នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ចូរអធិស្ឋាន

ចូរអធិស្ឋាន

ដោយLeslie Koh

November 19, 2025

ទំនុកដំកើង ៦:៤-១០
ព្រះយេហូវ៉ាបានស្ដាប់ពាក្យដែលអញទូលអង្វរហើយ ព្រះយេហូវ៉ាទ្រង់នឹងទទួលពាក្យដែលអញអធិស្ឋានផង។ ទំនុកដំកើង ៦:៩
ការងារដែលគេជួលឲ្យខ្ញុំធ្វើមិនមានដំណើរការល្អទេ។ អតិថិជនកំពុងទាមទារឲ្យខ្ញុំធ្វើកិច្ចការដែលហាក់ដូចជាមិនអាចធ្វើបាន ហើយខ្ញុំមានចិត្តថប់បារម្ភ និងបាក់ទឹកចិត្ត។ ការឆ្លើយតបដំបូងរបស់ខ្ញុំ គឺគ្រាន់តែចង់បោះបង់ចោលការងារនោះ ដែលមានន័យថា ខ្ញុំនឹងមិនទទួលប្រាក់ឈ្នួល សម្រាប់ការងារដែលខ្ញុំបានធ្វើនោះឡើយ ហើយក៏ធ្វើឲ្យខ្ញុំបាត់បង់ឱកាសទទួលការងារពីពួកគេ នៅពេលអនាគត។ បន្ទាប់មក មានគំនិតមួយបានលេចឡើង ធ្វើឲ្យខ្ញុំសួរខ្លួនឯងថា តើខ្ញុំបានអធិស្ឋានសូមជំនួយពីព្រះអម្ចាស់ហើយឬនៅ?
ខ្ញុំក៏មានការភ្ញាក់ខ្លួន ដោយដឹងថា ខ្ញុំបានភ្លេចទូលសូមជំនួយពីព្រះអង្គហើយ! ដូចនេះ ខ្ញុំក៏បានអធិស្ឋាន ហើយភ្លាមៗនោះ ខ្ញុំមានអារម្មណ៍ល្អជាងមុន។ ការងារនោះមិនទាន់មានអ្វីផ្លាស់ប្តូរទេ ដោយខ្ញុំនៅតែជួបបញ្ហាប្រឈម តែខ្ញុំមានអារម្មណ៍ថា សន្តិភាពរបស់ព្រះបានជ្រួតជ្រាបពេញក្នុងចិត្តខ្ញុំ។ ឥឡូវនេះ ខ្ញុំដឹងថា ខ្ញុំអាចទុកចិត្តព្រះអង្គ ដោយធ្វើការងារនោះអស់ពីលទ្ធភាពរបស់ខ្ញុំ ហើយថ្វាយលទ្ធផលឲ្យព្រះអង្គជាអ្នកសម្រេច។
ស្តេចដាវីឌប្រហែលជាមានអារម្មណ៍ដូចនេះផងដែរ នៅពេលដែលទ្រង់ថ្វាយការភ័យខ្លាច និងការព្រួយបារម្ភដល់ព្រះអម្ចាស់។ ក្នុងបទគម្ពីរទំនុកដំកើង ៦ ទ្រង់បានពិពណ៌នាអំពីការឈឺចាប់ ដោយសារខ្មាំងសត្រូវកំពុងឡោមព័ទ្ធទ្រង់(ខ.៣,៧)។ ប៉ុន្តែ ខណៈពេលដែលទ្រង់ចាប់ផ្តើមងាកទៅរកជំនួយរបស់ព្រះ ទ្រង់ក៏ទទួលបានការធានាជាថ្មី ដោយទ្រង់ពោលថា ព្រះអម្ចាស់បានឮការទូលអង្វររបស់ទ្រង់ហើយ ព្រះអម្ចាស់ក៏បានទទួលពាក្យដែលទ្រង់អធិស្ឋានផង(ខ.៩)។
ទ្រង់បានទទួលស្គាល់សេចក្តីពិត ដោយសង្ឃឹមថា ទ្រង់នឹងទទួលបានការរំដោះ តាមពេលវេលា និងតាមផ្លូវរបស់ព្រះអម្ចាស់(ខ.១០)។ ការអធិស្ឋានមិនមែនជាគន្លឹះដើម្បីឲ្យយើងមានអារម្មណ៍ល្អនោះទេ តែជាការតភ្ជាប់ទំនាក់ទំនងដោយផ្ទាល់ជាមួយព្រះ ដែលទតឃើញអ្វីៗគ្រប់យ៉ាង និងមានគ្រប់ព្រះចេស្តា ដែលនឹងជួយយើង តាមពេលវេលា និងផ្លូវរបស់ព្រះអង្គ។ តើអ្នកមានការថប់បារម្ភ ឬបាក់ទឹកចិត្តឬទេ? ចូរអធិស្ឋាន ព្រះអង្គតែងតែផ្ទៀងព្រះកាណ៌ស្តាប់អ្នកជានិច្ច។—Leslie Koh

តើអ្នកកំពុងប្រឈមមុខដាក់បញ្ហា ឬការព្រួយបារម្ភអ្វី នៅពេលនេះ? តើធ្វើដូចម្តេច ដើម្បីកុំឲ្យអ្នកភ្លេចទូលថ្វាយដល់ព្រះអង្គ?
ឱព្រះអម្ចាស់ ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលបានស្តាប់ឮទូលបង្គំអធិស្ឋានសូមជំនួយ។ 
សូមព្រះអង្គជួយទូលបង្គំឲ្យមានសន្តិភាពក្នុងចិត្ត ដ្បិតទូលបង្គំដឹងថា ទូលបង្គំអាចថ្វាយបញ្ហារបស់ទូលបង្គំ 
ទៅក្នុងព្រះហស្តដ៏មានចេស្តា និងក្តីស្រឡាញ់របស់ព្រះអង្គ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អេសេគាល ១១-១៣ និង យ៉ាកុប ១
 

ល្ងាច

ការ​ដាស់តឿន​អំពី​ការ​ធ្វេស​ប្រហែស​ក្នុង​ភាព​សុខ​ស្រួល (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ការ​ដាស់តឿន​អំពី​ការ​ធ្វេស​ប្រហែស​ក្នុង​ភាព​សុខ​ស្រួល (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

November 19, 2025

«មិន​ដែល​មាន​អ្នក​ណា​ដែល​លះ​ចោល​ផ្ទះ​សំបែង បង​ប្អូន​ប្រុស​ស្រី ឪពុក​ម្ដាយ ប្រពន្ធ​កូន ឬ​ស្រែ​ចំការ ដោយ​ព្រោះ​យល់​ដល់​ខ្ញុំ ហើយ​នឹង​ដំណឹង​ល្អ ឥត​បាន​ទទួល​ជា១រយភាគ​ឡើង ក្នុង​សម័យ​នេះ​នោះ​ឡើយ គឺ​ជា​ផ្ទះ​សំបែង បង​ប្អូន​ប្រុស​ស្រី ម្ដាយ​ហើយ​កូន នឹង​ស្រែ​ចំការ ព្រម​ទាំង​សេចក្ដី​បៀតបៀន​ដែរ ហើយ​ដល់​បរលោក នាយ នឹង​បាន​ជីវិត​រស់​អស់​កល្ប​ជានិច្ច​ផង តែ​នឹង​មាន​មនុស្ស​មុន​ទៅ​ជា​ក្រោយ​ជា​ច្រើន ហើយ​មនុស្ស​ក្រោយ​ទៅ​ជា​មុន​វិញ» (ម៉ាកុស ១០:២៩-៣១)។
អាទិភាព​របស់​ព្រះ​យេស៊ូវ គឺ​មិន​មែន​ដើម្បី​ឲ្យ​យើង​មាន​ភាព​សុខ​ស្រួល​នៅ​លើ​ផែនដី​នោះ​ទេ។ កាល​បុរស​អ្នក​មាន​ម្នាក់​ដែល​មាន​វ័យ​ក្មេង​បាន​សួរ​ព្រះ​យេស៊ូវ​អំពី​ជីវិត​អស់​កល្ប គាត់​ក៏​បាន​ដើរ​ចេញ​ដោយ​ទឹក​មុខ​ក្រៀមក្រំ ព្រោះ​គាត់​មិន​ចង់​ដើរ​ចេញ​ពី​ទ្រព្យ​សម្បត្តិ​របស់​គាត់ ដើម្បី​ដើរ​តាម​ព្រះ​អង្គ​ឡើយ។ ព្រះ​យេស៊ូវ​ក៏​បាន​ប្រាប់​ពួក​សិស្ស​ថា «បើ​សត្វ​អូដ្ឋ​នឹង​ចូល​តាម​ប្រហោង​ម្ជុល នោះ​ងាយ​ជាជាង​អ្នក​មាន​ចូល​ទៅ​ក្នុង​នគរ​ព្រះ​វិញ» (ម៉ាកុស ១០:២៥)។ ពេល​នោះ សាវ័ក ពេត្រុស ដែល​ចូលចិត្ត​និយាយ​ស្តី​ដោយ​គ្មាន​ការ​កោត​ក្រែង ក្នុង​ឱកាស​ដូច​នេះ ក៏​បាន​ចង្អុល​បង្ហាញ​អំពី​ការ​លះបង់​ដែល​គាត់ និង​សិស្ស​ដទៃ​ទៀត​បាន​ធ្វើ ដើម្បី​ដើរ​តាម​ព្រះ​យេស៊ូវ (ខ.២៨)។ 
លោក ពេត្រុស ប្រហែល​ជា​កំពុង​ព្យាយាម​សុំ​ពាក្យ​ធានា​ជាថ្មី​ថា គាត់ និង​សាវ័ក​ដទៃ​ទៀត​បាន «រួច​ផុត» ពី​ការ​ព្រមាន​របស់​ព្រះ​យេស៊ូវ ដោយ​សារ​ពួក​គេ​បាន​លះបង់​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន​ហើយ។ ហើយ​ព្រះ​យេស៊ូវ​ពិត​ជា​បាន​ឆ្លើយ​តប​ដោយ​ការ​លើក​ទឹក​ចិត្ត​ថា អស់​អ្នក​ណា​ដែល​លះបង់​ច្រើន ដើម្បី​នគរ​ព្រះ​អង្គ និង​ដំណឹង​ល្អ នឹង​បាន​ទទួល​ផល​តបស្នង​ច្រើន​ផង​ដែរ។ អាច​និយាយ​ម្យ៉ាង​ទៀត​ថា ព្រះ​ទ្រង់​នឹង​ថែរក្សា​ពួក​គេ​ក្នុង​ជីវិត​នេះ ក៏​ដូច​ជា​ក្នុង​ជីវិត​អស់​កល្ប។ ប៉ុន្តែ ព្រះ​យេស៊ូវ​មិន​បាន​ព្យាយាម​ធ្វើឲ្យ​ពួក​សាវ័ក​មាន​អារម្មណ៍​ល្អ ចំពោះ​ខ្លួន​ឯង​នោះ​ទេ។ ដូច​នេះ ព្រះ​អង្គ​បាន​មាន​បន្ទូល​បញ្ចប់​ដោយ​ពាក្យ​ចាក់​ចុច​ថា «នឹង​មាន​មនុស្ស​មុន​ទៅ​ជា​ក្រោយ​ជា​ច្រើន ហើយ​មនុស្ស​ក្រោយ​ទៅ​ជា​មុន​វិញ»។
យើង​អាច​ស្រមៃ​ថា នៅ​ពេល​ដែល​លោក ពេត្រុស បាន​ឮ​ព្រះ​អង្គ​មាន​បន្ទូល​ដូច​នេះ គាត់​ក៏​បាន​ប្រៀប​ធៀប​ខ្លួន​គាត់ និង​បុរស​អ្នក​មាន​នោះ ហើយ​មាន​អារម្មណ៍​ថា ព្រះ​អង្គ​បាន​ធានា​ចំពោះ​គាត់។ តែ​ព្រះ​យេស៊ូវ​ហាក់​ដូច​ជា​មិន​បាន​មាន​បន្ទូល ដើម្បី​ឲ្យ​គាត់​ធ្វើ​ការ​ប្រៀប​ធៀប​ឡើយ។ ព្រះ​អង្គ​បាន​មាន​បន្ទូល​អំពី​ទ្រព្យ​សម្បត្តិ​រួច​ហើយ។ ផ្ទុយ​ទៅ​វិញ ព្រះ​អង្គ​ហាក់​ដូច​ជា​កំពុង​ដាស់​តឿន​ពួក​សិស្ស កុំ​ឲ្យ​មាន​ការ​ធ្វេស​ប្រហែស​នោះ​ឡើយ។ មាន​មនុស្ស​ជាច្រើន​គិត​ស្មាន​ថា ពួក​គេ​ជា «មនុស្ស​មុន» ហើយ​លោកីយ៍ ឬ​ពួក​ជំនុំ​ក៏​បាន​ប្រាប់​មនុស្ស​ជា​ច្រើន​ថា ពួក​គេ​គឺ​ជា «មនុស្ស​មុន» តែ​ពួក​គេ​នឹង​មាន​ការ​ភ្ញាក់ផ្អើល​ចំពោះ​ការ​វិនិច្ឆ័យ​របស់​ព្រះ​យេស៊ូវ​មក​លើ​ពួក​គេ។ ព្រោះ​ព្រះ​យេស៊ូវ​ត្រៀម​ទុក​ការ​សរសើរ​ខ្ពស់​បំផុត ដល់​អស់អ្នក​ដែល​លះបង់​គ្រប់យ៉ាង​ថ្វាយ​ព្រះ​អង្គ ដោយ​គ្មាន​ចេតនា​ចង់​ឲ្យ​អ្នកដទៃ​កត់សម្គាល់។
យើង​ប្រហែល​ជា​មាន​អារម្មណ៍​ថា យើង​បាន​រួចផុត​ពី​ការ​ព្រមាន​របស់​ព្រះ​យេស៊ូវ​អំពី​ទ្រព្យ​សម្បត្តិ និង​អំពី «មនុស្ស​មុន» គឺ​មាន​អារម្មណ៍​មិន​ខុសពី​លោក ពេត្រុស ទេ ប្រហែល​ដោយ​សារ​យើង​បាន​លះបង់​ច្រើន ដើម្បី​ព្រះ​យេស៊ូវ​រួច​ហើយ។ យើង​តែង​តែ​អាច​រក​បាន​នរណា​ម្នាក់ ដែល​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ជាង​ហើយ ឬ​អ្នក​ដែល​បាន​លះបង់​តិច​ជាង​យើង ហើយ​មាន​ទំនុកចិត្ត​ថា​យើង​បាន​រួច​ខ្លួន​ដោយ​ផ្អែក​ទៅ​លើ​ការ​ប្រៀប​ធៀប​នេះ។ ប៉ុន្តែ ព្រះ​យេស៊ូវ​មិន​បាន​ខ្វល់​អំពី​ការ​ធ្វើឲ្យ​យើង​មាន​អារម្មណ៍​សុខ​ស្រួល​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ព្រះ​អង្គ​បាន​ត្រាស់​ហៅ​យើង​ចេញ​ពី​ការ​ព្រងើយ​កន្តើយ ចូល​ទៅ​ក្នុង​ការ​ដើរ​តាម​ព្រះ​អង្គ​ដោយ​ចិត្ត​ប្ដូរ​ផ្តាច់។ ការ​មាន​ភាព​ក្រីក្រ​ជាង​អ្នកដទៃ មិន​បាន​ធ្វើឲ្យ​មនុស្ស​ម្នាក់​មាន​គុណធម៌​ច្រើន​ជាង​បុគ្គល​ដែល​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ជាង​គេ​នោះ​ទេ។ ព្រះ​អង្គ​បាន​សន្យា​ថា នឹង​ថែរក្សា​យើង ហើយ​ព្រះ​អង្គ​បាន​ត្រាស់​ហៅ​យើង​ឲ្យ​ទុក​ចិត្ត​លើ​ព្រះ​រាជកិច្ច​ដែល​ព្រះ​អង្គ​បាន​សម្រេច មិន​មែន​ទុក​ចិត្ត​លើ​ការ​អ្វី​ដែល​យើង​កំពុង​ធ្វើ​ថ្វាយ​ព្រះ​អង្គ​នោះ​ទេ។ ចូរ​កុំ​ធ្លាក់​ចូល​ទៅ​ក្នុង​ការ​ព្រងើយ​កន្តើយ ដែល​ចូល​ចិត្ត​ប្រៀប​ធៀប​ខ្លួន​ឯង​ជា​មួយ​អ្នក​ដទៃ។ ផ្ទុយ​ទៅ​វិញ ចូរ​យើង​ស្តាប់​ការ​ត្រាស់​ហៅ​របស់​ព្រះ​យេស៊ូវ​សម្រាប់​លោក ពេត្រុស នៅ​ពេល​ក្រោយ​មក​ទៀត គឺ​នៅ​ពេល​ដែល​គាត់​សួរ​ព្រះ​អង្គ​ថា តើ​ជីវិត​របស់​លោក យ៉ូហាន នឹង​បាន​ខុស​ពី​ជីវិត​គាត់​ទេ ព្រះ​អង្គ​ក៏​បាន​ឆ្លើយ​ថា «ចូរ​ឲ្យ​អ្នក​មក​តាម​ខ្ញុំ​ចុះ!» (យ៉ូហាន ២១:២២)។ 


ខ​គម្ពីរ​សញ្ជឹងគិត៖ ទំនុកតម្កើង ៧៣
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈពេល១ឆ្នាំ៖ ១របាក្សត្រ ២៥-២៧ និង​លូកា ៤:១-៣០

ប្រភេទ