នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

នៅពេលដែលកម្លាំងរីងស្ងួត

នៅពេលដែលកម្លាំងរីងស្ងួត

ដោយElisa Morgan

December 14, 2025

យ៉ូហាន ៧:៣៧-៣៩
អ្នកណាដែលជឿដល់ខ្ញុំ នោះនឹងមានទន្លេទឹករស់ហូរចេញពីពោះខ្លួនមក ដូចជាគម្ពីរសំដែងហើយ។ យ៉ូហាន ៧:៣៨
កាលខ្ញុំដឹកនាំការងារបម្រើព្រះ សម្រាប់ជួយស្រ្តីជាម្តាយ ដែលមានកូនរៀននៅសាលាមត្តេយ្យ យើងក៏បានស្វែងរករូបថតមួយសន្លឹក ដើម្បីពិពណ៌នា អំពីភារៈកិច្ចដែលតម្រូវឲ្យស្រ្តីជាម្តាយបំពេញជាប្រចាំ ដូចជា ការផ្លាស់ប្តូរកន្ទបកូន ការជូតច្រមុះកូន និងការរើសឧបករណ៍ក្មេងលេងជាដើម។ យើងមិននឹកស្មានថា រូបភាពនោះ កំពុងនៅចំពោះមុខយើងស្រាប់ គឺទិដ្ឋភាពនៃប្រអប់ទឹកផ្លែឈើ ដែលបានកំប៉ិត បន្ទាប់ពីគេបឺតយកទឹកផ្លែឈើចេញអស់។ ស្ត្រីជាម្តាយអាចមានអារម្មណ៍ដូចប្រអប់ទឹកផ្លែឈើដែលនៅទទេ។ ការងាររបស់យើងបានបម្រើដល់ស្ត្រីជាម្តាយ ដោយដឹកនាំពួកគេទៅរកប្រភពនៃទឹករស់ គឺព្រះយេស៊ូវ ដែលទ្រង់អាចចម្អែតពួកគេរហូតដល់ពេញស្កប់ស្កល់។
ក្នុងបទគម្ពីរ យ៉ូហាន ៧ ព្រះយេស៊ូវបានយាងទៅចូលរួមពិធីបុណ្យបារាំ(ខ.១០) ដែលជាការរំឭកអំពីផ្គត់ផ្គង់របស់ព្រះ ក្នុងអំឡុងពេលដែលពួកអ៊ីស្រាអែលវង្វេង ក្នុងវាលរហោស្ថាន។ ពិធីបុណ្យនេះរាប់បញ្ចូលពិធីចាក់ទឹក ធ្វើជានិមិត្តរូបតំណាងឲ្យផលដំណាំ ដែលពឹងផ្អែកយ៉ាងខ្លាំងទៅលើសំណើម ជានិមិត្តរូបតំណាងឲ្យភ្លៀងខាងវិញ្ញាណ ដែលព្រះមែស៊ីនឹងយាងមកប្រទាន។ ព្រះយេស៊ូវបានសម្រេចការអ្វីដែលពិធីបុណ្យពីបុរាណបានរំពឹងទុកជាមុន។ “បើអ្នកណាស្រេក ចូរឲ្យអ្នកនោះមកឯខ្ញុំ ហើយផឹកចុះ អ្នកណាដែលជឿដល់ខ្ញុំ នោះនឹងមានទន្លេទឹករស់ហូរចេញពីពោះខ្លួនមក ដូចជាគម្ពីរសំដែងហើយ”(ខ.៣៧-៣៨)។
នៅពេលខ្លះ យើងអាចមានអារម្មណ៍ដូចធុងទឹកដែលនៅទទេ ដោយមានការនឿយហត់ ក្នុងការថែទាំអ្នកជំងឺ ឬក្មេងតូច ឬហត់នឿយដោយសារការងារ។ ឬក៏ខ្សោះល្វើយដោយសារការទទួលខុសត្រូវជារៀងរាល់ថ្ងៃ។ ការតម្រូវដែលគ្មានទីបញ្ចប់នេះ ធ្វើឲ្យកម្លាំងរបស់យើងរីងស្ងួត! ប៉ុន្តែ ពេលណាយើងរស់នៅ ដោយការប្រកបទាក់ទងជាមួយព្រះ ព្រះអង្គប្រទានទឹករស់ ដល់ចិត្តយើង ដើម្បីធ្វើឲ្យមានភាពស្រស់ថ្លាឡើង និងប្រទានកម្លាំងដល់យើងជាថ្មី ទោះយើងមានការខ្វល់ខ្វាយ និងភារៈកិច្ចជាច្រើន ដែលធ្វើឲ្យកម្លាំងរបស់យើងរីងស្ងួតយ៉ាងណាក៏ដោយ។—Elisa Morgan

តើមានកិច្ចការអ្វីដែលធ្វើឲ្យអ្នករីងស្ងួតកម្លាំង? តើអ្នកអាចសម្រាកពីកិច្ចការប្រចាំថ្ងៃដូចម្តេចខ្លះ 
ដើម្បីដកពិសោធន៍នឹងការបំពេញរបស់ព្រះវិញ្ញាណបរិសុទ្ធ នៅក្នុងអ្នក? 
ឱព្រះអម្ចាស់ ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលបានគង់នៅក្នុងទូលបង្គំ ដោយព្រះវិញ្ញាណព្រះអង្គ។ 
សូមឲ្យទូលបង្គំបានបន្តទទួលទឹករស់ដែលព្រះអង្គប្រទាន។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យ៉ូអែល ១-៣ និង វិវរណៈ ៥
 

ល្ងាច

ព្រះ​អង្គ​សង្គ្រោះ​ដែល​មាន​លក្ខណ​សម្បត្តិ​គ្រប់​គ្រាន់ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ព្រះ​អង្គ​សង្គ្រោះ​ដែល​មាន​លក្ខណ​សម្បត្តិ​គ្រប់​គ្រាន់ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

December 14, 2025

«តែ​លុះ​វេលា​កំណត់​បាន​មក​ដល់ នោះ​ព្រះ​ទ្រង់​បាន​ចាត់​ព្រះ​រាជ​បុត្រា​ទ្រង់​ឲ្យ​មក​ចាប់​កំណើត​នឹង​ស្ត្រី គឺ​កើត​ក្រោម​អំណាច​នៃ​ក្រឹត្យ​វិន័យ ដើម្បី​នឹង​លោះ​ពួក​អ្នក​ដែល​នៅ​ក្រោម​ក្រឹត្យ​វិន័យ ប្រយោជន៍​ឲ្យ​យើង​បាន​ទទួល​សគុណ ទុក​ជា​កូន​ចិញ្ចឹម» (កាឡាទី ៤:៤-៥)។
វិធី​ល្អ​បំផុត ដើម្បី​ស្វែង​យល់​អំពី​គំរូ​នៃ​ជំនឿ​ក្នុង​វប្បធម៌​ណា​មួយ គឺ​ត្រូវ​សួរ​សិស្ស​សាលា។ ឧទាហរណ៍៖ នៅ​ពេល​គេ​សួរ​ក្មេងៗ ដែល​កំពុង​ចម្រើន​វ័យ​ធំ​ឡើង​ក្នុង​ចក្រភព​អង់គ្លេស​ថា ព្រះ​យេស៊ូវ​ជា​នរណា ពួក​គេ​ឆ្លើយ​ថា «គាត់​គឺ​ជា​អ្នក​ដែល​បាន​យក​ទ្រព្យ​សម្បត្តិ​ពី​អ្នក​មាន​មក​ចែក​ឲ្យ​អ្នក​ក្រ!»  (គេ​ហាក់​ដូច​ជា​យក​រឿង​របស់​ព្រះ​យេស៊ូវ និង​ពួក​សាវ័ក​មក​ច្របល់​បញ្ចូល​គ្នា​ជា​មួយ​រឿង​លោក រ៉ូប៊ីនហ៊ូដ (Robin Hood) និង​បរិវា​របស់​គាត់!) នៅ​ពេល​គេ​សួរ​ក្មេង​ម្នាក់​ទៀត​ថា «តើ​គ្រីស្ទ​បរិស័ទ​គឺ​ជា​នរណា?»  ក្មេង​នោះ​ក៏​បាន​ឆ្លើយ​ថា «តើ​គ្រីស្ទ​បរិស័ទ​មិន​មែន​ជា​អ្នក​ដាំ​បន្លែ​ទេ​ឬ?» ខែ​នេះ​ជា​រដូវ​កាល​ប្រចាំ​ឆ្នាំ ដែល​មនុស្ស​ជា​ច្រើន​បាន​គិត​អំពី​មូល​ហេតុ​ដែល​ព្រះ​យេស៊ូវ​យាង​មក​ប្រសូត ទោះ​ពួក​គេ​មិន​បាន​ចំណាយ​ពេល​គិត​អំពី​ព្រះ​ឲ្យ​បាន​ច្រើន​ក្នុងរយៈ​ពេល​១១ខែ​មុន​ក៏​ដោយ។ មាន​មិត្តភក្ដិ មិត្ត​រួម​ការងារ និង​សាច់​ញាតិ​ជា​ច្រើន​រាប់​មិន​អស់ យ៉ាង​ហោច​ណាស់​ទំនង​ជា​និយាយ​ថា ព្រះ​យេស៊ូវ​គឺ​ជា​អង្គ​បុគ្គល​ដ៏​អាថ៌​កំបាំង។ ការ​ឆ្លើយ​តប​ទាំង​នេះ គឺ​ជា​ការ​ក្រើន​រំឭក​ជា​ប្រចាំ​ថា អ្នក​ជិត​ខាង​យើង​មិន​បាន​យល់​ច្បាស់​អំពី​ការ​បង្រៀន​ក្នុង​ជំនឿ​លើ​ព្រះ​គ្រីស្ទ ដូច​ដែល​យើង​គិត​ស្មាន​នោះ​ទេ។ យើង​ត្រូវ​ស្គាល់​ព្រះ​យេស៊ូវ​ឲ្យ​បាន​ច្បាស់​ក្នុង​គំនិត និង​ជម្រៅ​ចិត្ត​របស់​យើង បើ​សិន​ជា​យើង​ចង់​នាំ​អ្នក​ដទៃ​ឲ្យ​បាន​ស្គាល់​ព្រះ​អង្គ​ដែរ។
ព្រះ​យេស៊ូវ​មាន​ភាព​លេច​ធ្លោ​ជាង​គេ ក្នុង​ចំណោម​តួ​អង្គ​ដទៃ​ទៀត​របស់​សាសនា​ទាំង​អស់​ក្នុង​ប្រវត្តិ​សាស្ត្រ និង​ក្នុង​ចំណោម​មនុស្ស​ជាតិ ព្រោះ​មាន​តែ​ព្រះ​អង្គ​ទេ​ដែល​មាន​លក្ខណ​សម្បត្តិ​ធ្វើ​ជា​ព្រះ​អង្គ​សង្គ្រោះ​នៃ​ពិភព​លោក​របស់​យើង។ សាវ័ក ប៉ុល មិន​បាន​ចាត់​ទុក​ការ​យាង​មក​របស់​ព្រះ​អង្គ ជា​ការ​ធ្វើ​អន្តរាគមន៍​របស់​ព្រះ​ដោយ​ចៃដន្យ​នោះ​ទេ តែ​ស្រប​តាម​ផែនការ​របស់​ព្រះ​អង្គ។ នៅ​ពេល​ដែល​សាវ័ក ប៉ុល មាន​ប្រសាសន៍​ថា «ព្រះ​ទ្រង់​បាន​ចាត់​ព្រះ​រាជ​បុត្រា​ទ្រង់» គឺ​គាត់​ចង់​មាន​ន័យ​ថា ព្រះ​វរបិតា​បាន​ចាត់​ព្រះ​អង្គ​ឲ្យ​យាង​មក​ផែនដី ចេញ​ពី​ភាព​ជា​ព្រះ​ដែល​ព្រះ​អង្គ​មាន​ស្រាប់។ ព្រះ​ជន្ម​របស់​ព្រះ​យេស៊ូវ​បាន​ចាប់​ផ្ដើម មិន​មែន​នៅ​ពេល​ដែល​ព្រះ​អង្គ​ប្រសូត​ពី​ស្ត្រី ក្លាយ​ជា​ទារក​តូច​នៅ​ភូមិ​បេថ្លេហិម​នោះ​ទេ តែ​ព្រះ​អង្គ​មាន​ព្រះ​ជន្ម​ស្រាប់​ចាប់​តាំង​ពី​មុន​ដែល​ពេល​វេលា​ចាប់​ផ្ដើម​មាន (យ៉ូហាន ១:១-៣)។ ក្នុង​ការ​ក្លាយ​ជា​មនុស្ស ព្រះ​អង្គ​មិន​បាន​ឈប់​ធ្វើ​ជា​ព្រះ​ឡើយ ដោយ​បាន «ប្រសូត​ក្រោម​ក្រឹត្យ​វិន័យ» ដោយ​ស្តាប់​បង្គាប់​ព្រះ​វរបិតា​ទាំង​ស្រុង និង​យ៉ាង​ឥត​ខ្ចោះ បាន​សេចក្តី​ថា ក្នុង​ចំណោម​មនុស្ស​ជាតិ​ដែល​មាន​ចំនួន​រាប់​មិន​អស់ មាន​តែ​ព្រះ​អង្គ​ទេ​ដែល​បាន​សម្រេច​បេសកកម្ម​នេះ។
បើ​ព្រះ​ជួយ​សង្គ្រោះ​មនុស្ស​ឲ្យ​រួច​ពី​បាប ដូច​នេះ​ព្រះ​អង្គ​សង្គ្រោះ​ត្រូវ​តែ​មាន​អត្ត​សញ្ញាណ​ជា​ព្រះ។ បើ​មនុស្ស​ត្រូវ​តែ​ទទួល​ទោស ដោយ​សារ​ពួក​គេ​មាន​បាប នោះ​ព្រះ​អង្គ​សង្គ្រោះ​ក៏​ត្រូវ​តែ​មាន​អត្ត​សញ្ញាណ​ជា​មនុស្ស​ដែរ។ បើ​អង្គ​បុគ្គល​ដែល​ទទួល​ទោស​នៃ​អំពើ​បាប​ជំនួស​មនុស្ស​ត្រូវ​តែ​គ្មាន​បាប តើ​ក្រៅ​ពី​ព្រះ​យេស៊ូវ​គ្រីស្ទ មាន​នរណា​ទៀត​ដែល​មាន​លក្ខណ​សម្បត្តិ​ទាំង​អស់​នេះ? ព្រះ​យេស៊ូវ​មាន​លក្ខណ​សម្បត្តិ​ពិសេស​ខុស​គេ ក្នុង​ការ​សម្រេច​ផែនការ​នៃ​សេចក្តី​សង្គ្រោះ​របស់​ព្រះ។
គ្មាន​អ្នក​ណា​ទៀត ដែល​មាន​លក្ខណៈ​ល្អ​គ្រប់​គ្រាន់
ដើម្បី​បង់​ថ្លៃ​លោះ​បាប​បាន​ទេ
មាន​តែ​ព្រះ​អង្គ​ទេ ដែល​អាច​បើក​ទ្វារ
របស់​ស្ថាន​សួគ៌ ហើយ​អនុញ្ញាត​ឲ្យ​យើង​ចូល​ក្នុង។135 
តើ​ព្រះ​យេស៊ូវ​ជា​នរណា? ព្រះ​អង្គ​គឺជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ​ដែល​បាន​ប្រសូត​ជា​មនុស្ស។ ព្រះ​អង្គ​ជា​អ្នក​កាន់​តាម​ក្រឹត្យ​វិន័យ​យ៉ាង​ឥត​ខ្ចោះ ជា​អង្គ​បុគ្គល​ដែល​បាន​សុគត ដើម្បី​រំដោះ​មនុស្ស​ដែល​មិន​បាន​កាន់​តាម​ក្រឹត្យ​វិន័យ។ បើ​អញ្ចឹង តើ​គ្រីស្ទ​បរិស័ទ​គឺ​ជា​នរណា? គឺ​ជា​មនុស្ស​ដែល​ត្រូវ​បាន​រំដោះ​ឲ្យ​រួច​ពី​ទោស​របស់​បាប និង​បាន​ទទួល​ចិញ្ចឹម​ក្នុង​គ្រួសារ​របស់​ព្រះ។ នេះ​ជា​ព្រះ​រាជ​សារ​ដែល​យើង​គួរ​តែ​ចែក​ចាយ​ដល់​ខ្លួន​ឯង​ជា​រៀង​រាល់​ថ្ងៃ និង​គួរ​តែ​អធិស្ឋាន​សូម​ឱកាស​ផ្សាយ​ព្រះ​រាជ​សារ​នេះ​ដល់​អ្នក​ដទៃ​ជា​រៀង​រាល់​ថ្ងៃ។ នេះ​ជា​ព្រះ​រាជ​សារ​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល និង​រុង​រឿង​បំផុត​ក្នុង​ប្រវត្តិ​សាស្ត្រ​ទាំង​មូល។ 


ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ កាឡាទី ៣:២៣-៤:៧
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ យ៉ូស្វេ ១០-១២ និង​លូកា ១៦

ប្រភេទ