នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ក្តីអំណរ និងកម្លាំង ក្នុងទុក្ខលំបាក

ក្តីអំណរ និងកម្លាំង ក្នុងទុក្ខលំបាក

ដោយKatara Patton

December 13, 2025

នេហេមា ៨:៥-៦,៨-១២
ក៏កុំឲ្យមានចិត្តព្រួយឡើយ ពីព្រោះសេចក្ដីអំណររបស់ព្រះយេហូវ៉ាជាកំឡាំងនៃអ្នករាល់គ្នា។ នេហេមា ៨:១០
នៅក្នុងចំណោមស្នាដៃសិល្បៈផលិតពីដបផ្លាស្ទីកចាស់ៗ ដែលគេបានកាត់ចេញជារូបស្លាបបក្សី និងឆាងម៉ាងចង្កៀងជាដើម អ្នកនាំភ្ញៀវទេសចរណ៍នៅសារមន្ទីររដ្ឋញូអូឡិន បានចែកចាយ អំពីគំនិតនៅពីក្រោយការប្រើប្រាស់សម្ភារៈទាំងនោះឲ្យមានប្រយោជន៍។ គាត់ថា “សម្រាប់ទីក្រុងដែលធ្លាប់មានទុក្ខលំបាកយ៉ាងខ្លាំង យើងក៏បានរៀនប្រើរបស់អ្វីដែលយើងមាន ដើម្បីបង្កើតឲ្យមានក្តីអំណរ និងភាពស្រស់ស្អាត។ យើងមិនផ្ដោតទៅលើពេលដែលពិបាកប៉ុណ្ណោះទេ តែយើងក៏អបអរការតស៊ូ ក្នុងការឆ្លងកាត់ទុក្ខលំបាកទាំងនោះផងដែរ”។
មានពេលមួយ ហោរានេហេមា និងប្រជាជនអ៊ីស្រាអែលក៏បានជួបប្រទះទុក្ខលំបាក ប៉ុន្តែ បានតស៊ូ ក្នុងការបន្តមមុលទៅមុខ ដោយក្តីអំណររបស់ព្រះអម្ចាស់។ ពួកសត្រូវបានចាប់ពួកគេធ្វើជាឈ្លើយសឹក ហើយដឹកបញ្ជូនចេញពីផ្ទះសម្បែង ហើយនៅទីបំផុត ពួកគេអាចវិលត្រឡប់មកទីក្រុងយេរូសាឡិម ពីការនិរទេស(នេហេមា ៤:៧-១២)។ ប៉ុន្តែ នៅពេលដែលពួកគេត្រឡប់មកវិញ ពួកគេបានជួបប្រទះការទាស់ប្រឆាំង មកលើការសាងសង់កំផែង សម្រាប់ការពារទីក្រុងយេរូសាឡិម(នេហេមា ៦)។ នៅពេលដែលការជួសជុលកំផែងទីក្រុងបានចប់សព្វគ្រប់ ពួកគេក៏បានជួបជុំគ្នា ដើម្បីធ្វើពិធីអបអរ ដោយស្តាប់ព្រះបន្ទូលរបស់ព្រះ ក្នុងក្រឹត្យវិន័យរបស់ទ្រង់ តែពួកគេនៅតែមានបន្ទុកធ្ងន់នៅក្នុងចិត្ត។ ពួកគេក៏បានទួញយំ ខណៈពេលដែលពួកគេស្តាប់ព្រះបន្ទូលទ្រង់(៨:៩)។ ប៉ុន្តែ ហោរានេហេមា បានក្រើនរំឭកពួកគេថា ពួកគេអាចរកឃើញក្តីអំណរ និងកម្លាំង នៅក្នុងព្រះ ដោយចាំថា ព្រះអង្គជានរណា ហើយព្រះអង្គបាននាំពួកគេឆ្លងកាត់បញ្ហាអ្វីខ្លះ។ ហោរានេហេមា ក៏បានប្រាប់ពួកគេថា “សេចក្ដីអំណររបស់ព្រះយេហូវ៉ាជាកំឡាំងនៃអ្នករាល់គ្នា”(ខ.១០)។ 
ការផ្ដោតចិត្តទៅលើព្រះ អាចផ្តល់ឲ្យយើងនូវ “ក្តីអំណរ” និងកម្លាំងផងដែរ ជាពិសេស នៅពេលដែលកាលៈទេសៈរបស់យើង ហាក់ដូចជាមានភាពធ្ងន់ធ្ងរ។ សមត្ថភាព ចារិតលក្ខណៈ និងព្រះគម្ពីររបស់ព្រះអម្ចាស់ អាចកែប្រែចិត្តយើងថ្មីឡើង ហើយនាំមកនូវក្តីអំណរដល់យើង(ខ.១២) ដោយប្រទានកម្លាំង និងការតស៊ូ ដែលយើងត្រូវការ។—Katara Patton

តើអ្នកបានរកឃើញក្តីអំណរ និងកម្លាំង ក្នុងព្រះអម្ចាស់ នៅពេលណា? 
តើអ្នកអាចមានការតស៊ូ ក្នុងទុក្ខលំបាក ដូចម្តេចខ្លះ? 
ឱព្រះដ៏បរិសុទ្ធ ពេលណាកាលៈទេសៈរបស់ទូលបង្គំហាក់ដូចជាអាក្រក់ 
សូមព្រះអង្គក្រើនរំឭកទូលបង្គំឲ្យផ្ដោតទៅលើព្រះអង្គ ដើម្បីរកឃើញក្តីអំណរ និងកម្លាំង។
For further study, read What if Our Struggles Are Meant to Point Us to God? at ODBM.org.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ហូសេ ១២-១៤ និង វិវរណៈ ៤

 

ល្ងាច

ទុក​ជា​ថ្លៃ​លោះ​មនុស្ស​ជា​ច្រើន (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ទុក​ជា​ថ្លៃ​លោះ​មនុស្ស​ជា​ច្រើន (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

December 13, 2025

«ដ្បិត​កូន​មនុស្ស​ក៏​បាន​មក មិន​មែន​ឲ្យ​គេ​បម្រើ​ដែរ គឺ​ដើម្បី​នឹង​បម្រើ​គេ​វិញ ហើយ​នឹង​ឲ្យ​ជីវិត​ខ្លួន​ទុក​ជា​ថ្លៃ​លោះ​មនុស្ស​ជា​ច្រើន​ផង» (ម៉ាកុស ១០:៤៥)។
ខ្ញុំ​ចូល​ចិត្ត​​បង់​ថ្លៃ​សេវាកម្ម​ផ្សេងៗ។ ខ្ញុំ​អាច​មិន​ចូល​ចិត្ត​ទំហំ​ទឹក​ប្រាក់​ដែល​ត្រូវ​បង់ ឬ​ភាព​ញឹក​ញាប់​នៃ​ការ​បង់​ប្រាក់ ប៉ុន្តែ ខ្ញុំ​មាន​អារម្មណ៍​ធូរ​ស្បើយ បន្ទាប់​ពី​បាន​បង់​ប្រាក់​រួច​ហើយ។ កាល​ប៉ុន្មាន​ឆ្នាំ​មុន ជា​ញឹក​ញាប់ គេ​ត្រូវ​បង់​ថ្លៃ​សេវាកម្ម​ផ្សេងៗ​ជា​លក្ខណៈ​ផ្ទាល់​ខ្លួន ពេល​នោះ ខ្ញុំ​មាន​អារម្មណ៍​ពេញ​ចិត្ត នៅ​ពេល​ដែល​ខ្ញុំ​ហុច​វិក្កយបត្រ និង​លុយ​របស់​ខ្ញុំ ឲ្យ​ទៅ​អ្នក​គិត​លុយ​នៅ​បញ្ជរ ហើយ​គេ​ប្រគល់​វិក្កយបត្រ​នោះ​មក​វិញ​ដោយ​មាន​ត្រា​ចំណាំ​ពី​លើ​ថា «បាន​ទូទាត់​ហើយ»។
ក្នុង​ខ​គម្ពីរ​ខាង​លើ ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​សំដៅ​ទៅ​លើ​ការ​សុគត​របស់​ទ្រង់ ដោយ​ប្រើ​ពាក្យ​មួយ​ឃ្លា​ថា «ថ្លៃ​លោះ​មនុស្ស​ជា​ច្រើន»។ ឧទាហរណ៍​ខ្លះ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់ បាន​ផ្តល់​ឲ្យ​នូវ​បរិបទ​សម្រាប់​ឲ្យ​ព្រះ​យេស៊ូវ​ប្រើ​ពាក្យ «ថ្លៃ​លោះ» ក្នុង​បទ​គម្ពីរ​នេះ។ ក្រឹត្យ​វិន័យ​របស់​សាសន៍​យូដា​បាន​លើក​ឡើង​ថា នៅ​ពេល​ណា​សត្វ​គោ​សម្លាប់​មនុស្ស​ម្នាក់ ទាំង​សត្វ​គោ និង​ម្ចាស់​របស់​វា​ត្រូវ​ទទួល​ទោស​ប្រហារ​ជីវិត។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ បើ​គេ​តម្រូវ​ឲ្យ​ម្ចាស់​គោ​បង់​ថ្លៃ​លោះ​ខ្លួន នោះ​គាត់​អាច​បង់​ប្រាក់​ឲ្យ​គេ ដើម្បី​លោះ​ជីវិត​ខ្លួន​ឯង (និក្ខមនំ ២១:២៩-៣០)។ អាច​និយាយ​ម្យ៉ាង​ទៀត​ថា ម្ចាស់​គោ​អាច​ទិញ​ជីវិត​របស់​ខ្លួន​ឯង ដោយ​បង់​ប្រាក់​ក្នុង​តម្លៃ​ដ៏​ជាក់​លាក់​ណា​មួយ។ ការ​បង់​ថ្លៃ​លោះ​ក៏​អាច​ធ្វើ​ឡើង ដើម្បី​រំដោះ​សាច់​ញាតិ​ឲ្យ​រួចពី​ភាព​ជា​ទាសករ ឬ​បង់​ថ្លៃ​លោះ​ដី​ធ្លី​ដែល​បាន​ដាក់​បញ្ចាំ​ដែរ (លេវី​វិន័យ ២៥)។ ក្នុង​ករណី​នីមួយៗ ការ​បង់​ថ្លៃ​លោះ​ក៏​រាប់​បញ្ចូល​ការ​ធ្វើ​អន្តរាគមន៍​ដោយ​ការ​សម្រេច​ចិត្ត​ច្បាស់​លាស់ និង​ក្នុង​តម្លៃ​ដ៏​ខ្ពស់ ដើម្បី​រំដោះ​នរណា​ម្នាក់​ឲ្យ​រួច​ពី​ចំណង​ក្នុង​ទម្រង់​ណា​មួយ។
ករណី​ទាំង​អស់​នេះ ដែល​មាន​ចែង​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់ សុទ្ធ​តែ​ជា​បញ្ហា​ខាង​សាច់​ឈាម។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ព្រះ​យេស៊ូវ​កំពុង​មាន​បន្ទូល​សំដៅ​ទៅ​លើ​បញ្ហា​ក្រម​សីលធម៌​ខាង​ឯ​វិញ្ញាណ។ យើង​សុទ្ធ​តែ​ជា​ទាសករ​នៃ​អំពើ​បាប ហើយ​បាន​ធ្វើ​ខុស​ចំពោះ​ព្រះ។ ការ​ធ្វើ​អន្តរាគមន៍​ដ៏​ច្បាស់​លាស់​របស់​ព្រះ​យេស៊ូវ គឺ​ជា​ការ​បង់​ថ្លៃ​លោះ​ជីវិត​យើង។ ព្រះ​យេស៊ូវ​មាន​បន្ទូល​ថា មាន​តែ​ការ​ធ្វើ​អន្តរាគមន៍​នេះ​ទេ​ដែល​អាច​រំដោះ​យើង​ឲ្យ​មាន​សេរី​ភាព និង​មាន​ភាព​ពេញ​លេញ។ គឺ​ដូច​ដែល​អ្នក​និពន្ធ​ទំនុក​សកល​បាន​សរសេរ​ថា «ព្រះ​អង្គ​ទទួល​យក​បាប និង​ទុក្ខ​ព្រួយ​របស់​ខ្ញុំ ធ្វើ​ជា​កម្ម​សិទ្ធិ​របស់​ព្រះ​អង្គ»។134 
ព្រះ​គ្រីស្ទ​គឺ​ជា​ថ្លៃលោះ​របស់​យើង។ ព្រះ​អង្គ «បាន​លោះ​យើង​រាល់​គ្នា ឲ្យ​រួច​ពី​សេចក្ដី​បណ្ដាសា​របស់​ក្រឹត្យ​វិន័យ ដោយ​ទ្រង់​ត្រូវ​បណ្ដាសា​ជំនួស​យើង​រាល់​គ្នា» ដើម្បី​ឲ្យ​យើង​រួច​ពី​ចំណង ពេល​ណា​យើង​ទទួល​ជឿ​ព្រះ​អង្គ (កាឡាទី ៣:១៣)។ ដោយ​សារ​ការ​សុគត​របស់​ព្រះ​យេស៊ូវ ព្រះ​អង្គ​បាន​លើក​លែង​ទោស​ឲ្យ​អស់​អ្នក​ដែល​ជឿ​ព្រះ​អង្គ។ នៅ​ពេល​ដែល​ព្រះ​អង្គ​ស្រែក​ថា «ការ​ចប់​ហើយ» ព្រះ​អង្គ​បាន​ប្រើ​ពាក្យ​ជា​ភាសាក្រិក «ធេធេឡីស្ទ័រ» (tetelestai) ជា​ពាក្យ​ដែលគេ​សរសេរ​នៅ​លើ​វិក្កយបត្រ ដើម្បី​បញ្ជាក់​ថា​បាន​បង់​ថ្លៃ​រួច​ហើយ (យ៉ូហាន ១៩:៣០)។ នៅ​ក្នុង​ការ​មាន​ព្រះ​ជន្ម​ឡើង​វិញ​របស់​ព្រះ​រាជ​បុត្រា ព្រះ​វរបិតា​បាន​ចេញ​វិក្កយបត្រ​សម្រាប់​ការ​បង់​ថ្លៃ​រួច​ហើយ។ បំណុល​ដែល​បាន​តម្រូវ​មក​លើ​យើង​ដោយ​យុត្តិ​ធម៌ មាន​ទំហំ​ធំ​ពេក​មិន​អាច​ឲ្យ​យើង​សង​រួច តែ​ឥឡូវ​នេះ ព្រះ​អង្គ​បាន​បោះ​ត្រា​ចំណាំ​ពី​លើ​ថា «បាន​បង់​រួច​ហើយ»។
នៅ​ពេល​ខ្លះ អារក្ស​ធ្វើ​ឲ្យ​យើង​ខឹង ហើយ​ចិត្ត​របស់​យើង​នឹង​ចោទ​ប្រកាន់​ខ្លួន​ឯង​ថា «តើ​ព្រះ​ពិត​ជា​បាន​អត់​ទោស​បាប​ឲ្យ​ខ្ញុំ​ហើយ​ឬ? អំពើ​បាប​មួយ​នេះ​ធ្ងន់​ពេក មិន​អាច​ឲ្យ​ព្រះ​អង្គ​អត់​ទោស​បាន​ទេ! តើ​ព្រះ​ពិត​ជា​ស្រឡាញ់​ខ្ញុំ​មែន​ទេ? តើ​អ្នក​ពិត​ជា​មាន​កន្លែង​ដែល​មាន​សិរីល្អ​ក្នុង​ស្ថាន​សួគ៌​អស់​កល្ប​ជានិច្ច​ទេ?» នៅ​ពេល​ដែល​អ្នក​បានឮ​សម្លេង​ខ្សឹប​នេះ ចូរ​រំឭក​ខ្លួន​ឯង​ថា ព្រះ​គ្រីស្ទ​បាន​ទទួល​ការ​ជំនុំ​ជម្រះ​ទោស​ជំនួស​អ្នក ហើយ​លុប​បំណុល​ដែល​អ្នក​ជំពាក់​ហើយ។
ព្រះ​វរបិតា​បាន​ប្រោស​ទ្រង់​ឲ្យ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ ដូច​នេះ​អ្នក​អាច​រក​ឃើញ​ទំនុក​ចិត្ត នៅ​ក្នុង​ការ​ពិត​ដែល​ថា ព្រះ​អង្គ​នឹង​មិន​ទាមទារ​ឲ្យ​អ្នក​បង់​ថ្លៃ​សម្រាប់​ការ​ចោទ​ប្រកាន់​ទាំង​នេះ​ឡើយ។ បំណុល​របស់​អ្នក​ត្រូវ​បាន​លុប​ចោល​មួយ​ដង​ជា​សម្រេច។ ព្រះ​អង្គ​បាន​លោះ​អ្នក​រួច​ហើយ។ 


ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ កូល៉ុស ២:៨-១៥
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ យ៉ូស្វេ ៧-៩ និង​លូកា ១៥:១១-៣២

ប្រភេទ