នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

តម្លៃរបស់យើងក្នុងព្រះគ្រីស្ទ

តម្លៃរបស់យើងក្នុងព្រះគ្រីស្ទ

ដោយMike Wittmer

November 23, 2025

ម៉ាកុស ៥:១-៦,១២-១៣,១៨-២០
តែទ្រង់មិនអនុញ្ញាតទេ ដោយបន្ទូលថា ចូរទៅផ្ទះទៅ ហើយប្រាប់បងប្អូនឯងពីការធំទាំងម្ល៉េះ ដែលព្រះអម្ចាស់បានមេត្តាប្រោសដល់ឯងវិញ។ ម៉ាកុស ៥:១៩
ម៉ារីអូ(Mario) គឺជាអ្នកញៀនថ្នាំអាយុ២៨ឆ្នាំ ដែលបានជាប់គុក ដោយសារការលបចូលលួចរបស់ទ្រព្យក្នុងផ្ទះអ្នកដទៃ។ ក្នុងការជំនុំជម្រះទោសរបស់គាត់ ចៅក្រមក៏បាននិយាយថា គាត់គឺជា “កាកសំណល់សង្គម”។ ម៉ារីអូមានការយល់ស្របចំពោះពាក្យសម្តីនេះ។ ក្នុងអំឡុងពេលដែលគាត់កំពុងជាប់គុក ទើបតែបានពាក់កណ្តាលពេល គាត់ក៏បានឃើញការផ្សាយពាណិជ្ជកម្ម អំពីការប្រកួតសារព័ត៌មាន។ ម៉ារីអូមានការចាប់អារម្មណ៍ ហើយក៏បានចូលរៀនក្នុងសកលវិទ្យាល័យនៅក្បែរមន្ទីរឃុំឃាំង។ គាត់ក៏មានការជាប់ចិត្តនឹងជំនាញមួយនេះ។ ម៉ារីអូចូលចិត្តសរសេរព័ត៌មាន អំពីរឿងថ្មីៗ ហើយបន្ទាប់ពីគាត់ត្រូវបានគេដោះលែង គាត់ក៏បានបញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកសារព័ត៌មាន ហើយក៏បានសរសេរអត្ថបទឲ្យសារព័ត៌មាន The New York Times។ ដូចនេះ គាត់មិនមែនជាកាកសំណល់សង្គមទៀតទេ!
ជីវិតរបស់បុរសម្នាក់ដែលត្រូវអារក្សចូល កំពុងរស់នៅក្នុងផ្នូរខ្មោច ហាក់ដូចជាមិនមានតម្លៃអ្វីសោះចំពោះមនុស្សដែលស្គាល់គាត់។ អ្នកជិតខាងគាត់បានដាក់ច្រវាក់គាត់ ដើម្បីការពារសុវត្ថិភាពរបស់ពួកគេ និងខ្លួនគាត់ តែគាត់ “ចេះតែកាច់ច្រវាក់បំបាក់ខ្នោះចោលអស់ ហើយគ្មានអ្នកណាអាចនឹងកំរាប” គាត់បានទេ(ម៉ាកុស ៥:៤)។ គាត់ក៏បានរត់ត្រឡប់ទៅក្នុងផ្នូរខ្មោច ដែលនៅទីនោះ គាត់ “ស្រែក ហើយយកថ្មមកអារសាច់ខ្លួន ទាំងយប់ទាំងថ្ងៃជានិច្ច”(ខ.៥)។ បន្ទាប់មក ជីវិតគាត់មានការផ្លាស់ប្តូរជារៀងរហូត។
ព្រះយេស៊ូវបានដេញអារក្សចេញពីគាត់ ហើយឲ្យគាត់វិលត្រឡប់ទៅរួមរស់ក្នុងសង្គមវិញ។ ពួកបណ្តាជនមានការភ្ញាក់ផ្អើល នៅពេលដែលបានឃើញគាត់ “កំពុងតែអង្គុយទាំងស្លៀកពាក់ មានស្មារតីដឹងខ្លួនឡើង”(ខ.‌១៥)។ គាត់មានការដឹងគុណចំពោះព្រះយេស៊ូវ ហើយចង់ជិះទូកទៅជាមួយព្រះអង្គ តែព្រះអង្គបដិសេធ។ ព្រះអង្គក៏បានមានបន្ទូលប្រាប់គាត់ថា “ចូរទៅផ្ទះទៅ ហើយប្រាប់បងប្អូនឯងពីការធំទាំងម្ល៉េះ ដែលព្រះអម្ចាស់បានមេត្តាប្រោសដល់ឯងវិញ”(ខ.១៩)។ 
បេសកកម្មរបស់បុរសនោះ ក៏ជាបេសកកម្មរបស់យើងផងដែរ។ ចូរយើងទៅប្រាប់អ្នកដទៃ អំពីព្រះគ្រីស្ទ។ ដោយសារព្រះអង្គ គ្មានជីវិតរបស់មនុស្សណាម្នាក់ដែលគ្មានតម្លៃនោះទេ។—Mike Wittmer

តើព្រះយេស៊ូវបានជួយសង្គ្រោះអ្នកឲ្យរួចពីអ្វីខ្លះ? តើជីវិតអ្នកនឹងទៅជាយ៉ាងណា បើសិនជាគ្មានព្រះអង្គទេ? 
ឱព្រះវរបិតា ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលបានប្រទានតម្លៃមិនអាចកាត់ថ្លៃបាន ដល់ជីវិតដែលទូលបង្គំ មាននៅក្នុងព្រះអង្គ។ 
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អេសេគាល ២០-២១ និង យ៉ាកុប ៥
 

ល្ងាច

ក្តីសង្ឃឹមក្នុងការរង់ចាំ

ក្តីសង្ឃឹមក្នុងការរង់ចាំ

ដោយTom Felten

November 23, 2025

យេរេមា ២៥:៤-១១
ប៉ុន្តែព្រះយេហូវ៉ា ទ្រង់មានបន្ទូលថា “ឯងរាល់គ្នាមិនបានស្ដាប់តាមអញសោះ”។ យេរេមា ២៥:៧
អ្នកស្រីអាលីដា(Alida) បានធ្វើតេស្ដDNA កាលពីឆ្នាំ២០២០ ហើយក៏បានរកឃើញថា DNA របស់គាត់មានលក្ខណៈដូចគ្នាយ៉ាងខ្លាំងទៅនឹងDNA របស់បុរសម្នាក់ ដែលកំពុងរស់នៅឯនាយសមុទ្រ។ ក្រោយមក គាត់និងកូនស្រីគាត់បានរកឃើញអត្ថបទសារព័ត៌មាន ពីទសវត្សរ៍ឆ្នាំ១៩៥០ ដែលនាំឲ្យពួកគេធ្វើការសន្និដ្ឋានថា បុរសនោះ គឺជាលោកលូអ៊ីស(Luis) ដែលជាពូរបស់អ្នកស្រីអាលីដា ដែលបានបាត់ខ្លួនតាំងពីយូរមកហើយ! គេបានចាប់ជំរិតគាត់ក្នុងសួនច្បារក្នុងឆ្នាំ១៩៥១ កាលគាត់មានអាយុ៦ឆ្នាំ។ ការធ្វើតេស្ដDNA នៅពេល៧០ឆ្នាំក្រោយមក បន្ទាប់ពីការបាត់ខ្លួនរបស់លោកលូអ៊ីស ក៏បាននាំមកនូវការជួបជុំគ្នាដ៏សប្បាយរីករាយ ជាមួយសមាជិកគ្រួសារបង្កើតរបស់គាត់។ អ្នកស្រីអាលីដាក៏បាននិយាយថា “រឿងរបស់យើង ដែលគេបានផ្សព្វផ្សាយទៅនេះ អាចជួយគ្រួសារដទៃទៀត ... ខ្ញុំសូមលើកទឹកចិត្ត កុំបោះបង់ចោលការតស៊ូឡើយ”។
៧០ឆ្នាំគឺជារយៈពេលដែលវែងខ្លាំងណាស់ សម្រាប់ឲ្យយើងបន្តមានក្តីសង្ឃឹម។ ហោរាយេរេមា និងប្រជាជននៃនគរយូដា ប្រាកដជាមានការឈឺចិត្ត និងការភ័យខ្លាចយ៉ាងខ្លាំង នៅពេលដែលព្រះទ្រង់មានបន្ទូលថា ពួកគេនឹង “ត្រូវបំរើស្ដេចបាប៊ីឡូនអស់៧០ឆ្នាំ”(យេរេមា ២៥:១១)។ ប៉ុន្តែ ពួកគេមិនបានស្តាប់តាមព្រះអង្គ ហើយងាកចេញពីផ្លូវ និងការប្រព្រឹត្តទុច្ចរិត (ខ.៥) ដែលធ្វើឲ្យពួកគេក្លាយជាទីស្អប់ខ្ពើម និងខូចបង់(ខ.៩)។ ហោរាយេរេមាបានថ្កោលទោសពួកគេរាប់សិបដង ដោយសារពួកគេមិនបានស្តាប់តាមព្រះអង្គ។ ពួកគេអាចមានអារម្មណ៍ថា រយៈពេល៧០ឆ្នាំ ហាក់ដូចជារយៈពេលដ៏វែងគ្មានទីបញ្ចប់ ប៉ុន្តែ ព្រះអង្គគង់នៅជាមួយពួកគេ ហើយបានសន្យាថា រដូវកាលដ៏វេទនានឹងបញ្ចប់ នៅពេលណាមួយ(២៩:១០)។
ខណៈពេលដែលយើងប្រឈមមុខដាក់រដូវកាលដ៏ពិបាក ដែលហាក់ដូចជាចេះតែបន្តទៅមុខគ្មានទីបញ្ចប់ ចូរយើងចាំថា ខណៈពេលដែលយើងពិបាកទុកចិត្តព្រះ ព្រះអង្គបានសន្យាថា ព្រះអង្គនឹងគង់នៅជាមួយយើង ហើយស្រឡាញ់យើង(៣០:១១)។ ខណៈពេលដែលយើងស្តាប់តាមព្រះអង្គ ហើយរង់ចាំដោយចិត្តរំពឹង នោះយើងនឹងអាចរកឃើញក្តីសង្ឃឹម។—Tom Felten

តើធ្វើដូចម្តេចឲ្យយើងអាចស៊ូទ្រាំនឹងរដូវកាលដ៏ពិបាកក្នុងជីវិត? 
តើអ្នកអាចរកឃើញការកម្សាន្តចិត្ត ក្នុងព្រះបន្ទូលសន្យារបស់ព្រះអង្គ នៅកន្លែងណា? 
ឱព្រះនៃសេចក្តីស្រឡាញ់ សូមព្រះអង្គជួយទូលបង្គំឲ្យរកឃើញក្តីសង្ឃឹមក្នុងព្រះអង្គ។
Visit ODBU.org/CA211 to find out how you can find comfort in who God is and what He says He will do.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អេសេគាល ២២-២៣ និង ១ពេត្រុស ១

 

ល្ងាច

សំណួរ​អំពី​ទុក្ខ​លំបាក (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

សំណួរ​អំពី​ទុក្ខ​លំបាក (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

November 23, 2025

«នោះ​ដី​ត្រូវ​បណ្ដាសា​ដោយ​ព្រោះ​ឯង ឯង​ត្រូវ​រក​ស៊ី​ពី​ដី​ដោយ​នឿយ​ហត់​អស់១ជីវិត» (លោកុប្បត្ដិ ៣:១៧)។
គ្មាន​មនុស្ស​ណា​ដែល​មិន​ធ្លាប់​ឆ្លង​កាត់​ទុក្ខ​លំបាក​នោះ​ទេ។ ទោះ​បី​ជា​ទុក្ខ​លំបាក​នោះ​កើត​ឡើង​ដោយ​សារ​ការ​ស្លាប់​របស់​មនុស្ស​ជាទី​ស្រឡាញ់ ការ​ពិនិត្យ​សុខភាព​ដ៏​ឈឺចាប់ ជម្លោះ​នៅ​កន្លែង​ធ្វើការ ទំនាក់​ទំនង​ដែល​បាក់​បែក ឬ​អ្វី​ផ្សេង​ទៀត​ដែល​ស្រដៀង​នេះ​ក៏ដោយ ក៏​គ្មាន​មនុស្ស​ណា​ម្នាក់​ដែល​រួច​ផុត​ពី​ទុក្ខ​លំបាក​ដែរ។ ព្រះ​គម្ពីរ​ទាំង​មូល​មាន​ខ​គម្ពីរ​ជាច្រើន​និយាយ​អំពី​ទុក្ខ​លំបាក។
ក្នុង​ការ​រស់នៅ និង​ការ​អាន​ព្រះ​គម្ពីរ​របស់​យើង យើង​មើល​ឃើញ​កាន់​តែ​ច្បាស់​ដោយ​មិន​អាច​ប្រកែក​បាន​ថា ទុក្ខ​លំបាក​គឺ​ជា​ផ្នែក​មួយ​នៃ​ការ​រស់​នៅ​របស់​មនុស្ស។
ពេល​ណា​យើង​ទទួល​ស្គាល់​ការ​ពិត​នេះ សំណួរ​ពេញនិយម​បំផុត​ដែល​យើង​ច្រើន​តែ​សួរ​នោះ​គឺ «ហេតុអ្វី?» ហេតុអ្វី​មនុស្ស​រងទុក្ខ? ទស្សនវិជ្ជា និង​សាសនា​ទាំង​អស់​បាន​ព្យាយាម​ឆ្លើយ​តប​ចំពោះ​សំណួរ​នេះ ដោយ​និយាយ​ថា «ការ​ឈឺចាប់​គឺ​គ្រាន់តែ​ជា​ការ​ស្រមើ​ស្រមៃ»។ «គ្មាន​ព្រះ​ពិត​ទេ ការ​ឈឺ​ចាប់​គ្មានន័យ​អ្វី​ឡើយ»។ «ការ​ឈឺ​ចាប់​មិន​ស្ថិតនៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ព្រះ​ឡើយ»។ «ការ​ឈឺ​ចាប់​គឺ​ជា​ផល​វិបាក​នៃ​ទង្វើ​ពី​អតីត​កាល ក្នុង​ជាតិ​នេះ ឬ​ជាតិ​ក្រោយ»។ ចម្លើយ​ទាំង​អស់​នេះ មាន​ចំណុច​រួម​មួយ​ដែល​ដូច​គ្នា​នោះ​គឺ ពួក​វា​មិន​បាន​ផ្តល់​ឲ្យ​នូវ​ក្តី​សង្ឃឹម​សោះ​ឡើយ។ ប៉ុន្តែ ព្រះ​ទ្រង់​បាន​ផ្តល់​ឲ្យ​យើង​នូវ​ចម្លើយ​ល្អ​ជាង។
ព្រះ​អង្គ​អាច​បញ្ឈប់​សាតាំង​មិន​ឲ្យ​បោក​បញ្ឆោត ឬ​រារាំង​លោក អ័ដាម និង​នាង អេវ៉ា មិន​ឲ្យ​ចាញ់​បញ្ឆោត ឬ​ថែម​ទាំង​អាច​បញ្ឈប់​ទុក្ខ​លំបាក។ តែ​ផ្ទុយ​ទៅ​វិញ ព្រះ​អង្គ​បាន​សម្រេច​ព្រះ​ទ័យ​ប្រើ​ប្រាស់​ទុក្ខ​លំបាក ដើម្បី​បង្រៀន​បុរស​ស្ត្រី​ទាំងឡាយ​អំពី​អត្ថន័យ​នៃ​ការ​ស្រឡាញ់​ដោយ​ស្ម័គ្រចិត្ត និង​ការ​ស្តាប់​បង្គាប់​ពិត​ប្រាកដ ហើយ​ដើម្បី​ឲ្យ​ពួក​គេ​ដឹង​ថា ពួក​គេ​ត្រូវការ​ព្រះ​សង្គ្រោះ​មួយ​អង្គ។ 
សេរីភាព​របស់​យើង​ធ្វើឲ្យ​យើង​អាច​រៀនសូត្រ​មេរៀន​នេះ​បាន។ ព្រះ​ទ្រង់​មិន​បាន​បង្កើត​យើង​មក​ឲ្យ​រស់នៅ​ដូច​មនុស្ស​យន្ត​នោះ​ទេ។ ព្រះ​អង្គ​សព្វ​ព្រះទ័យ​ឲ្យ​យើង​បម្រើ​ព្រះ​អង្គ​ដោយ​សេរី និង​ដោយ​ក្តី​ស្រឡាញ់ មិនមែន​ដោយ​ការ​បង្ខំ ឬ​កាតព្វកិច្ច​នោះ​ទេ។ គួរ​ឲ្យ​ស្តាយ​ណាស់ នៅ​ក្នុង​សេរី​ភាព​នោះ មនុស្សជាតិ​បាន​ជ្រើស​រើស​យក​ជីវិត​ដែល​ដាច់​ចេញ​ពី​ព្រះ​អង្គ ហើយ​ទទួល​ផល​វិបាក​គួរ​ឲ្យ​ភ័យ​ខ្លាច។
ហើយ​ពេល​ណា​យើង​ធ្វើ​អំពើ​បាប យើង​បង្ហាញ​ឲ្យ​ឃើញ​ថា យើង​មិន​ខុស​ពី​បុព្វបុរស​ដំបូង​របស់​យើង​នោះ​ទេ។ ព្រះ​ទ្រង់​ជ្រាប​ថា បុរស និង​ស្ត្រី​ចាំបាច់​ត្រូវ​ប្រឈម​មុខ​ដាក់​សេចក្តី​ពិត​ដែល​ថា ការ​បះបោរ​ទាស់​នឹង​ព្រះ​អង្គ គឺ​ជា​ទង្វើ​ដ៏​ល្ងង់ខ្លៅ។ ហេតុ​នេះ​ហើយ ទ្រង់​បាន​បណ្ដេញ​ពួក​គេ​ចេញ​ពី​ដើម​ឈើ​ជីវិត​ក្នុង​សួន​ច្បា​អេដែន (លោកុប្បត្ដិ ៣:២២-២៤)។ ហេតុ​នេះ​ហើយ ពិភព​លោក​លែង​មាន​ដំណើរ​ការ ដូច​កាល​ពី​ដំបូង​ដែល​ព្រះ​អង្គ​បាន​បង្កើត​វា​មក ហើយ​រូបកាយ​យើង​ក៏​មិន​ដំណើរ​ការ​ដូច​មុន​ដែរ (ខ.១៦-១៩)។ យើង​ងាយ​វិល​ត្រឡប់​មក​រក​ព្រះ​អង្គ​វិញ ដោយ​ស្រេកឃ្លាន​សេចក្តី​ស្រឡាញ់​របស់​ព្រះ​អង្គ​ប្រៀប​ដូចជា​កូន​ដែល​បះបោរ ហើយ​ដឹង​អំពី​ភាព​ល្ងង់​ខ្មៅ​នៃ​ការ​សម្រេច​ចិត្ត​របស់​ខ្លួន​ឯង ហើយ​សម្រេច​ចិត្ត​វិល​ត្រឡប់​មក​ផ្ទះ​វិញ និង​ឲ្យ​តម្លៃ​គ្រួសារ​របស់​ខ្លួន​កាន់​តែ​ខ្លាំង។ ព្រះ​ទ្រង់​អនុញ្ញាត​ឲ្យ​អំពើ​បាប​ចូល​ក្នុង​លោកីយ៍​ជាមួយ​នឹង​ភាព​គួរ​ឲ្យ​ខ្លាច​របស់​វា ដើម្បី​ឲ្យ​យើង​អាច​ដឹង​អំពី​លទ្ធផល​នៃ​ការ​សម្រេច​ចិត្ត​របស់​យើង ហើយ​រៀន​ស្រឡាញ់​ព្រះ​អង្គ​កាន់​តែ​ខ្លាំង​ថែម​ទៀត ខណៈ​ពេល​ដែល​ព្រះ​អង្គ​បង្ហាញ​សម្រស់​នៃ​សេចក្តី​ល្អ​របស់​ព្រះ​អង្គ​ក្នុង​លោកីយ៍​ដែល​អាក្រក់។ 
លោក ស៊ី អេស លូវីស (C.S. Lewis) ធ្លាប់​បាន​មាន​ប្រសាសន៍​ដ៏​ល្បីល្បាញ​យ៉ាង​ដូច​នេះ​ថា «ព្រះ​ទ្រង់​ខ្សឹប​ដាក់​យើង ក្នុង​ពេល​ដែល​យើង​អរ​សប្បាយ ហើយ​មាន​បន្ទូល​ដោយ​សម្លេង​ធម្មតា​នៅ​ក្នុង​សម្បជញ្ញៈ​របស់​យើង តែ​ព្រះ​អង្គ​ស្រែក​ឮៗ​ក្នុង​ការ​ឈឺ​ចាប់​របស់​យើង។ ការ​ឈឺ​ចាប់​របស់​យើង គឺ​ជា​មេក្រូ​ដែល​ព្រះ​អង្គ​ប្រើ ដើម្បី​ដាស់​លោកីយ៍​ដែល​មាន​ត្រចៀក​ថ្លង់​ឲ្យ​ភ្ញាក់​ខ្លួន​ឡើង»។123 ព្រះ​អង្គ​មិន​មែន​ជា​អ្នក​បង្កើត​សេចក្តី​អាក្រក់​មក​ទេ តែ​ព្រះ​អង្គ​មាន​អំណាច​គ្រប់​គ្រង​មក​លើ​សេចក្តី​អាក្រក់។ ដូច​នេះ យើង​អាច​សង្ឃឹម​ថា ថ្ងៃ​មួយ ព្រះ​អង្គ​នឹង​បញ្ចប់​វត្តមាន​នៃ​សេចក្តី​អាក្រក់។ ក្នុង​ពេល​សព្វ​ថ្ងៃ ព្រះ​អង្គ​បាន​ប្ដេជ្ញា​ព្រះ​ទ័យ​ថា នឹង​ឲ្យ​អ្វី​បន្ត​ដំណើរ​ទៅ​មុខ​ទៀត​សិន ដើម្បី​តាម​រយៈ​ទុក្ខ​លំបាក​របស់​យើង យើង​អាច​តោង​ឲ្យ​ជាប់​ព្រះ​អង្គ​សង្គ្រោះ ដែល​ទ្រង់​ជា​អ្នក​បម្រើ​ដែល​បាន​រងទុក្ខ។ ចូរ​កុំ​បណ្តោយ​ឲ្យ​ការ​ខក​ចិត្ត​ក្នុង​ជីវិត​របស់​យើង​ក្នុង​លោកីយ៍​ដែល​មាន​បាប ទាញ​នាំ​យើង​ឲ្យ​ជឿ​ថា ព្រះ​មិន​គង់នៅ​ក្បែរ ឬ​មិន​ខ្វល់​ពី​យើង​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ ចូរ​អនុញ្ញាត​ឲ្យ​ទុក្ខ​លំបាក​នាំ​អ្នក​ទៅ​រក​ព្រះអង្គ​សង្គ្រោះ​ម្តង​ហើយ​ម្តង​ទៀត​ដែល​ទ្រង់​បាន​សន្យា​ថា ថ្ងៃ​មួយ​ព្រះ​អង្គ​នឹង​បញ្ចប់​ការ​អ្វី​ដែល​ខុស និង​បង្ហាញ​អ្វីៗ​ដែល​ត្រឹម​ត្រូវ​នៅ​ចំពោះ​មុខ​អ្នក​ក្នុង​ជីវិត​អស់​កល្ប​ជា​និច្ច។ 


ខ​គម្ពីរ​សញ្ជឹង​គិត៖ លូកា ១៥:១១-៣២
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល១ឆ្នាំ៖ ២របាក្សត្រ ៧-៩ និង​លូកា ៦:១-២៦
 

ប្រភេទ