នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ការរស់នៅជាពួកជំនុំរបស់ព្រះអង្គ

ការរស់នៅជាពួកជំនុំរបស់ព្រះអង្គ

ដោយAnne Cetas

December 9, 2025

កិច្ចការ ២:៣៦-៤៧
ទ្រង់ក៏បន្ថែមនូវអស់អ្នក ដែលកំពុងតែបានសង្គ្រោះរាល់តែថ្ងៃ ទៅក្នុងពួកជំនុំថែមទៀត ។ កិច្ចការ ២:៤៧
នៅពេលរសៀលមានថ្ងៃរះល្អ ខ្ញុំបានយកដីសមកគូរពីលើផ្លូវដើរ ជាមួយគ្រួសារជនជាតិស៊ូដង់មួយ ដែលជាអ្នកជិតខាង។ ពេលនោះ យើងអាចឮសម្លេងច្រៀងចេញពីផ្ទះមួយនៅជាប់ផ្ទះពួកគេ ដែលនៅទីនោះ មានក្រុមតូចមួយកំពុងធ្វើកម្មវិធីថ្វាយបង្គំព្រះ។ ស្រ្តីជាម្តាយវ័យក្មេងម្នាក់ ដែលកំពុងជជែកគ្នាជាមួយខ្ញុំ ចង់ដឹងថា មានរឿងអ្វីកំពុងកើតឡើង ដូចនេះ យើងក៏បានដើរទៅស្តាប់ឲ្យបានជិត។ ពួកគេក៏បានអញ្ជើញពួកយើងចូលរួមជាមួយពួកគេ។ មានបុរសវ័យក្មេងម្នាក់កំពុងឈរ ក្នុងអាងទឹកដែលគេបានរៀបចំសម្រាប់ធ្វើបុណ្យជ្រមុជទឹក។ គាត់ក៏បាននិយាយអំពីការទទួលការអត់ទោសបាបរបស់គាត់ ហើយប្ដេជ្ញាចិត្តដើរតាមព្រះយេស៊ូវ។
នេះជាឱកាសពិសេស សម្រាប់ឲ្យយើងឮទីបន្ទាល់អំពីសេចក្តីសង្គ្រោះ ក្នុងទីធ្លាផ្ទះរបស់អ្នកជិតខាងរបស់យើង។ ពួកគេបានជួបជុំគ្នាធ្វើជាពួកជំនុំ ក្នុងតំបន់ដែលយើងរស់នៅ។
ព្រះយេស៊ូវកំពុងសាងសង់ពួកជំនុំទ្រង់ នៅទូទាំងពិភពលោក។ រយៈពេលប៉ុន្មានថ្ងៃ មុនពេលព្រះអង្គយាងឡើងស្ថានសួគ៌វិញ ព្រះអង្គបានប្រាប់អ្នកដើរតាមព្រះអង្គថា ព្រះអង្គនឹងចាត់ព្រះវិញ្ញាណរបស់ព្រះអង្គ ឲ្យយាងចុះមកសណ្ឋិតក្នុងចិត្តពួកគេ ហើយពួកគេនឹងបានធ្វើបន្ទាល់ថ្វាយព្រះអង្គ រហូតដល់ “ចុងបំផុតនៃផែនដី”(កិច្ចការ ១:៨)។ ព្រះអង្គនឹងសង់ពួកជំនុំរបស់ទ្រង់ តាមរយៈការអធិប្បាយ និងបង្រៀនព្រះបន្ទូល ដោយអំណាចនៃព្រះវិញ្ញាណបរិសុទ្ធ។ ហើយមិនយូរប៉ុន្មាន ព្រះអង្គក៏បានចាប់ផ្តើម “បន្ថែមនូវអស់អ្នក ដែលកំពុងតែបានសង្គ្រោះរាល់តែថ្ងៃ ទៅក្នុងពួកជំនុំថែមទៀត”(២:៤៧)។
យើងអាចរួមចំណែកនៅក្នុងការសង់ពួកជំនុំរបស់ព្រះគ្រីស្ទ ដោយរស់នៅជាពួកជំនុំរបស់ព្រះអង្គ ដោយបង្ហាញចេញនូវសេចក្តីជំនឿរបស់យើង ក្នុងតំបន់ដែលយើងរស់នៅ និងចែកចាយដល់អ្នកដទៃ អំពីការអ្វីដែលព្រះអង្គបានធ្វើសម្រាប់យើង។ ព្រះអង្គបានលះបង់ព្រះជន្មទ្រង់ និងមានព្រះជន្មរស់ឡើងវិញ ដើម្បីឲ្យយើងបានទទួលការអត់ទោសបាប និងមានជីវិតអស់កល្បជានិច្ច។ ហើយព្រះអង្គនឹងជួយយើងរៀនបម្រើអ្នកដទៃ ក្នុងពួកជំនុំរបស់ព្រះអង្គ ក្នុងពេលសព្វថ្ងៃផងដែរ។—Anne Cetas

តើព្រះទ្រង់អាចប្រើអ្នក ដើម្បីសង់ពួកជំនុំរបស់ព្រះអង្គដូចម្តេចខ្លះ? តើមានការអ្វីទៀតដែលអ្នកអាចធ្វើបាន? 
ឱព្រះយេស៊ូវ ទូលបង្គំសូមអរព្រះគុណព្រះអង្គ សម្រាប់ការបន្ថែមមនុស្សកាន់តែច្រើន ក្នុងពួកជំនុំរបស់ព្រះអង្គជារៀងរាល់ថ្ងៃ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ដានីយ៉ែល ១១-១២ និង យូដាស
 

ល្ងាច

កើត​ចេញពី​ក្នុង​ចិត្ត​មក (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

កើត​ចេញពី​ក្នុង​ចិត្ត​មក (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

December 9, 2025

«តែ​ដែល​គ្រប់​គ្នា​កើត​មាន​សេចក្ដី​ល្បួង នោះ​គឺ​ដោយ​សារ​តែ​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​ខ្លួន​នាំ​ប្រទាញ ហើយ​លួង​លោម​ទេ រួច​កាល​ណា​សេចក្ដី​ប៉ង​ប្រាថ្នា​ជាប់​មាន​ជា​ផ្ទៃ នោះ​សំរាល​ចេញ​មក​ជា​អំពើ​បាប ហើយ​កាល​ណា​បាប​បាន​ពោរ​ពេញ​ឡើង នោះ​ក៏​បង្កើត​ជា​សេចក្ដី​ស្លាប់» (យ៉ាកុប ១:‌១៤-១៥)។
អំពើ​បាប​នីមួយៗ​ដែល​យើង​ប្រព្រឹត្ត​សុទ្ធ​តែ​កើត​ចេញ​ពី​ចិត្ត​របស់​យើង​មក។ ក្នុង​នាម​យើង​ជា​មនុស្ស​ដែល​ព្រះ​ទ្រង់​បាន​បង្កើត​មក​ឲ្យ​ត្រូវ​នឹង​រូប​អង្គ​ទ្រង់ យើង​មាន​សេចក្តី​ប៉ង​ប្រាថ្នា​គ្រប់​ប្រភេទ ហើយ​បំណង​ចិត្ត​យើង​មិន​តែង​តែ​អាក្រក់​នោះ​ឡើយ។ ដោយ​សារ​ការ​ធ្លាក់​ចូល​អំពើ​បាប សេចក្តី​ប៉ង​ប្រាថ្នា​របស់​យើង​មាន​សក្ដានុពល​ដ៏​អស្ចារ្យ ក្នុង​ការ​ងាក​ទៅ​រក​សេចក្តី​អាក្រក់។ សូម្បី​តែ​បំណង​ចិត្ត​ដែល​ព្រះ​ទ្រង់​ប្រទាន ក៏​អាច​ត្រូវ​បាន​បំភ្លៃ ហើយ​ប្រើ​ប្រាស់ ដើម្បី​ធ្វើ​ការ​អាក្រក់​ដែរ។ យើង​មាន​ជំនាញ​ខាង​ដោះសា​ថា យើង​ងាក​ទៅ​រក​ការ​អាក្រក់ ដោយ​សារ​តែ​ការ​អូស​ទាញ​របស់​អារក្ស មិត្តភក្ដិ តំណ​ពូជ និង​បរិយាកាស​ជុំ​វិញ​យើង។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ព្រះ​គម្ពីរ​បាន​ចែង​ថា បំណង​ចិត្ត​របស់​យើង​បាន​ល្បួង​យើង​ឲ្យ​ធ្វើ​អំពើ​បាប។ ការ​ល្បួង​ឲ្យ​យើង​រាល់​គ្នា​ឈប់​ស្តាប់​បង្គាប់​ព្រះ និង​បំពេញ​សេចក្តី​ប៉ង​ប្រាថ្នា​របស់​យើង ទោះ​ជា​សេចក្តី​ប៉ង​ប្រាថ្នា​ដែល​អាក្រក់ ឬ​ត្រូវ​បាន​បង្ខូច​ឲ្យ​អាក្រក់​ក្តី គឺ​សុទ្ធ​តែ​កើត​ចេញ​ពី​ក្នុង​ចិត្ត​យើង​មក។ 
អារក្ស​អាច​មក​ល្បួង​យើង ប៉ុន្តែ​យើង​គឺ​ជា​អ្នក​សម្រេច​ចិត្ត​ថា​មិន​ស្តាប់​បង្គាប់​ព្រះ។ ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​យ៉ាង​ច្បាស់​ថា «គឺ​ជា​សេចក្ដី​ដែល​ចេញ​ពី​មនុស្ស​មក​ទេ​តើ​ដែល​ធ្វើ​ឲ្យ​ស្មោក​គ្រោក​នោះ» (ម៉ាកុស ៧:២០)។ ការ​ល្បួង​នីមួយៗ​កើត​មាន​ចំពោះ​យើង ពេល​ណា​បំណង​ចិត្ត​យើង​អូស​ទាញ និង​ល្បួង​យើង។ ហើយ​ពេល​ណា​យើង​ចុះ​ចូល​ការ​ល្បួង វា​នឹង​នាំ​យើង​ទៅ​រក​សេចក្តី​ស្លាប់​នៅ​ទី​បញ្ចប់។ 
យើង​អាច​យល់​ច្បាស់​អំពី​ការ​លួង​លោម​របស់​ការ​ល្បួង នៅ​ក្នុង​ការ​ប្រៀប​ប្រដូច​អំពី​ភាព​ល្ងង់​ខ្លៅ​របស់​សត្វ​ត្រី។ ពួក​វា​មើល​ឃើញ​នុយ ដែល​មាន​រូប​រាង​ទាក់​ទាញ​យ៉ាង​ខ្លាំង ពួក​វា​ក៏​បាន​ហែល​ទៅ​រក​នុយ​នោះ ហើយ​ក៏​បាន​ជាប់​ផ្លែ​សន្ទូច។ បើ​នុយ​មាន​ភាព​ទាក់​ទាញ​គ្រប់​គ្រាន់ នោះ​ត្រី​មិន​អាច​ធ្វើ​ជា​មើល​មិន​ឃើញ​បាន​ទេ។
តើ​យើង​ពិត​ជា​ឆ្លាត​ជាង​ត្រី​ឬ? បើ​នុយ​មាន​លក្ខណៈ​គួរ​ឲ្យ​គាប់​ចិត្ត យើង​នឹង​ព្យាយាម​បញ្ចុះ​បញ្ចូល​ខ្លួន​ឯង​ថា គ្មាន​ផ្លែ​សន្ទូច​បង្កប់​ក្នុង​នុយ​នោះ​ទេ។ ប៉ុន្តែ ផ្លែ​សន្ទូច​មាន​នៅ​ក្នុង​នុយ។ «កាល​ណា​បាប​បាន​ពោរ​ពេញ​ឡើង នោះ​ក៏​បង្កើត​ជា​សេចក្ដី​ស្លាប់»។ ផ្លូវ​របស់​បាប​ឆ្ពោះ​ទៅ​រក​ការ​ជំនុំ​ជម្រះ ហើយ​វា​បាន​គូស​ចំណាំ​ពី​លើ​ជីវិត​យើង តាម​របៀប​ដែល​វា​មិន​អាច​រលប់​បាត់ ដោយ​សារ​ពេល​វេលា​នោះ​ទេ តែ​ដោយ​សារ​សេចក្តី​មេត្តា​របស់​ព្រះ នោះ​ព្រះ​អង្គ​អាច​ប្រោស​លោះ​បាប​ទាំង​អស់​នោះ​បាន។
ដរាប​ណា​យើង​មាន​ជីវិត​នៅ​លើ​ផែនដី​នេះ យើង​នឹង​មិន​អាច​គេច​ផុត​ពី​ការ​ល្បួង​បាន​ទេ។ ក្នុង​បទ​គម្ពីរ​លោកុប្បត្ដិ ព្រះ​ទ្រង់​បាន​ដាស់​តឿន​លោក កាអ៊ីន​ថា «មាន​ដង្វាយ​លោះ​បាប​ដេក​នៅ​មាត់​ទ្វារ​ស្រាប់​ហើយ ចិត្ត​វា​នឹង​បណ្ដោយ​តាម​ឯង ហើយ​ឯង​មាន​អំណាច​លើ​វា​ដែរ» (លោកុប្បត្ដិ ៤:៧)។ ការ​នេះ​បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​យើង​ដឹង​ថា បាប​តែង​តែ​រង់​ចាំ​ក្នុង​ចិត្ត​យើង​ជានិច្ច ដោយ​ត្រៀម​ជា​ស្រេច ដើម្បី​សង្គ្រុប​ពីលើ​យើង។ 
ដូច​នេះ ចូរ​យើង​ប្ដេជ្ញា​ចិត្ត​ថា នឹង​ជម្នះ​ការ​លួង​លោម​នីមួយៗ​ដែល​នាំ​ឲ្យ​យើង​ធ្វើ​អំពើ​បាប។ វា​ជា​សង្គ្រាម​ប្រចាំ​ថ្ងៃ។ ថ្ងៃ​នេះ ចូរ​យើង​បដិសេធ​មិន​ឲ្យ​ភ្នែក​យើង​មើល គំនិត​យើង​ពិចារណា ឬ​បំណង​ចិត្ត​យើង​ដេញ​តាម​អ្វី​ក៏​ដោយ ដែល​អូស​ទាញ​យើង​ចេញ​ឆ្ងាយ​ពី​ព្រះ​គ្រីស្ទ។ តើ​ដោយ​របៀប​ណា? គឺ​ដោយ​រៀន​ចោទ​សួរ​បំណង​ចិត្ត​របស់​យើង​ថា «តើ​នេះ​ជា​បំណង​ចិត្ដ​ដែល​កោត​ខ្លាច​ព្រះ ដែល​ខ្ញុំ​គួរ​តែ​មាន ឬ​ជា​បំណង​ចិត្ត​ខាង​ឯ​បាប ដែល​ខ្ញុំ​ត្រូវ​ប្រយុទ្ធ​ប្រឆាំង​ទេ?» ហើយ​ចូរ​យើង​ពាក់​គ្រឿង​សឹក​របស់​ព្រះ គឺ​ដូច​ដែល​ព្រះ​គម្ពីរ​បាន​បង្គាប់​យើង​ថា ចូរ «យក​សេចក្ដី​ជំនឿ​ទុក​ជា​ខែល​ផង ដែល​អ្នក​រាល់​គ្នា​នឹង​អាច​រំលត់ អស់​ទាំង​ព្រួញ​ឆេះ​របស់​មេ​កំណាច ដោយ​សារ​ខែល​នោះ​បាន» (អេភេសូរ ៦:‌១៦)។ គឺ​ដោយ​សារ​ជំនឿ​លើ​ព្រះ​រាជ​បុត្រា​នៃ​ព្រះ​ជា​ព្រះ​អម្ចាស់ និង​ព្រះ​អង្គ​សង្គ្រោះ ដែល​អ្នក​រក​ឃើញ​អំណាច ដើម្បី​ឈរ​មាំ​មួន និង​ទទួល​ការ​អត់​ទោស ពេល​ណា​យើង​ធ្លាក់​ចូល​អំពើ​បាប។ 


ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ ១កូរិនថូស ១០:១-១៣
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ នាង អេសធើ ៩-១០ និង​លូកា ១៣:២២-៣៥

ប្រភេទ