នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ការលូតលាស់តាមរយៈការឈឺចាប់

ការលូតលាស់តាមរយៈការឈឺចាប់

ដោយMarvin Williams

December 3, 2025

ទំនុកដំកើង ១១៩:៦៥-៧២
ការដែលទូលបង្គំកើតមានទុក្ខព្រួយ នោះគឺជាប្រយោជន៍ដល់ទូលបង្គំហើយ ដើម្បីឲ្យទូលបង្គំបានរៀនយកបញ្ញត្តរបស់ទ្រង់។ ទំនុកដំកើង ១១៩:៧១
ខួរក្បាលមនុស្សមានទំហំតូចទេ តែភាពតានតឹងក្នុងចិត្ត អាចធ្វើឲ្យវាកាន់តែរួមតូច។ ការស្រាវជ្រាវកាលពីពេលថ្មីៗនេះ បានបង្ហាញថា ភាពតានតឹងដែលមានការកើតឡើងខ្លាំង អាចធ្វើឲ្យផ្នែកខាងមុខរបស់ខួរក្បាលមានការរួមតូច គឺផ្នែកដែលមានតួនាទីគ្រប់គ្រងអារម្មណ៍ សភាវគតិ និងការទំនាក់ទំនងក្នុងសង្គម។ ការរួមតូចនេះមានការជាប់ទាក់ទងនឹងការថប់បារម្ភ និងការធ្លាក់ទឹកចិត្ត គឺបានបង្ហាញអំពីផលវិបាក ដែលអាចបណ្តាលមកពីភាពតានតឹងរយៈពេលវែង។ ប៉ុន្តែ ខួរក្បាលមានការសម្របខ្លួន ដែលមានការជួសជុលខ្លួនឯង តាមរយៈការហាត់ប្រាណ ការចំណាយពេលស្ងាត់ស្ងៀម និងការមានទំនាក់ទំនងល្អ។ 
ក្នុងបទគម្ពីរទំនុកដំកើង ជំពូក១១៩ អ្នកនិពន្ធនៃបទគម្ពីរនេះបានយល់អំពីដំណើរការនៃការលូតលាស់ និងការប្រោសឲ្យជានេះ បន្ទាប់ពីគាត់ប្រឈមមុខដាក់ភាពតានតឹង និងទុក្ខលំបាកក្នុងជីវិត បានជាគាត់ពោលថា “ការដែលទូលបង្គំកើតមានទុក្ខព្រួយ នោះគឺជាប្រយោជន៍ដល់ទូលបង្គំហើយ ដើម្បីឲ្យទូលបង្គំបានរៀនយកបញ្ញត្តរបស់ទ្រង់”(ខ.៧១)។ ទុក្ខលំបាកមានការឈឺចាប់ តែបានធ្វើជាគ្រូបង្រៀនរបស់គាត់ ដោយនាំគាត់ឲ្យជ្រើសរើសយកការស្តាប់បង្គាប់តាមព្រះបន្ទូលព្រះអង្គ ជាជាង “វង្វេង” ចេញពីព្រះអង្គ(ខ.៦៧)។ គាត់ក៏បានបង្ហាញការដឹងគុណចំពោះព្រះអង្គ សម្រាប់ថ្នាំដែលល្វីង និងសេចក្តីល្អរបស់ព្រះអង្គ(ខ.៦៨)។ គាត់ដឹងថា ទុក្ខលំបាក និងការឈឺចាប់អាចធ្វើឲ្យគាត់អន់ថយ តែគាត់បានទុកចិត្តថា ព្រះទ្រង់នឹងប្រើបញ្ហាទាំងនោះ ដើម្បីសម្អាតគាត់ឲ្យបរិសុទ្ធ និងស្អាងគាត់ឡើងវិញ(ខ.៦៦)។ 
វិញ្ញាណរបស់យើងក៏អាចរួញយឺត មិនខុសពីខួរក្បាលយើងទេ។ ព្រះទ្រង់ប្រើការរួញយឺតនេះ ដើម្បីបណ្តាលឲ្យមានការលូតលាស់ និងការចាប់ផ្តើមជាថ្មី។ តាមរយៈការអានព្រះគម្ពីរប៊ីប ការអធិស្ឋាន និងការផ្លាស់ប្តូរការគិតតាមរយៈព្រះវិញ្ញាណ ព្រះអង្គអាចកែប្រែផលវិបាកនៃទុក្ខលំបាក ឲ្យមានប្រយោជន៍សម្រាប់យើង។ ព្រះអង្គអាចប្រើការឈឺចាប់ ដើម្បីជួយយើងឲ្យលូតលាស់ខាងវិញ្ញាណ ដោយកែប្រែការឈឺចាប់ ទៅជាមានគោលបំណង។—Marvin Williams

តើព្រះទ្រង់បានជួយអ្នកឲ្យចម្រើនឡើង ក្នុងជំនឿតាមរយៈទុក្ខលំបាកដូចម្តេចខ្លះ? តើអ្នកចង់អរព្រះគុណព្រះអង្គយ៉ាងណាខ្លះ? 
ព្រះដ៏មានព្រះជន្មរស់ ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលបានបង្រៀនទូលបង្គំ តាមរយៈទុក្ខលំបាក។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អេសេគាល ៤៥-៤៦ និង ១យ៉ូហាន ២
 

ល្ងាច

កុំ​ដណ្ដើម​តួនាទី​របស់​ព្រះ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

កុំ​ដណ្ដើម​តួនាទី​របស់​ព្រះ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

December 3, 2025

«ទ្រង់​បាន​យាង​មក​គង់​នៅ​ផែនដី​របស់​ទ្រង់ តែ​រាស្ត្រ​ទ្រង់​មិន​បាន​ទទួល​ទ្រង់​សោះ» (យ៉ូហាន ១:១១)។
តារា​សម្ដែង​ជា​ច្រើន​គិត​ថា ពួក​គេ​មាន​ភាព​ស័ក្ដិសម ក្នុង​ការ​សម្ដែង​តួ​ជា​លោក ហាមលែត (Hamlet)។ ប៉ុន្តែ ក្នុង​ករណី​ជា​ច្រើន ពួក​គេ​មិន​មាន​ភាព​ស័ក្ដិសម​ទេ។ ពួក​គេ​មិន​មាន​សមត្ថភាព និង​បទ​ពិសោធន៍ ដើម្បី​សម្ដែង​នោះ​ទេ ប៉ុន្តែ បញ្ហា​នេះ​មិន​បាន​រា​រាំង​ពួក​គេ​មិន​ព្យាយាម​ឡើយ។
ស្រដៀង​គ្នា​នេះ​ដែរ នៅ​ពេល​ខ្លះ បុរស​ស្ត្រី​ទាំង​អស់​សុទ្ធ​តែ​ជួប​ការ​ល្បួង​ឲ្យ​ចង់​ប្រឆាំង​អំណាច ដែល​ព្រះ​ទ្រង់​មាន​មក​លើ​ជីវិត​ពួក​គេ ដោយ​ជឿ​តាម​សេចក្ដី​បង្រៀន​ខុស​ឆ្គង​ថា ពួក​គេ​អាច​ដើរ​តួ​ជំនួស​ព្រះ​អង្គ​បាន ដែល​តាម​ពិត​ទៅ មាន​តែ​ព្រះ​អង្គ​ប៉ុណ្ណោះ​ដែល​ស័ក្តិ​សមនឹង​តួនាទី​នោះ។ យើង​ច្រើន​តែ​ខក​ខាន​មិន​បាន​ទុក​ចិត្ត​ព្រះ​ហស្ត​របស់​ព្រះ​អង្គ ក្នុង​កាលៈទេសៈ​របស់​យើង។ ផ្ទុយ​ទៅ​វិញ យើង​ចោទ​សួរ​អំពី​បំណង​ព្រះ​ទ័យ​របស់​ព្រះ​អង្គ។ យើង​ព្យាយាម​លួច​ផ្នែក​ដែល​មានតែ​ព្រះ​អាទិករ​ដែល​ស័ក្ដិសម​នឹង​ផ្នែក​នោះ។ ការ​ប្រឆាំង​អំណាច​របស់​ព្រះ មិន​មែន​មាន​តែ​ក្នុង​សម័យ​យើង​ទេ។ កាល​ព្រះ​យេស៊ូវ​យាង​ចុះ​មក​ផែនដី ដើម្បី​សម្រេច​បទ​ទំនាយ​ពី​គ្រា​សញ្ញា​ចាស់ រាស្ត្រ​របស់​ព្រះ​អង្គ​មិន​បាន​ស្វាគមន៍​ព្រះ​អង្គ នៅ​ក្នុង​ពេល​ព្រះ​អង្គ​បំពេញ​ព្រះ​រាជ​កិច្ច​ទាំង​មូល​ឡើយ។ ពួក​អ៊ីស្រាអែល​បាន​ទន្ទឹង​រង់​ចាំ​ព្រះ​មេស្ស៊ី តែ​នៅ​ពេល​ដែល​ព្រះ​អង្គ​យាង​មក​ដល់ ពួក​គេ​បាន​ចោទ​សួរ​អំពី​អំណាច​របស់​ព្រះ​អង្គ ហើយ​បដិសេធ​អត្ត​សញ្ញាណ​របស់​ព្រះ​អង្គ។ ពួក​គេ​ស្គាល់​បទ​ទំនាយ​ទាំង​នោះ តែ​ពួក​គេ​នៅ​តែ​ខ្វាក់​មើល​មិន​ឃើញ​ព្រះ​អង្គ​សម្រេច​បទ​ទំនាយ​នោះ។
រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ មុន​ពេល​ព្រះ​អង្គ​ត្រូវ​បាន​អ្នក​ដឹក​នាំ​សាសនា​យូដា ក៏​ដូច​ជា​អ្នក​ដឹក​នាំ​សាសន៍​ដទៃ​ធ្វើ​គុត ព្រះ​អង្គ​បាន​មាន​បន្ទូល​ជា​ពាក្យ​ប្រៀប​ប្រដូច​អំពី​អ្នក​ជួល​ចំការ​ចិត្ត​អាក្រក់ ដែល​បាន​បដិសេធ​មិន​ទទួល​ស្គាល់​ម្ចាស់​ចំការ ហើយ​បាន​សម្លាប់​កូន​ប្រុស​គាត់។ ដោយ​ព្រះ​គុណ និង​ព្រះ​ទ័យ​ក្លាហាន ព្រះ​អម្ចាស់​បាន​ចង្អុល​បង្ហាញ​អំពី​ភាព​ងងឹត​ងងល់​របស់​ស​ម្ដេច​សង្ឃ ពួក​គ្រូ​ក្រឹត្យ​វិន័យ និង​ពួក​ចាស់​ទុំ ដែល​កំពុង​ទាមទារ​ឲ្យ​ព្រះ​អង្គ​បង្ហាញ​សិទ្ធិ​អំណាច​ក្នុង​ការ​ធ្វើ​កិច្ចការ​ទាំង​អស់​នោះ (ម៉ាកុស ១២:១-១២)។ ពួក​គេ​ដឹង​ថា ព្រះ​យេស៊ូវ​កំពុង​ប្រាប់​ថា ព្រះ​អង្គ​គឺ​ជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ។ ប៉ុន្តែ ពួក​គេ​ចង់​ចាប់​ព្រះ​កាយ​របស់​ព្រះ​អង្គ​ភ្លាមៗ បន្ទាប់​ពី​ពួក​គេ​បាន​ទទួល​ការ​ដាស់​តឿន​ពី​ព្រះ​យេស៊ូវ​ថា ពួក​គេ​កំពុង​ប្រព្រឹត្ត​ដូច​អ្នក​ជួល​ចំការ​ដែល​បាន​សម្លាប់​កូន​ប្រុស​របស់​ម្ចាស់​ចំការ (ក្នុង​ន័យ​ធៀប​ដ៏​សោក​សៅ)។
យើង​ចង់​តែ​គិត​ថា «អ្នក​ដឹក​នាំ​សាសនា​ទាំង​នោះ​ពិត​ជា​មាន​អំនួត​ណាស់ ដែល​ពួក​គេ​ហ៊ាន​ប្រឈម​មុខ​ដាក់​ក្សត្រ​នៃ​ចក្រ​វាល ហើយ​ប្រឆាំង​នឹង​អំណាច​របស់​ព្រះ​អង្គ!» ប៉ុន្តែ កាល​ពី​មុន យើង​ម្នាក់ៗ​មិន​ខុស​ពី​ពួក​គេ​ទេ។ ក្នុង​និស្ស័យ​ខាង​ឯ​បាប​របស់​យើង យើង​មិន​ចង់​ទទួល​ជឿ​ព្រះ​រាជ​បុត្រា​ដែល​ព្រះ​បាន​ចាត់​មក​ឡើយ។ យើង​ចង់តែ​រស់​នៅ​ក្នុង​ភាព​ងងឹត។ តាម​ពិត យើង​ស្រឡាញ់​ភាព​ងងឹត​ណាស់! សាវ័ក យ៉ូហាន បាន​និយាយ​ច្បាស់​អំពី​រឿង​នេះ នៅ​ពេល​ដែល​គាត់​លើក​ឡើង​ថា ពន្លឺ​បាន​មក​ក្នុង​លោកីយ៍ តែ​មនុស្ស​លោក​ចូល​ចិត្ត​នឹង​សេចក្ដី​ងងឹត​ជា​ជាង​ពន្លឺ ពីព្រោះ​អំពើ​ដែលគេ​ធ្វើ​ទាំង​ប៉ុន្មាន សុទ្ធ​តែ​អាក្រក់ (យ៉ូហាន ៣:១៩)។ តាម​និស្ស័យ​សាច់​ឈាម​របស់​មនុស្ស ពួក​គេ​មិន​អង្គុយ​រង់​ចាំ​ពន្លឺ​នៃ​ដំណឹង​ល្អ ចូល​ក្នុង​ចិត្ត​របស់​ពួក​គេ​ទេ។ តែ​ដោយ​សារ​ព្រះ​គុណ​របស់​ព្រះ ព្រះ​អង្គ​បាន​បើក​ភ្នែក​ខ្វាក់​ឲ្យ​មើល​ឃើញ​អត្តសញ្ញាណ​របស់​ព្រះ​រាជ​បុត្រា​របស់​ព្រះ​អង្គ ដើម្បី​ឲ្យ​ពួក​គេ​ជឿ និង​ថ្វាយ​បង្គំ​ព្រះ​អង្គ។ 
ហេតុ​នេះ​ហើយ ព្រះ​គម្ពីរ​តែង​តែ​ប្រើ​ពាក្យ «ថ្ងៃ​នេះ»។ គ្មាន​ថ្ងៃ​ណា​ដែល​ល្អ​ជាង​ថ្ងៃ​នេះ​ទេ សម្រាប់​ឲ្យ​យើង​រស់​នៅ​ថ្វាយ​ព្រះ​គ្រីស្ទ។ សូម្បី​តែ​ក្នុង​នាម​យើង​ជា​អ្នក​ជឿ ក៏​ព្រះ​អង្គ​បាន​ត្រាស់​ហៅ​យើង​ឲ្យ​ប្រែ​ចិត្ត និង​ស្អាង​ឡើង​វិញ ក្នុង​ការ​ដើរ​ជា​មួយ​ព្រះ​អម្ចាស់ ជា​ជាង​សម្រេច​ចិត្ត​ដើរ​តួ​ជា​ព្រះ​ក្នុង​ជីវិត​ខ្លួន​ឯង។ សេចក្តី​សប្បុរស​របស់​ព្រះ​អង្គ​នឹង​ដឹក​នាំ​យើង​ទៅ​រក​សេចក្តី​បរិសុទ្ធ ខណៈ​ពេល​ដែល​ចិត្ត​របស់​យើង​កាន់​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​អំពើ​បាប ហើយ​យើង​ដក​ពិសោធន៍​ជា​មួយ​នឹង​ព្រះ​ទ័យ​អត់​ធ្មត់​ដែល​ព្រះ​អង្គ​មាន​ចំពោះ​យើង។ ហើយ​ពេល​ណា​អ្នក​រស់​នៅ ដោយ​មាន​ព្រះ​ស្ថិត​នៅ​ចំណុច​កណ្ដាល​នៃ​ជីវិត​អ្នក ដោយ​ព្រះ​អង្គ​បំពេញ​តួនាទី​ដែល​មាន​តែ​ព្រះ​អង្គ​ទេ​អាច​ធ្វើ​បាន អ្នក​នឹង​អាច​បំពេញ​តួនាទី​ដែល​ព្រះ​អង្គ​ប្រទាន​មក​អ្នក ដោយ​អំណរ និង​ទំនុក​ចិត្ត ដើម្បី​ឲ្យ​អ្នក​រស់​នៅ​ក្នុង​ជីវិត ដែល​ព្រះ​អង្គ​បាន​ប្រទាន និង​ដើម្បី​សម្រេច​គោល​បំណង ដែល​ព្រះ​អង្គ​បាន​ត្រាស់​ហៅ​អ្នក​ឲ្យ​បំពេញ នៅ​ក្នុង «ការ​ដើរ​តួ» ជា​ជីវិត​ដែល​រស់​នៅ​ដោយ​អរ​សប្បាយ ស្គាល់ និង​បម្រើ​ព្រះ​អង្គ។


ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ ម៉ាកុស ១២:១-១២
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ ២របាក្សត្រ ៣០-៣១ និង​លូកា ១០:២៥-៤២

ប្រភេទ