នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

នាំដំណឹងល្អមក

នាំដំណឹងល្អមក

ដោយNancy Gavilanes

December 21, 2025

អេសាយ ៥២:៤-១០
អើ ល្អណាស់ហ្ន៎ គឺជើងនៃអ្នកនោះដែលដើរលើភ្នំជាអ្នកដែលនាំដំណឹងល្អមក ហើយប្រកាសប្រាប់ពីសេចក្ដីមេត្រី ជាអ្នកដែលនាំដំណឹងល្អពីការប្រសើរមក។ អេសាយ ៥២:៧
បុរសម្នាក់កំពុងប្រមូលផលដំណាំម៉ើមខ្ទឹមបារាំង នៅពេលដែលយើងបានចូលទៅរកគាត់ ដោយការអធិស្ឋាន ក្នុងអំឡុងពេលយើងផ្សាយដំណឹងល្អតាមផ្ទះ ក្នុងដំណើរបេសកកម្ម ក្នុងប្រទេសអេក្វាឌរ។ ខ្ញុំក៏បាននិយាយភាសាអេស្ប៉ាញរដាក់រដុប ដោយប្រាប់គាត់ថា ខ្ញុំនិងមិត្តភក្តិខ្ញុំចង់ចែកចាយជាមួយគាត់បន្តិច អំពីព្រះគម្ពីរប៊ីប។ គាត់ក៏បានផ្អាកការងាររបស់គាត់ ដើម្បីស្តាប់យើង ខណៈពេលដែលយើងចែកចាយទីបន្ទាល់របស់យើងដល់គាត់។ បន្ទាប់មក មិត្តរួមក្រុមរបស់ខ្ញុំម្នាក់ក៏បានចាប់ផ្តើមអានព្រះគម្ពីរប៊ីបឮៗ ជាភាសាអង់គ្លេស។ ពេលនោះជាពេលដែលមានតម្លៃណាស់ សម្រាប់គ្រប់គ្នាឮការចែកចាយដំណឹងល្អ នៅជើងភ្នំអានឌីស ខណៈពេលដែលបុរសនោះអានជាមួយយើង ជាភាសាអេស្ប៉ាញ នៅក្នុងសៀវភៅដែលយើងបានឲ្យគាត់! យើងបានជជែកជាមួយគាត់ និងក្រុមគ្រួសារគាត់ ដែលមុននោះ ពួកគេកំពុងធ្វើការនៅឆ្ងាយពីគាត់។ យើងក៏បានអធិស្ឋានឲ្យពួកគេ ហើយបន្តដំណើរទៅផ្ទះបន្ទាប់។ 
ខណៈពេលដែលយើងដើរតាមជើងភ្នំ អានព្រះគម្ពីរប៊ីប និងជជែកជាមួយប្រជាជននៅទីនោះ អំពីព្រះគ្រីស្ទ ខ្ញុំក៏បានគិតអំពីព្រះយេស៊ូវ និងពួកសិស្សរបស់ព្រះអង្គ កាលពួកគេកំពុងដើរតាមតំបន់ភ្នំ និងជ្រលងភ្នំ នៅប្រទេសអ៊ីស្រាអែល ក្នុងសម័យដែលព្រះអង្គធ្វើព្រះរាជកិច្ចនៅលើផែនដី។
បទគម្ពីរអេសាយ ៥២:៧ បានចែងថា “ល្អណាស់ហ្ន៎ គឺជើងនៃអ្នកនោះដែលដើរលើភ្នំជាអ្នកដែលនាំដំណឹងល្អមក ហើយប្រកាសប្រាប់ពីសេចក្ដីមេត្រី ជាអ្នកដែលនាំដំណឹងល្អពីការប្រសើរមក ហើយថ្លែងប្រាប់ពីសេចក្ដីសង្គ្រោះ”។ ក្នុងបទគម្ពីរនេះ ហោរាអេសាយកំពុងនិយាយសំដៅទៅលើពេលដែលរាស្រ្តរបស់ព្រះត្រឡប់មកស្រុកកំណើតរបស់ខ្លួនវិញ បន្ទាប់ពីការនិរទេសអស់ជាច្រើនឆ្នាំ ប៉ុន្តែ បទគម្ពីរនេះបាននិយាយសំដៅទៅលើយើងផងដែរ ពេលណាយើងចែកចាយដំណឹងល្អនៃព្រះយេស៊ូវ ជាមួយអ្នកដទៃ។
យើងប្រហែលមិនមានឱកាសទៅផ្សាយដំណឹងល្អនៅតំបន់ជួរភ្នំអានឌីស ដ៏ស្រស់ស្អាតឡើយ ប៉ុន្តែ ទោះព្រះអង្គដាក់យើងនៅកន្លែងណាក៏ដោយ ព្រះវិញ្ញាណបរិសុទ្ធនៅតែអាចជួយយើង ឲ្យចែកចាយព្រះរាជសារអំពីសេចក្តីសង្គ្រោះដល់មនុស្សដែលព្រះអង្គឲ្យយើងជួបនៅតាមផ្លូវដែលយើងធ្វើដំណើរ។—Nancy Gavilanes

តើនរណាបានផ្សាយដំណឹងល្អដល់អ្នក? តើអ្នកអាចចែកចាយអំពីជំនឿរបស់អ្នក ដល់នរណាខ្លះ? 
ឱព្រះអម្ចាស់ សូមព្រះអង្គប្រទានទូលបង្គំនូវចិត្តក្លាហាន ដើម្បីប្រាប់អ្នកដទៃអំពីព្រះយេស៊ូវ។
Visit GO.ODB.org/122125 to learn why spiritual conversations are important, even when talking about Jesus feels weird.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : មីកា ៤-៥ និង វិវរណៈ ១២

ល្ងាច

ការ​ចុះ​ចូល និង​ការ​បន្ទាប​ខ្លួន (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ការ​ចុះ​ចូល និង​ការ​បន្ទាប​ខ្លួន (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

December 21, 2025

«ទាំង​អរ​ព្រះ​គុណ​ដល់​ព្រះ​ដ៏​ជា​ព្រះ​វរបិតា​ជា​ដរាប ក្នុង​គ្រប់​ការ​ទាំង​អស់ ដោយ​នូវ​ព្រះ​នាម​ព្រះ​យេស៊ូវ​គ្រីស្ទ
ហើយ​ទាំង​ចំណុះ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​សេចក្ដី​កោត​ខ្លាច​ដល់​ព្រះ​គ្រីស្ទ» (អេភេសូរ ៥:២០-២១)។
នៅ​ពេល​ដែល​តន្ត្រីករ​ចូល​រួម​ក្នុង​ការ​ប្រគំ​តន្ត្រី ពួក​គេ​ត្រូវ​លះ​បង់​ប្រយោជន៍​បុគ្គល។ ការ​ប្រគំ​តន្ត្រី មិន​មែន​ជា​ការ​សម្ដែង​ដោយ​តន្ត្រី​ករ​តែ​ម្នាក់​នោះ​ទេ។ ទោះ​តន្ត្រីករ​មិន​បាន​បាត់​បង់​អត្ត​សញ្ញាណ​របស់​ខ្លួន​ក៏​ដោយ ក៏​ពួក​គេ​ត្រូវ​តែ​ចុះ​ចូល​នឹង​ក្រុម​ប្រគំ​តន្ត្រី​ដែរ។ ក្រុម​មួយ​នេះ​មាន​សារៈសំខាន់ ជាង​តន្ត្រី​ករ​ម្នាក់ៗ ក្នុង​ការ​រួម​គ្នា ហើយ​ការ​រួម​គ្នា​នេះ​បង្កើត​នូវ​អ្វី ដែល​គ្មាន​តន្ត្រីករ​ណា​ម្នាក់​អាច​បង្កើត​បាន​តែ​ម្នាក់​ឯង។ 
សាវ័ក ប៉ុល បាន​និយាយ​ស្រដៀង​នេះ​ផង​ដែរ នៅ​ពេល​ដែល​គាត់​សរសេរ​សំបុត្រ​ប្រាប់​គេ​ឲ្យ «ចុះ​ចូល​គ្នា​ទៅ​វិញ​ទៅ​មក» ទោះ​ក្រុម​ដែល​គាត់​និយាយ​សំដៅ​មិន​មែន​ជា​ក្រុម​ភ្លេង តែ​ជា​ក្រុម​ជំនុំ​ក៏​ដោយ។ 
យើង​អាច​មាន​ការ​ឆ្លើយ​តប​ផ្សេងៗ​ចំពោះ​ការ​បង្រៀន​អំពី​ការ​ចុះ​ចូល​គ្នា តែ​យើង​ត្រូវ​ទទួល​ស្គាល់​ថា ព្រះ​គម្ពីរ​បាន​ប្រើ​ការ​បង្រៀន​នេះ​ត្រង់ៗ និង​ជា​ញឹក​ញាប់​ផង​ដែរ។ សម្រាប់​សាវ័ក ប៉ុល ការ​រួប​រួម និង​សុខ​ភាព​របស់​ពួក​ជំនុំ មាន​ការ​ពឹង​ផ្អែក​លើ​ការ​យល់​ដឹង​របស់​គ្រីស្ទ​បរិស័ទ​អំពី​ការ​ចុះ​ចូល​ឲ្យ​បាន​ត្រឹម​ត្រូវ និង​អនុវត្ត​តាម​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក។ 
តើ​ការ​ចុះ​ចូល​គ្នា​ឲ្យ​បាន​ត្រឹម​ត្រូវ​ក្នុង​ចំណោម​អ្នក​ជឿ​មាន​លក្ខណៈ​ដូច​ម្ដេច​ខ្លះ? ក្នុង​កម្រិត​ខ្លះ ការ​នេះ​គឺ​មាន​ន័យ​ថា យើង​ម្នាក់ៗ​ដឹង​ថា យើង​មិន​មាន​ហេតុផល​សូម្បី​តែ​បន្តិច ដែល​ត្រូវ​មាន​អារម្មណ៍​ថា ពេញ​ចិត្ត​ចំពោះ​ខ្លួន​ឯង​ពេក ឬ​មាន​អារម្មណ៍​ថា​ខ្ពង់​ខ្ពស់​ជាង​អ្នក​ដទៃ​នោះ​ទេ។ ម្យ៉ាង​ទៀត យើង​បង្ហាញ​ចេញ​នូវ​ការ​ចុះ​ចូល​គ្នា​តាម​រយៈ​ការ​បន្ទាប​ខ្លួន។ ជា​ការ​ពិត​ណាស់ ការ​ចុះ​ចូល​មាន​ការ​ពិបាក​ដោយ​សារ​តែ​អំនួត​របស់​យើង​ជា​បញ្ហា​ប្រឈម​ដ៏​ធំ​ដែល​យើង​ជួប ហើយ​កាន់​តែ​ពិបាក បើ​សិន​ជា​យើង​កំពុង​រស់​នៅ​ក្នុង​វប្បធម៌​ដែល​តែង​តែ​ដាក់​សម្ពាធ​ឲ្យ​យើង​ចេញ​មុខ​ចេញ​មាត់។
ប៉ុន្តែ ពួក​ជំនុំ​គួរ​តែ​មាន​ភាព​លេច​ធ្លោ​នៅ​ក្នុង និង​ចេញ​ពី​បរិយាកាស​ប្រភេទ​នេះ។ ក្នុង​នាម​យើង​ជា​រាស្ត្រ​របស់​ព្រះ យើង​ដឹង​ថា យើង​មិន​អាច​ក្រោក​ពី​គេង នៅ​ពេល​ព្រឹក ដោយ​គ្មាន​ព្រះ​អង្គ​ជួយ​យើង​នោះ​ឡើយ។ តាម​ពិត យើង​ពឹង​ផ្អែក​លើ​ព្រះ​អង្គ​ទាំង​ស្រុង (កិច្ចការ ១៧:២៤-២៥)។ ដំណឹង​ល្អ​គឺ​ជា​គន្លឹះ​ដែល​ជួយ​ឲ្យ​យើង​មាន​ការ​បន្ទាប​ខ្លួន​ពិត​ប្រាកដ ព្រោះ​ដំណឹង​ល្អ​ក្រើន​រំឭក​យើង​ថា ព្រះ​ទ្រង់​បាន​ធ្វើ​សម្រាប់​យើង​ក្នុង​ព្រះ​យេស៊ូវ នូវ​អ្វី​ដែល​យើង​ត្រូវ​ការ​បំផុត និង​អ្វី​ដែល​យើង​មិន​អាច​ធ្វើ​ទាល់​តែ​សោះ​សម្រាប់​ខ្លួន​ឯង។ 
ការ​បន្ទាប​ខ្លួន​ពិត​ប្រាកដ មិន​មែន​ជា​ការ​បន្ទាប​បន្ថោក​ខ្លួន​ឯង​នោះ​ទេ តែ​ជា​ការ​មាន​សេរី​ភាព​រួច​ផុត​ពី​ខ្លួន​ឯង។ វា​ជា​ការ​មាន​សេរី​ភាព​ក្នុង​ការ​រស់​នៅ​តាម​បំណង​ព្រះ​ទ័យ​ព្រះ និង​បំភ្លេច​ខ្លួន​ឯង។ វា​ជា​ការ​មាន​សេរី​ភាព​ដែល​កើត​ចេញ​ពី​ការ​ដឹង​ថា យើង​មិន​មែន​ជា​ចំណុច​កណ្ដាល​នៃ​ចក្រវាល​នោះ​ទេ។ ពេល​ណា​អ្នក​មាន​ការ​បន្ទាប​ខ្លួន​យ៉ាង​ដូច​នេះ អ្នក​អាច​ត្រៀម​ខ្លួន​ចុះ​ចូល​អ្នក​ដទៃ ដើម្បី​នាំ​អ្វី​ដែល​អ្នក​មាន​យក​មក​បម្រើ ដើម្បី​ប្រយោជន៍​ការ​ដែល​ប្រសើរ​ជាង ក្រោម​ការ​ដឹក​នាំ​របស់​អ្នក​ដទៃ ដោយ​គិត​ប្រយោជន៍​អ្នក​ដទៃ​ជាង​ខ្លួន​ឯង។ នោះ​ពួក​ជំនុំ​របស់​អ្នក​អាច​បង្កើត​សហគមន៍​ដែល​ផ្សាយ​ដំណឹង​ល្អ។ ដូច​នេះ ចូរ​កុំ​រង់​ចាំ​ឲ្យ​អ្នក​ដទៃ​ធ្វើ​ជា​គ្រីស្ទ​បរិស័ទ​ប្រភេទ​នេះ​ក្នុង​ពួក​ជំនុំ​របស់​អ្នក​ឡើយ។ នៅ​ថ្ងៃ​នេះ ចូរ​ប្ដេជ្ញា​ចិត្ត​ដោយ​ការ​បន្ទាប​ខ្លួន​ថា អ្នក​នឹង​បាន​រស់​នៅ​ជា​គ្រីស្ទ​បរិស័ទ​ប្រភេទ​នោះ។ 


ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ អេភេសូរ ៤:១-១៦
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ នេហេមា ៧-៩ និង​លូកា ២០:១-២៦

ប្រភេទ