នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

សម្រាកនៅក្នុងព្រះ

សម្រាកនៅក្នុងព្រះ

ដោយLeslie Koh

December 19, 2025

កិច្ចការ ១២:៥-១១
រីឯក្នុងកាលដែលស្ដេចហេរ៉ូឌគិតនាំពេត្រុសមក នៅវេលាយប់នោះឯង គាត់ដេកនៅជាកណ្ដាលទាហាន២នាក់។ កិច្ចការ ១២:៦
នៅយប់មួយនោះ លោកស៊ែម(Sam) ជាអ្នកជិតខាងខ្ញុំ មិនបានបើកបរឡានរបស់គាត់ ត្រឡប់មកផ្ទះវិញ ដូចសព្វមួយដឹងទេ។ គាត់ប្រាប់ភរិយាគាត់ថា “ឡាននោះត្រូវចោរលួចបាត់ហើយ” បន្ទាប់មកគាត់បន្ថែមទៀតថា គាត់នឹងទៅចូលគេង ហើយគាត់នឹងគិតរកដំណោះស្រាយនៅថ្ងៃស្អែក។ ភរិយាគាត់មានការភ្ញាក់ផ្អើល។ នាងមិនអាចយល់សោះថា ហេតុអ្វីប្តីគាត់ នៅតែមានចិត្តស្ងប់យ៉ាងនេះ គាត់ក៏បានពន្យល់ថា បើមិនឲ្យគាត់ចូលគេង តើឲ្យគាត់ទៅធ្វើអ្វីវិញ? ការមានអារម្មណ៍ជ្រួលច្របល់ មិនអាចជួយអ្វីបានទេ។ 
អ្នកជិតខាងរបស់ខ្ញុំ ដែលតែងតែមានចិត្តស្ងប់ អាចមើលដឹងថា គាត់គ្មានហេតុផលអ្វីដែលត្រូវព្រួយបារម្ភទេ។ គាត់បានទុកចិត្តថា ប៉ូលិសនឹងអាចរកឃើញឡានរបស់គាត់ នៅពេលណាមួយ ។ ក្រោយមក ពួកគេក៏បានរកឃើញឡាននោះ។
តើសាវ័កពេត្រុសមិនមានអារម្មណ៍ដូចនេះដែរទេឬ បន្ទាប់ពីគេបានចាប់គាត់ដាក់គុក(កិច្ចការ ១២:៤)? គាត់ទំនងជាងត្រូវប្រឈមមុខដាក់ការប្រហារជីវិត តែសាវ័ករូបនេះ ដែលធ្លាប់តែឆេវឆាវបាន “ដេកនៅជាកណ្ដាលទាហាន២នាក់”(ខ.៦)។ ទេវតាក៏បាន “គោះពីខាងចំហៀង ដាស់គាត់ឡើង”(ខ.៧)។ ការនេះបានបង្ហាញថា គាត់មានចិត្តស្ងប់ និងសន្តិភាពក្នុងចិត្តទាំងស្រុង។ តើគាត់ស្ងប់ចិត្ត ដោយសារគាត់ដឹងថា ជីវិតគាត់នៅជាប់ក្នុងព្រះហស្តព្រះឬ? ខ.៩ និង ១១ បានលើកឡើងថា ការដែលគាត់បានរួចពីគុកឬអត់មិនសំខាន់ចំពោះគាត់ទេ គឺប្រហែលមកពីគាត់បាននឹកចាំ អំពីការធានាអំពីសេចក្តីសង្គ្រោះ និងសិរីល្អ ដែលព្រះយេស៊ូវបានប្រទានមកគាត់(ម៉ាថាយ ១៩:២៨) ក៏ដូចជាការត្រាស់ហៅរបស់ព្រះអង្គ ឲ្យដើរតាមព្រះអង្គ និងមិនព្រួយបារម្ភអំពីការអ្វីដែលនឹងអាចកើតឡើងចំពោះគាត់(យ៉ូហាន ២១:២២)។ 
ទោះយើងកំពុងប្រឈមមុខដាក់បញ្ហាអ្វីក៏ដោយ នៅថ្ងៃនេះ យើងអាចទុកចិត្តថា ព្រះទ្រង់គ្រប់គ្រងពេលអនាគតរបស់យើង ទាំងនៅលើផែនដី និងនៅស្ថានសួគ៌ ក្នុងព្រះហស្តដ៏មានចេស្តារបស់ព្រះអង្គ។ ការទុកចិត្តព្រះអង្គយ៉ាងនេះ នឹងអាចជួយយើងឲ្យគេងលក់កាន់តែងាយស្រួល ដោយសន្តិភាពនៅក្នុងចិត្ត។—Leslie Koh

តើមានការព្រួយបារម្ភអ្វីខ្លះ ដែលធ្វើឲ្យអ្នកគេងមិនលក់នៅពេលយប់? 
តើអ្នកអាចរៀនថ្វាយការព្រួយបារម្ភទាំងនោះដល់ព្រះ និងប្រកាន់ខ្ជាប់តាមព្រះបន្ទូលសន្យារបស់ព្រះអង្គ ដូចម្តេចខ្លះ? 
ឱព្រះអម្ចាស់ ទូលបង្គំដឹងថា ជីវិត និងពេលអនាគតរបស់ទូលបង្គំ 
ស្ថិតក្នុងព្រះហស្តនៃក្តីស្រឡាញ់ និងមានព្រះចេស្តារបស់ព្រះអង្គ។ សូមព្រះអង្គជួយទូលបង្គំឲ្យបន្តទុកចិត្តព្រះអង្គ។
For further study, read Putting Worry to Work at ODBM.org.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យ៉ូណាស ១-៤ និង វិវរណៈ ១០
 

ល្ងាច

សិរី​ល្អ​នៅ​ពេល​អនាគត (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

សិរី​ល្អ​នៅ​ពេល​អនាគត (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

December 19, 2025

«ដោយ​សារ​សេចក្ដី​ជំនឿ នោះ​យ៉ូសែប​បាន​ប្រាប់​ពី​ដំណើរ​ពួក​ជន​ជាតិ​រាស្ត្រ ដើរ​ចេញពី​ស្រុក​អេស៊ីព្ទ​ក៏​ផ្ដាំ​ពី​ដំណើរ​សព​របស់​ខ្លួន ក្នុង​កាល​ដែល​ហៀប​នឹង​ផុត​ដង្ហើម​ទៅ​ផង» (ហេព្រើរ ១១:២២)។
កណ្ឌ​គម្ពីរ​លោកុប្បត្ដិ​បាន​បញ្ចប់ ដោយ​ការ​និយាយ​អំពី​មរណៈ​ភាព​របស់​លោក យ៉ូសែប ប៉ុន្តែ​រឿង​នេះ​មិន​ទាន់​ជិត​ដល់​ចុង​បញ្ចប់​នៅ​ឡើយ​ទេ។ មរណៈ​ភាព​របស់​គាត់​គឺ​ជា​ចំណុច​ចាប់​ផ្ដើម​របស់​រឿង​នៃ​ការ​ផ្គត់​ផ្គង់ និង​ការ​រំដោះ​របស់​ព្រះ ដែល​បន្ត​រហូត​ដល់​ចុង​បញ្ចប់​នៃ​ព្រះ​គម្ពីរ និង​ចូល​ទៅ​ក្នុង​ជីវិត​យើង​សព្វ​ថ្ងៃ។ 
លោក យ៉ូសែប មាន​ការ​គិត​គូរ​ខ្លាំង​អំពី​ការ​ទុក​ដាក់​សព​របស់​គាត់ បន្ទាប់​ពី​គាត់​ស្លាប់​ទៅ មិន​មែន​ដោយ​សារ​គាត់​ចូល​ចិត្ត​គិត​អំពី​សេចក្តី​ស្លាប់​ទេ តែ​ដើម្បី​ផ្តល់​ឲ្យ​នូវ​និមិត្ត​រូប​នៃ​ការ​ផ្គត់​ផ្គង់​របស់​ព្រះ​ក្នុង​ពេល​អតីត​កាល និង​ការ​សន្យា​អំពី​ការ​រំដោះ​នៅ​ពេល​អនាគត។ ឆ្អឹង​របស់​លោក យ៉ូសែប បាន​ចង្អុល​បង្ហាញ​កូន​ចៅ​ជំនាន់​ក្រោយ​របស់​រាស្ត្រ ទៅ​រក​ព្រះ​បន្ទូល​ដែល​មិន​ទាន់​បាន​សម្រេច នៅ​សម័យ​នោះ​នៅ​ឡើយ។
ជីវិត​របស់​លោក យ៉ូសែប បាន​ជួប​ទុក្ខ​លំបាក និង​បទ​ពិសោធន៍​មិន​ធម្មតា​ជា​ច្រើន​ដែល​មាន​ដូច​ជា​ការ​ក្បត់​របស់​បង​ប្អូន​គាត់ ការ​ចោទ​បង្ខូច​របស់​ប្រពន្ធ​លោក ប៉ូទីផា ការ​សព្វ​ព្រះ​ទ័យ​របស់​ស្ដេច​ផារ៉ោន មុខ​តំណែង​ក្នុង​រាជ​ការ​របស់​នគរ​អេស៊ីព្ទ ការ​ជួប​ជុំ​ជា​មួយ​គ្រួសារ​គាត់​ឡើង​វិញ។ល។ ប៉ុន្តែ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ អ្នក​និពន្ធ​បទ​គម្ពីរ​ហេព្រើរ មិន​បាន​លើក​យក​រឿង​ទាំង​អស់​នេះ​មក​និយាយ​នោះ​ទេ តែ​បាន​សម្រេច​ចិត្ត​និយាយ​អំពី​សេចក្តី​ជំនឿ​ដែល​លោក យ៉ូសែប មាន​ចំពោះ​ការ​អ្វី​ដែល​នឹង​ត្រូវ​មក​ដល់។ ហេតុ​អ្វី? ព្រោះ​សេចក្តី​ជំនឿ​របស់​គាត់​មាន​សារៈ​សំខាន់​យ៉ាង​ខ្លាំង។ 
លោក យ៉ូសែប មិន​ចង់​ឲ្យ​គ្រួសារ​គាត់​ចាក់​ឫស​ជ្រៅ​ខ្លាំង​ពេក​ក្នុង​ទឹកដី​អេស៊ីព្ទ​នោះ​ទេ។ គាត់​ដឹង​ថា ពួក​គេ​នឹង​បាន​ចូល​ទឹក​ដី​សន្យា។ ហេតុ​នេះ​ហើយ គាត់​មិន​បាន​ផ្តាំ​ផ្ញើ​ឲ្យ​គេ​ធ្វើ​ពិធី​បុណ្យ​សព​ដ៏​សាំ​ញ៉ាំ​ឲ្យ​គាត់​នោះ​ទេ តែ​ផ្ទុយ​ទៅ​វិញ គាត់​គ្រាន់​តែ​សុំ​ឲ្យ​គេ​អប់​សព​គាត់​ដាក់​ក្នុង​មឈូស​ទុក​ក្នុង​ទឹក​ដី​អេស៊ីព្ទ (លោកុប្បត្ដិ ៥០:២២-២៦) តើ​ហេតុ​អ្វី? ព្រោះ​គាត់​មិន​ចង់​ឲ្យ​គេ​កប់​ឆ្អឹង​របស់​គាត់​ទេ។ គាត់​ចង់​ឲ្យ​គេ​រៀប​ចំ​សព​គាត់​ទុក​ជា​ស្រេច​សម្រាប់​ផ្លាស់​ទី កាល​ណា​គេ​ដល់​ពេល​ធ្វើ​ដំណើរ​ចូល​ទឹក​ដី​សន្យា។ គាត់​ដឹង​ថា មឈូស​នឹង​បាន​ធ្វើ​ជា​វត្ថុ​រំឭក​អំពី​ការ​ពិត​ដែល​ថា ការ​សង្ឃឹម​ថា នឹង​បាន​ចូល​ទឹក​ដី​សន្យា​មាន​ភាព​ច្បាស់​លាស់ ដូច​ព្រះ​បន្ទូល​សន្យា​ដទៃ​ទៀត​របស់​ព្រះ​អម្ចាស់។ គាត់​ចង់​ឲ្យ​ពួក​គេ​អាច​មើល​ទៅ​ព្រះ​បន្ទូល​សន្យា នៅ​ពេល​ដែល​ថ្ងៃ​ដ៏​ពិបាក​មក​ដល់ សម្រាប់​កូន​ចៅ​ជំនាន់​ក្រោយ​នៃ​គ្រួសារ​ជន​ភៀស​ខ្លួន​ដែល​កំពុង​តែ​រីក​ធំ ដូច​ដែល​គាត់​បាន​ស្រមៃ។ ពួក​គេ​អាច​មើល​ទៅ​មឈូស​គាត់ ដោយ​ត្រៀម​ខ្លួន​ជា​សម្រេច ហើយ​និយាយ​ថា លោក យ៉ូសែប បាន​ដឹង​ច្បាស់​ថា យើង​នឹង​ចាក​ចេញ។ បើ​គាត់​មិន​បាន​ដឹង​ច្បាស់​ទេ នោះ​គាត់​ក៏​មិន​ឲ្យ​យើង​ដឹក​ជញ្ជូន​ឆ្អឹង​របស់​គាត់​យ៉ាង​ដូច​នេះ​ឡើយ។ 
សព្វ​ថ្ងៃ​នេះ អ្នក​មិន​មាន​មឈូស​របស់​លោក យ៉ូសែប ដែល​មាន​ឆ្អឹង​នៅ​ខាង​ក្នុង​សម្រាប់​ឲ្យ​អ្នក​មើល​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ អ្នក​មាន​ផ្នូរ​ទទេ​របស់​ព្រះ​គ្រីស្ទ​សម្រាប់​ក្រើន​រំឭក​អ្នក​អំពី​ការ​ផ្គត់​ផ្គង់​របស់​ព្រះ​កាល​ពី​មុន និង​ក្តី​សង្ឃឹម​អំពី​ពេល​អនាគត​តាម​ព្រះ​បន្ទូល​សន្យា។ ព្រះ​គ្រីស្ទ «គឺ​ជា​ជំនួយ​របស់​យើង កាល​ពី​សម័យ​មុន និង​ជា​ក្តី​សង្ឃឹម​របស់​យើង សម្រាប់​ពេល​ដែល​ត្រូវ​មក​ដល់»។ ទ្រង់​គឺ​ជា «ផ្ទះ​ដ៏​អស់​កល្ប​របស់​យើង»។139 ដោយ​សារ​ព្រះ​អង្គ អ្នក​អាច​រស់​នៅ​ក្នុង​ថ្ងៃ​ដ៏​ពិបាក ហើយ​ស្លាប់​ក្នុង​ថ្ងៃ​ចុង​ក្រោយ​របស់​អ្នក បាន​ជាប់​នៅ​ក្នុង​ក្តី​សង្ឃឹម​ថា នឹង​បាន​ទៅ​នគរ​ស្ថាន​សួគ៌ ជា​ទឹក​ដី​សន្យា​ដ៏​ធំ​ប្រសើរ​របស់​យើង។ 


ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ លូកា ២៣:៣២-៤៣
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ នេហេមា ១-៣ និង​លូកា ១៩:១-២៧

ប្រភេទ