ព្រឹក

មានតម្លៃចំពោះព្រះអម្ចាស់
ដោយJames Banks
December 17, 2025
អេសាយ ៤៣:១-៧
ឯងមានដំឡៃវិសេសនៅភ្នែកអញ។ អេសាយ ៤៣:៤
គេបានព្យួរផ្ទាំងគំនូរមួយផ្ទាំង នៅលើជញ្ជាំងផ្ទះមួយខ្នង អស់ជាច្រើនឆ្នាំ ដោយគ្មាននរណាកត់សំគាល់ ហើយគេក៏មិនបាននឹកនា រហូតដល់ថ្ងៃដែលវាធ្លាក់មកលើកម្រាលឥដ្ឋ។ នៅពេលដែលគេយកវាទៅជួសជុលឲ្យស្អាតឡើងវិញ ម្ចាស់ផ្ទះក៏បានដឹងថា តាមពិតវាជាផ្ទាំងគំនូររបស់លោករេមប្រិន(Rembrandt) ដែលបានបាត់តាំងពីយូរមកហើយ មានចំណងជើងថា ការថ្វាយបង្គំរបស់ពួកហោរ។ គេបានគិតថា មានតែផ្ទាំងគំនូរចម្លងប៉ុណ្ណោះដែលនៅសល់ ប៉ុន្តែ គំនូរមួយផ្ទាំងនេះ គឺជារូបគំនូរដើម មិនមែនគំនូរចម្លងទេ។ ភ្លាមៗនោះ តម្លៃរបស់ផ្ទាំងគំនូរនោះបានឡើងថ្លៃ រហូតដល់រាប់រយលានដុល្លា។
ព្រះគម្ពីរប៊ីបបានចែងអំពីក្រុមមនុស្សដែលបានបាត់បង់តម្លៃ និងត្រូវគេលែងនឹកនាផងដែរ។ ហោរាអេសាយ បានទទួលការបណ្តាលចិត្តពីព្រះវិញ្ញាណបរិសុទ្ធ ឲ្យប្រាប់រាស្រ្តរបស់ព្រះថា ទោះគេបានចាប់ពួកគេធ្វើជាឈ្លើយសឹក ដឹកទៅប្រទេសដទៃ ដែលនៅទីនោះពួកគេនឹងរងទុក្ខវេទនា និងត្រូវគេបន្ទាបបន្ថោកក៏ដោយ ក៏ព្រះអង្គនៅតែគង់នៅជាមួយពួកគេ។ គឺដូចដែលព្រះអង្គបានធានាពួកគេថា “កុំឲ្យខ្លាចឡើយ ដ្បិតអញបានលោះឯងហើយ អញបានហៅចំឈ្មោះឯង ឯងជារបស់ផងអញ”(អេសាយ ៤៣:១)។ ទោះពួកគេត្រូវ “ដើរកាត់ទឹកធំ” ហើយ “លុយកាត់ភ្លើង” (ខ.២) ក៏ដោយ ក៏សេចក្តីស្មោះត្រង់ ដែលព្រះអង្គមានចំពោះពួកគេ មិនដែលប្រែប្រួលឡើយ។ ដោយព្រះបន្ទូលដែលចង្អុលបង្ហាញទៅរកការយាងមកនៃនគរព្រះក្នុងព្រះគ្រីស្ទ ព្រះអង្គក៏បានសន្យាថា ព្រះអង្គនឹងស្អាងឡើងវិញ ចំពោះអស់អ្នកដែលអំពាវនាវរកព្រះនាមព្រះអង្គ(ខ.៧) ហើយនាំពួកគេត្រឡប់មករកព្រះអង្គវិញ។
ថ្ងៃមួយ ព្រះទ្រង់នឹងប្រមូលមនុស្សដែលជាកម្មសិទ្ធិរបស់ទ្រង់ ព្រោះពួកគេ “មានដំឡៃវិសេសនៅ” ព្រះនេត្រទ្រង់(ខ.៤) និងជាស្នាព្រះហស្តដ៏ល្អវិសេសរបស់ព្រះអង្គ។ ព្រះអាទិករនៃយើងឲ្យតម្លៃយើង ដោយសារសេចក្តីសប្បុរស និងសេចក្តីមេត្តាដែលគ្មានព្រំដែនរបស់ព្រះអង្គ។ លោកិយអាចមើលរំលងយើង តែព្រះអង្គមិនដែលមើលរំលងយើងឡើយ។—James Banks
តើសេចក្តីសប្បុរសរបស់ព្រះ ក្នុងព្រះគ្រីស្ទ បានបង្ហាញថា អ្នកមានតម្លៃចំពោះព្រះអង្គយ៉ាងណាខ្លះ?
តើព្រះអង្គមានតម្លៃប៉ុណ្ណា ចំពោះអ្នក?
ឱព្រះអង្គសង្គ្រោះ ព្រះអង្គមានសេចក្តីស្រឡាញ់ដ៏ឥតខ្ចោះ និងអស្ចារ្យ បានជាព្រះអង្គលះបង់ព្រះជន្មដើម្បីទូលបង្គំ!
Learn more here: odbm.org/personal-relationship-with-god.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អេម៉ុស ៧-៩ និង វិវរណៈ៨
ល្ងាច

ទុក្ខលំបាកមានភាពចាំបាច់ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
December 17, 2025
«យើងនៅតែអួតក្នុងកាលដែលមានទុក្ខលំបាកដែរ ដោយដឹងថា សេចក្ដីទុក្ខលំបាកបង្កើតឲ្យមានសេចក្ដីទ្រាំទ្រ» (រ៉ូម ៥:៣)។
ទស្សនៈរបស់យើងតែងតែមានសារៈសំខាន់ ទោះនៅក្នុងវិស័យណាក៏ដោយ។ ក្នុងវិស័យសិល្បៈ ទស្សនៈរបស់វិចិត្រករ ជួយគាត់ឲ្យគូររូបភាពពែង ដែលមើលទៅហាក់ដូចជាពែងពិតៗ ធ្វើឲ្យគេចង់តែចាក់ទឹកចូលក្នុងពែងនោះ ឬជួយឲ្យគាត់គូររូបកៅអីកំពុងឈជាប់នៅលើដី មិនមែនកំពុងអណ្ដែតក្នុងខ្យល់នោះទេ។ ស្រដៀងគ្នានេះដែរ ក្នុងទុក្ខលំបាកនៃជីវិត ការមានទស្សនៈត្រឹមត្រូវមានភាពចាំបាច់ ដើម្បីឲ្យយើងមានការឆ្លើយតបត្រឹមត្រូវ។ បើយើងមិនបានគិតឲ្យបានត្រឹមត្រូវអំពីទុក្ខលំបាកនោះទេ យើងមិនអាចឆ្លើយតបឲ្យបានត្រឹមត្រូវទេ។
ទុក្ខលំបាកគឺជាមធ្យោបាយដែលព្រះទ្រង់ប្រើ ដើម្បីល្បងលសេចក្តីជំនឿដែលយើងមានចំពោះព្រះយេស៊ូវ ធ្វើជាក្តីសង្ឃឹមតែមួយរបស់យើង។ ទុក្ខលំបាកជួយកំណត់ថា យើងមានជំនឿពិតប្រាកដ ឬក្លែងក្លាយ។ នៅពេលដែលអ្វីៗមានដំណើរការយ៉ាងរលូន យើងក៏ងាយនឹងមានអារម្មណ៍សុខស្រួល។ ប៉ុន្តែ យើងចាប់ផ្ដើមដឹងថា យើងមានជំនឿពិតប្រាកដឬអត់ នៅពេលដែលអ្វីៗមានការជាប់គាំង នៅពេលជីវិតគ្រួសារមានការបែកបាក់ នៅពេលដែលយើងមានជំងឺផ្លូវកាយ ឬផ្លូវចិត្ត នៅពេលដែលក្តីសង្ឃឹមសម្រាប់ការរស់នៅបានរលាយបាត់។ ហើយនៅពេលដែលយើងដឹងច្បាស់ថា យើងមានជំនឿពិតប្រាកដ តាមរយៈការល្បងលនោះ យើងនឹងមានក្តីអំណរ ព្រោះជំនឿប្រភេទនោះ «វិសេសជាងមាសដែលតែងតែខូច ទោះបើបានសាកនឹងភ្លើងក៏ដោយ» (១ពេត្រុស ១:៧)។
ទុក្ខលំបាកក៏ជួយយើងឲ្យវាស់ស្ទង់ការលូតលាស់នៃជំនឿរបស់យើង ទោះយើងកំពុងជាប់គាំង ឬចម្រើនឡើងក្តី។ ការខកចិត្ត និងទឹកភ្នែកច្រើនតែនាំមកនូវការរីកចម្រើន និងការលូតលាស់ ក្នុងជំនឿយើង ខណៈពេលដែលយើងធ្វើតាមព្រះបន្ទូលព្រះ ហើយស្គាល់តម្លៃរបស់ព្រះគ្រីស្ទដែលខ្ពស់លើសអ្វីៗទាំងអស់ តាមរបៀបដែលយើងមិនដែលធ្វើ និងមិនដែលស្គាល់កាលពីមុន។ គឺដូចដែលអ្នកនិពន្ធម្នាក់បានលើកឡើងថា «ខ្យល់នៃទុក្ខលំបាកបក់ផាត់អង្កាមនៃកំហុស ពុតត្បុត និងការសង្ស័យឲ្យប៉ើងទៅឆ្ងាយ ដោយបន្សល់ទុកអ្វីដែលឈ្នះការល្បងល...នោះគឺជាចារិតលក្ខណៈពិតប្រាកដ»។137
ការល្បងលបង្កើតឲ្យមានកម្លាំងដែលអាចទៅបានឆ្ងាយ។ ជីវិតរបស់គ្រីស្ទបរិស័ទ មិនមែនជាការរត់ប្រណាំងចម្ងាយខ្លីតែពីរបីរយម៉ែត្រនោះទេ តែជាការរត់កាត់ប្រទេសមានរយៈពេលអស់មួយជីវិត។ កីឡាកររត់ប្រណាំងម៉ារ៉ាតុន រត់បានជាច្រើនគីឡូម៉ែត្រដែលធ្វើឲ្យមានអារម្មណ៍ពិបាក និងហត់ តែពួកគេនៅតែបន្តរត់ទៅមុខទៀត។ ពួកគេមិនមានការភ្ញាក់ផ្អើលទេ នៅពេលដែលពួកគេមានការឈឺចាប់ក្នុងការរត់នោះ។ ពួកគេរំពឹងថា នឹងមានការពិបាក។ ប៉ុន្តែ ពួកគេដឹងថា បន្ទាប់ពីការលំបាក គឺមានទីផ្តាច់ព្រាត់។ ស្រដៀងគ្នានេះដែរ ទុក្ខលំបាកដែលយើងជួបប្រទះនៅតាមផ្លូវ ក៏តម្រូវឲ្យយើងមាន និងបង្កើតឲ្យមានការស៊ូទ្រាំ ដើម្បីឲ្យយើងរត់ប្រណាំងខាងឯវិញ្ញាណឲ្យបានល្អ។
ចូរមើលទៅជីវិតរបស់គ្រីស្ទបរិស័ទណាម្នាក់ដែលមានភ្នែកទន់ និងចិត្តសុភាព នោះអ្នកនឹងស្ទើរតែប្រាកដជារកឃើញថា ពួកគេមានចិត្តសប្បុរសយ៉ាងដូចនោះ តាមរយៈការឆ្លងកាត់ទុក្ខលំបាក។ យើងងាយនឹងចង់បានលទ្ធផល ដោយមិនមានការប្រឹងប្រែង។ ប៉ុន្តែ យើងមិនទទួលលទ្ធផលល្អយ៉ាងដូចនេះទេ។ តាមធម្មតា ព្រះទ្រង់ធ្វើឲ្យជំនឿយើងលូតលាស់ នៅក្នុងដីនៃទុក្ខលំបាក។
សំណួរដែលយើងត្រូវសួរខ្លួនឯងនោះគឺ «តើខ្ញុំជឿថា ជំនឿលូតលាស់ក្នុងទុក្ខលំបាកទេ?» បើអ្នកជឿមែន ទស្សនៈ និងការឆ្លើយតបរបស់អ្នកចំពោះទុក្ខលំបាកក្នុងជីវិតនឹងមានការផ្លាស់ប្ដូរ។ ទុក្ខលំបាកអាចនៅតែធ្វើឲ្យអ្នកពេញដោយការឈឺចាប់ ការភ័យខ្លាច និងភាពមិនច្បាស់លាស់ តែទន្ទឹមនឹងនោះ អ្នកនឹងអាចគិតអំពីវាដោយអំណរ ដោយដឹងថា ការស៊ូទ្រាំខាងវិញ្ញាណរបស់អ្នកកំពុងកើតមាន ហើយអ្នកកាន់តែមានលទ្ធភាពរត់ទៅដល់ទី។
ព្រះគម្ពីរសញ្ជឹងគិត៖ ១ពេត្រុស ១:៣-៩
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ យ៉ូស្វេ ១៩-២១ និងលូកា ១៨:១-១៧