នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ភ្នែកដែលព្រះទ្រង់បានបើក

ភ្នែកដែលព្រះទ្រង់បានបើក

ដោយSheridan Voysey

December 26, 2025

លូកា ១០:២១-២៤
មានពរហើយ ភ្នែកណាដែលឃើញអស់ទាំងការដែលអ្នករាល់គ្នាឃើញ។ លូកា ១០:២៣
នៅក្នុងហាងកាហ្វេ កាលពីពេលរសៀលថ្ងៃមួយនោះ ខ្ញុំបានកត់សំគាល់ឃើញក្មេងតូចដែលចេះដើរតេសតាស់ នៅជាមួយឪពុកម្តាយរបស់នាង ដែលកំពុងអង្គុយនៅតុនៅក្បែរតុរបស់ខ្ញុំ។ ខណៈពេលដែលឪពុកម្តាយរបស់នាងកំពុងជជែកគ្នាជាមួយមិត្តភក្តិរបស់ពួកគេ មានសត្វព្រាបមួយក្បាល បានហើរចូលមក ហើយចាប់ផ្តើមចឹកកម្ទេចនំប៉័ងនៅលើកម្រាលឥដ្ឋ។ នាងមានចិត្តស្ញប់ស្ញែងចំពោះទិដ្ឋភាពនេះណាស់ បានជានាងតូចនេះបានបញ្ចេញសម្លេងអេកអាក់ ដោយចិត្តរីករាយ ដើម្បីព្យាយាមទាក់ទាញចំណាប់អារម្មណ៍របស់មនុស្សធំនៅក្បែរនាង។ ប៉ុន្តែ ពួកគេមិនបានមើលអ្វីដែលបាននាងឃើញឡើយ។ ពួកគេគ្រាន់តែញញឹមដាក់នាង ហើយវិលត្រឡប់ទៅរកការសន្ទនាវិញ។ 
ព្រះយេស៊ូវធ្លាប់បានចាត់សិស្សទ្រង់ ឲ្យទៅធ្វើបេសកកម្មផ្សាយដំណឹងល្អ ដែលមានភាពជោគជ័យយ៉ាងខ្លាំង(លូកា ១០:១៧)។ ព្រះយេស៊ូវក៏បានឆ្លើយតប ដោយការអធិស្ឋានថា “ឱព្រះវរបិតា ជាព្រះអម្ចាស់នៃស្ថានសួគ៌ នឹងផែនដីអើយ ទូលបង្គំសរសើរដល់ទ្រង់ ពីព្រោះទ្រង់បានលាក់សេចក្ដីទាំងនេះនឹងពួកអ្នកប្រាជ្ញ ហើយនឹងពួកឈ្លាសវៃ តែបានសំដែងឲ្យពួកកូនក្មេងយល់វិញ”(ខ.២១)។ ក្នុងករណីនេះ “ពួកកូនក្មេង” មិនសំដៅទៅលើអាយុនោះទេ តែសំដៅទៅលើចំណេះដឹង។ “មនុស្សមានបាប” ដែលមានការបន្ទាបខ្លួន បានជឿដំណឹងល្អ ខណៈពេលដែល អ្នកដឹកនាំសាសនា ដែល “រៀនសូត្របានជ្រៅជ្រះ” មិនបានអើពើចំពោះដំណឹងល្អឡើយ(៧:២៩-៣៤)។ ព្រះទ្រង់សម្រេចព្រះទ័យជ្រើសរើសមនុស្សដែលព្រះអង្គត្រូវបើកបង្ហាញអង្គទ្រង់ឲ្យស្គាល់ ប៉ុន្តែ ទន្ទឹមនឹងនោះ ព្រះយេស៊ូវក៏បានពន្យល់អំពីនគរព្រះ ទៅដល់អ្នកដែលចោទសួរព្រះអង្គផងដែរ(មើល ម៉ាថាយ ១៣:៣៦)។ អ្នកដឹកនាំទាំងនោះខកខានមិនបានមើលឲ្យដឹងថា ព្រះយេស៊ូវជានរណា ព្រោះពួកគេមិនចង់ដឹងមិនចង់ឮ។
ក្មេងតូចនៅក្នុងហាងកាហ្វេនោះបានឃើញទិដ្ឋភាពដ៏គួរឲ្យចាប់អារម្មណ៍ ខណៈពេលដែលឪពុកម្តាយរបស់នាង ខកខានមិនបានឃើញ។ ចូរយើងកុំបែកអារម្មណ៍ ដោយសារសម្លេងរំខានរបស់លោកិយ ឬខ្វះការបន្ទាបខ្លួន ដោយមិនចង់ស្វែងរកការយល់ដឹងបន្ថែម ហើយខកខានមិនបានដឹងអំពីការអ្វីដែលព្រះអង្គចង់បង្ហាញឲ្យយើងដឹង អំពីអង្គទ្រង់នោះឡើយ។—Sheridan Voysey

តើមានអ្វីបើកភ្នែក និងចិត្តអ្នកឲ្យទទួលដំណឹងល្អ ពីដំបូងមក? 
តើអ្នកមានការស្រេកឃ្លានប៉ុណ្ណា ក្នុងការស្វែងយល់បន្ថែមអំពីព្រះអង្គនៅពេលនេះ? 
ឱព្រះវរបិតា សូមព្រះអង្គបើកភ្នែកទូលបង្គំឲ្យមើលឃើញអ្វីៗ ដែលព្រះអង្គសព្វព្រះទ័យ
ឲ្យទូលបង្គំមើលឃើញ អំពីអង្គទ្រង់ និងដំណឹងល្អ។ 
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ហាកាយ ១-២ និង វិវរណៈ ១៧
 

ល្ងាច

ទស្សនៈ​របស់​ព្រះ​គ្រីស្ទ​អំពី​ថ្ងៃ​ណូអែល (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ទស្សនៈ​របស់​ព្រះ​គ្រីស្ទ​អំពី​ថ្ងៃ​ណូអែល (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

December 26, 2025

«ហេតុ​នោះ​បាន​ជា​កាល​ទ្រង់​យាង​មក​ក្នុង​លោកីយ៍ ទ្រង់​មាន​បន្ទូល​ថា «‍ព្រះ​អង្គ​មិន​ចង់​បាន​យញ្ញ​បូជា នឹង​ដង្វាយ​ទេ តែ​ទ្រង់​បាន​រៀប​ចំ​រូប​កាយ​ឲ្យ​ទូល​បង្គំ​វិញ។ ទ្រង់​ក៏​មិន​សព្វ​ព្រះ​ហឫទ័យ​នឹង​ដង្វាយ​ដុត ឬ​នឹង​ដង្វាយ​លោះ​បាប​ដែរ» (ហេព្រើរ ១០:៥-៦)។
កណ្ឌ​គម្ពីរ​ដំណឹង​ល្អ​ម៉ាថាយ និង​លូកា បាន​ណែនាំ​យើង​ឲ្យ​ស្គាល់​តួ​អង្គ​ទាំង​អស់​ក្នុង​រឿង​ណូអែល ដែល​យើង​អាច​យល់​អំពី​ពួក​គេ​កាន់​តែ​ច្បាស់​មាន​ដូច​ជា លោក យ៉ូសែប នាង ម៉ារា ពួក​អ្នក​គង្វាល ពួក​ហោរ ។ល។ ជួន​កាល យើង​ថែម​ទាំង​បាន​គិត​អំពី​អ្នក​ផ្សេង​ទៀត​ដែល​គេ​មិន​សូវ​ស្គាល់​ដូច​ជា លោក សាការី នាង អេលីសាបិត នាង អែន និង​លោក ស៊ីម្មាន។ នៅ​ពេល​ដែល​រដូវ​កាល​នៃ​បុណ្យ​ណូអែល​បាន​កន្លង​ផុត​ទៅ​ជា​រៀង​រាល់​ឆ្នាំ យើង​ប្រហែល​ជា​បាន​ស្តាប់​ការ​អធិប្បាយ​ព្រះ​បន្ទូល និង​សិក្សា តាម​ទស្សនៈ​របស់​តួ​អង្គ​ស្ទើរ​តែ​ទាំង​អស់។ តែ​មាន​ករណី​លើក​លែង​មួយ​ដែល​គួរ​ឲ្យ​កត់​សម្គាល់។ អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នោះ គឺ​មាន​មនុស្ស​មិន​ច្រើន​ទេ ដែល​បាន​សញ្ជឹង​គិត​អំពី​បុណ្យ​ណូអែល តាម​ទស្សនៈ​របស់​ព្រះ​យេស៊ូវ។ 
ក្នុង​ខ​គម្ពីរ​នេះ អ្នក​និពន្ធ​កណ្ឌ​គម្ពីរ​សំបុត្រ​ផ្ញើ​ទៅ​កាន់​ពួក​ជំនុំ​សាសន៍​ហេព្រើរ​បាន​ប្រាប់​យើង​ថា នៅ​ពេល​ដែល​ព្រះ​យេស៊ូវ​បោះ​ជំហាន​ចូល​ឆាក​ប្រវត្តិ​សាស្ត្រ ព្រះ​អង្គ​បាន​ដាក់​បទ​គម្ពីរ​ទំនុកតម្កើង​ជំពូក៤០ នៅ​លើ​ព្រះ​ឱស្ឋ​ទ្រង់។ ពាក្យ​ពេចន៍​ក្នុង​បទ​គម្ពីរ​នោះ មិន​អាច​ស័ក្តិ​សម​នឹង​អ្នក​ណា​ក្រៅ​ពី​ព្រះ​យេស៊ូវ​ឡើយ គឺ​ដូច​ដែល​ស្បែក​ជើង​របស់​នាង ស៊ីនដេរេឡា (Cinderella) មិន​អាច​ឲ្យ​អ្នក​ផ្សេង​ពាក់​ត្រូវ​ឡើយ។
ព្រះ​ទ្រង់​ត្រៀម​ទុក​ជា​មុន​នូវ​ការ​ប្រារព្ធថ្ងៃ​ណូអែល​ដំបូង​តាំង​ពី​គ្រា​សញ្ញា​ចាស់​អស់​ជា​ច្រើន​សតវត្សរ៍ ព្រោះ​ដង្វាយ​លោះ​បាប​ទាំង​អស់​នៅ​គ្រា​សញ្ញា​ចាស់ គ្រាន់​តែ​ជា​ស្រមោល ដែល​ចង្អុល​បង្ហាញ​ទៅ​រក​ដង្វាយ​លោះ​បាប​ពិត​ប្រាកដ​ដែល​ត្រូវ​មក​ដល់។ ដង្វាយ​ទាំង​នោះ​រាប់​បញ្ចូល​ទាំង​ការ​សម្លាប់​សត្វ ដែល​ត្រូវ​យក​ទៅ​ដាក់​នៅ​លើ​អាសនា។ ពួក​វា​គ្មាន​ជម្រើស នៅ​ក្នុង​រឿង​នេះ​ទេ គឺ​គ្រាន់​តែ​ត្រូវ​មនុស្ស​ដឹក​យក​ទៅ​ថ្វាយ។ ប៉ុន្តែ មុន​ពេល​ព្រះ​អង្គ​ឆ្លង​កាត់​ការ​រស់​នៅ​ជា​មនុស្ស ព្រះ​អង្គ​បាន​ជ្រាប​ថា តួនាទី​របស់​ព្រះ​អង្គ​ធ្វើ​ជា​ដង្វាយ​លោះ​បាប នឹង​មាន​លក្ខណៈ​ខុស​ពី​សត្វ​ទាំង​នោះ។ ព្រះ​អង្គ​បាន​ធ្វើ​ដោយ​ស្ម័គ្រ​ព្រះ​ទ័យ។ ក្នុង​ទម្រង់​ដែល​មាន​ការ​បន្ទាប​ខ្លួន​ទាប​បំផុត និង​ក្នុង​របៀប​ដែល​គេ​មិន​នឹក​ស្មាន​ដល់ ព្រះ​រាជ​បុត្រា​បាន​ទទួល​យក​ព្រះ​កាយ ដែល​បាន​ត្រៀម​ទុក​សម្រាប់​ទ្រង់ ដើម្បី​ធ្វើ​ជា «ថ្លៃ​លោះ​មនុស្ស​ជា​ច្រើន» (ម៉ាថាយ ២០:២៨)។ ព្រះ​អង្គ​ទត​មើល​លោកីយ៍​ដែល​ប្រេះ​បែក និង​មនុស្ស​ដែល​មាន​បាប ហើយ​ព្រះ​អង្គ​មាន​បន្ទូល​ទៅ​ព្រះ​វរបិតា​ថា ទូល​បង្គំ​នឹង​ទៅ​ទីនោះ ទូល​បង្គំ​នឹង​រស់​នៅ​ជា​មនុស្ស​ក្នុង​ចំណោម​ពួក​គេ ហើយ​នឹង​ស្លាប់​ដើម្បី​ពួក​គេ។ 
សាវ័ក ពេត្រុស បាន​យល់​អំពី​ទម្ងន់​នៃ​ការ​សុគត​របស់​ព្រះ​គ្រីស្ទ បាន​ជា​គាត់​បង្រៀន​ថា «ទ្រង់​បាន​ផ្ទុក​អំពើ​បាប​របស់​យើង​រាល់​គ្នា​នៅ​លើ​រូប​អង្គ​ទ្រង់ ជាប់​លើ​ឈើ​ឆ្កាង ដើម្បី​ឲ្យ​យើង​បាន​រស់​ខាង​ឯ​សេចក្ដី​សុចរិត ដោយ​បាន​ស្លាប់​ខាង​ឯ​អំពើ​បាប​ហើយ គឺ​ដោយ​ស្នាម​ជាំ​របស់​ទ្រង់​ដែល​អ្នក​រាល់​គ្នា​បានជា» (១ពេត្រុស ២:២៤)។ ក្នុង​លក្ខណៈ​ព្រះ​យេស៊ូវ​ជា​ព្រះ​ទាំង​ស្រុង និង​មនុស្ស​ទាំង​ស្រុង ព្រះ​អង្គ​បាន​យាង​ចូល​ក្នុង​លោកីយ៍ ដើម្បី​ថ្វាយ​ព្រះ​កាយ​ទ្រង់​ជា​ដង្វាយ​លោះ​បាប ជា​អ្វី​ដែល​គេ​មិន​អាច​ធ្វើ​បាន​ដោយ​ប្រើ​ដង្វាយ​ជា​សត្វ គឺ​ព្រះ​អង្គ​បាន​ទទួល​ទោស​របស់​យើង សម្អាត​បញ្ញា​ចិត្ត​យើង​ឲ្យ​ជ្រះ​ថ្លា ហើយ​ប្រទាន​សេចក្តី​មេត្តា​របស់​ព្រះ។ ព្រះ​អង្គ​សម្រេច​កិច្ចការ​ទាំង​អស់​នេះ​ដែល​មាន​ភាព​ចាំបាច់ ដើម្បី​ឲ្យ​មនុស្ស​ទាំង​អស់​អាច​ចូល​ក្នុង​ការ​ប្រកប​ជា​មួយ​ព្រះ។ 
ការ​នេះ​ខុស​ប្លែក​យ៉ាង​ខ្លាំង​ពី​ការ​សន្យា​របស់​សាសនា​ទាំង​ឡាយ​ដែល​មាន​ក្រឹត្យ​វិន័យ និង​ការ​ខំ​ប្រព្រឹត្ត​ល្អ ជា​យន្ត​ការ​ដែល​មិន​អាច​ជួយ​ពួក​គេ​ឡើង​កាំ​ជណ្តើរ​ចូល​ទៅ​ក្នុង​ស្ថាន​សួគ៌​បាន។ ផ្ទុយ​ទៅ​វិញ ព្រះ​រាជសារ​អំពី​ព្រះ​រាជ​កំណើត​របស់​ព្រះ​គ្រីស្ទ​បាន​បង្ហាញ​សេចក្តី​មេត្តា​ដែល​ជួយ​រំដោះ​មនុស្ស​ឲ្យ​រួច​ពី​បាប។ ព្រះ​ទ្រង់​បាន​ផ្តួច​ផ្ដើម​គំនិត និង​យាង​មក​សង្គ្រោះ​យើង​តាម​រយៈ​ព្រះ​យេស៊ូវ។ យើង​មិន​ចាំ​បាច់​ត្រូវ​ធ្វើ​ដំណើរ​វែង​ឆ្ងាយ ដើម្បី​ស្វែង​រក​ព្រះ​អម្ចាស់​ឡើយ ព្រោះ​ព្រះ​គ្រីស្ទ​ជា​ក្សត្រ​ដែល​បាន​ប្រសូត​មក​ទ្រង់​ស្គាល់​តួនាទី​របស់​ទ្រង់។ តើ​យើង​ត្រូវ​ឆ្លើយ​តប​ឲ្យ​បាន​ត្រឹម​ត្រូវ​យ៉ាង​ដូច​ម្ដេច? គឺ​ដោយ​គ្រាន់​តែ​ឱន​ក្រាប​នៅ​ចំពោះ​ព្រះអង្គ​ដោយ​បន្ទាប​ខ្លួន និង​សរសើរ​តម្កើង​ព្រះ​អង្គ​អស់​ពី​ចិត្ត ហើយ​រង់​ចាំ​ព្រះ​អង្គ​យាង​មក​វិញ​ដោយ​ចិត្ត​រំពឹង ពេញ​មួយ​ជីវិត។ 


ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ ទំនុកតម្កើង ៤០
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ មីកា ៦-៧ និង​លូកា ២២:២១-៤៦

ប្រភេទ