នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ចង្អុលបង្ហាញទៅរកព្រះយេស៊ូវ

ចង្អុលបង្ហាញទៅរកព្រះយេស៊ូវ

ដោយAlyson Kieda

December 11, 2025

កូល៉ុស ៣:១២-១៧
ដូច្នេះ ចូរប្រដាប់កាយ ដោយចិត្តក្ដួលអាណិត សប្បុរស សុភាព សំឡូត នឹងចិត្តអត់ធ្មត់ ទុកដូចជាពួកអ្នករើសតាំង ដែលបរិសុទ្ធ ហើយស្ងួនភ្ងាដល់ព្រះចុះ។ កូល៉ុស ៣:១២
មានបុរសវ័យចំណាស់ម្នាក់បានរត់ហាត់ប្រាណត្រឹកៗ នៅតាមដងផ្លូវ ក្នុងទីក្រុងញូយ៉ក ហើយក៏បានឈប់ នៅពេលដែលគាត់កត់សំគាល់ឃើញស្បែកជើងប៉ាតាកណ្តាចមួយគូរ នៅក្បែរផ្លាករបស់ជនអនាថាម្នាក់ ដែលមានសរសេរអក្សរពីលើ សុំឲ្យគេជួយគាត់។ នៅពេលដែលបុរសវ័យចំណាស់នោះបានដឹងថា បុរសអនាថានោះពាក់ស្បែកជើងទំហំដូចគាត់ដែរ គាត់ក៏បានដោះស្បែកជើងគាត់ ប្រគល់ទៅជនអនាថាដែលមានវ័យក្មេងជាងនោះ រួមទាំងស្រោមជើងផងដែរ រួចគាត់ក៏បានដើរទៅផ្ទះវិញ ដោយជើងទទេ។ ប៉ុន្តែ មុនចាកចេញទៅ គាត់បានពន្យល់ថា “ខ្ញុំបានទទួលព្រះពរពេញមួយជីវិតខ្ញុំហើយ។ ព្រះទ្រង់ល្អចំពោះខ្ញុំណាស់ ដូចនេះ ខ្ញុំមានអារម្មណ៍ថា ខ្ញុំក៏គួរតែធ្វើជាព្រះពរសម្រាប់អ្នកផងដែរ”។ 
ដែលបុរសនោះបានបង្ហាញចិត្តសប្បុរសដល់បុរសម្នាក់ទៀត ដោយសារព្រះទ្រង់ល្អចំពោះគាត់ជាយ៉ាងណា នោះអ្នកជឿព្រះយេស៊ូវ ក៏ត្រូវបានត្រាស់ហៅឲ្យ “ប្រដាប់កាយ” ដោយសេចក្តីសប្បុរសផងដែរ(កូល៉ុស ៣:១២)។ តាមពិត ទោះទៅក្នុងកិច្ចការអ្វីដែលយើងធ្វើ ឬនិយាយក៏ដោយ យើងត្រូវតែធ្វើជាតំណាងរបស់ព្រះអម្ចាស់យេស៊ូវ(ខ.១៧)។ 
ក្រៅពីសេចក្តីសប្បុរស យើងក៏ត្រូវប្រដាប់កាយដោយចិត្តក្ដួលអាណិត ការបន្ទាបខ្លួន ចិត្តសុភាព និងការអត់ធ្មត់ផងដែរ(ខ.១២)។ យើងមានផលផ្លែនៃព្រះវិញ្ញាណ(កាឡាទី ៥:២២-២៣) ដោយសារព្រះអង្គគង់នៅក្នុងយើង ហើយផលផ្លែនេះគឺជាភស្តុតាងបញ្ជាក់ថា សេចក្តីស្រឡាញ់ដែលព្រះទ្រង់មានចំពោះយើង បានហូរហៀរទៅរកអ្នកដទៃ ដោយការគួបផ្សំផលផ្លែទាំងអស់នេះ “ជាចំណងនៃសេចក្ដីគ្រប់លក្ខណ៍”(កូល៉ុស ៣:១៤)។
ចូរយើងស្វែងរកឱកាសបង្ហាញសេចក្តីសប្បុរស ដូចបុរសចំណាស់ដែលកំពុងហាត់ប្រាណតាមផ្លូវ ដោយពាក្យសម្តីដែលលើកទឹកចិត្ត យកអសារអ្នកដទៃដោយក្តីស្រឡាញ់ ឬថែមទាំងដោះស្បែកជើងចេញពីជើងយើង ឲ្យអ្នកដែលត្រូវការផងដែរ ហើយកាលណាយើងធ្វើដូចនេះ ចូរយើងចង្អុលបង្ហាញគេឲ្យងាកទៅរកព្រះយេស៊ូវ(ខ.១៧)។—Alyson Kieda

តើអ្នកដទៃបានធ្វើអំពើសប្បុរសអ្វី ដែលមានឥទ្ធិពលមកលើអ្នក? តើដោយរបៀបណា? 
តើអ្នកអាចបង្ហាញសេចក្តីសប្បុរសដល់នរណាម្នាក់ នៅថ្ងៃនេះ ដោយរបៀបណា? 
ឱព្រះវរបិតានៃសេចក្តីស្រឡាញ់ សូមព្រះអង្គជួយទូលបង្គំឲ្យស្វែងរកឱកាសចែកចាយសេចក្តីស្រឡាញរបស់ព្រះអង្គ 
តាមរយៈពាក្យសម្តី និងការប្រព្រឹត្ត។ ទូលបង្គំចង់មានលក្ខណៈដូចព្រះអង្គកាន់តែខ្លាំង!
Visit GO.ODB.org/121125 to consider three things we can learn from the kindness Jesus showed to everyday people.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ហូសេ ៥-៨ និង វិវរណៈ ២
 

ល្ងាច

លូត​លាស់​ក្នុង​ព្រះ​បន្ទូល​ព្រះ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

លូត​លាស់​ក្នុង​ព្រះ​បន្ទូល​ព្រះ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

December 11, 2025

«អ្នក​រាល់​គ្នា​ប្រែ​ចិត្ត​ចុះ ហើយ​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ទាំង​អស់​គ្នា ដោយ​នូវ​ព្រះ​នាម​ព្រះ​យេស៊ូវ​គ្រីស្ទ ប្រយោជន៍​ឲ្យ​បាន​រួច​ពី​បាប» (កិច្ចការ ២:៣៨)។
បើ​អ្នក​បាន​ក្លាយ​ជា​គ្រីស្ទ​បរិស័ទ​តាំង​ពី​យូរ​មក​ហើយ អ្នក​ប្រហែល​ជា​បាន​កត់​សម្គាល់​ឃើញ​ថា ការ​សិក្សា​ព្រះ​បន្ទូល​ផ្ទាល់​ខ្លួន ឬ​នៅ​ព្រះ​វិហារ​នៅ​ថ្ងៃ​អាទិត្យ ងាយ​នឹង​ក្លាយ​ជា​ទម្លាប់​ដែល​គ្មាន​ភាព​ឆេះឆួល។ ដំណឹង​ល្អ​ហាក់​ដូច​ជា​និយាយ​ត្រង់ៗ​ពេក បាន​ជា​យើង​ងាយ​នឹង​មើល​រំលង​សារៈ​សំខាន់​របស់​ដំណឹង​ល្អ ប៉ុន្តែ​ក្នុង​ភាព​កម្សោយ​របស់​យើង យើង​តែង​តែ​ចាំ​បាច់​ត្រូវ​ឮ​សេចក្តី​ពិត​នៃ​ដំណឹង​ល្អ​ដែល​ផ្សាយ​មក​យើង​ម្តង​ហើយ​ម្តង​ទៀត។ យើង​ត្រូវ​ការ​ឮ​ដំណឹង​ល្អ​ក្នុង​ពេល​សព្វ​ថ្ងៃ ដូច​កាល​យើង​ឮ​នៅ​ថ្ងៃ​ដំបូង​ដែល​យើង​ទទួល​ជឿ​ព្រះ​យេស៊ូវ។ យើង​មិន​អាច​កាត់​ផ្តាច់​ការ​ដើរ​ជា​មួយ​ព្រះ​គ្រីស្ទ​ចេញ​ពី «ព្រះ​បន្ទូល​នៃ​សេចក្ដី​ពិត គឺ​ជា​ដំណឹង​ល្អ​ពី​សេចក្ដី​សង្គ្រោះ» (អេភេសូរ ១:១៣) ព្រោះ​ព្រះ​ទ្រង់​បាន​កំណត់​ឲ្យ​សេចក្តី​ទាំង​ពីរ​នេះ​ជាប់​ទាក់​ទង​គ្នា។ ព្រះ​វិញ្ញាណ​របស់​ព្រះ ធ្វើ​ការ​តាម​រយៈ​ព្រះ​បន្ទូល​របស់​ព្រះ ដើម្បី​ទ្រទ្រង់​រាស្ត្រ​របស់​ព្រះ​អង្គ។ 
ហេតុ​នេះ​ហើយ កិច្ចការ​ដំបូង​ដែល​សាវ័ក ពេត្រុស ធ្វើ​បន្ទាប់​ពី​បាន​ទទួល​ព្រះ​វិញ្ញាណ​បរិសុទ្ធ​នៅ​ថ្ងៃ​បុណ្យ​ទី៥០ គឺ​គាត់​បាន​ឈរ​អធិប្បាយ​ព្រះ​បន្ទូល​អស់​ពេល​យ៉ាង​យូរ ខណៈ​ពេល​ដែល​មនុស្ស​កាន់​តែ​ច្រើន​បាន​ស្តាប់​ព្រះ​បន្ទូល​ព្រះ (កិច្ចការ ២)។ ផ្ទុយ​ទៅ​វិញ ពេល​ណា​ពួក​ជំនុំ​មិន​ឮ​ព្រះ​បន្ទូល​ព្រះ នោះ​ពួក​គេ​ក៏​មិន​លូត​លាស់​ដែរ។ ហេតុ​អ្វី? ព្រោះ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ធ្វើ​ការ ពេល​ណា​គេ​ឮ​ព្រះ​បន្ទូល ហើយ​គេ​ឮ​ព្រះ​បន្ទូល​នៅ​ពេល​ដែល​ព្រះ​វិញ្ញាណ​ធ្វើ​ការ។ ការ​អធិប្បាយ​ព្រះ​បន្ទូល​ក្នុង​កណ្ឌ​គម្ពីរ​កិច្ចការ​ជំពូក២ ក្នុង​ព្រះ​គម្ពីរ​របស់​អ្នក មិន​គ្រាន់​តែ​បាន​បង្ហាញ​អំពី​របៀប​ដែល​បុរស និង​ស្ត្រី​ទាំង​នោះ​បាន​ទទួល​ជឿ​ព្រះ​ប៉ុណ្ណោះ​ទេ តែ​ក៏​បាន​ជំរុញ និង​លើក​ទឹក​ចិត្ត​អ្នក​ក្នុង​ជំនឿ​របស់​អ្នក​ផង​ដែរ។
នេះ​ជា​អ្វី​ដែល​ព្រះ​បន្ទូល​បាន​បង្កើត​ឲ្យ​មាន នៅ​ពេល​ដែល​ព្រះ​វិញ្ញាណ​ធ្វើ​ការ។ នៅ​ពេល​ដែល​សាវ័ក ពេត្រុស អធិប្បាយ​ព្រះ​បន្ទូល​នៅ​ថ្ងៃ​នោះ អ្នក​ស្តាប់​របស់​គាត់ «មាន​សេចក្ដី​ចាក់​ចុច​ក្នុង​ចិត្ត ក៏​សួរ​ពេត្រុស នឹង​ពួក​សាវ័ក​ឯ​ទៀត​ថា បង​ប្អូន​អើយ តើ​យើង​ខ្ញុំ​ត្រូវ​ធ្វើ​ដូច​ម្ដេច?» (កិច្ចការ ២:៣៧)។ អាច​និយាយ​ម្យ៉ាង​ទៀត​ថា ព្រះ​វិញ្ញាណ​បរិសុទ្ធ​បាន​បណ្ដាល​ចិត្ត​ពួក​គេ​ឲ្យ​ចង់​ប្រែ​ចិត្ត។ សាវ័ក ពេត្រុស ក៏​បាន​ឆ្លើយ​តប​ថា «ចូរ​អ្នក​រាល់​គ្នា​ប្រែ​ចិត្ត​ចុះ ហើយ​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ទាំង​អស់​គ្នា ដោយ​នូវ​ព្រះ​នាម​ព្រះ​យេស៊ូវ​គ្រីស្ទ ប្រយោជន៍​ឲ្យ​បាន​រួច​ពី​បាប នោះ​អ្នក​រាល់​គ្នា​នឹង​ទទួល​អំណោយ​ទាន ជា​ព្រះ​វិញ្ញាណ​បរិសុទ្ធ» (ខ.៣៨)។ ហើយ​ពួក​គេ​ក៏​បាន​ប្រែ​ចិត្ត។ ដូច​នេះ ពួក​គេ​មាន​ការ​ប្ដេជ្ញា​ចិត្ត។ ទី​បំផុត អ្នក​ជឿ​ថ្មី​ក៏​បាន​ជួប​ជុំ​គ្នា​ព្យាយាម​ក្នុង​សេចក្ដី​បង្រៀន​របស់​ពួក​សាវ័ក ហើយ​ក្នុង​សេចក្ដី​ប្រកប​គ្នា ព្រម​ទាំង​ការ​កាច់​នំប៉័ង នឹង​សេចក្ដី​អធិស្ឋាន​ផង (ខ.៤២)។ ដូច​នេះ ពួក​គេ​មាន​សហគមន៍​មួយ​ដ៏​រឹង​មាំ។ ការ​ចាក់​ចុច​ចិត្ត ការ​ប្ដេជ្ញា​ចិត្ត និង​សហគមន៍ សុទ្ធ​តែ​បាន​ចាប់​ផ្ដើម ដោយ​ការ​អធិប្បាយ​ព្រះ​បន្ទូល​ដែល​ព្រះ​វិញ្ញាណ​បាន​បណ្ដាល​ឡើង។ 
ការ​ចម្រើន​ឡើង​ក្នុង​ជំនឿ​រាប់​បញ្ចូល​សកម្មភាព​នៃ​ចិត្ត និង​គំនិត។ យើង​មាន​ការ​ទទួល​ខុស​ត្រូវ ក្នុង​ការ​ដាក់​ខ្លួន​នៅ​ក្រោម​ការ​បង្រៀន​ព្រះ​គម្ពីរ ហើយ​ដេញ​តាម​ការ​រៀន​ព្រះ​បន្ទូល​ព្រះ​ជា​លក្ខណៈ​បុគ្គល ដោយ​សូម​ព្រះ​វិញ្ញាណ​ព្រះ បង្ហាញ​ឲ្យ​យើង​ឃើញ​ព្រះ​គ្រីស្ទ​នៅ​លើ​ទំព័រ​ព្រះ​គម្ពីរ និង​បណ្ដាល​ចិត្ត​យើង​ឲ្យ​ស្រឡាញ់​ព្រះ​អង្គ​កាន់​តែ​ខ្លាំង។ បើ​ការ​អាន​ព្រះ​គម្ពីរ និង​ជីវិត​ជា​គ្រីស្ទ​បរិស័ទ​បាន​ក្លាយ​ជា​ទម្លាប់​ដែល​គ្មាន​ភាព​ឆេះឆួល នោះ​ចូរ​វិល​ត្រឡប់​មក​រក​ចំណុច​ចាប់​ផ្ដើម​ឡើង​វិញ។ ចូរ​អាន​ដំណឹង​ល្អ​ក្នុង​ព្រះ​បន្ទូល​ព្រះ។ ចូរ​ទទួល​ការ​ចាក់​ចុច​ឲ្យ​ប្រែ​ចិត្ត​ចេញ​ពី​បាប ហើយ​ប្ដេជ្ញា​ចិត្ត​ថា នឹង​ទុក​ចិត្ត ហើយ​បម្រើ​ព្រះ​អង្គ​សង្គ្រោះ​របស់​អ្នក។ ចូរ​ឲ្យ​ខ្លួន​អ្នក​បាន​ជ្រួត​ជ្រាប ដោយ​សហគមន៍​នៃ​អ្នក​ជឿ ដែល​ព្រះ​ទ្រង់​បាន​ប្រទាន​មក​អ្នក ដើម្បី​ប្រយោជន៍​អ្នក។ ហើយ​ចូរ​សូម​ព្រះ​អង្គ​ឲ្យ​ធ្វើ​ការ​ក្នុង​អ្នក តាម​រយៈ​ព្រះ​វិញ្ញាណ​របស់​ព្រះ​អង្គ ដើម្បី​ការ​ប្ដេជ្ញា​ចិត្ត និង​ភាព​ឆេះឆួល​ដែល​បាន​ផ្ទុះ​ឡើង​ក្នុង​ពួក​ជំនុំ​នៅ​ទីក្រុង​យេរូសាឡឹម បាន​កើត​មាន​ក្នុង​ជីវិត​អ្នក​ផង​ដែរ។ 


ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ កិច្ចការ ២:២២-៤១
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ យ៉ូស្វេ ១-៣ និង​លូកា ១៤:២៥-៣៣

ប្រភេទ