នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ព្រះទ្រង់ទតឃើញទុក្ខលំបាករបស់ខ្ញុំ

ព្រះទ្រង់ទតឃើញទុក្ខលំបាករបស់ខ្ញុំ

ដោយPohfang Chia

December 6, 2025

លោកុប្បត្តិ ១៦:៥-១៣
នោះនាងក៏ហៅព្រះនាមព្រះយេហូវ៉ាដែលកំពុងមានបន្ទូលនឹងនាងថា «ព្រះដ៏ទតឃើញ»។ លោកុប្បត្តិ ១៦:១៣
កាលស្វាមីរបស់អ្នកស្រីស៊ុន(Sun) មានជំងឺដាច់សរសៃឈាមខួរក្បាល ជីវិតរបស់គាត់មានការផ្លាស់ប្តូរដ៏សោកសៅ។ គាត់ត្រូវជួយស្វាមីគាត់ ធ្វើសកម្មភាពប្រចាំថ្ងៃជាប្រចាំ និងគ្រប់គ្រងអារម្មណ៍នៃការធ្លាក់ទឹកចិត្ត។ គាត់បានថែរក្សាស្វាមីគាត់ ដោយចិត្តស្មោះត្រង់ អស់រយៈពេល១៧ឆ្នាំ។ តាំងពីពេលដែលស្វាមីគាត់បានដួល សុខភាពរបស់ស្វាមីគាត់មានការធ្លាក់ចុះកាន់តែឆាប់រហ័ស ធ្វើឲ្យការថែរក្សាស្វាមីគាត់ ក្លាយជាបន្ទុកដែលធ្ងន់ពេក ហើយអ្នកស្រីស៊ុនក៏បានធ្លាក់ចូលទៅក្នុងជំងឺធ្លាក់ទឹកចិត្ត។ គាត់បានចែកចាយថា “ខ្ញុំមានអារម្មណ៍ថា ខ្ញុំបានបាត់បង់សេចក្តីជំនឿ ហើយព្រះទ្រង់មិនគង់នៅក្បែរខ្ញុំទៀតទេ”។ 
ប៉ុន្តែ នៅពេលដែលគាត់ក្រឡេកមកក្រោយ សព្វថ្ងៃនេះ គាត់ជឿថា ព្រះទ្រង់ទតឃើញគាត់ ព្រោះទ្រង់បានប្រទានពរគ្រួសារគាត់ ឲ្យមានមនុស្សជួយថែទាំសុខភាពស្វាមីគាត់នៅផ្ទះ ដើម្បីគ្រប់គ្រងស្ថានភាពដ៏រ៉ាំរ៉ៃរបស់ស្វាមីគាត់ ហើយក៏បានបញ្ជូនក្រុមការងារសង្គម ឲ្យមកប្រឹក្សាយោបល់គាត់ ក្នុងការគ្រប់គ្រងបញ្ហាប្រឈមខាងផ្លូវអារម្មណ៍ ក្នុងការថែទាំស្វាមីគាត់។ 
ព្រះទ្រង់បានបង្ហាញអង្គទ្រង់ ឲ្យយើងដឹងថា ព្រះអង្គគឺជាព្រះដែលទតឃើញ នៅក្នុងរឿងរបស់នាងហាកា។ ក្នុងបទគម្ពីរ លោកុប្បត្តិ ១៦ នាងហាកា ដែលជាស្រីបម្រើ បានរត់គេចពីការធ្វើទុកបុកម្នេញ(ខ.៦)។ ពេលនោះ ទេវតានៃព្រះអម្ចាស់បានរកឃើញនាង “នៅទីរហោស្ថានជិតក្បាលទឹក១”(ខ.៧)។ ទេវតាក៏បានជំរុញនាងហាកា ឲ្យ “វិលទៅឯចៅហ្វាយ” របស់នាងវិញ(ខ.៩) ហើយធានាដល់នាងថា ព្រះទ្រង់នឹងប្រទានពរនាង។ ទោះនាងហាកាជាមនុស្សដែលគេមិនឲ្យតម្លៃក្នុងវប្បធម៌របស់នាងក៏ដោយ ក៏ព្រះទ្រង់ថែរក្សាសុខុមាលភាពរបស់នាង។ នាងហាកាក៏បានប្រកាស ដោយការដឹងគុណថា ព្រះអម្ចាស់គឺជា “ព្រះដ៏ទតឃើញ”(ខ.១៣)។ 
ព្រះទ្រង់ក៏ទតឃើញយើង នៅពេលដែលយើងមានទុក្ខលំបាកផងដែរ។ យើងមិនដែលឯកោឡើយ ព្រោះព្រះវរបិតាដែលស្រឡាញ់យើង ទ្រង់ជ្រាបអំពីស្ថានភាពរបស់យើង ហើយយើងអាចទុកចិត្តព្រះអង្គបាន។ យើងអាចស្រែករកជំនួយពីព្រះអង្គ ហើយព្រះអង្គនឹងលើកយើងឡើង។—Poh Fang Chia

តើអ្នកបានដកពិសោធន៍នឹងពេលដែលព្រះទ្រង់ទតឃើញ និងជ្រាបអំពីតម្រូវការរបស់អ្នក 
កាលពីមុន ដូចម្តេចខ្លះ? តើការយល់ដឹងនេះ បានជួយអ្នក ក្នុងទុក្ខលំបាក នៅពេលបច្ចុប្បន្នដូចម្តេចខ្លះ? 
ឱព្រះវរបិតា ទូលបង្គំសូមអរព្រះគុណព្រះអង្គ សម្រាប់ការធានាដល់ទូលបង្គំថា ព្រះអង្គទតឃើញបញ្ហាដែលទូលបង្គំកំពុងឆ្លងកាត់។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ដានីយ៉ែល ៣-៤ និង ១យ៉ូហាន ៥
 

ល្ងាច

ដើរ​ដោយ​ប្រុង​ប្រយ័ត្ន (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដើរ​ដោយ​ប្រុង​ប្រយ័ត្ន (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

December 6, 2025

«ត្រូវ​ប្រព្រឹត្ត​ដូច្នោះ ដោយ​ដឹង​ពេល​វេលា​ថា ដល់​ម៉ោង​នឹង​ភ្ញាក់​ពី​ដេក​ហើយ ដ្បិត​ឥឡូវ​នេះ សេចក្ដី​សង្គ្រោះ​បាន​មក​ជិត​បង្កើយ ជា​ជាង​កាល​យើង​ទើប​នឹង​ជឿ​នោះ...ត្រូវ​ឲ្យ​យើង​ដើរ​តាម​ដែល​គួរ​គប្បី ដូច​ជា​ដើរ​នៅ​ពេល​ថ្ងៃ មិន​មែន​ដោយ​ស៊ីផឹក លេង​ល្បែង ឬ​មាន​ស្រី​ញី ឬ​ដោយ​ឈ្លោះ​ប្រកែក នឹង​ឈ្នានីស​នោះ​ឡើយ» (រ៉ូម ១៣:១១, ១៣)។
ក្នុង​អំឡុង​សម័យ​សង្គ្រាម​លោក​លើក​ទី២ រដ្ឋាភិបាល​ចក្រភព​អង់គ្លេស​បាន​ធ្វើ​យុទ្ធនា​ការ​ដោយ​ប្រកាស​ថា «ការ​និយាយ ដោយ​ឥត​បើ​គិត បណ្ដាល​ឲ្យ​បាត់​បង់​ជីវិត​មនុស្ស»។ រដ្ឋាភិបាល​អង់គ្លេស​ចង់​ឲ្យ​ប្រជាជន​មាន​ការ​យល់​ដឹង​អំពី​គ្រោះ​ថ្នាក់​នៅ​ជុំ​វិញ​ខ្លួន​ពួក​គេ ដែល​បណ្ដាល​មក​ពី​ខ្មាំង​សត្រូវ​ដែល​កំពុង​លប​ចាំ​ស្តាប់​អ្នក​ដែល​មាន​អណ្ដាត​រអិល។ ត្រង់​ចំណុច​នេះ សាវ័ក ប៉ុល ក៏​បាន​ធ្វើ​ការ​ដាស់​តឿន​ស្រដៀង​នេះ​ផង​ដែរ សម្រាប់​ការ​រស់​នៅ​របស់​គ្រីស្ទ​បរិស័ទ ដើម្បី​ឲ្យ​យើង​ដឹង​ថា ការ​ធ្វេស​ប្រហែស​អាច​បណ្ដាល​ឲ្យ​ខាត​បង់​ជីវិត។ ការ​ធ្វេស​ប្រហែស​ធ្វើ​ឲ្យ​យើង​ងាយ​ជួប​គ្រោះ​ថ្នាក់។ មាន​មនុស្ស​ច្រើន​ដែល​រស់​នៅ​ដោយ​ការ​ធ្វេស​ប្រហែស នៅ​ក្នុង​ជីវិត​ខាង​ឯ​វិញ្ញាណ ដោយ​ដើរ​ហើរ​តាម​របៀប​ស្រមើ​ស្រមៃ​នៃ​ក្រម​សីលធម៌ ដោយ​មិន​បាន​ភ្ញាក់​រឭក ហើយ​ប្រុង​ប្រយ័ត្ន​ចំពោះ​គ្រោះ​ថ្នាក់​នៅ​ជុំ​វិញ​ខ្លួន។ ការ​នេះ​ធ្វើ​ឲ្យ​យើង​ងាយ​រង​គ្រោះ។ សូម​ពិចារណា​អំពី​ហេតុផល​តែ​ពីរ​យ៉ាង ដែល​យើង​ចាំ​បាច់​ត្រូវ​ភ្ញាក់​ដឹង​ខ្លួន និង​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ដេញ​តាម​សេចក្តី​បរិសុទ្ធ។ 
ទីមួយ សាវ័ក ពេត្រុស ប្រាប់​យើង​ថា «អារក្ស​ដែល​ជា​ខ្មាំង​សត្រូវ​របស់​អ្នក​រាល់​គ្នា វា​តែង​ដើរ​ក្រវែល ទាំង​គ្រហឹម​ដូច​ជា​សិង្ហ ដើម្បី​នឹង​រក​អ្នក​ណា​ដែល​វា​នឹង​ត្របាក់​លេប​បាន» (១ពេត្រុស ៥:៨)។ ចូរ​យើង​កុំ​លេង​សើច​នឹង​ខ្លួន​ឯង​ឡើយ បាប​របស់​យើង​កំពុង​តាម​ប្រមាញ់​យើង​ហើយ។ សត្រូវ​របស់​យើង​សាហាវ​ដូច​សត្វ​សិង្ហ។ ចូរ​ចាំ​ថា នៅ​ពេល​ដែល​លោក កាអ៊ីន ខឹង​នឹង​ប្អូន​ប្រុស​គាត់ ព្រះ​អម្ចាស់​មាន​បន្ទូល​មក​គាត់​ថា «មាន​ដង្វាយ​លោះ​បាប​ដេក​នៅ​មាត់​ទ្វារ​ស្រាប់​ហើយ ចិត្ត​វា​នឹង​បណ្ដោយ​តាម​ឯង ហើយ​ឯង​មាន​អំណាច​លើ​វា​ដែរ» (លោកុប្បត្ដិ ៤:៧)។ 
តើ​អ្នក​ដឹង​ទេ​ថា នរណា​ខ្លះ​ងាយ​នឹង​ក្លាយ​ជា​ចំណី​របស់​អារក្ស? គឺ​គ្រីស្ទ​បរិស័ទ​ដែល​នៅ​ម្នាក់​ឯង។ ពេល​ណា​យើង​កាត់​ផ្តាច់​ខ្លួន​ឯង​ពី​អ្នក​ដទៃ យើង​ងាយ​នឹង​រង​គ្រោះ និង​រស់​នៅ​ដោយ​គ្មាន​មនុស្ស​ជួយ​យើង​ឲ្យ​ទទួល​ខុស​ត្រូវ​ចំពោះ​បាប​របស់​យើង។ យើង​ងាយ​នឹង «ដើរ​បាន​ត្រឹម​ត្រូវ» ភាគ​ច្រើន​នៅ​ពេល​ដែល​យើង​ដើរ​ជា​មួយ​ក្រុម​ដែល​កោត​ខ្លាច​ព្រះ។ ក្នុង​នាម​យើង​ជា​កូន​នៃ​ពន្លឺ យើង​មិន​ត្រូវ​ចាញ់​ការ​លួង​លោម​របស់​ភាព​ងងឹត ព្រោះ​ភាព​ងងឹត​បង្កើត​ឲ្យ​មាន​ការ​ផ្តាច់​ខ្លួន​ពី​អ្នក​ដទៃ។ ដើម្បី​ឲ្យ​យើង​មាន​ចិត្ត​ឆេះឆួល​ចង់​បាន​សេចក្តី​បរិសុទ្ធ យើង​ត្រូវ​តែ​ដើរ​ក្នុង​ពន្លឺ​ជា​មួយ​កូន​នៃ​ពន្លឺ។
ទីពីរ យើង​ត្រូវ​តែ​ភ្ញាក់​ដឹង​ខ្លួន និង​ចាំយាម ព្រោះ​ជីវិត​អស់​កល្ប​កំពុង​រង់​ចាំ​យើង។ ហេតុ​អ្វី​វីរបុរស​នៃ​ជំនឿ​ក្នុង​កណ្ឌ​គម្ពីរ​ហេព្រើរ​ជំពូក១១ ស័ក្តិសម​នឹង​ឲ្យ​គេ​ហៅ​ពួក​គាត់​ថា «វីរ​បុរស»? គឺ​ពីព្រោះ​ពួក​គេ​បាន​ស្វែង​រក​ទីក្រុង​ដែល​នឹង​មក​ដល់។ ពួក​គេ​ស្វែង​រក​ទីក្រុង​ដែល​មាន​គ្រឹះ និង​មាន​ព្រះ​ជា​អ្នក​សាង​សង់ (ហេព្រើរ ១១:‌១០)។ ឧទាហរណ៍៖ លោក ម៉ូសេ មិន​បាន​ចាញ់​ការ​លួង​លោម​ឲ្យ​ពេញ​ចិត្ត​តែ​ចំពោះ​ពេល​បច្ចុប្បន្ន​នោះ​ឡើយ។ គាត់​ក៏​មិន​បាន​លក់​ព្រលឹង​គាត់ ដើម្បី​ពេល​បច្ចុប្បន្ន។ គាត់​មិន​បាន​បោះ​បង់​ចោល​ការងារ​បម្រើ​ព្រះ ពេល​អនាគត និង​គ្រួសារ​របស់​គាត់ ដើម្បី​ភាព​សុខ​ស្រួល និង​ឯក​សិទ្ធិ​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ គាត់​បាន​ជ្រើស​រើស​យក​ផ្លូវ​ដែល​ពិបាក​ជាង។ ហេតុ​អ្វី? គឺ​ដោយ​សារ​គាត់ «បាន​រាប់​សេចក្ដី​ដំនៀល​ដែលគេ​តិះ​ដៀល​ដល់​ព្រះ​គ្រីស្ទ ទុក​ជា​ទ្រព្យ​សម្បត្តិ​ប្រសើរ​ជាង​អស់​ទាំង​របស់​ថ្លៃ​វិសេស​នៅ​ស្រុក​អេស៊ីព្ទ ដ្បិត​លោក​សម្លឹង​ចំ​ទៅ​ឯ​រង្វាន់​វិញ» (ខ.២៦)។ លោក ម៉ូសេ មិន​មែន​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ ហើយ​យើង​ក៏​អញ្ចឹង​ដែរ។ តែ​យើង​មិន​ត្រូវ​យក​វា​ធ្វើ​ជា​លេស ដើម្បី​ជៀស​វាង​ការ​រស់​នៅ​ក្នុង​សេចក្តី​បរិសុទ្ធ​ថ្វាយ​ព្រះ​គ្រីស្ទ​ឡើយ។ សរុប​មក សេចក្តី​សង្គ្រោះ​របស់​យើង​កំពុង​តែ​ខិត​ទៅ​ជិត​ការ​ចប់​សព្វ​គ្រប់ ហើយ​យើង​ចង់​ត្រៀម​ខ្លួន សម្រាប់​ការ​យាង​មកវិញ​របស់​ព្រះ​អម្ចាស់​យេស៊ូវ។ ទោះ​អ្នក​មាន​អតីត​កាល​ដូច​ម្ដេច​ក៏​ដោយ ហើយ​ថ្មីៗ​នេះ អ្នក​មាន​កំហុស និង​ការ​ខក​ចិត្ត​ដូច​ម្ដេច​ក៏​ដោយ ក៏​អ្នក​នៅតែ​មិន​យឺត​ពេល ក្នុង​ការ​ភ្ញាក់​ខ្លួន​ឡើង ហើយ​ចាំយាម។ ខ្មាំង​សត្រូវ​មិន​ចេះ​ដេក​ឡើយ ហើយ​ជីវិត​អស់​កល្ប​ស័ក្តិ​សមនឹង​ឲ្យ​យើង​រង់​ចាំ។ ចូរ​ទូល​សូម​ព្រះ​អម្ចាស់​នៅ​ថ្ងៃ​នេះ ឲ្យ​ចារ​ពាក្យ​ប្ដេជ្ញា​ចិត្ត​នៅ​លើ​ចិត្ត​អ្នក ដើម្បី​រស់​នៅ​ក្នុង​ជីវិត​ដែល​បរិសុទ្ធ ដើម្បី​ឲ្យ​ថ្ងៃ​នេះ អ្នក​អាច​ដើរ​បាន​ត្រឹម​ត្រូវ និង​មាន​ការ​ប្រុង​ប្រយ័ត្ន ដោយ​ចិត្ត​ក្លាហាន និង​ភ្នែក​ផ្ដោត​ទៅ​លើ​ពេល​អនាគត​ដ៏​រុង​រឿង​នៃ​សេចក្តី​សង្គ្រោះ​របស់​អ្នក។ 


ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ អេភេសូរ ៦:១០-២០
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ នាង អេសធើរ ១-២ និង​លូកា ១២:១-៣១

ប្រភេទ