នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ការឆ្លើយតប ដោយចិត្តអត់ធ្មត់

ការឆ្លើយតប ដោយចិត្តអត់ធ្មត់

ដោយTim Gustafson

December 2, 2025

សុភាសិត ១៥:១-៤,២៣-២៨
ឯអណ្ដាតដ៏លំហើយ នោះជាដើមឈើនៃជីវិត ។ សុភាសិត ១៥:៤
កាលពីក្មេង អ្នកកាសែតឈ្មោះ សាបាស្ទាន ជុងហ្គ័រ(Sebastian Junger) បានធ្វើដំណើរក្នុងទឹកដីសហរដ្ឋអាមេរិក ហើយក៏បានសរសេរអត្ថបទ ស្តីអំពីការធ្វើដំណើរនោះ។ ថ្ងៃមួយ ក្នុងទសវត្សរ៍ឆ្នាំ១៩៨០ គាត់បានចូលទៅក្នុងបន្ទប់ទឹកមួយ ក្នុងតំបន់ផ្លូរីដា ឃី ឃើញរូបគំនូរ និងអក្សរជាច្រើនដែលគេបានសរសេរដោយក្តីសម្អប់ នៅលើជញ្ជាំង។ ភាគច្រើននៃសំណេរទាំងនោះ គឺសំដៅទៅរកជនអន្តោប្រវេសន៍មកពីប្រទេសគុយបា។ ប៉ុន្តែ មានសារមួយនោះ ទំនងសរសេរដោយជនជាតិគុយបា មានភាពលេចធ្លោជាងគេ។ ក្នុងសារនោះគាត់ឃើញគេសរសេរថា “អរព្រះគុណព្រះអង្គ ដែលប្រជាជនផ្សេងទៀត ក្នុងប្រទេសនេះ បានស្វាគមន៍ខ្ញុំ កាលពីឆ្នាំ១៩៦២ ដោយភាពកក់ក្តៅ និងការយកចិត្តទុកដាក់”។ លោកជុងហ្គ័របានសង្កេតឃើញថា “គេបានឆ្លុះបញ្ចាំងអំពីរឿងអាក្រក់បំផុតរបស់ប្រទេសអាមេរិក នៅលើជញ្ជាំងបន្ទប់ទឹកនោះ តែគេក៏បានបង្ហាញរឿងដែលល្អបំផុតផងដែរ”។ 
តើយើងត្រូវមានការឆ្លើយតបដូចម្តេចខ្លះ ចំពោះសំណេរដ៏ពិសពុល ដែលយើងបានជួបប្រទះជាញឹកញាប់យ៉ាងខ្លាំង? កណ្ឌគម្ពីរសុភាសិតបានផ្តល់ឲ្យយើង នូវការប្រឹក្សាប្រកបដោយប្រាជ្ញា សម្រាប់បញ្ហានេះ។ ស្តេចសាឡូម៉ូនដែលបាននិពន្ធបទគម្ពីរភាគច្រើនក្នុងកណ្ឌគម្ពីរនេះ បានដាក់វង់ក្រចក ក្នុងជំពូក១៥ ដោយការឆ្លុះបញ្ចាំងស្រដៀងនេះផងដែរថា “អណ្ដាតរបស់មនុស្សប្រាជ្ញ រមែងធ្វើឲ្យចំណេះបានពីរោះស្ដាប់”(ខ.២) “តែមាត់មនុស្សអាក្រក់បង្ហូរចេញជាសេចក្ដីអាក្រក់វិញ”(ខ.២៨)។ ទោះជាយ៉ាងណាក៏ដោយ ជំពូកដដែលនេះបានចាប់ផ្តើមការបង្រៀន ដោយនិយាយអំពីថ្នាំបន្សាបសម្រាប់ថ្នាំពុលនោះថា “ពាក្យតបឆ្លើយដោយស្រទន់ នោះរមែងរំងាប់សេចក្ដីក្រោធទៅ”(ខ.១)។ ស្តេចសាឡូម៉ូនក៏បានកត់សំគាល់ផងដែរថា “អណ្ដាតដ៏លំហើយ នោះជាដើមឈើនៃជីវិត”(ខ.៤)។ ជានិច្ចជាកាល ការឆ្លើយតបដោយភាពអត់ធ្មត់គឺជាគន្លឹះ គឺដូចមានសេចក្តីចែងថា “ចិត្តរបស់មនុស្សសុចរិតរំពឹងគិតជាមុន ទើបឆ្លើយ”(ខ.២៨)។ 
តើព្រះទ្រង់អាចប្រើពាក្យសម្តីរបស់យើងដូចម្តេចខ្លះ នៅពេលដែលយើងទូលសូមព្រះអង្គជួយយើងថ្លឹងថ្លែងពាក្យសម្តី មុនពេលយើងនិយាយ ឬសរសេរពាក្យពេចន៍ដែលមានជាតិពិស ឬជាការវាយប្រហារ មកលើអ្នកដទៃ? ទាក់ទងនឹងសំណួរនេះ បទគម្ពីរសុភាសិតបានប្រាប់យើងថា “ពាក្យ១ម៉ាត់ដែលនឹងពោលត្រូវពេល នោះល្អណាស់ហ្ន៎”(ខ.២៣)។—Tim Gustafson

តើអ្នកមានប្រតិកម្មយ៉ាងណា នៅពេលដែលអ្នកមើលឃើញ ឬស្តាប់ឮពាក្យសម្តីដែលមានសេចក្តីសម្អប់? 
តើអ្នកនឹងឆ្លើយតបតាមរបៀបខុសពីពេលមុនដូចម្តេចខ្លះ នៅពេលដែលអ្នកប្រឈមមុខដាក់សេចក្តីសម្អប់ នៅថ្ងៃក្រោយ?
ឱព្រះវរបិតា ទូលបង្គំងាយនឹងប្រញាប់តបតទៅគេវិញ ដោយកំហឹង។ សូមព្រះអង្គដឹកនាំទូលបង្គំដោយព្រះវិញ្ញាណព្រះអង្គ 
ហើយជួយទូលបង្គំឲ្យថ្លឹងថ្លែងពាក្យសម្តីរបស់ទូលបង្គំប្រកបដោយប្រាជ្ញា មុននឹងឆ្លើយតបទៅគេវិញ។ 
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អេសេគាល ៤២-៤៤ និង ១យ៉ូហាន ១
 

ល្ងាច

ស្គាល់​ព្រះ​អាទិករ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ស្គាល់​ព្រះ​អាទិករ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

December 2, 2025

«ឯ​ពន្លឺ​ដ៏​ពិត នោះ​គឺ​ជា​ពន្លឺ​ដែល​បំភ្លឺ​ដល់​មនុស្ស​ទាំង​អស់ ដែល​កើត​មក​ក្នុង​លោកីយ៍។ ទ្រង់​បាន​គង់​ក្នុង​លោកីយ៍ ហើយ​លោកីយ៍​ក៏​កើត​មក​ដោយ​សារ​ទ្រង់ តែ​មិន​ស្គាល់​ទ្រង់​ទេ» (យ៉ូហាន ១:៩-១០)។
កណ្ឌ​គម្ពីរ​ដំណឹង​ល្អ​នីមួយៗ បាន​ពណ៌នា​ជា​លម្អិត​អំពី​ព្រះ​ជន្ម​របស់​ព្រះ​យេស៊ូវ​តាម​របៀប​ផ្សេង​គ្នា តែ​ក្នុង​គោល​បំណង​ដូច​គ្នា គឺ​ដូច​ដែល​សាវ័ក យ៉ូហាន បាន​មាន​ប្រសាសន៍​ថា ព្រះ​គម្ពីរ «បាន​ចែង​ទុក​តែ​ប៉ុណ្ណេះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ជឿ​ថា ព្រះ​យេស៊ូវ​ជា​ព្រះ​គ្រីស្ទ គឺ​ជា​ព្រះ​រាជបុត្រា​នៃ​ព្រះ​ពិត ហើយ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ជីវិត ដោយ​សារ​ព្រះ​នាម​ទ្រង់ ដោយ​មាន​សេចក្ដី​ជំនឿ» (យ៉ូហាន ២០:៣១)។ គាត់​បាន​សរសេរ​ដូច​នេះ នៅ​ជិត​ចុង​បញ្ចប់​នៃ​កណ្ឌ​គម្ពីរ​ដំណឹង​ល្អ​របស់​គាត់ ក្នុង​គោល​បំណង​ដើម្បី​ក្រើន​រំឭក​អ្នក​អាន​នៅ​សម័យ​ដើម​ថា ព្រះ​ទ្រង់​បាន​ប្រើ​ព្រះ​បន្ទូល ដើម្បី​តាម​រក​រាស្ត្រ​ទ្រង់ ដោយ​ព្រះ​គុណ​ទ្រង់ ដើម្បី​ឲ្យ​យើង​អាច​ស្គាល់ និង​ស្រឡាញ់​ព្រះ​អង្គ។ 
ព្រះ​យេស៊ូវ​គឺ​ជា​ព្រះ​ដែល​បាន​បង្កើត​លោកីយ៍​នេះ ហើយ​ទ្រង់​បាន​យាង​ចូល​លោកីយ៍ តែ​លោកីយ៍​មិន​ស្គាល់​ទ្រង់​ទេ។ ព្រះ​អង្គ​យាង​ចុះ​ពី​ស្ថាន​សួគ៌​មក​ដោយ​យក​កំណើត​ជា​មនុស្ស ទ្រង់​បាន​ដើរ​តាម​ផ្លូវ​នៅ​ទីក្រុង និង​ស្រុក​ភូមិ ហើយ​ក៏​មាន​ព្រះ​ជន្ម​គង់​នៅ​ក្នុង​ចំណោម​យើង ដើម្បី​ឲ្យ​យើង​អាច​រស់​នៅ​ជា​មួយ​ព្រះ​អង្គ​ក្នុង​ពន្លឺ ជា​ជាង​រស់​នៅ​ក្នុង​ភាព​ងងឹត​អស់​កល្ប​ជានិច្ច។ ប៉ុន្តែ សព្វ​ថ្ងៃ​នេះ ក៏​មិន​ខុស​ពី​កាល​ពី ២០០០ឆ្នាំ​មុន​ដែរ មាន​មនុស្ស​ជា​ច្រើន​មិន​យល់​អំពី​ទំហំ​នៃ​អំណោយ​ទាន​នៃ​ជីវិត ក្នុង​លោកីយ៍​នេះ ដែល​ព្រះគ្រីស្ទ​បាន​ប្រទាន​ដល់​យើង បាន​ជា​ពួក​គេ​បដិសេធ​អំណោយ​នៃ​ជីវិត​អស់​កល្ប​ដែល​ព្រះ​គ្រីស្ទ​បាន​ប្រសូត​មក​ដើម្បី​ប្រទាន​ដល់​យើង ព្រោះ​ពួក​គេ​មិន​ស្គាល់​ព្រះ​អង្គ។ 
ក្នុង​កណ្ឌ​គម្ពីរ​រ៉ូម​ដែល​សាវ័ក ប៉ុល បាន​បង្រៀន​ថា «ដ្បិត​អ្វីៗ​របស់​ទ្រង់ ដែល​រក​មើល​មិន​ឃើញ តាំងពី​កំណើត​លោកីយ៍​មក ទោះ​ទាំង​ព្រះ​ចេស្ដា​ដ៏​នៅ​អស់​កល្ប​ជានិច្ច នឹង​និស្ស័យ​ជា​ព្រះ​របស់​ទ្រង់ នោះ​ឃើញ​ច្បាស់​វិញ ដោយ​ពិចារណា​យល់​របស់​ទាំង​ប៉ុន្មាន ដែល​ទ្រង់​បាន​បង្កើត​មក»។ ម្យ៉ាង​ទៀត ដោយ​សារ​ព្រះ​គុណ​របស់​ព្រះ​ដែល​បាន​ប្រទាន​ដល់​មនុស្ស​ទាំង​អស់ ស្នា​ព្រះ​ហស្ត​របស់​ទ្រង់​បាន​បង្ហាញ​ភស្តុតាង​គ្រប់​គ្រាន់​ល្មម​នឹង​នាំ​យើង​ទៅដល់​ចំណុច ដែល​យើង​ជឿ​ព្រះ។ ហេតុ​នេះ​ហើយ មនុស្ស​ទាំង​ប្រុស​ស្រី មិន​អាច​ដោះសា​បាន​ទេ (រ៉ូម ១:២០)។ ទោះជា​យ៉ាង​ណា​ក៏​ដោយ សូម្បី​តែ​ក្នុង​បរិបទ​នេះ សាវ័ក ប៉ុល បាន​បន្ត​និយាយ​ថា ទោះ​បុរស និង​ស្ត្រី​ទាំង​ឡាយ «បាន​ស្គាល់​ព្រះ នោះ​គេ​មិន​បាន​តម្កើង​ទ្រង់ ទុក​ជា​ព្រះ​ទេ ក៏​មិន​ដឹង​គុណ​ទ្រង់​ដែរ គេ​កើត​មាន​គំនិត​ឥត​ប្រយោជន៍​វិញ ហើយ​ចិត្ត​គេ ដែល​ឥត​យោបល់ ក៏​បាន​ត្រឡប់​ជា​ងងឹត​ទៅ» (រ៉ូម ១:២១)។ ពួក​គេ​ដឹង​ថា ព្រះ​ពិត​ជា​មាន​មែន តែ​ពួក​គេ​បាន​គ្រប​សង្កត់​ការ​យល់​ដឹង​នេះ ទាំង​បដិសេធ​មិន​ទទួល​ស្គាល់​ទ្រង់​ជា​ព្រះ​អម្ចាស់ និង​ព្រះ​អង្គ​សង្គ្រោះ។
នេះ​គឺ​ជា​ការ​ដាស់​តឿន​ចំពោះ​យើង​រាល់​គ្នា។ បើ​យើង​មិន​អើពើ​ចំពោះ​ការ​ថ្វាយ​ព្រះ​កិត្តិនាម និង​ការ​សរសើរ​ដល់​ព្រះ តាម​ដែល​សម​គួរ គឺ​យើង​អាច​នឹង​ភ្លេច​របៀប​ដែល​ព្រះ​អង្គ​តាម​រក​យើង សូម្បី​ក្នុង​ពេល​សព្វ​ថ្ងៃ។ 
ព្រះ​បន្ទូល សេចក្តី​ពិត និង​រឿង​ដែល​និយាយ​អំពី​ព្រះ​យេស៊ូវ មាន​វត្ត​មាន​នៅ​ក្នុង​សង្គម​លោក​ខាង​លិច​រាប់​រយ​ឆ្នាំ​មក​ហើយ តែ​ជា​ញឹក​ញាប់ មនុស្ស​បាន​រស់​នៅ​ពី​មួយ​សប្ដាហ៍​ទៅ​មួយ​សប្ដាហ៍​ទៀត ដោយ​មិន​បាន​ទទួល​ស្គាល់​ថា ព្រះ​យេស៊ូវ​ជា​នរណា។ ក្រៅ​ពី​ការ​ទៅ​ព្រះ​វិហារ​នៅ​ថ្ងៃ​អា​ទិត្យ ឬ​ការ​ចំណាយ​ពេល​ស្ងាត់​ស្ងៀម​ប្រចាំ​ថ្ងៃ អ្នក​ជឿ​ព្រះ​មិន​អាច​ជៀស​ផុត​ពី​ការ​រស់​នៅ​ដែល​មិន​មាន​ការ​ទទួល​ស្គាល់ និង​មិន​មាន​ទំនាក់​ទំនង​ជា​មួយ​ព្រះ​យេស៊ូវ ជា​ព្រះ​អម្ចាស់ និង​ព្រះ​អង្គ​សង្គ្រោះ​ឡើយ។ សូម​យើង​ស្រមៃ​អំពី​ភាព​ខុស​ប្លែក​ដែល​អាច​កើត​មាន បើ​សិន​ជា​យើង​រស់​នៅ ដោយ​នឹក​ចាំ​ជានិច្ច​នូវ​សេចក្តី​ពិត​ដែល​ថា ព្រះ​អង្គ​គឺ​ជា​ពន្លឺ និង​ជា​ជីវិត​ថ្មី​នៅ​ក្នុង​យើង ព្រះ​អង្គ​បើក​ផ្លូវ​ឲ្យ​យើង​អាច​រស់​នៅ​ជា​មួយ​ព្រះ​អង្គ​អស់​កល្ប​ជានិច្ច ព្រះ​អង្គ​ជា​ព្រះ​អម្ចាស់​ដ៏​ធំ​ប្រសើរ និង​ព្រះ​សង្គ្រោះ​ដ៏​សុភាព ហើយ​ព្រះ​អង្គ​ពិត​ជា​ស័ក្តិសម​នឹង​ឲ្យ​គេ​ស្គាល់។ 


ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ ១កូរិនថូស ១:១៨-៣១
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ ២របាក្សត្រ ២៨-២៩ និង​លូកា ១០:១-២៤

ប្រភេទ