នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ការរស់នៅជាមួយព្រះយេស៊ូវ

ការរស់នៅជាមួយព្រះយេស៊ូវ

ដោយMonica Larose

November 18, 2025

២ធីម៉ូថេ ២:៨-១៣
ដ្បិតបើយើងបានស្លាប់ជាមួយនឹងទ្រង់ នោះយើងនឹងរស់ជាមួយនឹងទ្រង់ដែរ។ ២ធីម៉ូថេ ២:១១
លោក គ្រីស្ទាន នទីហ្ស៊ីមីរ៉ា(Christian Ntizimira) បានទទួលការត្រាស់ហៅរបស់ព្រះអម្ចាស់ ឲ្យថែទាំអ្នកជំងឺដែលឈានដំណាក់កាលចុងក្រោយនៃជីវិត ក្នុងតំបន់ដែលមិនមានធនធានសុខាភិបាលគ្រប់គ្រាន់ ក្នុងប្រទេសរវ៉ាន់ដា ជាប្រទេសកំណើតរបស់គាត់។ មិត្តរួមការងាររបស់គាត់ មិនតែងតែមើលឃើញតម្លៃនៃការថែរក្សាដូចនេះទេ ព្រោះ “គេយល់ឃើញថា គេមិនសង្ឃឹមថា អ្នកជំងឺទាំងនោះនឹងមានជីវិតរស់ទៀតឡើយ”។ ប៉ុន្តែ លោកនទីហ្ស៊ីមីរ៉ា បានរកឃើញថា សម្រាប់អ្នកជំងឺ និងក្រុមគ្រួសាររបស់ពួកគេ “វត្តមានរបស់គាត់បានផ្តល់ឲ្យពួកគេនូវការលើកទឹកចិត្ត នៅពេលដែលពួកគេហាក់ដូចជាគ្មានសង្ឃឹមទាល់តែសោះ”។ លោកនទីហ្ស៊ីមីរ៉ា បានឈរមាំក្នុងការងារនេះ ដោយសារគាត់មានជំនឿថា ការសុគត និងព្រះជន្មរបស់ព្រះយេស៊ូវ អាចកែប្រែរបៀបដែលយើងប្រឈមមុខដាក់សេចក្តីស្លាប់ ព្រោះ “ការសុគតរបស់ព្រះគ្រីស្ទ គឺជាប្រភពនៃជីវិត”។ 
ក្នុងបទគម្ពីរធីម៉ូថេខ្សែទី២ សាវ័កប៉ុលបានធ្វើបន្ទាល់ អំពីសេចក្តីពិតដែលថា ព្រះយេស៊ូវ “បានបំផ្លាញសេចក្ដីស្លាប់ ហើយបានយកជីវិតនឹងសេចក្ដីមិនចេះស្លាប់ មកដាក់នៅពន្លឺ ដោយសារដំណឹងល្អវិញ”(១:១០) ដែលសេចក្តីពិតនេះ បានផ្លាស់ប្តូររបៀបដែលគាត់យល់ដឹង អំពីទុក្ខលំបាក។ ទោះសាវ័កប៉ុលគឺជាអ្នកទោស ដែលកំពុងប្រឈមមុខដាក់ការកាត់ទោសប្រហារជីវិតក៏ដោយ(២:៩) ក៏ការមានព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូវ បានជួយឲ្យគាត់ឈរមាំក្នុងការត្រាស់ហៅរបស់គាត់ គឺជាការនាំអ្នកដទៃឲ្យទទួលសេចក្តីសង្រ្គោះ តាមរយៈព្រះគ្រីស្ទ(ខ.១០)។ “ដ្បិតបើយើងបានស្លាប់ជាមួយនឹងទ្រង់ នោះយើងនឹងរស់ជាមួយនឹងទ្រង់ដែរ បើយើងទ្រាំទ្រ នោះយើងនឹងសោយរាជ្យជាមួយនឹងទ្រង់”(ខ.១១-១២)។ 
នៅពេលដែលអ្នកជឿព្រះយេស៊ូវ និយាយអំពីការស្លាប់ជាមួយព្រះអង្គ គឺពួកគេមិនគ្រាន់តែនិយាយសំដៅទៅលើការស្លាប់ខាងរូបកាយប៉ុណ្ណោះទេ។ ក្នុងសំបុត្រដែលសាវ័កប៉ុលបានសរសេរផ្ញើពួកជំនុំនៅទីក្រុងរ៉ូម គាត់បានពន្យល់ថា អ្នកជឿព្រះយេស៊ូវមានការរួបរួមជាមួយព្រះអង្គ ក្នុងការសុគត និងការមានព្រះជន្មរស់ឡើងវិញរបស់ព្រះអង្គ គឺដូចដែលមានបុណ្យជ្រមុជទឹកធ្វើជានិមិត្តរូបអំពីការរួបរួមនេះ(រ៉ូម ៦:៤-៨)។ 
ដោយសារព្រះគ្រីស្ទមានព្រះជន្មរស់ក្នុងយើង សូម្បីនៅពេលដែលយើងប្រឈមមុខដាក់ភាពតក់ស្លុតនៃសេចក្តីស្លាប់ក៏ដោយ ក៏យើងអាចរស់នៅថ្វាយព្រះអង្គ និងធ្វើបន្ទាល់ពីព្រះអង្គផងដែរ។—Monica La Rose

តើអ្នកបានឃើញក្តីសង្ឃឹមលេចឡើង ក្នុងស្ថានភាពដ៏ពិបាក ខុសពីការរំពឹងគិត នៅពេលណាខ្លះ? 
តើអ្នកជឿព្រះគ្រីស្ទអាចធ្វើបន្ទាល់ពីការមានព្រះជន្មឡើងវិញរបស់ព្រះអង្គ ដូចម្តេចខ្លះ? 
ឱព្រះដែលមានសេចក្តីមេត្តា សូមព្រះអង្គជួយទូលបង្គំ ឲ្យធ្វើបន្ទាល់អំពីសេចក្តីស្រឡាញ់ និងក្តីសង្ឃឹម ក្នុងព្រះយេស៊ូវ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អេសេគាល ៨-១០ និង ហេព្រើរ ១៣

 

ល្ងាច

ចំណុច​ស្នូល​នៃ​បញ្ហា (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ចំណុច​ស្នូល​នៃ​បញ្ហា (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

November 18, 2025

«ហើយ​ដោយ​ព្រោះ​បាន​តំរូវ​ត្រូវ​ឲ្យ​មនុស្ស​ទាំង​អស់​ស្លាប់១ដង រួច​សឹម​ជាប់​សេចក្ដី​ជំនុំជំរះ ដូច្នេះ​ព្រះ​គ្រីស្ទ​ក៏​បែប​យ៉ាង​នោះ​ដែរ ដែល​ទ្រង់​បាន​ថ្វាយ​ព្រះ​អង្គ​ទ្រង់១ដង​ហើយ ដោយ​ព្រោះ​បាប​របស់​មនុស្ស​ជា​ច្រើន នោះ​ទ្រង់​នឹង​លេច​មក​ម្ដង​ទៀត ក្រៅ​ពី​រឿង​អំពើ​បាប គឺ​សំរាប់​នឹង​ជួយ​សង្គ្រោះ​ដល់​អស់​អ្នក​ដែល​រង់​ចាំ​ទ្រង់» (ហេព្រើរ ៩:២៧-២៨)។
មនុស្ស​ទាំង​អស់​នឹង​ត្រូវ​ស្លាប់​នៅ​ពេល​ណា​មួយ។ នេះ​ជា​ស្ថិតិ​ដែល​ច្បាស់​លាស់​បំផុត។ មាន​តែ​សេចក្តី​ស្លាប់​ទេ ដែល​មាន​ភាព​ច្បាស់​លាស់​បំផុត នៅ​ក្នុង​ការ​រស់នៅ​របស់​មនុស្ស​ម្នាក់។ ក្នុង​នាម​យើង​ជា​គ្រីស្ទ​បរិស័ទ យើង​ប្រហែល​ជា​ខ្លាច​របៀប​ដែល​យើង​ស្លាប់ ប៉ុន្តែ​យើង​មិន​ចាំបាច់​ត្រូវ​ខ្លាច​លទ្ធផល​របស់​វា​ឡើយ។ យើង​មិន​ត្រូវ​ខ្លាច​វា​ដោយ​ព្រោះ​ថា ព្រះ​យេស៊ូវ​បាន​យាង​មក មិន​មែន​ដើម្បី​បន្ថែម​ការ​សប្បាយ​ដល់​យើង ឬ​ដើម្បី​លើក​តម្កើង​យើង​ឲ្យ​ល្បី ឬ​ក៏​ប្រទាន​ភាព​មាន​បាន​របស់​លោកីយ៍​នោះ​ទេ តែ​ដើម្បី​ជួយ​សង្គ្រោះ​មនុស្ស​មាន​បាប ហើយ​រំដោះ​យើង​ឲ្យ​រួច​ផុត​ពី​ការ​ជំនុំជម្រះ។
ព្រះ​គម្ពីរ​បាន​បង្រៀន​យើង​ថា ការ​ជំនុំជម្រះ​របស់​ព្រះ និង​ការ​ដាស់​ទោស​អស់​កល្ប​ជានិច្ច នឹង​ធ្លាក់​មក​លើ​មនុស្ស​ដែល​មិន​មាន​ឈ្មោះ​កត់​ទុក​បញ្ជី​ជីវិត (វិវរណៈ ២០:១១-១៥)។ បើ​ដូច្នោះ​មែន តើ​ធ្វើ​ដូច​ម្ដេច​ឲ្យ​យើង​អាច​ដឹង​ច្បាស់​ថា ឈ្មោះ​យើង​មាន​កត់ទុក​ក្នុង​បញ្ជី​ជីវិត​បាន? មាន​តែ​ផ្លូវ​មួយ​ប៉ុណ្ណោះ គឺ​ដោយ​ជឿ​លើ​ព្រះ​អម្ចាស់​យេស៊ូវ។ យើង​ត្រូវ​មើល​ទៅ​ព្រះ​គ្រីស្ទ​ដែល​បាន​ប្រទាន​ការ​អត់ទោស និង​ការ​រាប់​ជា​សុចរិត​ដោយ​ឥត​គិត​ថ្លៃ ដល់​អ្នក​ដែល​ចូល​មក​រក​ព្រះ​អង្គ​ដោយ​ការ​ប្រែចិត្ត និង​ជំនឿ។ ហើយ​ការ​ចូល​មក​រក​ព្រះ​យេស៊ូវ គឺ​លើស​ពី​ការ​ទទួល​ស្គាល់​ដោយ​បញ្ញា ទោះ​ការ​ទទួល​ស្គាល់​នោះ​មាន​ភាព​ចាំ​បាច់​ក៏​ដោយ។ បើ​យើង​គ្រាន់​តែ​មាន​ការ​យល់​ស្រប​ចំពោះ​គោលលទ្ធិ​របស់​ជំនឿ​គ្រីស្ទាន នោះ​មិន​គ្រប់​គ្រាន់​ទេ។ យើង​ត្រូវតែ​ទទួល​ស្គាល់​ថា យើង​បាន​ខកខាន​មិន​បាន​ប្រព្រឹត្ត​ចំពោះ​ព្រះ​អង្គ​ឲ្យ​បាន​ត្រឹម​ត្រូវ។ យើង​បាន​បដិសេធ និង​ប្រឆាំង​ព្រះ​អង្គ។ យើង​ត្រូវ​តែ​ចុះចូល​ចំពោះ​អំណាច​នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះ​អង្គ ហើយ​ពឹង​ផ្អែក​ទាំង​ស្រុង​ទៅ​លើ​អ្វី​ដែល​ព្រះ​គ្រីស្ទ​សម្រេច​នៅ​លើ​ឈើឆ្កាង ដើម្បី​ឲ្យ​ព្រះ​អង្គ​ទទួល​ស្គាល់​យើង។
ចំណុច​ស្នូល​នៃ​បញ្ហា​នេះ​មិន​ស្ថិត​នៅ​ត្រង់​ថា យើង​ជឿ​សេចក្តី​ពិត​ណា​មួយ​ដែល​និយាយ​អំពី​ព្រះ​យេស៊ូវ ឬ​ព្រះ​គម្ពីរ ឬ​មួយ​យើង​បាន​ផ្លាស់​ប្ដូរ​របៀប​នៃ​ការ​រស់នៅ​ឲ្យ​បាន​ស្អាតស្អំ​នោះ​ទេ។ យើង​ត្រូវ​សួរ​ខ្លួន​ឯង​ថា តើ​យើង​ធ្លាប់​មាន​ចិត្ត​ស្រេក​ឃ្លាន​ខាង​ឯ​វិញ្ញាណ​យ៉ាង​ខ្លាំង បាន​ជា​យើង​ទូល​សូម​ព្រះ​អង្គ​ថា «ឱ​ព្រះ​អម្ចាស់​យេស៊ូវ​អើយ សូម​ព្រះ​អង្គ​ប្រទាន​ទឹក​រស់​ដល់​ទូល​បង្គំ ដើម្បី​កុំ​ឲ្យ​ទូល​បង្គំ​ស្រេក​ទឹក​ទៀត​ឡើយ» ដែរ​ឬទេ?
ប៉ុន្តែ ចុះ​បើ​សិន​ជា​ព្រះ​យេស៊ូវ​មាន​បន្ទូល​ថា ព្រះ​អង្គ​មិន​ស្គាល់​យើង? ចុះ​បើ​សិន​ជា​យើង​មិន​មាន​ឈ្មោះ​កត់​ទុក​ក្នុង​បញ្ជី​ជីវិត? ព្រះ​យេស៊ូវ​ក៏​បាន​លើក​ឡើង​អំពី​ការ​ភ័យខ្លាច​នោះ​ដោយ​មាន​បន្ទូល​សន្យា​ថា «អ្នក​ណា​ដែល​មក​ឯ​ខ្ញុំ ខ្ញុំ​ក៏​មិន​ដែល​ចោល​ទៅ​ក្រៅ​ឡើយ» (យ៉ូហាន ៦:៣៧)។ 
តើ​អ្នក​បាន​យល់​អំពី​សេចក្តី​សប្បុរស​ដែល​ព្រះ​ទ្រង់​មាន​ក្នុង​ការ​អញ្ជើញ​អ្នក​ទេ? តើ​អ្នក​បានឮ​ព្រះ​អង្គ​ត្រាស់​ហៅ​អ្នក ឲ្យ​ចូល​ជ្រកកោន​ក្នុង​ព្រះ​យេស៊ូវ​ដែរ​ឬទេ? តើ​អ្នក​បាន​ឮ​ការ​ត្រាស់​ហៅ​នេះ​ជា​ថ្មី​នៅ​ថ្ងៃនេះ ហើយ​ចូល​ជ្រក​ក្នុង​ម្លប់​នៃ​ស្លាប​របស់​ព្រះ​ឬទេ (ទំនុកតម្កើង ៥៧:‌១)? ចូរ​យើង​ពោល​ជា​មួយ​អ្នកនិពន្ធ​បទ​ទំនុក​សកល​យ៉ាង​ដូច​នេះ​ថា៖
ខ្ញុំ​ចូល​មក​ព្រះ​យេស៊ូវ ទាំង​មាន​បាប
ហត់​នឿយ ទន់​ខ្សោយ និង​សោកសៅ
ខ្ញុំ​បាន​រក​ឃើញ​កន្លែង​សម្រាក​ក្នុង​ព្រះ​អង្គ
ហើយ​ព្រះ​អង្គ​ធ្វើឲ្យ​ខ្ញុំ​មាន​អំណរ​ឡើង។122
ព្រោះ​បើ​យើង​បាន​ជ្រកកោន​ក្នុង​ព្រះ​រាជបុត្រា យើង​អាច​ដឹង​ច្បាស់​ថា ព្រះ​អង្គ​បាន​ទទួល​បាប​របស់​យើង ក្នុង​ការ​សុគត​របស់​ព្រះ​អង្គ ហើយ​នៅ​ពេល​ដែល​ព្រះ​អង្គ​យាង​មក​វិញ យើង​នឹង​មិន​ប្រឈម​មុខ​ដាក់​ការ​ថ្កោល​ទោស​ដែល​គួរ​ឲ្យ​ភ័យខ្លាច​នោះ​ទេ តែ​យើង​នឹង​ទទួល​បាន​ការ​ស្វាគមន៍​ដ៏​រុងរឿង​វិញ។ ហើយ​បន្ទាប់​មក យើង​អាច​ឮ​សេចក្តី​ពិត​ដែល​ចែង​ថា ព្រះ​ទ្រង់​បាន «តម្រូវ​ឲ្យ​មនុស្ស​ស្លាប់​តែ​មួយ​ដង» ហើយ​ចិត្ត​របស់​យើង​មាន​ការ​សម្រាក។ 


ខ​គម្ពីរ​សញ្ជឹងគិត៖ ទំនុកតម្កើង ៤៩
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈពេល១ឆ្នាំ៖ ១របាក្សត្រ ២២-២៤ និង​លូកា ៣

ប្រភេទ