
អធិស្ឋានអំពីអ្វីដែលមានក្នុងចិត្តអ្នក
ដោយJohn Blase
December 7, 2025
ដានីយ៉ែល ៩:៤-៦,១៥-១៩
ឱព្រះនៃយើងខ្ញុំអើយ សូមទ្រង់ស្ដាប់តាមសេចក្ដីអធិស្ឋាន នឹងពាក្យទូលអង្វររបស់អ្នកបំរើទ្រង់។ ដានីយ៉ែល ៩:១៧
មានពេលមួយ អ្នកស្រីប្រេនដា(Brenda) និងលោកអេឌី(Eddie) បានចូលទៅក្នុងឡាន ហើយចាប់ផ្តើមធ្វើដំណើរទៅកាន់ទីកន្លែងដែលពួកគេអាចចំណាយពេលជាមួយគ្នា នៅថ្ងៃព្រហស្បតិ៍ដូចសព្វមួយដង។ លោកអេឌីក៏បានសួរភរិយាគាត់ថា តើនាងចង់ទៅញាំអាហារពេលល្ងាចនៅកន្លែងណា? នាងក៏បានប្រាប់គាត់ថា គាត់ចង់ទៅកន្លែងណាក៏បាន។ លោកអេឌីធ្លាប់បានទៅកន្លែងមួយនោះ កាលពីមុនរួចហើយ ដូចនេះគាត់ចង់បបួលនាងទៅភោជនដ្ឋានវីនមីល តែនាងប្រាប់គាត់ថា ទៅកន្លែងណាក៏បាន លើកលែងតែហាងមួយហ្នឹង! លោកអេឌីក៏បានដកដង្ហើមធំ ហើយសួរគាត់ថា បើអញ្ចឹង តើពួកគេគួរទៅកន្លែងណា។ អ្នកស្រីប្រេនដាក៏បានទទូចថា ទៅកន្លែងណាក៏បាន!។
រឿងនេះស្តាប់ទៅហាក់ដូចជាកំប្លែង ប៉ុន្តែ តាមពិត វាជារឿងដែលគួរឲ្យនឿយណាយ នៅពេលពេលនោះ។
ជួនកាល ជីវិតនៃការអធិស្ឋានរបស់យើងក៏អាចមានលក្ខណៈដូចនេះផងដែរ។ យើងមានភាពស្រពិចស្រពិលពេក នៅក្នុងការទូលសូម។ តែផ្ទុយទៅវិញ សេចក្តីអធិស្ឋានក្នុងបទគម្ពីរដានីយ៉ែល ជំពូក៩ បានបង្ហាញថា លោកដានីយ៉ែល បានទូលសូមដល់ព្រះអម្ចាស់ច្បាស់ៗ នូវអ្វីដែលគាត់ចង់បាន។ ពីដំបូង គាត់បានសារភាពបាបរបស់ប្រជាជនគាត់ថា “យើងខ្ញុំរាល់គ្នាបានធ្វើបាប បានប្រព្រឹត្តក្រវិចក្រវៀន”(ខ.៥)។ បន្ទាប់មក គាត់ក៏បានធ្វើការទូលសូមដល់ព្រះអម្ចាស់។ “ឱព្រះនៃយើងខ្ញុំអើយ សូមទ្រង់ស្ដាប់តាមសេចក្ដីអធិស្ឋាន នឹងពាក្យទូលអង្វររបស់អ្នកបំរើទ្រង់”(ខ.១៧)។ “ឱព្រះអម្ចាស់អើយ សូមទ្រង់ព្រះសណ្ដាប់ ឱព្រះអម្ចាស់អើយ សូមទ្រង់អត់ទោស ឱព្រះអម្ចាស់អើយ សូមទ្រង់ស្ដាប់ ហើយប្រោសមេត្តាផង” (ខ.១៩)។ ព្រះអម្ចាស់មិនបានជំពាក់លោកដានីយ៉ែល នូវអ្វីមួយឡើយ ប៉ុន្តែ នេះជាមូលហេតុដែលលោកដានីយ៉ែលបានទុកចិត្តលើ “សេចក្តីមេត្តាដ៏អស្ចារ្យ” របស់ព្រះអង្គ(ខ.១៨) បានជាគាត់មានសេរីភាព ក្នុងការទូលថ្វាយបំណងចិត្តគ្រប់យ៉ាងរបស់គាត់ ដល់ព្រះអង្គ ដោយមិនមានការស្ទាក់ស្ទើរ។
ការអធិស្ឋានថា “សូមកុំតាមចិត្តទូលបង្គំ តែសូមតាមបំណងព្រះទ័យទ្រង់វិញ” គឺជាការអធិស្ឋានដ៏ត្រឹមត្រូវជានិច្ច គឺដូចដែលព្រះយេស៊ូវបានអធិស្ឋានដូចនេះ ទៅកាន់ព្រះវរបិតា នៅពេលយប់មុនពេលព្រះអង្គសុគតនៅលើឈើឆ្កាង(ម៉ាថាយ ២៦:៣៩)។ ប៉ុន្តែ ក៏មានពេលដែលយើងអធិស្ឋាន អំពីអ្វីដែលយើងចង់បាន ក៏មានភាពចាំបាច់ផងដែរ។ ព្រះទ្រង់ឲ្យតម្លៃចំពោះសេចក្តីក្លាហានរបស់យើង នៅពេលដែលយើងចូលមកចំពោះព្រះអង្គ ដោយចិត្តដែលផ្លាស់ប្រែ។ ដូចនេះ ចូរមានចិត្តក្លាហានឡើង និងអធិស្ឋានអំពីអ្វីដែលមានក្នុងចិត្តអ្នក ហើយទូលថ្វាយការនោះ ក្នុងព្រះហស្តរបស់ព្រះ ដែលមានសេចក្តីមេត្តាដ៏អស្ចារ្យ។—John Blasé
តើការអធិស្ឋានរបស់អ្នកមានលក្ខណៈដូចម្តេច បើប្រៀបធៀបនឹងបទគម្ពីរ ដានីយ៉ែល ៩:៤-១៩?
តើអ្នកចាំបាច់ត្រូវសារភាពបាបអ្វីខ្លះ មុនពេលអ្នកទូលសូមអ្វីមួយដល់ព្រះអង្គ?
ឱព្រះអម្ចាស់ សូមព្រះអង្គស្តាប់ពាក្យអធិស្ឋានរបស់អ្នកបម្រើរបស់ព្រះអង្គ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ដានីយ៉ែល ៥-៧ និង ២យ៉ូហាន