យោង​តាម​ព្រះ​គម្ពីរ គ្រប់​យ៉ាង​ត្រូវ​បាន​បង្កើត​មក​តាម​រយៈ​ព្រះ​គ្រីស្ទ និង​ដើម្បី​ព្រះ​គ្រីស្ទ ហើយ​ព្រះ​អង្គ​នៅ​តែ​ចូល​រួម​ជា​មួយ​ស្នាព្រះហស្ត​របស់​ទ្រង់​យ៉ាង​ស្និទ្ធស្នាល (កូឡូស ១:១៦-១៧)។ ហេតុ​នេះ​ហើយ ព្រះ​រាជបុត្រា​នៃ​ព្រះ​បាន​មាន​បន្ទូល​ក្នុង​កណ្ឌ​គម្ពីរ ម៉ាថាយ ៦:២៦-៣៣ ថា ហេតុ​អ្វី​អ្នក​ខ្វល់​ខ្វាយ​អំពី​អាហារ សំលៀកបំពាក់ ឬ​អ្វីៗ​ផ្សេង​ទៀត? សាសន៍​ដទៃ​បារម្ភ​អំពី​រឿង​ទាំង​អស់​នេះ ចុះ​ចំណែក​អ្នក​វិញ? ចូរ​មើល​មក​ខ្ញុំ ខ្ញុំ​នឹង​ថែរក្សា​អ្នក។ គ្មាន​សត្វ​ចាប​ណា ដែល​ហើរ​នៅ​លើ​មេឃ ដោយ​ព្រះ​អង្គ​មិន​បាន​ជ្រាប​នោះ​ទេ។ ស្មៅ​គ្រប់​ដើម​ក្នុង​ទីវាល ត្រូវ​បាន​គ្រប​ដណ្ដប់​ដោយ​ព្រះ​ចេស្ដា​របស់​ខ្ញុំ ហើយ​ខ្ញុំ​នឹង​ថែរក្សា​អ្នក​ផង​ដែរ។ 
ជា​ការ​ពិត​ណាស់ ព្រះ​បន្ទូល​សន្យា​របស់​ព្រះ​គ្រីស្ទ​ដែល​ថា ព្រះ​អង្គ និង​ព្រះ​វរបិតា​នឹង​ថែរក្សា​យើង គឺ​ជា​សេចក្តី​ពិត​ដែល​បាន​ចែង​ក្នុង​កណ្ឌ​គម្ពីរ រ៉ូម ៨:២៨ ថា «គ្រប់​ការ​ទាំងអស់​ផ្សំ​គ្នា សម្រាប់​សេចក្ដី​ល្អ​ដល់​ពួក​អ្នក​ដែល​ស្រឡាញ់​ព្រះ គឺ​ដល់​ពួក​អ្នក​ដែល​ទ្រង់​ហៅ​មក តាម​ព្រះ​តម្រិះ​ទ្រង់»។ បើ​យើង​នៅ​ក្នុង​ព្រះ​គ្រីស្ទ ថ្ងៃ​នីមួយៗ និង​បំណង​ចិត្ត​របស់​យើង ក្តី​សង្ឃឹម និង​ការ​ឈឺចាប់ ការ​ភ័យខ្លាច និង​បរាជ័យ​របស់​យើង គឺ​សុទ្ធ​តែ​ផ្សំ​គ្នា​ឡើង​ស្រប​តាម​បំណង​ព្រះ​ទ័យ​ប្រកប​ដោយ​ប្រាជ្ញា ព្រះ​គុណ និង​សេចក្តី​ស្រឡាញ់។
បើ​អ្នក​មាន​អារម្មណ៍​ឯកោ​នៅ​ថ្ងៃនេះ ឬ​អ្នក​មាន​ការ​ភ័យខ្លាច​ចំពោះ​រឿង​ដែល​អាច​កើតឡើង​ក្នុង​ទំនាក់​ទំនង​ប្រេះ​ស្រាំ ដ៏​ពិបាក នៅ​សប្ដាហ៍​ក្រោយ នោះ​ចូរ​អនុញ្ញាត​ឲ្យ​ព្រះ​បន្ទូល​ព្រះ​ជ្រួតជ្រាប​ក្នុង​ចិត្ត​គំនិត​អ្នក​ឲ្យ​មាន​ភាព​កក់ក្តៅ ហើយ​ដឹង​ថា ព្រះ​វរបិតា​ស្រឡាញ់ ហើយ​គង់​នៅ​ជា​មួយ​អ្នក​ជានិច្ច។ បើ​អ្នក​មាន​បន្ទុក​ក្នុង​ចិត្ត ដោយ​សារ​ការ​ព្រួយ​បារម្ភ​អំពី​បញ្ហា​ហិរញ្ញវត្ថុ នោះ​ចូរ​ឲ្យ​ព្រះ​យេស៊ូវ​បំបាត់​ការ​ភ័យខ្លាច​របស់​អ្នក​ដោយ​ប្រាប់​អ្នក​ថា ព្រះ​អង្គ​នឹង​ផ្គត់​ផ្គង់​អ្វី​ដែល​អ្នក​ពិតជា​ត្រូវ​ការ។ បើ​អ្នក​កំពុង​មាន​បញ្ហា​សុខភាព ទោះ​ខាង​រូប​កាយ ឬ​ផ្លូវ​ចិត្ត​ក្តី ចូរ​ទុក​ចិត្ត​ថា ព្រះ​អង្គ​ជ្រាប និង​យក​ព្រះ​ទ័យ​ទុកដាក់ ហើយ​នឹង​នាំ​អ្នក​ឆ្លង​កាត់​បញ្ហា​ទាំង​នោះ។ ទោះ​មាន​រឿង​អ្វី​កើត​ឡើង ឬ​ជីវិត​មាន​ការ​ពិបាក​យ៉ាង​ណា ព្រះ​ទ្រង់​នឹង​ថែរក្សា​អ្នក ព្រោះ​ព្រះ​អង្គ​យក​ព្រះ​ទ័យ​ទុក​ដាក់​ចំពោះ​អ្នក។


ខ​គម្ពីរ​សញ្ជឹងគិត៖ ម៉ាថាយ ៦:១៩-៣៤
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈពេល១ឆ្នាំ៖ ១របាក្សត្រ ១៣-១៥ និង​លូកា ១:៥៧-៨០

ប្រភេទ