នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ការដើរជាមួយព្រះ

ការដើរជាមួយព្រះ

ដោយDave Branon

December 5, 2025

កាឡាទី ៥:៧-១០
អ្នកណាដែលដើរជាមួយនឹងមនុស្សប្រាជ្ញ នោះនឹងមានប្រាជ្ញាដែរ តែអ្នកណាដែលភប់ប្រសព្វនឹងមនុស្សល្ងីល្ងើ នោះនឹងត្រូវខូចបង់វិញ ។ សុភាសិត ១៣:២០
ថ្ងៃមួយ ក្នុងកន្លែងហាត់ប្រាណ មនុស្សជាច្រើនដែលត្រូវដើរនៅលើផ្លូវសម្រាប់ដើរហាត់ប្រាណ ត្រូវដើរតាមទិសដៅរបស់ទ្រនិចនាឡិការ។ អ្នកដើរហាត់ប្រាណដំបូងគេ ដែលភរិយាខ្ញុំបានចូលរួមដើរជាមួយ នៅលើផ្លូវនោះ កំពុងតែធ្វើតាមទិសដៅនេះ។ ប៉ុន្តែ ស្រាប់តែមានមនុស្សម្នាក់ទៀតដើរនៅលើផ្លូវនោះ បញ្ច្រាសទិសដៅទ្រនិចនាឡិការ។ មិត្តភក្តិរបស់គាត់ពីរបីនាក់ក៏បានចូលរួមជាមួយគាត់ ហើយបន្ទាប់មក ក៏មានមនុស្សម្នាក់ទៀតចូលរួមដែរ។ ភ្លាមៗនោះ ភាពរញ៉េរញ៉ៃក៏បានកើតមាន នៅលើផ្លូវសម្រាប់ដើរហាត់ប្រាណ ហើយគេត្រូវចំណាយពេលពីរបីនាទី ដើម្បីរៀបចំឲ្យមានសណ្ដាប់ធ្នាប់ឡើងវិញ។
ការដើរហាត់ប្រាណខុសទិសដៅដូចនេះ មិនបណ្តាលឲ្យមានគ្រោះថ្នាក់ តែរឿងនេះ បានធ្វើឲ្យខ្ញុំគិតអំពីអំណាចនៃឥទ្ធិពលដែលមនុស្សម្នាក់មានមកលើអ្នកដទៃ។ មនុស្សម្នាក់ដើរតាមផ្លូវខុស នាំមនុស្សម្នាក់ទៀតដើរជាមួយ ហើយមានមនុស្សកាន់តែច្រើនក៏បានចូលរួមដែរ។ បញ្ហានេះបានធ្វើឲ្យខ្ញុំនឹកចាំបទគម្ពីរ សុភាសិត ១៣:២០ ដែលបានចែងថា “អ្នកណាដែលដើរជាមួយនឹងមនុស្សប្រាជ្ញ នោះនឹងមានប្រាជ្ញាដែរ តែអ្នកណាដែលភប់ប្រសព្វនឹងមនុស្សល្ងីល្ងើ នោះនឹងត្រូវខូចបង់វិញ”។ ការដើរតាមការដឹកនាំរបស់មនុស្សម្នាក់ ទៅតាមផ្លូវខុស បណ្តាលឲ្យមានបញ្ហា។ 
ក្នុងបទគម្ពីរកាឡាទី ជំពូក៥ សាវ័កប៉ុលបានបកស្រាយថា ការប្រព្រឹត្តខុសដូចនេះអាចរារាំងការលូតលាស់ខាងវិញ្ញាណ។ គឺដូចដែលគាត់មានប្រសាសន៍ថា “អ្នករាល់គ្នាបានរត់យ៉ាងល្អហើយ តើអ្នកណាបានឃាត់មិនឲ្យស្ដាប់តាមសេចក្ដីពិតវិញ? ការបញ្ចុះបញ្ចូលនេះមិនមែនមកពីព្រះ ដែលទ្រង់ហៅអ្នករាល់គ្នាទេ”(ខ.៧-៨)។ ព្រះដែលសព្វព្រះទ័យឲ្យយើងស្តាប់បង្គាប់ មិនដែលនាំយើងចេញពីសេចក្តីពិត ចូលទៅរកការភ័ន្តភាំងនោះឡើយ(ខ.១០)។ តែអ្នកដែលទាស់ប្រឆាំងនឹងសេចក្តីពិតរបស់ព្រះអង្គ អាចបង្អាក់ការដើរខាងវិញ្ញាណរបស់យើង ដោយបង្វែរទិសដៅយើងចេញពីព្រះអង្គ។
ព្រះទ្រង់សព្វព្រះទ័យនឹងធ្វើជាអ្នកនាំផ្លូវយើង។ ពេលណាយើងដើរជាមួយព្រះអង្គ យើងនឹងមិនដែលដើរតាមផ្លូវខុសឡើយ។—Dave Branon

តើអ្នកកំពុងតែអនុញ្ញាតឲ្យនរណាម្នាក់ ដឹកនាំអ្នកចេញឆ្ងាយពីព្រះ ក្នុងស្ថានភាពណាខ្លះ? 
តើអ្នកអាចផ្លាស់ប្តូរទិសដៅមករព្រះអង្គវិញ យ៉ាងដូចម្តេចខ្លះ?
ឱព្រះអម្ចាស់ ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលបានប្រទានព្រះគម្ពីរប៊ីប ដែលបាននាំយើងខ្ញុំបោះជំហានទៅមុខ
ទៅរកព្រះអង្គ។ សូមព្រះអង្គជួយទូលបង្គំ ឲ្យដើរតាមព្រះអង្គ ឲ្យកាន់តែល្អឡើង នៅថ្ងៃនេះ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ដានីយ៉ែល ១-២ និង ១យ៉ូហាន ៤

ល្ងាច

ព្រះ​អង្គ​បន្ទាប​ព្រះ​កាយ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ព្រះ​អង្គ​បន្ទាប​ព្រះ​កាយ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

December 5, 2025

«ព្រះ​បន្ទូល​ក៏​ត្រឡប់​ជា​សាច់​ឈាម ហើយ​បាន​ស្នាក់​នៅ​ជា​មួយ​នឹង​យើង​រាល់​គ្នា យើង​រាល់​គ្នា​បាន​ឃើញ​សិរី​ល្អ​ទ្រង់ គឺ​ជា​សិរី​ល្អ​នៃ​ព្រះ​រាជ​បុត្រា​តែ១ ដែល​មក​ពី​ព្រះ​វរបិតា មាន​ពេញ​ជា​ព្រះ​គុណ នឹង​សេចក្ដី​ពិត...ហើយ​យើង​ទាំង​អស់​គ្នា​បាន​ទទួល​អំពី​សេចក្ដី​ពោរ​ពេញ​របស់​ទ្រង់​មក គឺ​ជា​ព្រះ​គុណ​ថែម​លើ​ព្រះ​គុណ​ផង» (យ៉ូហាន ១:១៤,១៦)។
លោក ស្ទីវ មែកឃ្វីន (Steve McQueen) គឺ​ជា​តួ​សម្ដែង ដែល​មាន​ការ​រស់​នៅ​គួរ​ឲ្យ​កត់​សម្គាល់ ទោះ​មាន​ការ​ធ្លាក់​ចុះ នៅ​ពេល​ខ្លះ​ក៏​ដោយ។ គាត់​បាន​លា​ចាក​លោក​នៅ​ឆ្នាំ១៩៨០ ប៉ុន្តែ​មុន​ពេល​គាត់​ស្លាប់​ដោយ​សារ​ជំងឺ គ្រូ​គង្វាល​ដ៏​ស្មោះ​ត្រង់​ម្នាក់​បាន​ផ្សាយ​ដំណឹង​ល្អ​ដល់​គាត់ ហើយ​គាត់​ក៏​បាន​ក្រាប​ចុះ ហើយ​ទទួល​ជឿ​ព្រះ​គ្រីស្ទ។ បន្ទាប់​ពី​គាត់​ទទួល​ជឿ​ព្រះ​អង្គ​ហើយ គាត់​ក៏​បាន​រៀន​ព្រះ​គម្ពីរ និង​ទៅ​ថ្វាយ​បង្គំ​ព្រះ​ជា​ទៀង​ទាត់ ដោយ​ចិត្ត​ស្មោះ​ត្រង់ ដោយ​មិន​មាន​ការ​កត់​សម្គាល់​ពី​សាធារណជន​ឡើយ។ គាត់​នៅ​តែ​មាន​ចិត្ត​ស្ញប់​ស្ញែង​ចំពោះ​សេចក្តី​ពិត​ដែល​ថា ទោះ​ជីវិត​គាត់​មាន​ភាព​រញ៉េរញ៉ៃ ដោយ​មាន​ការ​លែង​លះ ការ​ញៀន​ថ្នាំ និង​ធ្វើ​ខុស​ក្រម​សីលធម៌​ក៏​ដោយ ក៏​ព្រះ​ទ្រង់​នៅ​តែ​បង្ហាញ​សេចក្តី​ស្រឡាញ់​យ៉ាង​ដូច​នោះ​ដល់​គាត់។
លោក មែកឃ្វីន មាន​ការ​យល់​ដឹង​កាន់​តែ​ច្បាស់​ថា ព្រះ​ទ្រង់​បាន​ធ្វើ​ឲ្យ​គាត់​ក្លាយ​ទៅ​ជា​ទទេ ដើម្បី​ឲ្យ​គាត់​រក​ឃើញ​ថា នៅ​ក្នុង​ភាព​ទទេ​នោះ គាត់​អាច​ក្លាយ​ជា​អ្វី​មួយ​ថ្មី។ ព្រះ​ទ្រង់​ក៏​ធ្វើ​ដូច​នេះ សម្រាប់​យើង​ផង​ដែរ។ ក្នុង​រឿង​នេះ យើង​ត្រូវ​បាន​ត្រាស់​ហៅ​ឲ្យ​យក​គំរូ​តាម​ព្រះ​យេស៊ូវ។ ចាប់​តាំង​ពី​ថ្ងៃ​ព្រះ​គ្រីស្ទ​ប្រសូត ព្រះ​អង្គ​បាន​លះ​បង់​សិរីល្អ​ដ៏​ឥត​ខ្ចោះ ដើម្បី​យាង​ចុះ​មក​ក្នុង​លោកីយ៍​ដែល​មាន​បាប និង​អស់​សង្ឃឹម ដើម្បី​យើង​រាល់​គ្នា។ ព្រះ​អង្គ​មិន​បាន​យាង​ចុះ​មក ដោយ​ជិះ​រទេះ​សេះ​របស់​ស្ដេច តែ​បាន​ផ្ទំ​នៅ​ក្នុង​ស្នូក​សម្រាប់​ដាក់​ចំណី​ឲ្យ​សត្វ ព្រះ​អង្គ​មិន​បាន​យាង​មក​ដោយ​កាន់​ដំបង​រាជ តែ​យាង​មក​ក្នុង​ក្រោល​សត្វ។ ព្រះ​យេស៊ូវ​គឺ​ជា​អ្នក​បម្រើ​នៅ​ផែនដី ក៏​ដូច​ជា​ក្សត្រ​នៃ​ស្ថាន​សួគ៌។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ បើ​យើង​និយាយ​ថា ព្រះ​អង្គ​បាន​ធ្វើ​ឲ្យ​អង្គ​ទ្រង់​ក្លាយ​ជា​ទទេ គឺ​មិន​មាន​ន័យ​ថា ព្រះ​អង្គ​បាន​ផ្លាស់​ប្រែ​ពី​ព្រះ ទៅ​ជា​មនុស្ស ហើយ​វិល​ត្រឡប់​ទៅ​រក​ភាព​ជា​ព្រះ​វិញ​នោះ​ទេ។ ពេល​យើង​ឃើញ​បទ​គម្ពីរ​ចែង​ថា «ព្រះ​បន្ទូល​ក៏​ត្រឡប់​ជា​សាច់​ឈាម ហើយ​បាន​ស្នាក់​នៅ​ជា​មួយ​នឹង​យើង​រាល់​គ្នា» យើង​គួរ​តែ​សញ្ជឹង​គិត​អំពី​សេចក្តី​ពិត​ដែល​គួរ​ឲ្យ​ស្ញប់​ស្ញែង​ដែល​ថា ព្រះ​អង្គ​សង្គ្រោះ​ដ៏​អស្ចារ្យ​របស់​យើង បាន​បន្ទាប​ព្រះ​កាយ​ទទួល​យក​ភាព​ជា​មនុស្ស ដោយ​មិន​បាន​លះ​បង់​ភាព​ជា​ព្រះ​ឡើយ។ ព្រះ​អង្គ​ជា​ព្រះ​ទាំង​ស្រុង និង​ជា​មនុស្ស​ទាំង​ស្រុង។ 
ជួន​កាល គំនិត​របស់​យើង​ជា​មនុស្ស​មាន​ដែន​កំណត់ ផ្ដោត​ទៅ​លើ​ភាព​ជា​ព្រះ​របស់​ព្រះ​គ្រីស្ទ​ខ្លាំង​ពេក បាន​ជា​យើង​មិន​ចាំ​ថា ព្រះ​អង្គ​មាន​លក្ខណៈ​ជា​មនុស្ស​មិន​តិច​ជាង​យើង​នោះ​ទេ ហើយ​នៅ​ពេល​ផ្សេង​ទៀត យើង​អាច​នឹង​ផ្ដោត​ចិត្ត​ខ្លាំង​ពេក​ទៅ​លើ​ភាព​ជា​មនុស្ស​របស់​ព្រះ​អង្គ បាន​ជា​យើង​ភ្លេច​ភាព​ជា​ព្រះ​របស់​ព្រះ​អង្គ។ ព្រះ​គម្ពីរ​បាន​ចែង​យ៉ាង​ល្អ​ឥត​ខ្ចោះ អំពី​លក្ខណៈ​ទាំង​ពីរ​យ៉ាង​របស់​ព្រះ​គ្រីស្ទ ទោះ​ព្រះ​អង្គ​មាន​លក្ខណៈ​ជា​មនុស្ស​ក៏​ដោយ (ភីលីព ២:៨) ក៏​ព្រះ​អង្គ​មាន​លក្ខណ​សម្បត្តិ​លើស​ពី​អ្វី​ដែល​មនុស្ស​អាច​មើល​ឃើញ តែ​សម្បក​ក្រៅ។ 
ព្រះ​អង្គ​ប្រហែល​មាន​រូប​រាង​ដូច​មនុស្ស​ប្រុស​ដទៃ​ទៀត តែ​គ្មាន​មនុស្ស​ណា​ផ្សេង​ទៀត ដែល​អាច​ឈរ​នៅ​លើ​ទូក​កំហែង​ខ្យល់​ព្យុះ​ឲ្យ​ស្ងប់​បាន​ឡើយ។ មាន​តែ​ព្រះ​ទេ​ដែល​អាច​ប្រោស​មនុស្ស​ខ្វិន​ឲ្យ​ដើរ​បាន និង​ប្រោស​មនុស្ស​ខ្វាក់​ឲ្យ​មើល​ឃើញ។ មាន​តែ​ព្រះ​អង្គ​ទេ​ដែល​ស័ក្តិ​សម​នឹង​ទទួល​ការ​ថ្វាយ​បង្គំ​របស់​ពួក​ទេវតា និង​ការ​សរសើរ​នៃ​របស់​សព្វ​សារពើ។ តែ​នៅ​ពេល​ដែល​ព្រះ​អង្គ​ប្រសូត​ជា​មនុស្ស ព្រះ​អង្គ​មិន​បាន​សួរ​ថា តើ​វា​មាន​ប្រយោជន៍​អ្វី​ខ្លះ​សម្រាប់​ខ្ញុំ? ផ្ទុយ​ទៅ​វិញ ទ្រង់​បាន​យាង​មក​ដល់​ដោយ​ជ្រាប​ថា ទ្រង់ «បាន​មក មិន​មែន​ឲ្យ​គេ​បម្រើ​ដែរ គឺ​ដើម្បី​នឹង​បម្រើ​គេ​វិញ ហើយ​នឹង​ឲ្យ​ជីវិត​ខ្លួន​ទុក​ជា​ថ្លៃ​លោះ​មនុស្ស​ជា​ច្រើន​ផង» (ម៉ាកុស ១០:៤៥)។ ទ្រង់​ស្ម័គ្រ​ព្រះ​ទ័យ​លះ​បង់​អ្វីៗ​ទាំង​អស់ ហើយ​ក្លាយ​ជា​ទទេ ដើម្បី​ឲ្យ​អ្នក​ដែល​ទទួល​ស្គាល់​ភាព​ទទេ​របស់​ខ្លួន អាច​ទទួល​បាន​អ្វីៗ​គ្រប់​យ៉ាង។ ព្រះ​អង្គ​យក​កំណើត​ដែល​មាន​សាច់​មាន​ឈាម ដើម្បី​ឲ្យ​ទ្រង់​អាច​បម្រើ ហើយ​ព្រះ​អង្គ​ក៏​បាន​ធ្វើ​ជា​មនុស្ស​ជាតិ​គំរូ សម្រាប់​អស់​អ្នក​ដែល​ចង់​ដើរ​តាម​ព្រះ​អង្គ។ តើ​អ្នក​នឹង​មើល​ទៅ​គំរូ​របស់​ព្រះ​អង្គ​ក្នុង​កិច្ចការ និង​ការ​ទទួល​ខុស​ត្រូវ​របស់​អ្នក នៅ​ថ្ងៃ​នេះ​ដូច​ម្ដេច​ខ្លះ? 


ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ ភីលីព ២:១-១៣
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ ២របាក្សត្រ ៣៤-៣៦ និង​លូកា ១១:២៩-៥៤

ប្រភេទ