នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ចែករំលែកដោយចិត្តសប្បុរស

ចែករំលែកដោយចិត្តសប្បុរស

ដោយMatt Lucas

December 8, 2025

ចោទិយកថា ២៤:១៧-២២
កាលណាច្រូតចំរូតនៅស្រែរបស់ឯង បើភ្លេចស្រូវ១កណ្ដាប់នៅឯស្រែ នោះមិនត្រូវត្រឡប់ទៅយកវិញទេ ត្រូវទុកសំរាប់អ្នកដទៃ នឹងពួកកូនកំព្រា ហើយនឹងស្រីមេម៉ាយវិញ។ ចោទិយកថា ២៤:១៩
កាលពីរបីឆ្នាំមុន ព្រះវិហាររបស់ខ្ញុំបានទទួលជនភៀសខ្លួន ដែលបានរត់គេចពីប្រទេសរបស់ពួកគេ ដោយសារការផ្លាស់ប្តូរអ្នកដឹកនាំនយោបាយ។ គ្រួសារទាំងមូលបានធ្វើដំណើរ ដោយមានតែបង្វេចតូចមួយ។ គ្រួសារក្នុងពួកជំនុំរបស់យើងបានបើកទ្វារផ្ទះទទួលស្វាគមន៍ពួកគេ ហើយខ្លះបានឲ្យពួកគេចូលស្នាក់នៅ ក្នុងបន្ទប់តូចមួយ ដែលពួកគេនៅសល់ ក្នុងផ្ទះរបស់ពួកគេ។
ការស្វាគមន៍ប្រកបដោយព្រះគុណព្រះដូចនេះ បានធ្វើឲ្យខ្ញុំនឹកចាំ អំពីព្រះរាជបញ្ជារបស់ព្រះអម្ចាស់ ដល់ប្រជាជនអ៊ីស្រាអែល មុនពេលពួកគេចូលតាំងទីលំនៅក្នុងទឹកដីសន្យា។ ក្នុងសង្គមកសិកម្ម ពួកគេបានយល់អំពីសារៈសំខាន់នៃការច្រូតកាត់។ ពួកគេត្រូវមានអាហារបរិភោគគ្រប់គ្រាន់ ទំរាំដល់ពេលច្រូតកាត់នៅឆ្នាំក្រោយទៀត។ ព្រះអម្ចាស់ក៏បានប្រាប់ប្រជាជនអ៊ីស្រាអែលថា នៅពេលដែលពួកគេច្រូតកាត់ ពួកគេមិនត្រូវត្រឡប់ទៅរើសគួរស្រូវដែលពួកគេបានជ្រុះឡើយ។ គឺ “ត្រូវទុកសំរាប់អ្នកដទៃ នឹងពួកកូនកំព្រា ហើយនឹងស្រីមេម៉ាយវិញ”(ចោទិយកថា ២៤:១៩)។ ពួកគេត្រូវប្រព្រឹត្តដោយចិត្តសប្បុរស មិនមែនដោយចែករំលែក នៅពេលដែលពួកគេមានគ្រប់គ្រាន់នោះទេ តែត្រូវចែករំលែក ដោយទុកចិត្តលើការផ្គត់ផ្គង់របស់ព្រះ ដើម្បីឲ្យព្រះអម្ចាស់ ជាព្រះនៃពួកគេបានប្រទានពរដល់ពួកគេ ក្នុងគ្រប់ការទាំងអស់ ដែលដៃពួកគេធ្វើ(ខ.១៩)។ ព្រះទ្រង់តែងតែមានគ្រប់គ្រាន់ជានិច្ច។
ការប្រព្រឹត្តដោយចិត្តសប្បុរសដូចនេះ ក៏បានក្រើនរំឭកពួកគេថា កាលពីមុនពួកគេគឺជា “ទាសករក្នុងស្រុកអេស៊ីព្ទ”(ខ.២២)។ យើងប្រហែលមិនធ្លាប់បានទទួលរងការគាបសង្កត់ដូចពួកគេទេ តែយើងរាល់គ្នាសុទ្ធតែធ្លាប់ឆ្លងកាត់ពេលដែលយើងមានការខ្វះខាត ឬនៅក្រៅសហគមន៍របស់គេ។ ខណៈពេលដែលយើងចែករំលែកដល់អ្នកដទៃ យើងចាំបាច់ត្រូវនឹកចាំអំពីសេរីភាពរួចផុតពីបាប ដែលជាតម្រូវការជាមូលដ្ឋានរបស់យើង។ “ព្រះគ្រីស្ទបានសុគតជំនួសយើងរាល់គ្នា នោះគឺក្នុងកាលដែលយើងនៅមានបាបនៅឡើយផង” (រ៉ូម ៥:៨)។ 
ពេលណាយើងមានចិត្តសប្បុរសចំពោះអ្នកដទៃ គឺយើងកំពុងសរសើរដំកើងព្រះដ៏សប្បុរសនៃយើង ដែល “ស្រឡាញ់អ្នកណាដែលថ្វាយដោយអំណរ”(២កូរិនថូស ៩:៧)។—Matt Lucas

តើព្រះទ្រង់នាំអ្នកឲ្យមើលឃើញមនុស្ស ឬក្រុមមនុស្សណាដែលកំពុងមានការខ្វះខាត? 
តើអ្នកមានអ្វីដែលអាចចែករំលែកដល់ពួកគេបាន? 
ឱព្រះវរបិតា សូមព្រះអង្គបើកភ្នែកទូលបង្គំ ឲ្យមើលឃើញតម្រូវការរបស់អ្នកដទៃ។ 
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ដានីយ៉ែល ៨-១០ និង ២យ៉ូហាន 
 

ល្ងាច

ចម្រើន​ឡើង​ក្នុង​ការ​ស្កប់​ចិត្ត (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ចម្រើន​ឡើង​ក្នុង​ការ​ស្កប់​ចិត្ត (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

December 8, 2025

«ខ្ញុំ​ធ្លាប់​ទ្រាំ​ឲ្យ​មាន​សេចក្ដី​ចង្អៀត​ចង្អល់ ហើយ​ក៏​ធ្លាប់​មាន​សេចក្ដី​រីករាយ​ដែរ ខ្ញុំ​ធ្លាប់​ទាំង​ឆ្អែត ទាំង​ឃ្លាន ទាំង​មាន ទាំង​ខ្វះ ក្នុង​សារ​ពើ​ទាំង​អស់​ហើយ» (ភីលីព ៤:១២)។
ការ​ពិបាក​ក្នុង​ការ​ស្វែង​រក​ការ​ស្កប់​ចិត្ត គឺ​ជា​បញ្ហា​ដែល​មិន​មែន​ទើប​តែ​កើត​មាន​ក្នុង​សម័យ​យើង​នោះ​ឡើយ។ នៅ​សតវត្សរ៍​ទី១៧ បញ្ហា​នៃ​ការ​ស្កប់​ចិត្ត មាន​ភាព​ធ្ងន់ធ្ងរ​ល្មម​នឹង​អាច​​បណ្ដាល​ចិត្ត​លោក យេរេមា បូរូក (Jeremiah Burroughs) ជា​ពួក​ភួរីធិន និពន្ធ​សៀវភៅ​មួយ​ក្បាល​និយាយ​អំពី​បញ្ហា​នេះ ក្រោម​ចំណង​ជើង​ថា កំណត់​ទ្រព្យ​ដ៏​កម្រ​នៃ​ការ​ស្កប់​ចិត្ត​របស់​គ្រីស្ទ​បរិស័ទ ដែល​គ្រីស្ទ​បរិស័ទ​ជា​ច្រើន​បាន​ប្រើ​ប្រាស់ ជា​សៀវភៅ​សម្រាប់​ប្រកប​ជា​មួយ​ព្រះ ប្រ​ចាំ​ថ្ងៃ រហូត​ដល់​ពេល​សព្វ​ថ្ងៃ។ ប៉ុន្តែ ធ្នើរ​សៀវភៅ​ភាគ​ច្រើន មិន​មាន​សៀវភៅ​នេះ​ទេ។ ផ្ទុយ​ទៅ​វិញ ភាគ​ច្រើន​យើង​ទំនង​ជា​រក​ឃើញ​សៀវភៅ​ផ្សេង ដែល​លើក​ទឹក​ចិត្ត​ឲ្យ​យើង​ស្រមើ​ស្រមៃ​ចង់​បាន​ការ​ស្កប់​ចិត្ត ដោយ​ការ​មាន​ទ្រព្យ​សម្បត្តិ​ជា​បរិបូរ ឬ​ការ​បំពេញ​សេចក្តី​ប៉ង​ប្រាថ្នា​ខាង​សាច់​ឈាម។ 
បើ​យើង​មិន​ចង់​កុហក​ខ្លួន​ឯង​ទេ យើង​ត្រូវ​តែ​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ងាយ​នឹង​ត្រូវ​ជំនោរ​នៃ​ភាព​លោភ​លន់ បក់​បោក​ចុះ​ឡើងៗ ដោយ​ការ​មិន​សប្បាយ​ចិត្ត ព្រោះ​ភាព​ស្កប់​ចិត្ត​របស់​យើង​មាន​ការ​ផ្ដេក​ផ្ដួល​ទៅ​លើ​កាលៈទេសៈ​របស់​យើង​ដោយ​ផ្ទាល់។ យើង​មិន​ខុស​ពី​កូន​ក្មេង​ទេ ព្រោះ​យើង​ច្រើន​តែ​មិន​ពេញ​ចិត្ត​នឹង​អ្វី​ដែល​យើង​ទទួល​បាន ឬ​មិន​សប្បាយ​ចិត្ត នៅ​ពេល​ដែល​មិត្តភក្ដិ​របស់​យើង​មាន​អ្វីៗ​ច្រើន​ជាង​យើង។ ហេតុ​នេះ​ហើយ យើង​ក៏​បាន​ប្ដេជ្ញា​ចិត្ត​ថា នឹង​ធ្វើ​អ្វី​ដែល​យើង​អាច​ធ្វើ​បាន ដើម្បី «ជួស​ជុល» កាលៈទេសៈ​របស់​យើង ទាំង​ខាង​ផ្លូវ​ហិរញ្ញ​វត្ថុ សង្គម ឬ​ផ្លូវ​កាយ។ 
យើង​ងាយ​នឹង​ជឿ​ថា ការ​បដិសេធ​ខ្លួន​ឯង ឬ​ការ​បំពេញ​ចិត្ត​ខ្លួន​ឯង គឺ​ជា​គន្លឹះ​ដើម្បី​ជម្នះ​ភាព​លោភ​លន់។ ឧទាហរណ៍៖ ខ្ញុំ​អាច​និយាយ​ដោយ​ការ​បន្ទាប​ខ្លួន​ក្លែង​ក្លាយ​ថា ខ្ញុំ​មិន​ចង់​បាន​អាវ​រងា​មាន​សាច់​ក្រ​ណាត់​ទន់​នោះ​ទេ តែ​ខ្ញុំ​សុខ​ចិត្ត​ពាក់​អាវ​រងា​សាច់​រឹង​ដែល​ធ្វើ​ឲ្យ​ស្កៀប​វិញ តែ​ការ​និយាយ​ដូច​នេះ គ្រាន់​តែ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​អួត​អំពី​ការ​បន្ទាប​ខ្លួន​របស់​ខ្ញុំ ដោយ​សារ​ការ​យល់​ខុស​អំពី​សេចក្តី​បរិសុទ្ធ។ ម្យ៉ាង​ទៀត ខ្ញុំ​នឹង​ទិញ​អាវ​រងា​ទាំង​អស់​ដែល​ខ្ញុំ​អាច​រក​បាន ដោយ​សង្ឃឹម​ថា ខ្ញុំ​នឹង​លែង​មាន​ចិត្ត​ចង់​បាន​អាវ​រងា​ទៀត!
មធ្យោបាយ​ទាំង​ពីរ​នេះ​មិន​ថ្វាយ​សិរី​ល្អ​ដល់​ព្រះ​ទេ។ ផ្ទុយ​ទៅ​វិញ ដើម្បី​ថ្វាយ​សិរី​ល្អ​ដល់​ព្រះ យើង​ត្រូវ​ទុក​ចិត្ត​ព្រះ​អង្គ ជា​ព្រះ​ដែល​បាន​ប្រទាន​អំណោយ​ជា​បរិបូរ ដើម្បី​ឲ្យ​យើង​បាន​អរ​សប្បាយ។ យើង​មិន​ត្រូវ​ទុក​ចិត្ត​លើ​ភាព​សម្បូរ​សប្បាយ​ខាង​សាច់​ឈាម តែ​គ្រីស្ទ​បរិស័ទ​ទទួល​ស្គាល់​ថា អំណោយ​នីមួយៗ​ដែល​ព្រះ​ប្រទាន គឺ​ជា​លទ្ធផល​នៃ​ការ​ផ្គត់ផ្គង់​ប្រកប​ដោយ​ព្រះ​គុណ ហើយ​យើង​ថ្វាយ​សិរី​ល្អ​ដល់​ព្រះ​អង្គ ដោយ​អរ​សប្បាយ​នឹង​អ្វី​ដែល​ព្រះ​អង្គ​ប្រទាន តាម​របៀប​ដែល​ព្រះ​អង្គ​ត្រាស់​ហៅ​ឲ្យ​យើង​ធ្វើ​ក្នុង​ព្រះ​បន្ទូល​របស់​ព្រះ​អង្គ។ យើង​មាន​សេរី​ភាព​ក្នុង​ការ​អរ​សប្បាយ​ចំពោះ​អ្វី​ដែល​យើង​មាន តែ​យើង​មិន​ត្រូវ​ធ្វើ​ឲ្យ​ពួក​វា​ក្លាយ​ជា​រូប​ព្រះ ដោយ​ដេញ​តាម និង​បម្រើ​ពួក​វា ធ្វើ​មើល​តែ​ពួក​វា​អាច​បំពេញ​តម្រូវ​ការ និង​ធ្វើ​ឲ្យ​ចិត្ត​យើង​ស្កប់​ស្កល់​នោះ​ឡើយ។ ការ​ស្កប់​ចិត្ត​កើត​ឡើង​ពី​ការ​នឹក​ចាំ​ថា ព្រះ​គ្រីស្ទ​គឺ​ជា​ព្រះ​អម្ចាស់ ហើយ​អ្វី​ផ្សេង​ទៀត​មិន​មែន​ជា​ព្រះ​អម្ចាស់​ទេ។
ការ​ស្កប់​ចិត្ត​នេះ មិន​កើត​មាន​ដោយ​ឯក​ឯង​ឡើយ។ យើង​ត្រូវ​តែ​រៀន​ស្កប់​ចិត្ត​ដូច​សាវ័ក ប៉ុល ខណៈ​ពេល​ដែល​យើង​មាន​ភាព​ពេញ​វ័យ​ក្នុង​ជំនឿ។ ទោះ​អ្នក​ស្កប់​ចិត្ត នៅ​ថ្ងៃ​ដែល​អ្នក​បាក់​ទឹក​ចិត្ត ឬ​ត្រូវ​ចៅហ្វាយ​នាយ​មើល​រំលង ក្នុង​ការ​ដំឡើង​មុខ​តំណែង ឬ​កំពុង​មាន​បញ្ហា​អ្វី​ផ្សេង​ទៀត​ក្តី ក៏​អ្នក​ត្រូវ​តែ​សួរ​ថា តើ​ព្រះ​គ្រីស្ទ​មាន​ភាព​គ្រប់​គ្រាន់​គ្រប់​យ៉ាង​ដូច​ម្ដេច​ខ្លះ ដែល​ល្មម​នឹង​អាច​ជួយ​ឲ្យ​ខ្ញុំ​​រក​ឃើញ​ភាព​ស្កប់​ចិត្ត​នៅ​ក្នុង​ព្រះ​អង្គ​ក្នុង​កាលៈទេសៈ​នេះ? ការ​ស្កប់​ចិត្ត​គឺ​ជា​កំណប់​ទ្រព្យ​ដ៏​កម្រ និង​ជា​វត្ថុ​ដ៏​មាន​តម្លៃ ដែល​យើង​ត្រូវ​ស្វែង​រក។ 


ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ ទំនុកតម្កើង ១៦
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ នាង អេសធើរ ៦-៨ និង​លូកា ១៣:១-២១

ប្រភេទ