ព្រឹក

មិនធ្វើការតែម្នាក់ឯង
ដោយMonica Larose
December 1, 2025
រ៉ូម ១២:៣-១៥
ខាងឯសេចក្ដីស្រឡាញ់ជាបងជាប្អូន នោះចូរមានចិត្តថ្នមគ្នាទៅវិញទៅមកចុះ។ រ៉ូម ១២:១០
នៅពេលដែលខ្ញុំបើកមើលកូនសៀវភៅណែនាំអំពីវិធីដំឡើងធ្នើរសៀវភៅ ខណៈពេលដែលមានបន្ទះក្តារ និងគ្រឿងខ្ចៅខ្ចងកំពុងគរលើគ្នា នៅលើកម្រាលឥដ្ឋនៅពីមុខខ្ញុំ ខ្ញុំក៏បានមើលរូបភាពណែនាំ អំពីអ្វីដែលខ្ញុំត្រូវធ្វើ និងអ្វីដែលខ្ញុំមិនត្រូវធ្វើ។ នៅក្នុងរូបនោះ ខ្ញុំឃើញសញ្ញាខ្វែងធំមួយ នៅខាងលើ និងមានការពិពណ៌នា អំពីមនុស្សម្នាក់កំពុងឈរមើលក្តារបន្ទះមួយគំនរ នៅពីមុខគាត់ ដោយមានទឹកមុខឆ្ងល់ គឺមិនខុសពីខ្ញុំ កាលពីរបីនាទីមុននោះទេ។ នៅទំព័រខាងស្តាំ គេបង្ហាញរូបភាពណែនាំ អំពីរបៀបតំឡើងធ្នើរសៀវភៅឲ្យបាន “ត្រឹមត្រូវ”។ តើមានអ្វីខុសរូបភាពមុន? គឺខុសត្រង់ថា នៅលើទំព័រនេះ មានរូបមនុស្សទីពីរ។ ឥឡូវនេះ រូបមនុស្សទាំងពីរនោះមានទឹកមុខញញឹម ខណៈពេលដែលពួកគេធ្វើការជាមួយគ្នា។
ដូចនេះ ខ្ញុំក៏បានហៅស្វាមីខ្ញុំឲ្យជួយខ្ញុំ។ ខ្ញុំក៏បានបង្ហាញរូបភាពនោះឲ្យគាត់មើល ដោយប្រាប់គាត់ថា សៀវភៅនោះបានណែនាំថា ខ្ញុំត្រូវការជំនួយរបស់គាត់។ គាត់ក៏បានអស់សំណើច ហើយយើងក៏បានតំឡើងធ្នើរសៀវភៅនោះជាមួយគ្នា។ ខ្ញុំអាចព្យាយាមរិះរកវិធីដំឡើងធ្នើរសៀវភៅតែម្នាក់ឯងក៏បាន តែសៀវភៅណែនាំបានបញ្ជាក់ថា ដំណើរការនៃការដំឡើងនោះ មិនមែនសម្រាប់ឲ្យធ្វើតែម្នាក់ឯងនោះទេ។
ក្នុងបទគម្ពីរ រ៉ូម ជំពូក១២ សាវ័កប៉ុលបានជំរុញអ្នកជឿថ្មី មិនឲ្យរស់នៅជាគ្រីស្ទបរិស័ទ តែម្នាក់ឯងនោះឡើយ។ ពួកគេមិនត្រូវគិតថា ខ្លួនមានលទ្ធភាពគ្រប់គ្រាន់ មិនត្រូវការជំនួយពីអ្នកដទៃ ហើយមិនត្រូវ “មានគំនិតខ្ពស់ លើសជាងគំនិត ដែលគួរគប្បីឲ្យគិតនោះឡើយ”(ខ.៣) តែផ្ទុយទៅវិញ ពួកគេចាំបាច់ត្រូវយល់ឃើញថា ពួកគេម្នាក់ៗគឺជាអវយវៈផ្សេងគ្នាក្នុងរូបកាយតែមួយ ដែលពឹងផ្អែកគ្នាទៅវិញទៅមក(ខ.៤៨)។ ដែលព្រះយេស៊ូវបានជួយយើងឲ្យដឹងអំពីរបៀបដែលយើងត្រូវមានការប្តូរផ្តាច់ចំពោះគ្នាទៅវិញទៅមក ដោយក្តីស្រឡាញ់ជាយ៉ាងណា(ខ.១០) នោះយើងក៏អាចរស់នៅជាមួយគ្នា ដោយភាពសុខដុមផងដែរ ហើយយើងមិនបំពេញតម្រូវការ មានទុក្ខសោក និងមានក្តីអំណរតែម្នាក់ឯងនោះឡើយ(ខ.១៣,១៥)។—Monica La Rose
ហេតុអ្វីអ្នកគិតឃើញថា យើងចេះតែចង់រស់នៅ ដោយមិនជួយយកអសារគ្នា? តើមានអ្វីជំរុញអ្នកឲ្យពឹងផ្អែកលើអ្នកដទៃ?
ឱព្រះអម្ចាស់ សូមព្រះអង្គជួយទូលបង្គំឲ្យពឹងផ្អែកលើព្រះវិញ្ញាណរបស់ព្រះអង្គ
ដែលបង្រួបបង្រួម និងដឹកនាំទូលបង្គំ ជារៀងរាល់ថ្ងៃ ឲ្យចេះរស់នៅដោយពឹងផ្អែកគ្នាទៅវិញទៅមក។
For further study, read The Family of God Invites Us to Re-learn Community at ODBM.org.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អេសេគាល ៤០-៤១ និង ២ពេត្រុស ៣
ល្ងាច

ព្រះបន្ទូលដែលមានតាំងពីដើមដំបូង (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
December 1, 2025
«កាលដើមដំបូងមានព្រះបន្ទូល ព្រះបន្ទូលក៏គង់នៅជាមួយនឹងព្រះ ហើយព្រះបន្ទូលនោះឯងជាព្រះ។
ទ្រង់គង់នៅជាមួយនឹងព្រះតាំងអំពីដើមមក» (យ៉ូហាន ១:១-២)។
យើងមិនដែលបានជួបព្រះយេស៊ូវដោយផ្ទាល់ទេ តែភាគច្រើនយើងអាចស្រមៃថា ព្រះអង្គមានភិនភាគដូចម្ដេចខ្លះ ដោយផ្អែកទៅលើការពណ៌នាបែបសិល្បៈអំពីព្រះអង្គ ជាជាងផ្អែកទៅលើវេទសាស្ត្រនៃព្រះគម្ពីរ។ ព្រះគម្ពីរមិនបានផ្តល់ឲ្យយើងនូវការពណ៌នាអំពីរូបសម្បត្តិរបស់ព្រះគ្រីស្ទឡើយ ក្រៅពីប្រាប់យើងថា ព្រះអង្គ «ក៏កាន់តែធំ ប្រកបដោយប្រាជ្ញារឹតតែច្រើនឡើង» (លូកា ២:៥២)។ ដូចនេះ យើងមិនគួរស្រមៃថា ព្រះអង្គមានសក់ពណ៌ទង់ដែង និងមានប្រស្រីភ្នែកពណ៌ខៀវ ដូចមនុស្សជាច្រើនបានពណ៌នាក្នុងវប្បធម៌អឺរ៉ុបនោះឡើយ។ ការស្រមៃឃើញដូចនេះ មិនគ្រាន់តែភ្លេចថា ព្រះអង្គគឺជាជនជាតិយូដានៅតំបន់មជ្ឈិមបូព៌ាប៉ុណ្ណោះទេ តែក៏បានរារាំងយើងមិនឲ្យយល់ និងអរសប្បាយនឹងការពណ៌នាដ៏អស្ចារ្យអំពីព្រះអង្គនៅក្នុងកណ្ឌគម្ពីរដំណឹងល្អយ៉ូហានផងដែរ។
កណ្ឌគម្ពីរយ៉ូហានបានប្រាប់យើងចាប់តាំងពីខដំបូងអំពីភាពអស់កល្បរបស់ព្រះគ្រីស្ទ ចរិតលក្ខណៈ និងភាពជាព្រះរបស់ព្រះអង្គ ដើម្បីឲ្យយើងបានដឹងថា ទោះយើងគិតថា ដើមដំបូងនៃពេលវេលាមានរយៈពេលយូរអង្វែងប៉ុណ្ណា ហើយទោះក្នុងគំនិតយើង យើងយល់ឃើញថា ពេលវេលាបានចាប់ផ្ដើមដូចម្ដេចក៏ដោយ ក៏យើងត្រូវដឹងថា ព្រះរាជបុត្រានៃព្រះមានវត្តមានស្រាប់ តាំងពីមុនពេលព្រះអង្គចាប់កំណើតជាមនុស្សមកម៉្លេះ។ គ្មានអ្វីបង្កើតព្រះអង្គទេ ព្រោះព្រះអង្គគឺជាព្រះអាទិករ។ ទារកតូចផ្ទំនៅក្នុងក្រោលសត្វ ក៏ជាអង្គបុគ្គលតែមួយ ដែលបានតម្រៀបផ្កាយឲ្យមាននៅលើមេឃ ដោយរាប់បញ្ចូលទាំងផ្កាយដែលបាននាំផ្លូវពួកអ្នកប្រាជ្ញពីទិសខាងកើតឲ្យមកថ្វាយបង្គំព្រះអង្គផងដែរ។
ក្នុងភាពអស់កល្បជានិច្ចរបស់ព្រះយេស៊ូវ ព្រះអង្គមានភាពខុសប្លែកពីព្រះវរបិតា និងព្រះវិញ្ញាណ មិនមែននៅក្នុងលក្ខណសម្បត្តិទេ តែនៅក្នុងអង្គបុគ្គល។ ព្រះអង្គ «គង់នៅជាមួយព្រះ» តែទ្រង់ «គឺជាព្រះ»។ ទោះស្តាប់មើលទៅ ហាក់ដូចជាពិបាកយល់ក៏ដោយ ក៏សាវ័ក យ៉ូហាន មិនបាននិពន្ធកណ្ឌគម្ពីរនេះមកក្នុងន័យអាថ៌កំបាំងនោះទេ។ គាត់កំពុងបង្ហាញឲ្យគេស្គាល់អង្គបុគ្គលដែលគាត់បានជួប ឃើញ ឮ និងប៉ះដោយផ្ទាល់។ គឺបានរៀបចំមកសម្រាប់ឲ្យអ្នកអានទាំងឡាយនិយាយជាមួយគាត់ថា «ដ្បិតព្រះដ៏ជាជីវិត ទ្រង់បានលេចមកហើយ យើងខ្ញុំបានឃើញទ្រង់» (១យ៉ូហាន ១:២) ព្រោះនោះជាព្រះចេស្ដារបស់ព្រះបន្ទូលដ៏រស់របស់ព្រះ។
នៅក្នុងការលើកឡើងនូវការពិតដែលថា ព្រះគ្រីស្ទមិនគ្រាន់តែគង់នៅជាមួយព្រះ តែទ្រង់ក៏ជាព្រះ គឺសាវ័ក យ៉ូហាន ចង់ឲ្យយើងអានកណ្ឌគម្ពីរដំណឹងល្អនេះទាំងមូល ដោយនឹកចាំអំពីភាពជាព្រះរបស់ព្រះយេស៊ូវ។ នៅពេលដែលយើងបើកទំព័រនីមួយៗ យើងអានព្រះបន្ទូលរបស់ព្រះយេស៊ូវ និងសង្កេតមើលកិច្ចការដែលទ្រង់ធ្វើ គឺយើងត្រូវដឹងថា អ្វីដែលព្រះអង្គមានបន្ទូល និងធ្វើ ក៏ជាអ្វីដែលព្រះទ្រង់មានបន្ទូល និងធ្វើផងដែរ។
បើព្រះយេស៊ូវទ្រង់គ្រាន់តែជាមនុស្សល្អ នោះអ្វីដែលមានចែងក្នុងកណ្ឌគម្ពីរយ៉ូហាន គឺជាការប្រមាថព្រះហើយ។ តែព្រះអង្គលើសពីមនុស្ស។ ព្រះអង្គ និងព្រះដែលបានបង្កើតរបស់សព្វសារពើ គឺជាព្រះតែមួយទេ តាំងពីដើមមករហូតដល់អស់កល្បជានិច្ច។ យើងចាំបាច់ត្រូវយល់ខគម្ពីរដំបូងរបស់កណ្ឌគម្ពីរយ៉ូហាន ដើម្បីយល់ច្បាស់ថា ព្រះយេស៊ូវជានរណា ដើម្បីឲ្យយើងអាច «ថ្វាយបង្គំព្រះអង្គ ឥតឈប់ឈរ ព្រមទាំងស្តាប់បង្គាប់ និងស្រឡាញ់ទ្រង់ដោយមិនស្ទាក់ស្ទើរ ហើយបម្រើទ្រង់ដោយមិនបែកអារម្មណ៍»។130
បើអ្នកពិបាកថ្វាយបង្គំ ស្តាប់បង្គាប់ ស្រឡាញ់ ឬបម្រើព្រះអម្ចាស់នៅថ្ងៃនេះ ចូរមើលទៅព្រះអង្គ។ ពេលណាយើងយល់កាន់តែច្បាស់ថា ព្រះបន្ទូលដែលបានផ្ទំក្នុងក្រោលសត្វ ក៏ជាព្រះបន្ទូលដែលគង់នៅជាមួយព្រះ និងជាព្រះតាំងពីដើមមក នោះយើងក៏កាន់តែងាយយល់ថា ភារកិច្ចរបស់យើងជាគ្រីស្ទបរិស័ទកំពុងតែប្រែជាក្តីអំណរ។
ព្រះគម្ពីរសញ្ជឹងគិត៖ យ៉ូហាន ១:១-១៨
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ២របាក្សត្រ ២៥-២៧ និងលូកា ៩:៣៧-៦២