នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

គង់នៅជាមួយពេលយើងឯកោ

គង់នៅជាមួយពេលយើងឯកោ

ដោយBill Crowder

December 20, 2025

ម៉ាថាយ ១:‌១៨-២៥
«អញនឹងមិនចាកចេញពីឯង ក៏មិនបោះបង់ចោលឯងឡើយ»។ ហេព្រើរ ១៣:៥
លោកនេហរី ដាវីឌ ថូរ៉ូ(Henry David Thoreau) បានបកស្រាយថា ទីក្រុងគឺជាទីកន្លែង ដែលមនុស្សជាច្រើន “រស់នៅផ្តុំគ្នាដោយភាពឯកោរៀងខ្លួន”។ ការបកស្រាយដូចនេះ បានឆ្លុះបញ្ចាំងអំពីការពិត។ កាលខ្ញុំស្ថិតក្នុងវ័យយុវជន មានបទចម្រៀងជាច្រើន ដែលនិយាយអំពីភាពឯកោ ឬមនុស្សឯកោ។ រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ជំងឺរាតត្បាតកូវីដ១៩ បានក្លាយជាមូលហេតុធំជាងគេ ដែលបានបណ្តាលឲ្យមានភាពឯកោ ដែលពិភពលោកធ្លាប់បានស្គាល់។ ហើយបណ្ដាញសង្គមអាចនាំយើងជម្នះភាពឯកោទាំងនោះ ដោយផ្តល់ឲ្យយើងនូវការតភ្ជាប់បណ្ដាញ ដែលគ្មានទំនាក់ទំនងពិតប្រាកដ។ ភាពឯកោប្រហែលជាបានក្លាយជាជំងឺរាតត្បាតថ្មីហើយ។
ក្នុងការពិពណ៌នា អំពីរឿងនៃព្រះរាជកំណើតរបស់ព្រះយេស៊ូវ កណ្ឌគម្ពីរម៉ាថាយបានចែងថា “ការទាំងនោះកើតមក ដើម្បីឲ្យបានសំរេចសេចក្ដី ដែលព្រះអម្ចាស់ទ្រង់មានបន្ទូល ដោយសារហោរាថា«មើល នាងព្រហ្មចារីនឹងមានគភ៌ប្រសូតបានបុត្រា១ ហើយព្រះនាមបុត្រនោះត្រូវហៅថា អេម៉ាញូអែល» ដែលប្រែថា ព្រះអង្គទ្រង់គង់ជាមួយនឹងយើងខ្ញុំ”(ម៉ាថាយ ១:២២-២៣)។ ចូរយើងគិតអំពីរឿងនេះមួយភ្លែត។ ព្រះអម្ចាស់គង់នៅជាមួយយើង!
ក្នុងនាមយើងជាអ្នកជឿព្រះយេស៊ូវ យើងមិនដែលឯកោឡើយ។ យើងបានកើតជាថ្មី ចូលទៅក្នុងគ្រួសារនៃព្រះគ្រីស្ទ ជាគ្រួសារដែលមានវត្តមាននៅទូទាំងពិភពលោក និងនៅគ្រប់សម័យកាល។ សាវ័កប៉ុលមានប្រសាសន៍ថា “អ្នករាល់គ្នាមិនមែនជាអ្នកដទៃ ឬជាអ្នកគ្រាន់តែសំណាក់នៅទៀតទេ គឺជាជាតិតែ១នឹងពួកបរិសុទ្ធ ជាពួកដំណាក់ព្រះវិញ”(អេភេសូរ ២:១៩)។ ព្រះដែលតែងតែគង់នៅជាមួយ ទ្រង់ស្រឡាញ់។ ព្រះអង្គមានបន្ទូលថា ព្រះអង្គនឹងមិនចាកចេញពីយើង ឬបោះបង់យើងចោលឡើយ(ហេព្រើរ ១៣:៥)។ 
ទោះអ្នកប្រឈមមុខដាក់អ្វីក៏ដោយ ព្រះវរបិតារបស់អ្នកដែលគង់នៅស្ថានសួគ៌ តែងតែគង់នៅជាមួយអ្នកជានិច្ច។ ចូរអនុញ្ញាតឲ្យព្រះអង្គជួយអ្នក ខណៈពេលដែលអ្នកបោះជំហានចូលទៅក្នុងភាពមិនច្បាស់លាស់ និងបញ្ហាប្រឈមក្នុងជីវិត។ ព្រះអង្គមានព្រះវត្តមានគង់នៅជាមួយអ្នកគ្រប់ពេលវេលា។—Bill Crowder

តើអ្នកមានអារម្មណ៍ឯកោ នៅពេលណា? នៅពេលដែលអ្នកមានអារម្មណ៍ឯកោ តើអ្នកមានដំណោះស្រាយអ្វី?
ឱព្រះវរបិតា ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដោយសារព្រះវត្តមានដ៏ស្ថិតស្ថេររបស់ព្រះអង្គ ទូលបង្គំមិនដែលឯកោឡើយ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : មីកា ១-៣ និង វិវរណៈ ១១
 

ល្ងាច

ការ​លន់តួ​បាប និង​ភាព​ធូរ​ស្រាល (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ការ​លន់តួ​បាប និង​ភាព​ធូរ​ស្រាល (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

December 20, 2025

«នោះ​ដាវីឌ​ទ្រង់​ចាត់​គេ ឲ្យ​ទៅ​ទទួល​នាង​មក​នៅ​ក្នុង​ដំណាក់ នាង​ក៏​ធ្វើ​ជា​ភរិយា​ទ្រង់ ហើយ​បង្កើត​បាន​បុត្រា១​ថ្វាយ​ទ្រង់ តែ​អំពើ​ដែល​ដាវីឌ​បាន​ប្រព្រឹត្ត​នោះ ជា​ទី​ទាស់​ដល់​ព្រះ​ហឫទ័យ​នៃ​ព្រះ​យេហូវ៉ា​ណាស់...ព្រះ​យេហូវ៉ា​ទ្រង់​ចាត់​ណាថាន់ ឲ្យ​ទៅ​ឯ​ដាវីឌ» (២សាំយ៉ូអែល ១១:២៧, ១២:១)។
បើ​យើង​ឈប់​ព្យាយាម​លាក់​បាំង​បាប​របស់​យើង ព្រះ​អង្គ​នឹង​ស្ម័គ្រ​ព្រះ​ទ័យ​គ្រប​បាំង​វា​ឲ្យ​យើង។ 
ស្ដេច ដាវីឌ បាន​ព្យាយាម​លាក់​បាំង​បាប​របស់​ទ្រង់ ដែល​ជា​ការ​សហាយ​ស្មន់​ជា​មួយ​នាង បាត​សេបា  (ឬ​ថែម​ទាំង​អាច​ជា​ការ​រំលោភ​ទៀត​ផង) ហើយ​បាន​រៀប​គម្រោង​ឲ្យ​លោក អ៊ូរី ជា​ប្តី​របស់​នាង​ទៅ​ស្លាប់​ក្នុង​សង្គ្រាម។ ប៉ុន្តែ ផែនការ​នេះ​ហាក់​ដូចជា​មាន​ដំណើរ​ការ​យ៉ាង​រលូន។ ស្ដេច ដាវីឌ ក៏​បាន​រៀប​ការ​ជា​មួយ​នាង បាត​សេបា ហើយ​ហាក់​ដូច​ជា​គ្មាន​នរណា​ម្នាក់​ដឹង​អំពី​រឿង​អាស្រូវ​នេះ​សោះ។ ពេល​នៃ​ការ​បោក​បញ្ឆោត និង​ភាព​ស្ងប់​ស្ងាត់​ក៏​បាន​មក​ដល់។ ស្ដេច ដាវីឌ ជឿ​ថា ទ្រង់​បាន​លាក់​បាំង​រឿង​នេះ​យ៉ាង​រៀប​រយ។ ជា​ញឹក​ញាប់ បាប​បោក​បញ្ឆោត​យើង​ឲ្យ​គិត​យ៉ាង​ដូច​នេះ​ឯង។ ប៉ុន្តែ ការ​គិត​របស់​អ្នក​ដទៃ​អំពី​យើង ច្រើន​តែ​ខុស​ពី​ការ​អ្វី​ដែល​ព្រះ​ទ្រង់​មាន​បន្ទូល​អំពី​យើង។ 
ព្រះ​ទ្រង់​ជ្រាប​អំពី​អ្វី​ដែល​អ្នក​ដទៃ​មិន​ដឹង។ ទ្រង់​ចាត់​ហោរា​ម្នាក់​ឲ្យ​ទៅ​ចូល​គាល់​ស្ដេច។ តែ​ហោរា ណាថាន់ បាន​ចូល​ដំណាក់​ស្ដេច ដាវីឌ ដោយ​ការ​ចោទ​ប្រកាន់​ភ្លាមៗ​នោះ​ទេ។ គាត់​គ្រាន់​តែ​ទូល​ទ្រង់​អំពី​រឿង​របស់​អ្នក​មាន​ម្នាក់​ដែល​មាន​ហ្វូង​ចៀម និង​ហ្វូង​គោ​ច្រើន តែ​បាន​ទៅ​រឹប​យក​កូន​ចៀម​តែ​មួយ​របស់​អ្នក​ក្រ​ម្នាក់​ដោយ​អយុត្តិធម៌។ រឿង​នេះ​បាន​ធ្វើ​ឲ្យ​ស្ដេច ដាវីឌ មាន​ចិត្ត​អាណិត​ចំពោះ​ជន​រង​គ្រោះ ហើយ​មាន​ព្រះ​ទ័យ​ក្រោធ​ចំពោះ​ទង្វើ​របស់​អ្នក​មាន។ បន្ទាប់​មក ហោរា ណាថាន់ ក៏​បាន​បញ្ចប់​ការ​និទាន​រឿង​នោះ​ដោយ​ពាក្យ​មួយ​ឃ្លា​ថា «ឯ​មនុស្ស​នោះ គឺ​ជា​អង្គ​ទ្រង់​នេះ​ហើយ» (២សាំយ៉ូអែល ១២:៧)។
«ព្រះ​យេហូវ៉ា​ទ្រង់​ចាត់​ណាថាន់ ឲ្យ​ទៅ​ឯ​ដាវីឌ»។ ពាក្យ​មួយ​ឃ្លា​នេះ គឺ​ជា​ពាក្យ​នៃ​ព្រះ​គុណ​អស្ចារ្យ! ព្រះ​យេហូវ៉ា​មិន​បណ្តោយ​ឲ្យ​ស្ដេច ដាវីឌ ជា​អ្នក​បម្រើ​ទ្រង់​រស់​នៅ​ដោយ​សុខ​ស្រួល​ក្នុង​បាប​របស់​ទ្រង់​ឡើយ។ ការ​ប្រឈម​មុខ​ដាក់​បាប​របស់​ខ្លួន​ឯង​មាន​ការ​ពិបាក មិន​មែន​ជា​ការ​សប្បាយ​ទេ តែ​មូល​ហេតុ​ដែល​ព្រះ​ទ្រង់​ចាត់​ហោរា​ឲ្យ​ទៅ​ជួប​ស្ដេច ដាវីឌ ព្រោះ​ព្រះ​អង្គ​ស្រឡាញ់​ស្ដេច ដាវីឌ។ ព្រះ​ទ្រង់​ប្រទាន​ស្ដេច ដាវីឌ នូវ​អ្វី​ដែល​ទ្រង់​មិន​សម​នឹង​ទទួល ហើយ​ស្ដេច ដាវីឌ ក៏​បាន​ឆ្លើយ​តប ចំពោះ​ពាក្យ​សម្ដី​របស់​ហោរា ណាថាន់ ដោយ​ការ​បន្ទាប​ខ្លួន និង​ការ​ប្រែ​ចិត្ត​ចេញ​ពី​បាប។ ដោយ​សារ​ព្រះ​ទ្រង់​បាន​ធ្វើ​អន្តរាគមន៍ ហើយ​ស្ដេច ដាវីឌ បាន​សារភាព​កំហុស​រឿង​នេះ​ក៏​បាន​ចប់ មិន​មែន​ដោយ​ភាព​អស់​សង្ឃឹម និង​ការ​ប្រកាន់​ទោស តែ​ដោយ​ការ​រំដោះ និង​ព្រះ​គុណ (ទំនុកតម្កើង ៣២:៥-៦)។ គឺ​ដូច​ដែល​លោក​គ្រូ ដេរេក ឃីដន័រ (Derek Kidner) បាន​សរសេរ​ថា «ភាព​ធូរ​ស្រាល​ដែល​បាន​ពី​ការ​បន្ទាប​ខ្លួន និង​ព្រះ​គុណ​ដែល​បាន​ប្រទាន​មក សម្រាប់​ការ​បន្ទាប​ខ្លួន...គឺ​មាន​តម្លៃ​លើស​ជាង​អំនួត និង​មុខ​មាត់​ដែល​អ្នក​បាន​លះ​បង់»។140 
ព្រះ​ទ្រង់​ក៏​សព្វ​ព្រះ​ទ័យ​នឹង​ធ្វើ​ដូច​នេះ​សម្រាប់​យើង ដូច​ដែល​ព្រះ​អង្គ​ធ្វើ​សម្រាប់​ស្ដេច ដាវីឌ ផង​ដែរ។ យើង​ប្រហែល​ខ្លាច​បាត់​បង់​កេរ្តិ៍​ឈ្មោះ នៅ​ពេល​ដែល​យើង​ឈប់​លេង​ល្បែង​គ្រប​បាំង​អំពើ​បាប។ ប៉ុន្តែ បើ​អ្នក​បណ្តែត​បណ្តោយ​ឲ្យ​អំពើ​ខុស​​សីលធម៌​បន្ត​មាន​ក្នុង​ជីវិត​អ្នក ទោះ​អ្នក​អាច​លាក់​បាំង​វា​ពី​ភ្នែក​របស់​ពិភព​លោក​យ៉ាង​ណា​ក៏​ដោយ ក៏​គ្មាន​ប្រយោជន៍​ដែរ។ 
បើ​យើង​គិត​ឲ្យ​បាន​ស៊ី​ជម្រៅ ដែល​លោកីយ៍​មើល​ឃើញ ឬ​មើល​មិន​ឃើញ​វា​សំខាន់​ទេ ព្រោះ​ព្រះ​ទ្រង់​ជ្រាប​អំពី​ចិត្ត​របស់​យើង។ ដោយ​សារ​សេចក្តី​ស្មោះ​ត្រង់​របស់​ព្រះ បាន​ជា​ទ្រង់​តាម​រក​យើង ហើយ​មិន​បណ្តោយ​ឲ្យ​យើង​បន្ត​សុខ​ស្រួល​ក្នុង​ការ​មិន​ស្តាប់​បង្គាប់ និង​បះ​បោរ​ឡើយ។ យើង​ប្រហែល​មិន​មាន​មនុស្ស ដូច​ហោរា​ណាថាន់ ដែល​ព្រះ​ចាត់​ឲ្យ​មក​កែ​តម្រង់​យើង តែ​យើង​តែង​តែ​មាន​ព្រះ​បន្ទូល​ព្រះ​នៅ​ចំពោះ​មុខ​យើង​ដែរ «រស់​នៅ ហើយ​ពូកែ​ផង ក៏​មុត​ជាង​ដាវ​ណា​មាន​មុខ២...គ្មាន​អ្វី​កើត​មក​ដែល​ទ្រង់​ទត​មិន​ឃើញ​នោះ​ឡើយ» (ហេព្រើរ ៤:១២-១៣) គឺ​រាប់​បញ្ចូល​ទាំង​មនុស្ស​ដែល​បាន​សរសេរ​ពាក្យ​ពេចន៍​ក្នុង​ព្រះ​គម្ពីរ និង​អ្នកអាន​ពាក្យ​ពេចន៍​ទាំង​នោះ​ផង​ដែរ។ ព្រះ​ទ្រង់​បើក​បង្ហាញ​បាប​របស់​យើង ដើម្បី​ឲ្យ​យើង​នាំ​វា​ទៅ​រក​ព្រះ​អង្គ ដើម្បី​ឲ្យ​ព្រះ​លោហិត​របស់​ព្រះ​រាជ​បុត្រា​ទ្រង់​បាន​លាង​សម្អាត។ 
តើ​ព្រះ​អង្គ​កំពុង​ចង្អុល​បង្ហាញ​បាប​អ្វី​ខ្លះ​ដែល​អ្នក​មាន? តើ​អ្នក​កំពុង​ព្យាយាម​ដោះ​សា ឬ​ការពារ ឬ​ក៏​លាក់​បាំង​វា​ឬ? ពេល​នេះ​ជា​ពេល​ដែល​ត្រូវ​បន្ទាប​ខ្លួន​ចុះ ហើយ​ឈប់​លាក់​បាំង​វា​ទៀត។ អត្ថ​ប្រយោជន៍​នៃ​ការ​អត់​ទោស​បាប មាន​ទម្ងន់​ធ្ងន់​ជាង​បាប​របស់​យើង​ឆ្ងាយ​ណាស់។ 


ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ ២សាំយ៉ូអែល ១១:១-១២:២៥
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ នេហេមា ៤-៦ និង​លូកា ១៩:២៨-៤៨

ប្រភេទ