នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ផ្លាស់ប្តូរពីការភ័យខ្លាច ទៅជាមានអំណរ

ផ្លាស់ប្តូរពីការភ័យខ្លាច ទៅជាមានអំណរ

ដោយAmy Boucher Pye

December 24, 2025

លូកា ២:៨-១៤
តែទេវតាប្រាប់ថា កុំខ្លាចអី មើល ខ្ញុំមកប្រាប់ដំណឹងល្អដល់អ្នករាល់គ្នា ពីសេចក្ដីអំណរយ៉ាងអស្ចារ្យ ដែលសំរាប់បណ្ដាជនទាំងអស់គ្នា។ លូកា ២:‌១០
ប្រវត្តិវិទូជាច្រើនជឿថា អ្នកគ្រប់គ្រងវិទ្យុទាក់ទងរបស់កងទ័ពជើងទឹកអាមេរិក និងនាវាដទៃទៀត បានឮការចាក់ផ្សាយបទចម្រៀង និងការថ្លែងសន្ទរកថា តាមវិទ្យុជាលើកដំបូង នៅពេលល្ងាចថ្ងៃណូអែល នៅឆ្នាំ១៩០៦។ នៅពេលនោះ ពួកគេមិនបានឮសម្លេងលេខកូដដែលគេបានបញ្ជូនមកដូចសព្វមួយដងទេ តែពួកគេបានឮសម្លេងលោករេគីណាល ហ្វេសិនដិន(Reginald Fessenden) លេងវីយូឡុងម្នាក់ឯង នូវបទចម្រៀង “យប់បរិសុទ្ធ” ជាបទចម្រៀងណូអែល។ លោកហ្វេសិនដិនក៏បានបញ្ចប់ការផ្សាយរបស់គាត់ ដោយធ្វើការសរសើរដំកើងព្រះ តាមពួកទេវតា ក្នុងបទគម្ពីរ លូកា ២:១៤ ថា “សួស្ដីដល់ព្រះនៅស្ថានដ៏ខ្ពស់បំផុត!”។ អ្នកស្តាប់ទាំងឡាយប្រាកដជាមានចិត្តរំភើបរីករាយដែលបានឮសម្លេងតន្ត្រី និងការប្រកាសដែលបានសរសើរដំកើង អំពីព្រះរាជកំណើតរបស់ព្រះយេស៊ូវ។ 
ក្រុមមនុស្សដំបូងដែលមានការភ្ញាក់ផ្អើល ចំពោះការប្រសូតរបស់ព្រះយេស៊ូវ គឺពួកអ្នកគង្វាល ដែលកំពុងធ្វើការងាររបស់ខ្លួនជាធម្មតា ដោយចាំយាមហ្វូងចៀមរបស់ខ្លួន នៅពេលយប់។ ទេវតាក៏បានលេចមក ដោយសិរីល្អដ៏ចែងចាំងរបស់ព្រះ ដែលបានធ្វើឲ្យពួកអ្នកគង្វាលមានការភ័យខ្លាច។ ពួកទេវតាក៏បានប្រាប់ពួកគេ កុំឲ្យមានការភ័យខ្លាច ដោយប្រកាសថា “ខ្ញុំមកប្រាប់ដំណឹងល្អដល់អ្នករាល់គ្នា ពីសេចក្ដីអំណរយ៉ាងអស្ចារ្យ ដែលសំរាប់បណ្ដាជនទាំងអស់គ្នា ដ្បិតនៅថ្ងៃនេះ មានព្រះអង្គសង្គ្រោះ១អង្គ ប្រសូតដល់អ្នករាល់គ្នានៅក្រុងហ្លួងដាវីឌ គឺជាព្រះគ្រីស្ទដ៏ជាព្រះអម្ចាស់”(ខ.១០-១១)។ ពួកអ្នកគង្វាលបានទុកហ្វូងចៀមចោល ដើម្បីទៅរកមើល តាមពាក្យរបស់ទេវតា ហើយក៏បានឃើញបុត្រតូចកំពុងផ្ទំនៅក្នុងស្នូកសត្វ ដូចដែលទេវតាបានប្រាប់មែន(ខ.១៦,២០)។
ពួកអ្នកគង្វាលបានទទួលដំណឹងល្អនៃក្តីអំណរដ៏អស្ចារ្យនេះ។ ចូរយើងអរសប្បាយ និងចែកចាយអំពីភាពអស្ចារ្យនៃព្រះរាជកំណើត និងព្រះជន្មរបស់ព្រះយេស៊ូវផងដែរ។—Amy Boucher Pye

បើអ្នកជាពួកអ្នកគង្វាលនៅយប់នោះ តើអ្នកនឹងមានប្រតិកម្មយ៉ាងណា ចំពោះដំណឹងដែលពួកទេវតាបានប្រកាសនោះ? 
ហេតុអ្វីអ្នកគិតថា ព្រះទ្រង់បានសម្រេចព្រះទ័យបើកបង្ហាញឲ្យពួកគេបានដឹង អំពីការប្រសូតរបស់ព្រះរាជបុត្រាទ្រង់?
ឱព្រះយេស៊ូវ ការប្រសូតរបស់ព្រះអង្គត្រូវបានបើកសម្ដែងដល់ពួកគង្វាល ដ្បិតព្រះអង្គមិនបានស្អប់ខ្ពើមនរណាម្នាក់
 ហើយព្រះអង្គបានយាងមកផែនដី ដើម្បីស្រឡាញ់ និងជួយសង្គ្រោះយើងខ្ញុំ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ហាបាគុក ១-៣ និង វិវរណៈ ១៥
 

ល្ងាច

អ្នក​បម្រើ​នៅ​ថ្ងៃ​ណូអែល (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

អ្នក​បម្រើ​នៅ​ថ្ងៃ​ណូអែល (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

December 24, 2025

«អញ​នឹង​តាំង​ឯង​ឡើង ទុក​ជា​សេចក្ដី​សញ្ញា​ដល់​បណ្ដាជន ហើយ​ជា​ពន្លឺ​ភ្លឺ​ដល់​អស់​ទាំង​សាសន៍ ដើម្បី​នឹង​ធ្វើ​ឲ្យ​ភ្នែក​មនុស្ស​ខ្វាក់​បាន​ភ្លឺ​ឡើង នឹង​នាំ​ពួក​ត្រូវ​ចាប់​ចង​ចេញ​ពី​គុក​ងងឹត ហើយ​ឲ្យ​ពួក​អ្នក​ដែល​អង្គុយ​នៅ​ក្នុង​ទី​ងងឹត បាន​ចេញ​រួច​ពី​ទី​ឃុំ​ឃាំង» (អេសាយ ៤៣:៦-៧)។
នៅ​ថ្ងៃ​ណូអែល មនុស្ស​ជា​ច្រើន​មាន​អារម្មណ៍​កក់​ក្តៅ​យ៉ាង​ខ្លាំង ខណៈ​ពេល​ដែល​ពួក​គេ​គិត​អំពី​រឿង​ព្រះ​រាជ​កំណើត​របស់​ព្រះ​យេស៊ូវ ជា​រឿង​ដែល​គេ​បាន​ស្គាល់​យ៉ាង​ទូលំ​ទូលាយ។ ប៉ុន្តែ ការ​មាន​មនោ​សញ្ចេតនា និង​ការ​ប្រើ​អារម្មណ៍​ខ្លាំង​ពេក អាច​ធ្វើ​ឲ្យ​យើង​មើល​រំលង​រូប​ភាព​ធំ​ជាង​ក្នុង​ផែន​ការ​ព្រះ។ រឿង​ដែល​យើង​ធ្លាប់​ស្គាល់​ច្បាស់​ហើយ អាច​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ធម្មតា មិន​ស្ញប់​ស្ញែង​ចំពោះ​ការ​ពិត​ដែល​ថា បុត្រ​តូច​ដែល​កំពុង​ផ្ទំ​ក្នុង​ស្នូក​សត្វ គឺ​គ្មាន​នរណា​ក្រៅ​ពី​អ្នក​បម្រើ​ព្រះ​ឡើយ។ ព្រះ​យេស៊ូវ​ដែល​ជា​អ្នក​បម្រើ​នោះ មាន​បេសកកម្ម​មួយ។ សូម្បី​តែ​នាង ម៉ារា និង​លោក យ៉ូសែប ក៏​មាន​ការ​យល់​ដឹង​តែ​មួយ​ជ្រុង​អំពី​ការ​អ្វី​ដែល​ទ្រង់​នឹង​សម្រេច​បាន ប៉ុន្តែ​រយៈ​ពេល​រាប់​រយ​ឆ្នាំ មុន​ពេល​ព្រះ​យេស៊ូវ​យាង​មក​ដល់ ព្រះ​ទ្រង់​បាន​ប្រកាស​អំពី​ការ​អ្វី​ដែល​ទ្រង់​នឹង​ធ្វើ ដើម្បី​សម្រេច​គោល​បំណង​របស់​ព្រះ​អង្គ (អេសាយ ៤២:១-៤)។
ព្រះ​យេស៊ូវ​បាន​យាង​មក ដើម្បី​បើក​ភ្នែក​ដែល​ខ្វាក់​ខាង​វិញ្ញាណ​ឲ្យ​ភ្លឺ​ឡើង។ ក្នុង​អំឡុង​ពេល​ព្រះ​អង្គ​បំពេញ​ព្រះ​រាជ​កិច្ច​នៅ​លើ​ផែនដី ទ្រង់​បាន​ធ្វើ​ការ​អស្ចារ្យ​ដោយ​ប្រោស​មនុស្ស​ខ្វាក់​ខាង​រូប​កាយ​ឲ្យ​មើល​ឃើញ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ បញ្ហា​ធំ​បំផុត​មិន​មែន​ទាក់​ទង​នឹង​រូប​កាយ​ទេ តែ​ទាក់​ទង​នឹង​វិញ្ញាណ​វិញ។ ទ្រង់​យាង​មក ដើម្បី​បើក​ភ្នែក​មនុស្ស​ប្រុស​ស្រី ដែល​ខ្វាក់​មើល​មិន​ឃើញ​សេចក្តី​ពិត​របស់​ព្រះ។ 
ព្រះ​ដ៏​ជា​អ្នក​បម្រើ​ក៏​បាន​យាង​មក ដើម្បី​រំដោះ​មនុស្ស​ជាប់​ចំណង​ឲ្យ​មាន​សេរី​ភាព​ផង​ដែរ។ មនុស្ស​ជា​ច្រើន​មាន​អារម្មណ៍​ជាប់​ចំណង​នៃ​កំហុស​របស់​ខ្លួន ដោយ​ព្យាយាម​ប្រើ​ដំណោះ​ស្រាយ​ដោយ​សង្ឃឹម​ថា នឹង​អាច​លាង​ជម្រះ​វា​ឲ្យ​បាន​ស្អាត។ ប៉ុន្តែ យើង​គ្មាន​ដំណោះ​ស្រាយ​អ្វី​ក្រៅ​ពី​ព្រះ​យេស៊ូវ​ទេ។ ព្រះ​អង្គ​បាន​កាត់​ផ្តាច់​ច្រវាក់​របស់​យើង ហើយ​រំដោះ​យើង​ឲ្យ​មាន​សេរី​ភាព។ ពី​មុន​យើង​ជា​ទាសករ​របស់​អំពើ​បាប តែ​ឥឡូវ ព្រះ​អង្គ​បាន​ជួយ​សង្គ្រោះ​យើង​ហើយ។ ព្រះ​អង្គ​សង្គ្រោះ​របស់​យើង​រំដោះ​មនុស្ស​ដែល​អង្គុយ​ក្នុង​គុក​ងងឹត​ឲ្យ​មាន​សេរី​ភាព ទាល់​តែ​ពួក​គេ​បាន​ឃើញ​ពន្លឺ​របស់​ព្រះ​អង្គ។ 
រឿង​របស់​ព្រះ​ដ៏​ជា​អ្នក​បម្រើ មិន​ផ្ដោត​ជា​ចម្បង​ទៅ​លើ​អ្វី​ដែល​យើង​ត្រូវ​ធ្វើ តែ​ទៅ​លើ​អ្វី​ដែល​ព្រះ​យេស៊ូវ​បាន​ធ្វើ។ ព្រះ​អង្គ​យាង​ចូល​ក្នុង​គុក​ងងឹត ក្នុង​ភាព​ជា​ទាសករ និង​ក្នុង​ភាព​ខ្វាក់​របស់​យើង ហើយ​មាន​បន្ទូល​ថា «អ្នក​បាន​ធ្វើ​អំពើ​បាប និង​រំលង​ក្រឹត្យ​វិន័យ ហើយ​អ្នក​មិន​មាន​លទ្ធ​ភាព​ទាល់​តែ​សោះ​ក្នុង​ការ​ស្តា​ស្ថានភាព​របស់​អ្នក។ ប៉ុន្តែ ខ្ញុំ​សង្គ្រោះ​មនុស្ស​មាន​បាប។ ខ្ញុំ​បើក​ភ្នែក​មនុស្ស​ខ្វាក់​ឲ្យ​មើល​ឃើញ។ ខ្ញុំ​រំដោះ​មនុស្ស​ជាប់​ចំណង​ឲ្យ​មាន​សេរី​ភាព។ ខ្ញុំ​នាំ​មក​នូវ​ពន្លឺ។ ខ្ញុំ​បាន​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ជំនួស​អ្នក​ហើយ។ ចូរ​ងាក​បែរ​មក​រក​ខ្ញុំ ដោយ​ជំនឿ​ដ៏​សាមញ្ញ និង​ការ​ទុក​ចិត្ត​ដូច​ក្មេង ហើយ​អ្នក​នឹង​មើល​ឃើញ។ អ្នក​នឹង​មាន​សេរី​ភាព ហើយ​ភាព​ងងឹត​របស់​អ្នក​នឹង​ប្រែ​ជា​ភ្លឺ​ដូច​ថ្ងៃ»។ 
អង្គ​បុគ្គល​ដែល​បាន​ធ្វើ​ការ​ទាំង​អស់​នេះ គឺ​ជា​អង្គ​បុគ្គល​ដែល​អ្នក​កំពុង​សម្លឹង​មើល ខណៈ​ពេល​ដែល​អ្នក​ពិចារណា អំពី​រឿង​នៃ​ការ​ប្រសូត​របស់​ព្រះ​យេស៊ូវ។ ចូរ​ឲ្យ​រឿង​នេះ​បណ្ដាល​ចិត្ត​អ្នក កុំ​ឲ្យ​អាក់​ខាន​ក្នុង​ការ​សរសើរ​តម្កើង និង​ថ្វាយ​បង្គំ​ព្រះ​រាជ​បុត្រា ដែល​បាន​យាង​មក​យក​កំណើត​ជា​អ្នក​បម្រើ​របស់​យើង​នោះ​ឡើយ។ 


ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ លូកា ១:២៦-៥៦
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ មីកា ១-៣ និង​លូកា ២១:២០-៣៨

ប្រភេទ