នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ព្រះយេស៊ូវ គឺជាអំណោយដ៏ប្រសើរបំផុត

ព្រះយេស៊ូវ គឺជាអំណោយដ៏ប្រសើរបំផុត

ដោយKaren Pimpo

December 25, 2025

ម៉ាថាយ ២:១-២,៧-១២
រួចក៏ក្រាបថ្វាយបង្គំ ព្រមទាំងបើកយកទ្រព្យដ៏វិសេសរបស់ខ្លួន ថ្វាយដង្វាយជាមាស ជាកំញាន ជាជ័រល្វីងទេស ដល់បុត្រនោះ។ ម៉ាថាយ ២:‌១១
“ក្រៅពីបទចម្រៀងសរសើរដំកើងអំពីការប្រសូតរបស់ក្សត្រនៃស្ថានសួគ៌ តើមានបទចម្រៀងអ្វីដែលពីរោះជាង ដែលយើងអាចនាំមកច្រៀង?” នេះជាល្បះមួយ ក្នុងបទកំណាព្យនៅសតវត្សរ៍ទី១៧ មានចំណងជើងថា “តើមានបទចម្រៀងអ្វីពីរោះជាង” និពន្ធដោយលោក រ៉ូបឺត ហេរិក(Robert Herrick)។ លោកចន រូតទ័រ(John Rutter) ជាអ្នកនិពន្ធបទចម្រៀងណូអែលសម័យទំនើប បាននិពន្ធបទថ្មី តាមលំនាំបទកំណាព្យនេះ ដែលបានក្លាយជាបទចម្រៀងដែលពេញនិយមបំផុត ក្នុងរដូវកាលនៃការរង់ចាំថ្ងៃណូអែល។ បទនេះមានទំនុកភ្លេងដ៏ស្រទន់ ដែលពិពណ៌នាអំពីរដូវកាលដ៏វែង និងត្រជាក់នៃការរង់ចាំ ដែលមិនអាចប្រៀបផ្ទឹមបាននឹងអារម្មណ៍នៅរដូវផ្ការីក ដែលជាការប្រៀបប្រដូចទៅនឹងការយាងមកវិញរបស់ព្រះយេស៊ូវ។ ក្រុមចម្រៀងបានថ្វាយទំនុកសរសើរសម្រាប់ថ្ងៃណូអែល ដល់ព្រះអង្គ រីឯអ្នកស្តាប់វិញក៏បានឮការអញ្ជើញឲ្យថ្វាយចិត្តរបស់ខ្លួនដល់ព្រះអង្គផងដែរ។
គេបានឲ្យលោករូតទ័រនិពន្ធបទចម្រៀងនេះ ឲ្យត្រូវនឹងបទគម្ពីរ ដែលពួកជំនុំបានអាន អំពីពួកហោរ ដែលបាននាំមាស កំញាន និងជ័រល្វីងទេស មកថ្វាយព្រះអង្គ។ ពួកហោរដ៏អាថ៌កំបាំងទាំងនោះបានធ្វើដំណើរពីចម្ងាយឆ្ងាយយ៉ាងខ្លាំង មកថ្វាយបង្គំបុត្រតូចយេស៊ូវ ដោយបង្ហាញគោលបំណងដែលចង់ថ្វាយបង្គំព្រះអង្គ(ម៉ាថាយ ២:១-២)។ នៅពេលដែលពួកគេបានរកឃើញព្រះអង្គនៅទីបំផុត ពួកគេមាន “សេចក្ដីអំណរជាខ្លាំងក្រៃ” ហើយក៏បាន “ក្រាបថ្វាយបង្គំ” ដោយការកោតខ្លាចព្រះអង្គ(ខ.១០-១១)។ បន្ទាប់ពីទេវតាបានដាស់តឿនពួកគេក្នុងសុបិន្ដ ពួកគេក៏បានចាកចេញដោយមិនបានជូនដំណឹងដល់ស្តេចហេរ៉ូឌឡើយ(ខ.១២)។
រដូវកាលនៃបុណ្យណូអែល មិនគួរផ្ដោតទៅលើអំណោយខាងសាច់ឈាមឡើយ តែជាការពិតណាស់ រដូវកាលនេះ បាននិយាយអំពីការឲ្យ និងការទទួលអំណោយខាងវិញ្ញាណ។ ព្រះទ្រង់បានប្រទានព្រះរាជបុត្រាទ្រង់ ឲ្យយាងចុះមកប្រសូតជាមនុស្ស ដើម្បីប្រោសលោកិយដែលប្រេះបែកឲ្យជា។ បើយើងមិនដែលបានថ្វាយចិត្តយើងដល់ព្រះអង្គទេ ថ្ងៃនេះ គឺជាថ្ងៃដ៏ល្អបំផុតដែលយើងត្រូវថ្វាយ។ បើព្រះអង្គបានគ្រងរាជ្យរួចទៅហើយ ចូរយើងថ្វាយបទចម្រៀងសរសើរដំកើងនៃសន្តិភាព និងក្តីអំណរ ខណៈពេលដែលយើងពិចារណា អំពីការយាងមកចាប់កំណើតរបស់ព្រះអង្គ ជាច្រើនឆ្នាំកន្លងទៅ នៅភូមិបេថ្លេហិម ហើយរង់ចាំការយាងមកវិញរបស់ព្រះអង្គផងដែរ។—Karen Pimpo

តើរដូវកាលនៃបុណ្យណូអែល មានអំណោយអ្វីខ្លះ ដែលល្អប្រសើរបំផុត? តើមានអ្វីខ្លះដែលអ្នកស្ទាក់ស្ទើរមិនហ៊ានថ្វាយដល់ព្រះអង្គ? 
ឱព្រះយេស៊ូវ ព្រះអង្គគឺជាអំណោយដែលខ្ពង់ខ្ពស់បំផុត។ គ្រប់យ៉ាងដែលទូលបង្គំមាន ទូលបង្គំសូមថ្វាយដល់ព្រះអង្គ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : សេផានា ១-៣ និង វិវរណៈ ១៦
 

ល្ងាច

ចូរ​ចូល​មក ស្រឡាញ់ និង​លុត​ជង្គង់​ចុះ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ចូរ​ចូល​មក ស្រឡាញ់ និង​លុត​ជង្គង់​ចុះ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

December 25, 2025

«ចូរ​យើង​ទៅ​ឯ​បេថ្លេហិម មើល​ការ​ដែល​បាន​កើត​មក​នោះ ដែល​ព្រះ​អម្ចាស់​បាន​ប្រាប់​ឲ្យ​យើង​ដឹង។ គេ​ក៏​ទៅ​ជា​ប្រញាប់​ឃើញ​ម៉ារា និង​យ៉ូសែប​នៅ​ទីនោះ ព្រម​ទាំង​ព្រះ​ឱរស​ផ្ដេក​នៅ​ក្នុង​ស្នូក​ផង» (លូកា ២:‌១៥-១៦)។
សូម​មក​មើល​នៅ​បេថ្លេហិម
គឺ​ទ្រង់​ហើយ​ពួក​ទេវតា​ច្រៀង
មក​លុត​ជង្គង់​ថ្វាយ​បង្គំ
ព្រះ​គ្រីស្ទ​ជា​ស្ដេច​ទើប​ប្រសូត។141
មិន​មាន​មនុស្ស​ច្រើន​ទេ ដែល​ពិត​ជា​បាន​លុត​ជង្គង់ នៅ​ដែល​ពួក​គេ​ច្រៀង​បទ​ចម្រៀង​ណូអែល ដែល​និយាយ​អំពី​ការ​លុត​ជង្គង់​យ៉ាង​ដូច​នេះ។ យើង​យល់​ឃើញ​ថា ការ​អញ្ជើញ​ឲ្យ​លុត​ជង្គង់​ក្នុង​បទ​ចម្រៀង​នេះ មាន​លក្ខណៈ​ជា​ន័យ​ធៀប។ តែ​បើ​យើង​ពិត​ជា​ចង់​ឃើញ​ព្រះ​គ្រីស្ទ យើង​ត្រូវ​តែ​ត្រៀម​ខ្លួន​ជា​ស្រេច ដើម្បី​ទទួល​ការ​អញ្ជើញ​ឲ្យ​ចូល​មក​លុត​ជង្គង់​នៅ​ក្នុង​ចិត្ត​យើង។ បាន​សេចក្តី​ថា យើង​ត្រូវ​ចូល​មក​ដោយ​ការ​បន្ទាប​ខ្លួន និង​ចិត្ត​ឆេះ​ឆួល និង​ការ​ទទួល​ស្គាល់​ថា ព្រះ​អង្គ​ស័ក្តិ​សម​នឹង​ឲ្យ​យើង​ថ្វាយ​បង្គំ​យ៉ាង​ដូច​នេះ។
យើង​មិន​ខុស​ពី​ពួក​អ្នក​គង្វាល​ប៉ុន្មាន​ទេ ព្រោះ​យើង​បាន​ទទួល​ការ​ជំរុញ និង​លទ្ធ​ភាព​ទៅ​រក​ព្រះ ព្រោះ​ព្រះ​អង្គ​គឺ​ជា​ព្រះ​ដែល​ស្វែង​រក​យើង។ ក្នុង​រឿង​ព្រះ​រាជ​កំណើត​របស់​ព្រះ​យេស៊ូវ ព្រះ​អង្គ​បាន​ផ្តួច​ផ្ដើម​គំនិត​ចាត់​ព្រះ​រាជ​បុត្រា​ឲ្យ​យាង​ចុះ​មក​ផែនដី ប្រសូត​ជា​ទារក​ដ៏​ទន់​ខ្សោយ ហើយ​មាន​បន្ទូល​ទៅ​កាន់​ពួក​អ្នក​គង្វាល​តាម​រយៈ​ពួក​ទេវតា​ថា «កុំ​ខ្លាច​អី មើល ខ្ញុំ​មក​ប្រាប់​ដំណឹង​ល្អ​ដល់​អ្នក​រាល់​គ្នា ពី​សេចក្ដី​អំណរ​យ៉ាង​អស្ចារ្យ ដែល​សម្រាប់​បណ្ដាជន​ទាំង​អស់​គ្នា ដ្បិត​នៅ​ថ្ងៃ​នេះ មាន​ព្រះ​អង្គ​សង្គ្រោះ​១អង្គ ប្រសូត​ដល់​អ្នក​រាល់​គ្នា​នៅ​ក្រុង​ហ្លួង​ដាវីឌ គឺ​ជា​ព្រះ​គ្រីស្ទ​ដ៏​ជា​ព្រះ​អម្ចាស់» (លូកា ២:១០-១១)។ ព្រះ​ទ្រង់​ផ្តួច​ផ្ដើម​គំនិត​នេះ ដោយ​ព្រះ​គុណ​ទ្រង់ ហើយ​ពួក​អ្នក​គង្វាល​ក៏​បាន​ឆ្លើយ​តប​ដោយ​សេចក្តី​ជំនឿ។ ពួក​គេ​ជឿ​ព្រះ​រាជសារ​ដែល​ពួក​ទេវតា​ប្រកាស និង​មាន​ចិត្ត​ឆេះឆួល​ក្នុង​ការ​ស្វែង​រក​ក្រោល​សត្វ​នោះ។ ពួក​គេ​បាន​ដាក់​អាទិភាព​ឲ្យ​ការ​ស្វែង​រក​នោះ​សំខាន់​ជាង​ជីវភាព​របស់​ខ្លួន ហើយ​ក៏​បាន​ប្រញាប់​ទៅ​ឲ្យ​បាន​ស្គាល់​ព្រះ​ដែល​ប្រោស​លោះ​លោកីយ៍​នេះ។ នេះ​គឺ​ជា​ការ​ពណ៌នា​ដ៏​អស្ចារ្យ​អំពី​របៀប​ដែល​យើង​គួរ​តែ​ឆ្លើយ​តប​ចំពោះ​ព្រះ​រាជសារ​របស់​ព្រះ! អ្នក​ខ្លះ​ប្រហែល​ជា​ចំអក​ឲ្យ​ពួក​អ្នក​គង្វាល​ដោយ​យល់​ឃើញ​ថា ជំនឿ និង​ការ​ឆ្លើយ​តប​ដ៏​សាមញ្ញ​របស់​ពួក​គេ គឺ​ជា​ទង្វើ​ដ៏​ល្ងង់​ខ្លៅ​ទៅ​វិញ។ តើ​មាន​អ្វី​រារាំង​បុរស និង​ស្ត្រី​ទាំង​ឡាយ​មិន​ឲ្យ​ទុក​ចិត្ត​ព្រះ​រាជសារ​របស់​ព្រះ? ខ្ញុំ​សូម​ឆ្លើយ​តែ​មួយ​ម៉ាត់​ថា គឺ​សេចក្តី​អំនួត។ អំនួត​អាច​ធ្វើ​ឲ្យ​ពួក​អ្នក​គង្វាល នៅ​ចាំ​យាម​ហ្វូង​ចៀម​ក្នុង​ទី​វាល​ដោយ​មិន​ខ្វល់​ពី​ការ​ប្រកាស​របស់​ពួក​ទេវតា និង​មិន​មាន​ទំនាក់​ទំនង​ជា​មួយ​ព្រះ​គ្រីស្ទ។ អំនួត​រារាំង​យើង​មិន​ឲ្យ​ចូល​មក​រក​ព្រះ​គ្រីស្ទ​ដោយ​លុត​ជង្គង់​ចុះ ហើយ​ធ្វើ​ឲ្យ​យើង​ខ្វាក់​មើល​មិន​ឃើញ​សេចក្តី​ពិត​ដែល​ថា ព្រះ​ទ្រង់​ពិត​ជា​តម្រូវ​ឲ្យ​យើង​មាន​វិញ្ញាណ​ដែល​ស្គាល់​កំហុស និង​មាន​ចិត្ត​បន្ទាប​ចុះ (ទំនុកតម្កើង ៥១:‌១៧)។ 
ក្នុង​ព្រះ​វិហារ​នៃ​ព្រះ​រាជ​កំណើត​ព្រះ​គ្រីស្ទ ក្នុង​ទីក្រុង​បេថ្លេហិម​ប្រទេស​អ៊ីស្រាអែល​សព្វថ្ងៃ គេ​មិន​អាច​ដើរ​ចូល ដោយ​ងាយ​ស្រួល​ឡើយ។ ព្រះ​វិហារ​នេះ​មាន​ច្រក​ទ្វារ​ទាប​ពេក។ បើ​អ្នក​ចង់​ចូល​ខាង​ក្នុង​កន្លែង​នោះ ដែល​ជា​តំណាង​ឲ្យ​ការ​ប្រសូត​របស់​ព្រះ​អម្ចាស់​យេស៊ូវ មាន​វិធី​តែ​មួយ​ទេ​សម្រាប់​ចូល​ខាង​ក្នុង គឺ​ត្រូវ​ឱន​ក្បាល ក្រាប​ចុះ និង​លុត​ជង្គង់។ នេះ​ជា​រូប​ភាព​ដ៏​ស្រស់​ស្អាត ដែល​បណ្ដាល​ចិត្ត​យើង​ឲ្យ​សួរ​ថា តើ​ខ្ញុំ​បាន​ត្រៀម​ខ្លួន​ជា​សម្រេច ដើម្បី​បន្ទាប​ខ្លួន​នៅ​ចំពោះ​ព្រះ​គ្រីស្ទ​ឬ​ទេ? តើ​ខ្ញុំ​បាន​ស្ម័គ្រ​ចិត្ត​លះ​បង់​ការ​សន្និដ្ឋាន និង​ផែនការ​កាល​ពី​មុន ដើម្បី​ឲ្យ​បាន​ស្គាល់ និង​ដើរ​តាម​ព្រះ​ដ៏​ប្រោស​លោះ​ឬ​ទេ? ចូរ​ពិនិត្យ​មើល​ចិត្ត​របស់​អ្នក នៅ​ថ្ងៃ​ណូអែល​ឆ្នាំ​នេះ ចូរ​ឲ្យ​ចិត្ត​របស់​អ្នក​បាន​ក្រាប​ចុះ​ជា​រៀង​រហូត​នៅ​ចំពោះ​សិរីល្អ​របស់​ព្រះ ហើយ​គោរព​ស្រឡាញ់​ព្រះ​ដែល​បាន​បន្ទាប​ព្រះ​កាយ​ជា​មុន ដោយ​យាង​ចុះ​មក​រក​យើង ជា​ក្សត្រ​ដែល​ទើប​ប្រសូត​ជា​ទារក។ 


ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ លូកា ២:១-២០
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ មីកា ៤-៥ និង​លូកា ២២:១-២០

ប្រភេទ