នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

សូមព្រះអង្គចាត់រាស្រ្តព្រះអង្គមក

សូមព្រះអង្គចាត់រាស្រ្តព្រះអង្គមក

ដោយJennifer Benson Schuldt

December 22, 2025

១កូរិនថូស ១២:១២-២០
យើងបានទទួលបុណ្យជ្រមុជ ចូលក្នុងរូបកាយតែ១ ដោយសារព្រះវិញ្ញាណតែ១ ហើយគ្រប់គ្នាក៏បានត្រូវផឹកពីព្រះវិញ្ញាណតែ១ដែរ។ ១កូរិនថូស ១២:‌១៣
នៅពេលដែលមិត្តភក្តិរបស់ខ្ញុំ ឈ្មោះ ម៉ារីតហ្សា(Maritza) បានទទួលយកការងារ ដែលតម្រូវឲ្យគាត់ធ្វើដំណើរទៅកាន់ទីក្រុងជាច្រើន ដោយខ្លួនឯង គាត់ច្រើនតែមានអារម្មណ៍ឯកោ។ ប៉ុន្តែ នៅពេលយើងញាំអាហារពេលល្ងាចជាមួយគ្នា នៅពេលយប់មួយនោះ គាត់បានប្រាប់ខ្ញុំថា គាត់បានអធិស្ឋានទូលសូមព្រះ ចាត់រាស្រ្តទ្រង់ឲ្យមករកគាត់។ គាត់ក៏បាននិយាយទៀតថា មិនយូរប៉ុន្មាន គាត់ក៏បានចាប់ផ្តើមជួបអ្នកជឿព្រះយេស៊ូវដទៃទៀត ជាទៀងទាត់។ មានម្តងនោះ គាត់បានជួបគ្រីស្ទាន៣នាក់ ក្នុងថ្ងៃតែមួយ!
នៅពេលដែលយើងជួបអ្នកដទៃ ដែលមានជំនឿលើព្រះយេស៊ូវដូចយើងដែរ យើងមានអារម្មណ៍ថា យើងមានចំណងទាក់ទងខាងវិញ្ញាណជាមួយពួកគេ។ ការនេះហាក់ដូចជាបង្កើតឲ្យមានផ្កាភ្លើងនៃភាពឆេះឆួលនៅក្នុងយើង។ យើងមានចំណុចរួមដែលសំខាន់បំផុត ព្រោះយើងមានជំនឿដូចគ្នា អំពីការអ្វីដែលព្រះគម្ពីរប៊ីបបានចែងអំពីព្រះគ្រីស្ទ និងអំពីការដែលយើងអាចមានទំនាក់ទំនងជាមួយព្រះ តាមរយៈព្រះអង្គ(រ៉ូម ១០:៩)។
ដែលសំខាន់បំផុតនោះ ព្រះវិញ្ញាណរបស់ព្រះគង់នៅក្នុងអ្នកជឿម្នាក់ៗ ដោយចងភ្ជាប់ទំនាក់ទំនងយើងជាមួយគ្នា តាមរបៀបដែលមានអំណាចចេស្តាយ៉ាងខ្លាំង បានជាព្រះគម្ពីរប៊ីបបានប្រៀបប្រដូចយើងទៅនឹងអវយវៈនៃរូបកាយរបស់មនុស្សដែលពឹងផ្អែកគ្នាទៅវិញទៅមក។ បទគម្ពីរ ១កូរិនថូស ១២:១៣ បានចែងថា “យើងបានទទួលបុណ្យជ្រមុជ ចូលក្នុងរូបកាយតែ១ ដោយសារព្រះវិញ្ញាណតែ១” គឺរូបកាយនៃព្រះគ្រីស្ទ។
ព្រះទ្រង់ច្រើនតែធ្វើការក្នុងជីវិតយើង តាមរយៈអ្នកដទៃដែលស្រឡាញ់ព្រះអង្គ ទោះពួកគេនៅជិត ឬឆ្ងាយ ទោះយើងបានស្គាល់យូរហើយ ឬទើបតែស្គាល់ក្តី។ ក្នុងពេលឯកោបំផុត យើងអាចទូលសូមព្រះអង្គឲ្យចាត់រាស្រ្តព្រះអង្គឲ្យមកប្រកបជាមួយយើង ខណៈពេលដែលយើងថ្វាយខ្លួនយើងឲ្យព្រះអង្គប្រើ ដើម្បីលើកទឹកចិត្តអ្នកដទៃ។—Jennifer Benson Schuldt

តើអ្នកងាកទៅរកនរណា នៅពេលដែលអ្នកមានអារម្មណ៍ឯកោ? 
តើព្រះទ្រង់បានធ្វើការតាមរយៈអ្នកជឿដទៃទៀត ក្នុងជីវិតអ្នក ដូចម្តេចខ្លះ? 
ឱព្រះវរបិតា ដែលគង់នៅស្ថានសួគ៌ ទូលបង្គំសូមអរព្រះគុណព្រះអង្គ 
ដែលបានរាប់បញ្ចូលទូលបង្គំក្នុងមហាគ្រួសាររបស់ព្រះអង្គ។ 
សូមព្រះអង្គប្រើទូលបង្គំឲ្យលើកទឹកចិត្តបងប្អូនប្រុសស្រីក្នុងព្រះគ្រីស្ទនៅថ្ងៃនេះ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : មីកា ៦-៧ និង វិវរណៈ ១៣

 

ល្ងាច

ការ​ដាស់​តឿន​សម្រាប់​មនុស្ស​ខ្ជិល (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ការ​ដាស់​តឿន​សម្រាប់​មនុស្ស​ខ្ជិល (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

December 22, 2025

«យើង​បាន​ដើរ​ក្បែរ​ចម្ការ​របស់​មនុស្ស​ខ្ជិល​ច្រអូស ហើយ​ក្បែរ​ដំណាំ​ទំពាំង​បាយ​ជូរ​របស់​មនុស្ស​ដែល​ឥត​មាន​ប្រាជ្ញា នោះ​ឃើញ​ថា មាន​បន្លា​ដុះ​គ្រប​ពេញ​ហើយ ដី​នោះ​ដេរដាស​ទៅ​ដោយ​ព្រៃ​ទ្រុប​ទ្រុល ឯ​កំផែង​ថ្ម​ក៏​រលំ​ដែរ…ដេក​បន្តិច ងោក​បន្តិច ឱប​ដៃ​នឹង​ដេក​បន្តិច» (សុភាសិត ២៤:៣០-៣១, ៣៣)។
សូម​ស្រមៃ​ថា អ្នក​កំពុង​បើក​បរ​តាម​ផ្លូវ ហើយ​ក៏​បាន​ទៅ​ដល់​ផ្ទះ​មួយ​ខ្នង​ដែល​បាក់​បែក និង​មាន​រុក្ខ​ជាតិ​ចង្រៃ​ដុះ​ព័ទ្ធ​ជុំ​ជិត។ ពី​ដំបូង អ្នក​សន្និដ្ឋាន​ថា គ្មាន​នរណា​រស់​នៅ​ក្នុង​ផ្ទះ​នេះ​ទេ។ តែ​បន្ទាប់​មក អ្នក​ក៏​បាន​ឃើញ​មនុស្ស​ម្នាក់ តាម​បង្អួច​កញ្ចក់​ដែល​បាន​បែក។ អ្នក​ឆ្ងល់​ថា តើ​ម្ចាស់​ផ្ទះ​កំពុង​មាន​ជំងឺ មិន​អាច​ថែទាំ​អចលន​ទ្រព្យ​របស់​គាត់​ឬ​យ៉ាង​ណា។ ពេល​ពួក​គេ​ដើរ​ចេញ​ក្រៅ​ផ្ទះ អ្នក​ឃើញ​ពួក​គេ​មាន​សុខ​ភាព​ល្អ​ទេ។ តាម​ពិត ពួក​គេ​គ្រាន់តែ​ខ្ជិល​ច្រអូស​ប៉ុណ្ណោះ។ 
ទិដ្ឋភាព​នេះ មាន​នៅ​ក្នុង​ការ​ពណ៌នា​របស់​បទ​គម្ពីរ​សុភាសិត​អំពី​មនុស្ស​ខ្ជិល​ដែល​កំពុង​រស់​នៅ​លើ​ដី ហើយ​ចម្ការ​ទំពាំង​បាយ​ជូរ​របស់​គាត់ គឺ​ជា​បន្ទាល់​អំពី​ភាព​ខ្ជិល​ច្រអូស​របស់​គាត់។
មនុស្ស​ខ្ជិល មិន​មាន​បំណង​ចង់​រស់​នៅ​ក្នុង​ភាព​ក្រីក្រ ឬ​អាប់​ឱន​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ នៅ​ពេល​ដែល​ពួក​គេ​ត្រូវ​ធ្វើ​ការងារ អាកប្ប​កិរិយា​របស់​ពួក​គេ​មាន​ចារិត​លក្ខណៈ​ដែល​មនុស្ស​ជា​ច្រើន​អាច​រក​ឃើញ​ក្នុង​ជីវិត​របស់​ខ្លួន បើ​សិន​ជា​ពួក​គេ​សុខ​ចិត្ត​ឆ្លុះ​មើល​ខ្លួន​ឯង​ក្នុង​កញ្ចក់​នៃ​ព្រះ​បន្ទូល​ព្រះ។
មនុស្ស​ខ្ជិល​មិន​គ្រាន់​តែ​ចូល​ចិត្ត​ដេក​ប៉ុណ្ណោះ​ទេ តែ​គាត់​ចេះ​តែ​បម្រាស​ននៀល​នៅ​លើ​គ្រែ ដូច​ទ្វារ​ដែល​បិទ​បើក​ទៅ​មក​ជាប់​នៅ​ត្រចៀក​ដែរ គឺ​គ្មាន​ការ​រីក​ចម្រើន​អ្វី​ជា​ដុំ​កំភួន​នោះ​ទេ (សុភាសិត ២៦:‌១៤)។ គាត់​មិន​ដែល​បដិសេធ​ត្រង់ៗ​មិន​ព្រម​ធ្វើ​អ្វី​មួយ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ គាត់​គ្រាន់​តែ​ពន្យារ​ពេល​ក្នុង​ការ​ធ្វើ​កិច្ចការ​នោះ បន្តិច​ម្តងៗ ពី​មួយ​ពេល​ទៅ​មួយ​ពេល ហើយ​បោក​ខ្លួន​ឯង​ឲ្យ​គិត​ថា គាត់​នឹង​ធ្វើ​វា​នៅ​ពេល​ណា​មួយ។
មនុស្ស​ខ្ជិល​ក៏​ពូកែ​ដោះសា​ណាស់​ដែរ។ គាត់​មិន​មាន​ចិត្ត​ចង់​ធ្វើ​ការងារ​ទេ បាន​ជា​គាត់​តែង​តែ​មាន​ហេតុផល​ដែល​ត្រូវ​បន្ត​ភាព​អសកម្ម​របស់​ខ្លួន។ ការ​យក​សំរាម​កំពុង​ហូរ​ហៀរ​ទៅ​ចោល​ក្រៅ​ផ្ទះ​មិន​មាន​ការ​ពិបាក​ទេ តែ​មនុស្ស​ខ្ជិល​នឹង​លើក​ហេតុ​ផល​ការពារ​ការ​ខក​ខាន​របស់​ខ្លួន​ក្នុង​ការ​បញ្ចប់ សូម្បី​តែ​កិច្ច​ការ​ដែល​សាមញ្ញ​បំផុត។
អ្វី​ដែល​គេ​មិន​នឹក​ស្មាន​ដល់​នោះ​គឺ មនុស្ស​ខ្ជិល​តែង​តែ​ស្រេក​ឃ្លាន​ភាព​ស្កប់​ស្កល់ ប៉ុន្តែ​អាកប្ប​កិរិយា​របស់​ពួក​គេ​បាន​រា​រាំង​ពួក​គេ​មិន​ឲ្យ​មាន​ភាព​ស្កប់​ចិត្ត​បាន។ ភាព​ស្កប់​ស្កល់​តែង​តែ​មាន​សម្រាប់​ពួក​គេ តែ​ពួក​គេ​មិន​ដែល​ស្គាល់​វា​ឡើយ។ វិញ្ញាណ​របស់​មនុស្ស​ខ្ជិល​ស្រេក​ឃ្លាន ហើយ​មិន​ទទួល​បាន​អ្វី​សោះ មិន​មែន​ដោយ​សារ​ពួក​គេ​មិន​អាច​ទទួល​បាន​ទេ តែ​ដោយ​សារ​ពួក​គេ​បាន​សម្រេច​ចិត្ត​មិន​ស្វែង​រក។ ពួក​គេ​មាន​អារម្មណ៍​នឿយ​ព្រួយ​ក្នុង​ការ​សម្រាក​ច្រើន​ជ្រុល។ 
ពេល​ណា​ភាព​ខ្ជិល​ច្រអូស​កើត​មាន​ក្នុង​ជីវិត​យើង យើង​ប្រហែល​ជា​ប្រាប់​ខ្លួន​ឯង​ថា យើង​បាន​ត្រៀម​ខ្លួន​រត់​១៥គីឡូ​ម៉ែត្រ ចាប់​ផ្ដើម​សរសេរ​អត្ថបទ​នោះ ឬ​បញ្ចប់​គម្រោង​នោះ តែ​យើង​កំពុង​រស់​នៅ​ក្នុង​ពិភព​នៃ​ការ​ស្រមៃ ទាល់​តែ​ធាតុ​ពិត​របស់​យើង​មាន​ការ​ផ្លាស់​ប្ដូរ ដោយ​សារ​ព្រះ​ចេស្ដា និង​ព្រះ​គុណ​របស់​ព្រះ។ ចូរ​យើង​ប្រយ័ត្ន កុំ​មើល​ឃើញ​ភាព​ខ្ជិល​ច្រអូស​ថា ជា​រឿង ឬ​បញ្ហា​តូច​តាច​នោះ​ឡើយ។ ភាព​ខ្ជិល​មិន​គ្រាន់​តែ​ជា​ភាព​កម្សោយ តែ​ក៏​ជា​បាប​ផង​ដែរ។ វា​អាច​មាន​ផល​ប៉ះ​ពាល់​មក​លើ​ជីវិត​យើង​ទាំង​មូល​បន្តិច​ម្តងៗ ដោយ​អំណាច​ដែល​យើង​មើល​មិន​ឃើញ ហើយ​សាតាំង​កំពុង​តែ​ចង់​នាំ​យើង​ទៅ​រក​ភាព​បរាជ័យ។ តើ​អ្នក​បាន​ជួប​ការ​ល្បួង​ឲ្យ​មាន​ភាព​ខ្ជិល​ច្រអូស​យ៉ាង​ដូច​ម្ដេច​ខ្លះ? តើ​អ្នក​កំពុង​ពន្យារ​ពេល ឬ​ដោះ​សា​ក្នុង​ការ​ធ្វើ​អ្វី​ខ្លះ ហើយ​ហេតុ​អ្វី? តើ​អ្នក​នឹង​ប្រឈម​មុខ​ដោះ​ស្រាយ​បញ្ហា​បាប​នេះ ហើយ​សូម​ព្រះ​អង្គ​ជួយ​អ្នក​ដោះ​ស្រាយ​វា​ភ្លាមៗ​ដោយ​មិន​បង្អង់​យូរ និង​ជា​ទៀង​ទាត់​ឬ​ទេ? 


ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ ២ថែស្សាឡូនីច ៣:៦-១៥
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ នេហេមា ១០-១១ និង​លូកា ២០:២៧-៤៧

ប្រភេទ