នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ជឿលើសពីការមើលឃើញ

ជឿលើសពីការមើលឃើញ

ដោយWinn Collier

December 4, 2025

ហេព្រើរ ១១:១-៤
រីឯសេចក្ដីជំនឿ នោះគឺជាចិត្តដែលដឹងជាក់ថានឹងបានដូចសង្ឃឹម ជាសំគាល់ពីការដែលមើលមិនឃើញ។ ហេព្រើរ ១១:‌១១
កាលពីចុងសតវត្សរ៍ទី១៩ មានមនុស្សតិចណាស់ ដែលអាចចូលទៅដល់ព្រៃដែលមានដើមឈើយក្ស ក្នុងសហរដ្ឋអាមេរិក ហើយមនុស្សជាច្រើនមិនជឿព័ត៌មាន ដែលបានផ្សព្វផ្សាយថា មានដើមឈើធំៗសម្បើម ដែលបានដុះនៅទីនោះទេ។ ទោះជាយ៉ាងណាក៏ដោយ នៅឆ្នាំ១៨៩២ មានអ្នកកាប់ឈើបួននាក់បានធ្វើដំណើរ ចូលទៅក្នុងព្រៃនោះ ក្នុងរដ្ឋកាលីហ្វូញ៉ា ហើយបានកាប់ដើមឈើយក្សមួយដើម ដោយចំណាយពេល១៣ថ្ងៃ។ គេបានដាក់ឈ្មោះឲ្យដើមឈើមួយដើមនោះថា ម៉ាក ថ្វេន(Mark Twain)។ វាមានអាយុ១៣៤១ឆ្នាំ មានកម្ពស់៩០ម៉ែត្រ និងវង់ជុំវិញប្រវែង១៥ម៉ែត្រ។ អ្នកសង្កេតម្នាក់បានពិពណ៌នាថា ដើមឈើមួយដើមនោះ មានទំហំធំសម្បើម ស្ថិតក្នុងចំណោមដើមឈើល្អជាងគេ ក្នុងព្រៃនោះ។ គេក៏បានកាត់យកកំណាត់ឈើ ដែលមានសម្រស់គួរឲ្យកត់សំគាល់នោះ ទៅដាក់បង្ហាញក្នុងសារៈមន្ទីរប្រវត្តិសាស្រ្តធម្មជាតិអាមេរិក ដើម្បីឲ្យសាធារណៈជនបានស្គាល់ដើមឈើដ៏ធំសម្បើម។ 
ទោះជាយ៉ាងណាក៏ដោយ តាមពិត យើងមិនអាចដឹងអំពីសេចក្តីពិត តាមរយៈភ្នែករបស់យើងតែម្យ៉ាងនោះឡើយ។ អ្នកនិពន្ធកណ្ឌគម្ពីរហេព្រើរ បានពិពណ៌នាថា “រីឯសេចក្ដីជំនឿ នោះគឺជាចិត្តដែលដឹងជាក់ថានឹងបានដូចសង្ឃឹម ជាសំគាល់ពីការដែលមើលមិនឃើញ”(ហេព្រើរ ១១:‌១)។ ជំនឿមិនមែនគ្មានហេតុផល ឬជាការស្រមើស្រមៃនោះឡើយ ព្រោះរឿងទាំងមូលមានមូលដ្ឋាន នៅក្នុងអង្គបុគ្គលម្នាក់គឺ ព្រះយេស៊ូវ ដែលទ្រង់បានយាងចូលក្នុងប្រវត្តិសាស្រ្តមនុស្សជាតិ។ ជំនឿរាប់បញ្ចូលញាណទាំង៥ និងហេតុផលរបស់មនុស្ស ប៉ុន្តែ មិនមែនមានតែប៉ុណ្ណេះទេ។ ជំនឿមានការតម្រូវលើសពីនេះទៀត។ កណ្ឌគម្ពីរហេព្រើរបានចែងថា “យើងរាល់គ្នាក៏យល់ដោយសារសេចក្ដីជំនឿនោះថា លោកីយបានកើតមក ដោយសារព្រះបន្ទូលនៃព្រះ បានជារបស់ដែលមើលឃើញទាំងប៉ុន្មាន នោះមិនមែនកើតអំពីរបស់ដែលមើលឃើញទេ”(ខ.៣)។ 
ជាញឹកញាប់ យើងច្រើនតែពិបាកជឿលើអ្វីដែលយើងមិនអាចប៉ះ ឬមើលមិនឃើញ ឬក៏មិនអាចយល់បាន។ ប៉ុន្តែ ជំនឿដែលយើងមានចំពោះព្រះគ្រីស្ទ អាចកើតមានបាន ដោយសារព្រះវិញ្ញាណបរិសុទ្ធ ហើយជួយយើងឲ្យជឿ លើសពីការមើលឃើញ។—Winn Collier

តើអ្នកមានការពិបាកក្នុងការជឿ ត្រង់ចំណុចណា? តើធ្វើដូចម្តេច ឲ្យអ្នកអាចកាន់តែមានជំនឿលើព្រះអង្គ? 
ឱព្រះអម្ចាស់ សូមព្រះអង្គជួយទូលបង្គំឲ្យជឿ និងទុកចិត្តព្រះអង្គ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អេសេគាល ៤៧-៤៨ និង ១យ៉ូហាន ៣

 

ល្ងាច

ក្លាយ​ជា​កូន​របស់​ព្រះ  (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ក្លាយ​ជា​កូន​របស់​ព្រះ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

December 4, 2025

«ប៉ុន្តែ​អស់​អ្នក​ណា​ដែល​ទទួល​ទ្រង់ គឺ​អស់​អ្នក​ដែល​ជឿ​ដល់​ព្រះ​នាម​ទ្រង់ នោះ​ទ្រង់​បាន​ប្រទាន​អំណាច ឲ្យ​បាន​ត្រឡប់​ជា​កូន​ព្រះ។ គឺ​ជា​កូន​ដែល​មិនមែន​កើត​មក​ពី​ឈាម ឬ​តាម​ប្រាថ្នា​ខាង​រូប​សាច់ ឬ​តាម​ចំណង់​នៃ​មនុស្ស​ឡើយ គឺ​កើត​មក​អំពី​ព្រះ​វិញ» (យ៉ូហាន ១:១២-១៣)។
ក្នុង​ពួក​ជំនុំ​ខ្លះ គេ​មាន​ទម្លាប់​និយាយ​អំពី​ភាព​ជា​ឪពុក​ជា​សកល​ដែល​ព្រះ​ទ្រង់​មាន និង​បាន​បណ្ដាល​ឲ្យ​យើង​មាន​ទំនាក់​ទំនង​ជា​បង​ប្អូន​ក្នុង​ជំនឿ​របស់​យើង។ ប៉ុន្តែ យើង​គួរ​តែ​ដឹង​អំពី​ដែន​កំណត់​នៃ​ការ​អះអាង​ដូច​នេះ។ ជា​ការ​ពិត​ណាស់ យើង​រាល់​គ្នា​សុទ្ធ​តែ​ជា​កូន​របស់​ព្រះ ដោយ​សារ​ព្រះ​អង្គ​បង្កើត​យើង​មក​ដោយ​គុណ​ធម៌ ប៉ុន្តែ​ព្រះ​គម្ពីរ​សញ្ញា​ថ្មី​បាន​ក្រើន​រំឭក​យើង​ថា យើង​ក៏​ជា «កូន​នៃ​សេចក្តី​ក្រោធ» ដែល​បាន​វង្វេង និង​ត្រូវ​ការ​ព្រះ​អង្គ​ទទួល​ចិញ្ចឹម​យើង​ក្នុង​គ្រួសារ​របស់​ព្រះ​អង្គ (អេភេសូរ ២:៣)។ 
យើង​មិន​បាន​ក្លាយ​ជា​កូន​ព្រះ ដោយ​សារ​ដំណើរ​ការ​ណា​មួយ​នៃ​ធម្មជាតិ​នោះ​ឡើយ។ វា​មិន​មែន​ជា​លទ្ធផល​នៃ​ហ្សែន​ក្នុង​ការ​បង្ក​កំណើត​របស់​មនុស្ស ឬ​ការ​ប្រឹង​ប្រែង​របស់​មនុស្ស​ឡើយ។ គ្មាន​នរណា​ម្នាក់​ចូល​ទៅ​ក្នុង​នគរ​ព្រះ​ពី​កំណើត​មក​នោះ​ឡើយ ហេតុ​នេះ​ហើយ នៅ​ពេល​ដែល​ព្រះ​យេស៊ូវ​ឆ្លើយ​សំណួរ​របស់​លោក នីកូដេម ជា​អ្នក​កាន់​សាសនា ដែល​មាន​ខ្សែ​ស្រឡាយ​ជន​ជាតិ​យូដា ព្រះ​អង្គ​បាន​ប្រាប់​គាត់​ថា គាត់​ត្រូវ​តែ​កើត​ជា​ថ្មី (យ៉ូហាន ៣:៣)។ ការ​ក្លាយ​ជា​កូន​ព្រះ គឺ​ជា​ដំណើរ​ការ​ខាង​វិញ្ញាណ ជា​អ្វី​ដែល​ព្រះ​ទ្រង់​ធ្វើ​សម្រាប់​យើង ដោយ​សេចក្តី​មេត្តា និង​ព្រះ​គុណ​របស់​ព្រះ​អង្គ។
ចូរ​គិត​អំពី​កំណើត​ខាង​សាច់​ឈាម​របស់​អ្នក​ចុះ។ អ្នក​មិន​អាច​គ្រប់​គ្រង​វា​បាន​ទេ។ វា​មិន​មែន​ជា​អ្វី​ដែល​អ្នក​សម្រេច​បាន។ ការ​កើត​ជា​ថ្មី​ក្នុង​ព្រះ​គ្រីស្ទ​ក៏​មាន​លក្ខណៈ​ដូច​នេះ​ផង​ដែរ។ នៅ​ពេល​ណា​ព្រះ​ទ្រង់​បណ្ដាល​ឲ្យ​នរណា​ម្នាក់​កើត​ជា​ថ្មី ពួក​គេ​អាច​មាន​ជីវិត​ថ្មី​បាន ដោយ​សារ​អំណាច​របស់​ព្រះ​អង្គ​តែ​ប៉ុណ្ណោះ។ មាន​តែ​ព្រះ​អង្គ​ទេ ដែល​អាច​ប្រទាន​យើង​នូវ​អំណាច​ធ្វើ​ជា​កូន​របស់​ព្រះ​អង្គ។ 
មាន​រឿង​ដំណាល​មក​ថា មាន​ពេល​មួយ អធិរាជ ណាប៉ូឡេអុង (Napoleon) ស្ទើរ​តែ​ធ្លាក់​ពី​លើ​កែប​សេះ នៅ​ពេល​ដែល​ទ្រង់​ទម្លាក់​បង្ហៀរ​សេះ ដើម្បី​អាន​ក្រដាស​ដែល​ទ្រង់​យក​តាម​ខ្លួន។ នៅ​ពេល​ដែល​សត្វ​សេះ​កញ្ជ្រោល​ឡើង នាយ​ទាហាន​ឋានៈ​នាយ​ទោ​ម្នាក់​ក៏បាន​ប្រញាប់​ចូល​មក​ចាប់​បង្ហៀរ​សេះ​នោះ​ភ្លាមៗ។ ស្ដេច ណាប៉ូឡេអុង ក៏​បាន​បែរ​មក​គាត់ ហើយ​និយាយ​ថា «អរគុណ អនុ​សេនីយ៍​ឯក»។ ទាហាន​នោះ​ក៏​បាន​សួរ​ទ្រង់​ថា «អនុ​សេនីយ៍​ឯក​ក្នុង​កង​អនុសេនាធំ​មួយ​ណា?» ទ្រង់​ក៏​បាន​ឆ្លើយ​ថា «ក្នុង​កង​ការពារ​របស់​ខ្ញុំ»។131
ក្នុង​ពេល​ដ៏​ខ្លី បុរស​ម្នាក់​នោះ​ក៏​បាន​ឡើង​សក្តិ​ភ្លាមៗ ទទួល​បាន​សិទ្ធិ​ចេញ​ចូល​ទី​បញ្ជាការ​របស់​មេទ័ព ហើយ​អង្គុយ​ក្នុង​ចំណោម​នាយ​ទាហាន​របស់​មេ​បញ្ជាការ។ នៅ​ពេល​ដែល​អ្នក​ដទៃ​សួរ​គាត់​ថា គាត់​មក​កន្លែង​នោះ​មាន​ការ​អ្វី គាត់​អាច​ឆ្លើយ​ថា គាត់​គឺ​ជា​អនុ​សេនីយ៍​ឯក​នៃ​កង​ការពារ ដោយ​អំណាច​នៃ​អធិរាជ​ដោយ​ផ្ទាល់។ 
បើ​អ្នក​បាន​ទទួល​ព្រះ​យេស៊ូវ​ជា​ព្រះ​អម្ចាស់ និង​ព្រះ​សង្គ្រោះ អ្នក​បាន​ក្លាយ​ជា​កូន​របស់​ព្រះ​ហើយ។ ព្រះ​ទ្រង់​បាន​បោះ​ត្រា​ចំណាំ​ពី​លើ​ជីវិត​អ្នក​ដោយ​អត្ត​សញ្ញាណ​ថ្មី​មួយ ហើយ​គ្មាន​នរណា​ម្នាក់​អាច​តវ៉ា​បាន​ទេ។ អ្នក​អាច​រស់​នៅ ដោយ​ការ​ធានា​ដ៏​អស្ចារ្យ​ថា ព្រះ​យេស៊ូវ​ជា​ក្សត្រ​លើ​អស់​ទាំង​ស្ដេច និង​ជា​ម្ចាស់​នៃ​សេចក្តី​សង្គ្រោះ​របស់​អ្នក បាន​បើក​ផ្លូវ​ឲ្យ​អ្នក​អាច​រាប់​បញ្ចូល​ក្នុង​ចំណោម​កូន​របស់​ព្រះ។ ការ​ពិត​ដ៏​អស្ចារ្យ​​នោះ​គឺ​ជា​ចំណុច​ស្នូល​នៃ​អត្ត​សញ្ញាណ​របស់​អ្នក ក្នុង​ពេល​សព្វ​ថ្ងៃ ទោះ​អ្នក​ជា​នរណា និង​មាន​អ្វី​កើត​ឡើង​ក្នុង​ជីវិត​អ្នក​ក៏​ដោយ។ ការ​ពិត​ដ៏​អស្ចារ្យ​នេះ​ក៏​បាន​ជួយ​ឲ្យ​អ្នក​អាច​រស់​នៅ​ជា​រៀង​រាល់​ថ្ងៃ ដោយ​ចិត្ត​ក្លាហាន និង​ទុក​ចិត្ត​ថា ទោះ​មាន​រឿង​អ្វី​កើត​ឡើង​ក៏​ដោយ អ្នក​នៅ​តែ​ជា​កូន​របស់​ព្រះ​អង្គ។ 


ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ ១យ៉ូហាន ២:២៨-៣:៣
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ ២របាក្សត្រ ៣២-៣៣ និង​លូកា ១១:១-២៨

ប្រភេទ