នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ការតភ្ជាប់ទំនាក់ទំនងដោយជំនួយពីព្រះគ្រីស្ទ

ការតភ្ជាប់ទំនាក់ទំនងដោយជំនួយពីព្រះគ្រីស្ទ

ដោយMarvin Williams

November 17, 2025

សុភាសិត ១២:២១-២៨
ការទុក្ខដែលគ្របសង្កត់ចិត្ត នោះធ្វើឲ្យរួញថយចុះ តែពាក្យល្អ១ម៉ាត់នឹងធ្វើឲ្យរីករាយឡើង ។ សុភាសិត ១២:២៥
តើរយៈពេល៨នាទីអាចកែប្រែជីវិតមនុស្សម្នាក់បានទេ? ក្នុងលោកិយដែលទំនាក់ទំនងដ៏មានន័យ អាចជារឿងដ៏កម្រ អ្នកស្រី ជែនស៊ី ដាន់(Jancee Dunn) បានលើកទឹកចិត្តឲ្យគេស្វែងយល់អំពីអំណាចនៃការនិយាយតាមទូរស័ព្ទរយៈពេល៨នាទី។ គាត់ជឿថា ការទូរស័ព្ទរយៈពេលដ៏ខ្លីដូចនេះ អាចជួយយើងតភ្ជាប់ទំនាក់ទំនងជាមួយក្រុមគ្រួសារ និងមិត្តភក្តិ។ ការសិក្សាបានបង្ហាញថា ការនិយាយតាមទូរស័ព្ទដូចនេះ ពីរបីដងក្នុងមួយសប្តាហ៍ ជួយកាត់បន្ថយជំងឺធ្លាក់ទឹកចិត្ត ភាពឯកោ និងការថប់បារម្ភ។អ្នកស្រីជេនស៊ី ក៏បានដកស្រង់ឯកសារស្រាវជ្រាវរបស់អ្នកជំនាញដទៃទៀត ដែលបានបញ្ជាក់ថា ការកែសម្រួលតូចៗក្នុងទំនាក់ទំនង អាចមានឥទ្ធិពលជាវិជ្ជមានមកលើសុខុមាលភាពរបស់យើង និងអ្នកដទៃ។ 
ទស្សនៈនេះមានភាពសមស្របនឹងបទគម្ពីរសុភាសិត ១២:២៥ ដែលបានលើកឡើងថា “ការទុក្ខដែលគ្របសង្កត់ចិត្ត នោះធ្វើឲ្យរួញថយចុះ តែពាក្យល្អ១ម៉ាត់នឹងធ្វើឲ្យរីករាយឡើង”។ ក្នុងបទគម្ពីរនេះ ការថប់បារម្ភគឺសំដៅទៅលើការឆ្លើយតបខាងផ្លូវចិត្តរបស់មនុស្សម្នាក់ ចំពោះការគំរាមកំហែងមកលើសុខុមាលភាពរបស់ពួកគេ។ ការមានចិត្តថប់បារម្ភអាចបណ្តាលមកពីការភ័យខ្លាច និងភាពមិនច្បាស់លាស់ ចំពោះពេលអនាគត។ សម្រាប់អ្នកជឿព្រះយេស៊ូវ ពាក្យសម្តីដែលលើកទឹកចិត្តអាចកែប្រែការថប់បារម្ភរបស់អ្នកដទៃ ទៅជាភាពសប្បាយរីករាយ និងនាំទៅរកជីវិតពិត(ខ.២៨)។ ពាក្យសម្តីទាំងនោះប្រៀបដូចជាផ្លាកសញ្ញានាំផ្លូវ ដែលអាចជួយអ្នកដទៃឲ្យជ្រើសរើសមិត្តភក្តិ ដោយការប្រុងប្រយ័ត្ន(ខ.២៦)។ 
ចូរយើងអធិស្ឋាន សូមព្រះអង្គបង្ហាញឲ្យយើងដឹងថា នរណាខ្លះកំពុងត្រូវការឲ្យអ្នកនិយាយទូរស័ព្ទជាមួយ រយៈពេលតិចឬច្រើនជាង៨នាទី ដើម្បីឲ្យអ្នកលើកទឹកចិត្តតាមព្រះគម្ពីរ។ ទោះការសន្ទនានោះអាចមានរយៈពេលខ្លីក៏ដោយ ក៏ការតភ្ជាប់ទំនាក់ទំនងដ៏សាមញ្ញ អាចធ្វើជាផ្កាភ្លើងដែលព្រះអង្គអាចប្រើ ដើម្បីសម្រាលបន្ទុករបស់នរណាម្នាក់ ធ្វើឲ្យមានពន្លឺក្នុងថ្ងៃនីមួយៗ ហើយផ្តល់ឲ្យពួកគេនូវក្តីសង្ឃឹម និងការប្រោសឲ្យជា។—Marvin Williams

តើអ្នកអាចចែកចាយព្រះបន្ទូលនៃក្តីសង្ឃឹម ក្នុងព្រះគម្ពីរប៊ីប ដល់អ្នកដទៃនៅថ្ងៃនេះ ដូចម្តេចខ្លះ? 
ហេតុអ្វីអ្នកចាំបាច់ត្រូវចែកចាយអំពីក្តីសង្ឃឹមនៃព្រះគ្រីស្ទ ដល់អ្នកដែលកំពុងថប់បារម្ភ? 
ឱព្រះយេស៊ូវ សូមព្រះអង្គជួយទូលបង្គំឲ្យនិយាយពាក្យសប្បុរស និងក្តីសង្ឃឹមដល់អ្នកដែលកំពុងថប់បារម្ភ និងឯកោនៅថ្ងៃនេះ។ 
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អេសេគាល ៥-៧ និង ហេព្រើរ ១២
 

ល្ងាច

ព្រះពរ និង​បណ្ដាសា (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ព្រះពរ និង​បណ្ដាសា (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

November 17, 2025

«រួច​អស់ទាំង​ព​រទាំង​នេះ​នឹង​បាន​ផ្សាយ​មក​លើ​ឯង ហើយ​រត់​មក​រក​ឯង​ផង គឺ​បើ​ឯង​នឹង​ស្ដាប់​តាម​ព្រះ​បន្ទូល​នៃ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ឯង...ប៉ុន្តែ បើ​ឯង​មិន​ព្រម​ស្ដាប់​តាម​ព្រះ​បន្ទូល​នៃ​ព្រះ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង ហើយ​មិន​ប្រយ័ត្ន​នឹង​ប្រព្រឹត្ត​តាម​គ្រប់​ទាំង​សេចក្ដី​បញ្ញត្ត នឹង​ច្បាប់​ទាំង​ប៉ុន្មាន​របស់​ទ្រង់ ដែល​អញ​បង្គាប់​ដល់​ឯង​នៅ​ថ្ងៃ​នេះ​ទេ នោះ​អស់​ទាំង​សេចក្ដី​បណ្ដាសា​ទាំង​នេះ នឹង​ផ្សាយ​ម​ក​លើ​ឯង ហើយ​រត់​មក​រក​ឯង​ផង» (ចោទិយកថា ២៨:២, ១៥)។
នៅ​ក្នុង​វាល​ទំនាប​ម៉ូអាប់ នៅ​ជាប់​ទន្លេ​យ័រដាន់ ពួក​អ៊ីស្រាអែល​ហៀប​នឹង​ចូល​ទឹក​ដី​សន្យា​ដែល​ព្រះ​ទ្រង់​បាន​សន្យា​ប្រទាន​ដល់​ពួក​គេ។ លោក ម៉ូសេ ក៏​បាន​និយាយ​ទៅ​កាន់​ពួក​បណ្ដា​ជន​ជា​លើក​ចុង​ក្រោយ ដោយ​ព្យាយាម​ជំរុញ​ពួក​គេ​មិន​ឲ្យ​បំផ្លាញ​ទំនាក់​ទំនង​របស់​ពួក​គេ​ជា​មួយ​ព្រះ ដោយ​ការ​មិន​ស្តាប់​បង្គាប់​ដូច​មនុស្ស​ជំនាន់​មុន​ឡើយ។ គាត់​បាន​ក្រើន​រំឭក​ពួក​គេ​អំពី​ការ​អ្វី​ដែល​ព្រះ​ទ្រង់​បាន​មាន​បន្ទូល និង​បាន​ធ្វើ កាល​ពី​មុន ហើយ​គាត់​បាន​លើក​ទឹក​ចិត្ត​ពួក​គេ​ឲ្យ​រស់​នៅ​ជា​រាស្ត្រ​ដែល​ព្រះ​អង្គ​បាន​ញែក​ចេញ​សម្រាប់​អង្គ​ទ្រង់ ផ្អែក​ទៅ​លើ​ការ​ធ្វើ​អន្តរាគមន៍​ដ៏​អស្ចារ្យ​របស់​ព្រះ និង​សេចក្តី​ស្មោះត្រង់​របស់​ព្រះ​អង្គ​ចំពោះ​សេចក្តី​សញ្ញា។
តាមរយៈ​ការ​បង្គាប់​របស់​លោក ម៉ូសេ ព្រះ​អង្គ​បាន​ប្រទាន​ជម្រើស​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ពីរ​យ៉ាង ដែល​ត្រូវ​ជ្រើស​រើស​ជា​បន្ទាន់។ ព្រះ​អង្គ​បាន​សន្យា​ថា នឹង​ប្រទាន​ព្រះ​ពរ ហើយ​ទន្ទឹម​នឹង​នោះ ព្រះ​អង្គ​ក៏​បាន​ព្រមាន​ពួក​គេ​ផង​ដែរ។ ព្រះ​អង្គ​បាន​ចោទ​ជា​សំណួរ​ដ៏​សាមញ្ញ​ក្នុង​ន័យ​ថា តើ​ពួក​គេ​នឹង​រស់​នៅ​ដូច​ម្ដេច​ក្នុង​ទឹក​ដី​សន្យា? តើ​ពួក​គេ​នឹង​កាន់​តាម​សេចក្តី​សញ្ញា ហើយ​អរ​សប្បាយ​នឹង​ព្រះ​ពរ​ក្នុង​ទឹក​ដី​សន្យា ឬ​ពួក​គេ​មិន​ស្តាប់​បង្គាប់ ហើយ​ត្រូវ​គេ​បណ្ដេញ​ចេញ​ពី​ទឹក​ដី​នោះ? 
ពួក​បណ្តាជន​ដែល​កំពុង​ជួប​ជុំ​គ្នា​នៅ​ព្រំ​ប្រទល់​នោះ​ប្រាកដ​ជា​បាន​ឮ​ព្រះ​បន្ទូល​ព្រះ ហើយ​និយាយ​ថា ទេ! ការ​មិន​ស្តាប់​បង្គាប់​ដូច​នោះ​នឹង​មិន​អាច​កើត​មាន​ក្នុង​ចំណោម​ពួក​យើង​ទេ! ប៉ុន្តែ ពីរ​បី​រយ​ឆ្នាំ​ក្រោយ​មក តើ​យើង​ឃើញ​ពួក​គេ​ប្រព្រឹត្ត​ដូច​ម្ដេច​ខ្លះ? «យើង​បាន​អង្គុយ​ចុះ នៅ​មាត់​ទន្លេ​ស្រុក​បាប៊ីឡូន អើ យើង​បាន​យំ ដោយ​នឹក​រឭក​ដល់​ក្រុង​ស៊ីយ៉ូន។ តែ​យើង​នឹង​ច្រៀង​បទ​នៃ​ព្រះ​យេហូវ៉ា នៅ​ក្នុង​ប្រទេស​ដទៃ​ដូច​ម្ដេច​បាន» (ទំនុកតម្កើង ១៣៧:១, ៤)។ ក្នុង​ការ​រស់​នៅ​ជា​ឈ្លើយ​សឹក​ក្នុង​ទឹក​ដី​បរទេស ពួក​អ៊ីស្រាអែល​បាន​ក្រឡេក​មក​ក្រោយ ហើយ​ឆ្ងល់​ថា តើ​ហេតុ​អ្វី​បាន​ជា​ពួក​គេ​ធ្លាក់​ខ្លួន​មក​រស់​នៅ​ក្នុង​សភាព​ដូច​នេះ។
ក្នុង​នាម​យើង​ជា​មនុស្ស​រស់​នៅ​ក្នុង​លោកីយ៍​ដែល​មាន​បាប យើង​ងាយ​រងគ្រោះ ងាយ​ត្រូវ​ល្បួង និង​ងាយ​ជួប​ការ​ល្បង​ល​ណាស់។ គ្រប់​ពេល​ទាំង​អស់ យើង​តែង​តែ​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ថា យើង​ត្រូវ​ស្តាប់​បង្គាប់ ឬ​ដើរ​ចេញ​ពី​ព្រះ​អង្គ។ ដូច​នេះ យើង​ត្រូវ​ការ​ព្រះ​គុណ​របស់​ព្រះ​ដែល​ទ្រទ្រង់​យើង។ ពិតជា​សោកសៅ​ណាស់ ដែល​មនុស្ស​ជា​ច្រើន​ហាក់​ដូច​ជា​មាន​ជំនឿ​រឹងមាំ និង​ការ​ប្ដេជ្ញា​ចិត្ត ហើយ​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​រក​ទឹកដី​សន្យា តែ​មិន​គ្រាន់​តែ​បាន​ជំពប់​ដួល​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​បាន​ដាំដូង​ធ្លាក់​ទៅ​រក​ការ​មិន​ជឿ​ព្រះ​ទៀត​ផង។ ហើយ​កំហុស​ធំ​បំផុត​ដែល​យើង​អាច​ធ្វើ គឺ​នៅ​ពេល​ដែល​យើង​និយាយ​ថា «អូហ៍ ទេ វា​មិន​អាច​កើត​ឡើង​ចំពោះ​ខ្ញុំ​ទេ!»។ 
អារក្ស​ចូលចិត្ត​និយាយ​ប្រាប់​យើង​ថា មូល​ហេតុ​ដែល​ព្រះ​ទ្រង់​បាន​ប្រទាន​យើង​នូវ​ក្រឹត្យ​វិន័យ និង​ព្រះ​រាជ​បញ្ជា​របស់​ព្រះ​អង្គ ព្រោះ​ព្រះ​អង្គ​សព្វ​ព្រះ​ទ័យ​ឲ្យ​ជីវិត​យើង​ខ្វះ​ភាព​ផ្អែម​ល្ហែម គ្មាន​ការ​សប្បាយ ហើយ​ធ្វើ​ឲ្យ​ថ្ងៃ​នីមួយៗ​មាន​ពេញ​ដោយ​ការ​ឈឺ​ក្បាល និង​ការ​ឈឺចាប់។ នេះ​គឺ​ជា​ការ​កុហក​អាក្រក់​បំផុត។ ព្រះ​ទ្រង់​បាន​ប្រទាន​ព្រះ​បន្ទូល​ទ្រង់​មក ដើម្បី​ជា​ប្រយោជន៍​ដល់​យើង! ការ​ដាស់តឿន​ទាំងអស់​ក្នុង​ព្រះ​គម្ពីរ គឺ​ដើម្បី​ធ្វើ​ជា​របង​ការពារ​យើង និង​ចាក់​ចុច​យើង​ឲ្យ​ភ្ញាក់​ខ្លួន នៅ​ពេល​ណា​យើង​ហៀបនឹង​ធ្លាក់​ចូល​សេចក្តី​អន្តរាយ ហើយ​ព្រះ​បន្ទូល​សន្យា​ទាំងអស់​ក្នុង​ព្រះ​គម្ពីរ គឺ​ដើម្បី​លើក​យើង​ឡើង ពេល​ណា​យើង​មាន​ភាព​តូច​ទាប និង​មិន​ច្បាស់​លាស់ ហើយ​គ្រប់​ទាំង​ព្រះ​រាជ​បញ្ជា​ក្នុង​ព្រះ​គម្ពីរ គឺ​ដើម្បី​ដឹក​នាំ​យើង​ចូល​ទៅ​ក្នុង​ជីវិត​ដែល​មាន​ពរ ដែល​រស់​នៅ​តាម​ផ្លូវ​របស់​ព្រះ ក្នុង​ព្រះ​វត្តមាន និង​ព្រះ​បន្ទូល​របស់​ព្រះ​អង្គ។ ព្រះ​ទ្រង់​មាន​ការ​ប្ដេជ្ញា​ព្រះ​ទ័យ ដើម្បី​ប្រយោជន៍​យើង ហើយ​បាន​បង្ហាញ​ការ​ប្ដេជ្ញា​ព្រះ​ទ័យ​នេះ​ឲ្យ​យើង​ឃើញ​ច្បាស់​បំផុត នៅ​ក្នុង​ការ​យាង​មក​របស់​ព្រះ​រាជបុត្រា ដើម្បី​ទទួលរង​បណ្ដាសា​នៃ​ការ​មិន​ស្តាប់​បង្គាប់​របស់​យើង ដើម្បី​ឲ្យ​យើង​បាន​អរ​សប្បាយ​នឹង​ព្រះពរ ដែល​មាន​តែ​ព្រះ​អង្គ​ប៉ុណ្ណោះ​ដែល​ស័ក្តិសម​នឹង​ទទួល។ 
តើ​អ្នក​ស្រឡាញ់​ព្រះ​អង្គ​ទេ? តើ​អ្នក​ដឹង​ថា ព្រះ​អង្គ​ស្រឡាញ់​អ្នក​ទេ? ចូរ​ស្តាប់​បង្គាប់​តាម​ការ​ដាស់​តឿន និង​ការ​បង្គាប់​របស់​ព្រះ​អង្គ ហើយ​ឲ្យ​តម្លៃ​មក​លើ​ការ​កម្សាន្តចិត្ត​នៃ​ព្រះ​បន្ទូល​សន្យា​របស់​ព្រះ​អង្គ។ 


ខ​គម្ពីរ​សញ្ជឹងគិត៖ កាឡាទី ៣:១០-១៤ 
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈពេល១ឆ្នាំ៖ ១របាក្សត្រ ១៩-២១ និង​លូកា ២:២២-៥២

ប្រភេទ