នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

មេរៀនមិនអាចបំភ្លេចបាន

មេរៀនមិនអាចបំភ្លេចបាន

ដោយArthur Jackson

December 10, 2025

សុភាសិត ៣:១-១២
កូនអើយ កុំឲ្យភ្លេចឱវាទអញឡើយ គួរឲ្យចិត្តឯងកាន់តាមបណ្ដាំរបស់អញទាំងប៉ុន្មាន។ សុភាសិត ៣:១
លោកគ្រូខូរេយ ប្រ៊ូក(Corey Brooks) គឺជា “គ្រូគង្វាលនៅលើដំបូលផ្ទះ” ដែលបានរស់នៅលើដំបូងអាគាររបស់ព្រះវិហាររបស់គាត់ នៅតំបន់ខាងត្បូងនៃទីក្រុងឈីកាហ្គោ អស់រយៈពេល៣៤៣ថ្ងៃ ដើម្បីបង្រៀនសហគមន៍ឲ្យមានការផ្លាស់ប្រែ។ នៅតាមបណ្ដាញសង្គម លោកគ្រូប្រ៊ូកបង្ហោះអត្ថបទ ដែលបានបញ្ចេញឈ្មោះ លោកគ្រូចូ ស្តូក(Joe Stokes) ជាគ្រូបង្រៀនរបស់គាត់កាលនៅបឋមសិក្សា ដែលបានបង្រៀនគាត់ នូវមេរៀន៤យ៉ាង ដែលគាត់មិនអាចភ្លេចបានដូចជា អំណាចនៃការស៊ូទ្រាំទុក្ខលំបាក សារៈសំខាន់នៃភាពពិតត្រង់ តម្លៃនៃការចូលរួមសហគមន៍ និងឥទ្ធិពលនៃការអប់រំ។
យើងក៏អាចរៀនរស់នៅ តាមរបៀបដែលមានឥទ្ធិពលមកលើសហគមន៍ផងដែរ តាមរយៈការឱបក្រសោបយកប្រាជ្ញារបស់ស្តេចសាឡូម៉ូន ក្នុងបទគម្ពីរសុភាសិត ជំពូក៣។ ស្តេចសាឡូម៉ូនបានបង្រៀនមេរៀន៤យ៉ាង សម្រាប់អស់អ្នកដែលទុកចិត្តព្រះ ហើយបានទទួលការត្រាស់ហៅ ឲ្យរស់នៅដោយឥទ្ធិពលជាវិជ្ជមាន គឺបានបង្រៀនពួកគេឲ្យ ទុកចិត្តព្រះអម្ចាស់ (ខ.៥) កោតខ្លាចព្រះអម្ចាស់ ហើយចៀសចេញពីសេចក្តីអាក្រក់(ខ.៧) ថ្វាយព្រះកិត្តិនាមដល់ព្រះអម្ចាស់តាមរយៈទ្រព្យសម្បត្តិរបស់ខ្លួន(ខ.៩) ហើយមិនមើលងាយសេចក្តីបង្រៀនរបស់ព្រះអម្ចាស់(ខ.១១)។ ប្រាជ្ញាដូចនេះបណ្តាលចិត្តយើងឲ្យផ្តោតចិត្តទៅលើព្រះ តែក៏នាំឲ្យមានសេចក្តីជំនឿដែលធ្វើឲ្យប៉ះពាល់ចិត្តអ្នកដទៃផងដែរ។ 
ក្នុងបទគម្ពីរម៉ាថាយ ៥:៣-១២ ព្រះយេស៊ូវគឺជាប្រភពនៃប្រាជ្ញាគ្រប់យ៉ាង ទ្រង់បានមានបន្ទូលយ៉ាងក្បោះក្បាយ អំពីសណ្ឋាននៃចិត្ត និងផ្នត់គំនិតដែលអ្នកជឿព្រះយេស៊ូវគួរមាន។ ជាងនេះទៅទៀត ព្រះអង្គបានរំឭកពួកគេថា ពួកគេគឺជាមនុស្សដែលមានឥទ្ធិពលមកលើលោកិយ។ គឺដូចដែលព្រះអង្គមានបន្ទូលថា “អ្នករាល់គ្នាជាអំបិលនៃផែនដី”(ខ.១៣) “អ្នករាល់គ្នាជាពន្លឺនៃលោកីយ” (ខ.១៤)។ “ចូរឲ្យពន្លឺរបស់អ្នករាល់គ្នា បានភ្លឺនៅមុខមនុស្សលោកយ៉ាងនោះដែរ ដើម្បីឲ្យគេឃើញការល្អ ដែលអ្នករាល់គ្នាប្រព្រឹត្ត រួចសរសើរដំកើង ដល់ព្រះវរបិតានៃអ្នករាល់គ្នា ដែលគង់នៅស្ថានសួគ៌” (ខ.១៦)។—Arthur Jackson

តើមាននរណាបានបណ្តាលចិត្តអ្នក ឲ្យថ្វាយព្រះកិត្តិនាមដល់ព្រះ តាមរបៀបដែលប៉ះពាល់ចិត្តអ្នកដទៃ? 
តើអ្នកអាចវិលត្រឡប់ទៅអនុវត្តឡើងវិញ នូវមេរៀនក្នុងព្រះគម្ពីរប៊ីប ដែលអ្នកបានភ្លេចហើយ យ៉ាងដូចម្តេចខ្លះ? 
ឱព្រះវរបិតាដែលគង់នៅស្ថានសួគ៌ សូមព្រះអង្គអត់ទោសឲ្យទូលបង្គំ ដែលមិនបានថ្វាយព្រះកិត្តិនាមដល់ព្រះអង្គទាំងស្រុង។ 
សូមព្រះអង្គកែប្រែចិត្តទូលបង្គំជាថ្មី តាមរយៈព្រះបន្ទូលព្រះអង្គនៅថ្ងៃនេះ។ 
 គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ហូសេ ១-៤ និង វិវរណៈ ១

ល្ងាច

មិន​ណាយ​ចិត្ត​ក្នុង​ការ​ធ្វើ​ការ​ល្អ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

មិន​ណាយ​ចិត្ត​ក្នុង​ការ​ធ្វើ​ការ​ល្អ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

December 10, 2025

«កុំ​ឲ្យ​យើង​ណាយ​ចិត្ត​នឹង​ធ្វើ​ការ​ល្អ​ឡើយ ដ្បិត​បើ​មិន​រសាយ​ចិត្ត​ទេ នោះ​ដល់​កំណត់​យើង​នឹង​ច្រូត​បាន​ហើយ» (កាឡាទី ៦:៩)។
អ្នក​អាច​ចាំ​ពេល​ដែល​អ្នក​សិក្សា​មុខ​វិជ្ជា​ផ្សេងៗ នៅ​សាលា​រៀន​ដែល​បណ្ដាល​ឲ្យ​អ្នក​អង្គុយ​សម្លឹង​កិច្ចការ​ដែល​គ្រូ​ដាក់​ឲ្យ​ធ្វើ​នៅ​ផ្ទះ ដោយ​អារម្មណ៍​អស់​សង្ឃឹម។ យើង​ប្រហែល​ធ្លាប់​ជួប​រឿង​នេះ​ដូច​គ្នា។ អ្នក​ប្រហែល​ជា​មាន​អារម្មណ៍​ថា គ្រូ​បង្រៀន​បាន​សន្និដ្ឋាន​ថា អ្នក​រៀន​ខ្សោយ​ខ្លាំង​ណាស់ មិន​អាច​ជួយ​ឲ្យ​ប្រសើរ​ឡើង​បាន​ទេ។ អ្នក​កំពុង​តែ​ស្ថិត​ក្នុង​បរិយាកាស​ដែល​ពិបាក​ឲ្យ​អ្នក​រៀន​សូត្រ។ លោក ចន កាល់វីន (John Calvin) ធ្លាប់​បាន​កត់​សម្គាល់​ស្រដៀង​នេះ​ផង​ដែរ​ថា «ពេល​ណា​យើង​ដឹង​ថា អ្នក​ដទៃ​មិន​សង្ឃឹម​ថា ព្រះ​អាច​ជួយ​សង្គ្រោះ​យើង​បាន​ទេ ការ​ដឹង​ដូច​នេះ​គឺ​ជា​ឧបសគ្គ​ធំ​បំផុត ដែល​រា​រាំង​យើង​មិន​ឲ្យ​ស្វែង​យល់​សេចក្តី​ពិត»។132
យើង​ងាយ​នឹង​មាន​អារម្មណ៍​អស់​សង្ឃឹម នៅ​ក្នុង​ដំណើរ​ជីវិត​របស់​យើង​ជា​គ្រីស្ទ​បរិស័ទ ឬ​ងាយ​នឹង «ណាយ​ចិត្ត​នឹង​ធ្វើ​ការ​ល្អ»។ យើង​ប្រហែល​ជា​បោះ​បង់​ចោល​ការ​រួម​ចំណែក​ជា​ច្រើន​របស់​យើង ក្នុង​ការ​បំពេញ​តម្រូវ​ការ​របស់​រាស្ត្រ​របស់​ព្រះ ដោយ​សារ​យើង​បាក់​ទឹក​ចិត្ត ចំពោះ​លទ្ធផល​ដែល​យើង​ទទួល​បាន ឬ​បាក់​ទឹក​ចិត្ត​ដោយ​សារ​យើង​ចេះ​តែ​បរាជ័យ​ក្នុង​ការ​ជម្នះ​អំពើ​បាប និង​ក្នុង​ការ​ចម្រើន​ឡើង​ក្នុង​សេចក្តី​បរិសុទ្ធ។ យើង​ត្រូវ​តែ​បន្ត​ធ្វើ​ការ​ល្អ! ខណៈ​ពេល​ដែល​យើង​ខិត​ខំ​ស្តាប់​បង្គាប់​ព្រះ​ក្នុង​ជីវិត​យើង​ជា​គ្រីស្ទ​បរិស័ទ ព្រះ​ទ្រង់​ធ្វើ​ការ​ក្នុង​យើង ដើម្បី​កែ​ប្រែ និង​ជួយ​ឲ្យ​យើង​ចម្រើន​ឡើង (ភីលីព ២:១២-១៣)។ ហើយ​សាវ័ក យ៉ូហាន បាន​ធានា​អ្នក​ជឿ​ព្រះ​ក្នុង​សម័យ​របស់​គាត់ អំពី​សេចក្តី​ជំនឿ​លើ​ព្រះ​គ្រីស្ទ ដោយ​ប្រាប់​ពួក​គេ​ថា «យើង​រាល់​គ្នា​ដឹង​ថា យើង​បាន​កន្លង​ផុត​ពី​សេចក្ដី​ស្លាប់ ទៅ​ដល់​ជីវិត​ហើយ ពីព្រោះ​យើង​ស្រឡាញ់​ដល់​ពួក​បង​ប្អូន» (១យ៉ូហាន ៣:១៤)។ តើ​ក្នុង​ចំណោម​យើង មាន​ប៉ុន្មាន​នាក់​ដែល​ចង់​បញ្ចប់​ប្រយោគ​នេះ ដោយ​ប្រើ​ពាក្យ​មួយ​ឃ្លា​នេះ? ប៉ុន្តែ សូម្បី​តែ​ព្រះ​យេស៊ូវ​ក៏​បាន​មាន​បន្ទូល​ផង​ដែរ​ថា «គេ​នឹង​ដឹង​ថា អ្នក​រាល់​គ្នា​ជា​សិស្ស​របស់​ខ្ញុំ ដោយ​សារ​សេចក្ដី​នេះ​ឯង គឺ​ដោយ​អ្នក​រាល់​គ្នា​មាន​សេចក្ដី​ស្រឡាញ់​ដល់​គ្នា​ទៅ​វិញ​ទៅ​មក» (យ៉ូហាន ១៣:៣៥)។ 
ដូច​នេះ ចូរ​យើង​កុំ​បោះបង់​ចោល​ការ​តស៊ូ។ នៅ​ពេល​ដែល​សាវ័ក ប៉ុល សរសេរ​សំបុត្រ​ផ្ញើ​ទៅ​ពួក​ជំនុំ​នៅ​ទីក្រុង​ថែស្សាឡូនីច គាត់​បាន​ទទួល​ស្គាល់​គំរូ​ដ៏​ល្អ​របស់​ពួក​គេ ខាង​ឯ «សេចក្ដី​ជំនឿ និង​ពី​ការ​នឿយ​ហត់​ដែល​ធ្វើ​ដោយ​សេចក្ដី​ស្រឡាញ់» ហើយ​ដែល​ពួក​គេ​មាន​សេចក្ដី​សង្ឃឹម​យ៉ាង​មាំមួន​ដល់​ព្រះ​យេស៊ូវ​គ្រីស្ទ ជា​ព្រះ​អម្ចាស់​នៃ​យើង​រាល់​គ្នា (១ថែស្សាឡូនីច ១:៣)។ រឿង​ដែល​ពិត​ជា​បាន​កើត​ឡើង​ក្នុង​ពួក​ជំនុំ​នៅ​ទីក្រុង​ថែស្សាឡូនីច ក៏​អាច​កើត​ឡើង​ក្នុង​ពួក​ជំនុំ​របស់​យើង​ផង​ដែរ ត្រង់​ចំណុច​ដែល​ថា គេ​អាច​ស្គាល់​សេចក្តី​ជំនឿ​របស់​យើង តាម​ការ​ប្រព្រឹត្ត​ជាក់​ស្ដែង ដែល​គេ​អាច​មើល​ឃើញ និង​មាន​លក្ខណៈ​ជាប់​លាប់។ ជំនឿ​នោះ​មិន​មែន​ជា​ភាព​ឆេះឆួល​ដូច​ភ្លើង​ចំបើង​នោះ​ទេ តែ​មាន​សេចក្តី​សប្បុរស​តាម​បែប​គ្រីស្ទ​បរិស័ទ​យ៉ាង​ជាប់​លាប់។ 
ការ​ធ្វើ​ការ​ល្អ​អាច​ធ្វើ​ឲ្យ​យើង​នឿយ​ហត់ តែ​យើង​ត្រូវ​ប្រុង​ប្រយ័ត្ន​កុំ​ឲ្យ​ហត់​នឿយ​ក្នុង​ការ​ធ្វើ​ការ​ល្អ​ឡើយ។ ព្រោះ​ថ្ងៃ​មួយ ព្រះ​នៃ​សិរី​ល្អ​នឹង​មាន​បន្ទូល​មក​កាន់​ពួក​ស្មោះ​ត្រង់​ថា «ដែល​អ្នក​រាល់​គ្នា​បាន​ធ្វើ​ការ​ទាំង​នោះ ដល់​អ្នក​តូច​បំផុត​ក្នុង​ពួក​បង​ប្អូន​យើង​នេះ នោះ​ឈ្មោះ​ថា បាន​ធ្វើ​ដល់​យើង​ដែរ» (ម៉ាថាយ ២៥:៤០)។ ទំរាំ​តែ​ថ្ងៃ​នោះ​មក​ដល់ យើង​មាន​ឯក​សិទ្ធិ​ក្នុង​ការ​ស្តាប់​បង្គាប់ និង​បម្រើ​ព្រះ​គ្រីស្ទ​ដោយ​ក្តី​សង្ឃឹម​មិន​រេរា។ ដូច​នេះ តើ​អ្នក​កំពុង​បង្ហាញ​សេចក្តី​សប្បុរស​តាម​បែប​គ្រីស្ទ​បរិស័ទ​ទៅ​កាន់​ជន​អនាថា មនុស្ស​ដែល​អ្នក​មិន​ស្គាល់ និង​អ្នក​ទោស​កំពុង​រង​ទុក្ខ ស្ត្រី​មេម៉ាយ និង​ស្ត្រី​រកស៊ី​ផ្លូវ​ភេទ​ដូច​ម្ដេច​ខ្លះ? ពេល​នេះ​ជា​ពេល​ដែល​អ្នក​ត្រូវ​ទូល​សូម​ព្រះ​អង្គ​ប្រទាន​កម្លាំង និង​គោល​បំណង ដើម្បី​ធ្វើ​ការ​ថ្វាយ​ព្រះ​អង្គ និង​ចាប់​ផ្ដើម ឬ​បន្ត «ធ្វើ​ការ​ល្អ»? 


ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ កិច្ចការ ៦:១-៧
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ ហាកាយ និង​លូកា ១៤:១-២៤

ប្រភេទ