នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ចិត្តដែលព្រះទ្រង់បានកែប្រែ

ចិត្តដែលព្រះទ្រង់បានកែប្រែ

ដោយTom Felten

December 28, 2025

យេរេមា ៣១:៣១-៣៤
អញនឹងដាក់ក្រិត្យវិន័យរបស់អញ នៅខាងក្នុងខ្លួនគេ ទាំងចារឹកទុកក្នុងចិត្តគេ នោះអញនឹងធ្វើជាព្រះដល់គេ ហើយគេនឹងបានជារាស្ត្ររបស់អញ។ យេរេមា ៣១:៣៣
គេបានបង្ហាញរូបអាសអាភាស ឲ្យលោករូសែល(Russell)មើល តាំងពីនៅក្មេងវ័យ គឺមិនខុសពីមនុស្សជាច្រើន ដែលបានតយុទ្ធនឹងរូបអាសអាភាស ក្នុងសម័យបច្ចុប្បន្ន។ រូបអាសអាភាសមានអំណាចលើសលប់មកលើគាត់ ធ្វើឲ្យគាត់ចង់ប្រើប្រាស់វា ហើយវាក៏បានបំពុលចិត្តរបស់គាត់។ គាត់ក៏បានរៀបរាប់ថា “វាបានជ្រួតជ្រាបពេញក្នុងចិត្តខ្ញុំ គឺជ្រួតជ្រាបខ្លាំងណាស់ ប្រៀបដូចជាមេរោគមហារីក ដែលបានចាក់ឫសយ៉ាងជ្រៅក្នុងចិត្តរបស់ខ្ញុំ”។ ដោយសារព្រះគុណព្រះ ទីបំផុត ព្រះអង្គបានរំដោះគាត់ឲ្យមានសេរីភាពរួចផុតពីអំណាចរបស់រូបអាសអាភាស និងការញៀនផ្សេងទៀត នៅពេលដែលគាត់បានទទួលជឿព្រះយេស៊ូវ ហើយបានផ្លាសប្រែពីក្នុងមកក្រៅ។ លោករូសែលក៏បាននិយាយថា “ខ្ញុំសូមអរព្រះគុណព្រះយេស៊ូវគ្រីស្ទ ដែលបានកែប្រែជីវិតខ្ញុំ ... ព្រះអង្គគឺជាអ្នករំដោះខ្ញុំ”។
ហោរាយេរេមាធ្លាប់បាននាំព្រះរាជសារមកពីព្រះអម្ចាស់ ទៅប្រកាសដល់ប្រជាជនអ៊ីស្រាអែលថា ថ្ងៃមួយ ព្រះអង្គនឹងដាក់ក្រិត្យវិន័យរបស់ព្រះអង្គ “នៅខាងក្នុងខ្លួនគេ ទាំងចារឹកទុកក្នុងចិត្តគេ”(៣១:៣៣)។ ក្នុងគ្រាសញ្ញាថ្មី ដែលបានសម្រេចក្នុងព្រះគ្រីស្ទ(ហេព្រើរ ៨:៦-១៣) មនុស្សទាំងអស់អាចផ្លាស់ប្រែ ដោយសារព្រះគុណព្រះ តាមរយៈសេចក្តីជំនឿ។ ហើយសព្វថ្ងៃនេះ ព្រះវិញ្ញាណគង់នៅក្នុងគ្រីស្ទបរិស័ទម្នាក់ៗ(រ៉ូម ៨:១១) ហើយក្រឹត្យវិន័យក្រមសីលធម៌របស់ព្រះ បានកត់នៅលើចិត្តរបស់យើង។ សម្រាប់លោករូសែល និងអស់អ្នកជឿព្រះអង្គ អំណាចនៃព្រះវិញ្ញាណផ្តល់ឲ្យអ្វីៗដែលយើងត្រូវការ ដើម្បីងាកបែរចេញពីទង្វើអាក្រក់ ដែលព្រះទ្រង់មិនសព្វព្រះទ័យ គឺទង្វើដែលបំផ្លាញខ្លួនឯង។
ការផ្លាស់ប្រែមិនតែងតែកើតមានភ្លាមៗ ឬមានភាពងាយស្រួលឡើយ។ ប៉ុន្តែ ចូរយើងចាំថា ព្រះទ្រង់អាចកែប្រែចិត្តគំនិតយើង ពេលណាយើងជម្នះទុក្ខលំបាក សូម្បីតែការញៀននឹងអ្វីមួយ ឬអំពើបាបក៏ដោយ(យេរេមា ៣១:៣៣)។ ព្រះអង្គមានបន្ទូលថា គេនឹងបាន “ស្គាល់”ព្រះអង្គ(ខ.៣៤) ហើយយើងក៏អាចស្គាល់ព្រះចេស្តា ដែលកែប្រែចិត្តរបស់យើងផងដែរ។—Tom Felten

ហេតុអ្វីយើងអាចងាកចេញពីអំពើបាបដ៏រ៉ាំរ៉ៃ ដោយព្រះចេស្តាព្រះ? 
តើអ្នកអាចរស់នៅ ដោយចិត្តដែលបានកែប្រែជាថ្មី ដោយជំនួយរបស់ព្រះវិញ្ញាណដូចម្តេចខ្លះ? 
ឱព្រះនៃសេចក្តីស្រឡាញ់ ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលបានកែប្រែចិត្តរបស់ទូលបង្គំ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : សាការី ៥-៨ និង វិវរណៈ ១៩

 

ល្ងាច

ថ្នាំ​បន្សាប​សម្រាប់​អំនួត (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ថ្នាំ​បន្សាប​សម្រាប់​អំនួត (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

December 28, 2025

«ចូរ​ប្រុង​មើល​ហើយ​ប្រយ័ត្ន​នឹង​ដំបែ​របស់​ពួក​ផារិស៊ី នឹង​របស់​ហេរ៉ូឌ ឲ្យ​មែន​ទែន» (ម៉ាកុស ៨:១៥)។
មាន​មនុស្ស​ជា​ច្រើន​បាន​ឃើញ​ព្រះ​អម្ចាស់​យេស៊ូវ ស្តាប់​ឮ​ការ​បង្រៀន​របស់​ព្រះ​អង្គ និង​បាន​ឃើញ​ព្រះ​អង្គ​ធ្វើ​ការ​អស្ចារ្យ តែ​ពួក​គេ​នៅ​តែ​បដិសេធ​មិន​ព្រម​ទទួល​ជឿ​ព្រះ​អង្គ។ នេះ​ជា​ការ​ដែល​គួរ​ឲ្យ​យើង​យក​មក​ពិចារណា។
ថ្ងៃ​មួយ ពួក​គេ​បាន​ឃើញ​ព្រះ​អង្គ​ប្រទាន​អាហារ​ដល់​មនុស្ស​៤ពាន់​នាក់​ដោយ​ប្រើ​ត្រី និង​នំប៉័ង​តែ​បន្តិច​បន្តួច ដោយ​បង្ហាញ​អង្គ​ទ្រង់​ឲ្យ​គេ​ដឹង​ថា ព្រះ​អង្គ​គឺ​ជា​ព្រះ​ដែល​ធ្លាប់​ផ្គត់​ផ្គង់​រាស្ត្រ​របស់​ព្រះ​អង្គ នៅ​វាល​រហោ​ស្ថាន (ម៉ាកុស ៨:១-១០ មើល និក្ខមនំ ១៦) នៅ​ថ្ងៃ​ដដែល​នោះ ពួក​ផារិស៊ី​ក៏​បាន​សូម​ឲ្យ​ព្រះ​អង្គ «សម្ដែង​ទី​សម្គាល់​ពី​លើ​មេឃ​ឲ្យ​គេ​ឃើញ» (ម៉ាកុស ៨:១១)។ ព្រះ​យេស៊ូវ​ក៏​បាន​ឆ្លើយ​តប ដោយ​ដាស់​តឿន​សិស្ស​របស់​ព្រះ​អង្គ​ថា «ចូរ​ប្រុង​មើល​ហើយ​ប្រយ័ត្ន​នឹង​ដំបែ​របស់​ពួក​ផារិស៊ី នឹង​របស់​ហេរ៉ូឌ ឲ្យ​មែន​ទែន»។ 
គេ​ដឹង​ថា ពួក​ផារិស៊ី​គឺ​ជា​មនុស្ស​មានពុត ហើយ​ស្ដេច​ហេរ៉ូឌ​ទាស់​ប្រឆាំង​នឹង​ព្រះ​អង្គ។ ពួក​ផារិស៊ី​ចង់​ប្រកាន់​ខ្ជាប់​តាម​ជំនឿ​ដែល​រាប់​ខ្លួន​ឯង​ជា​មនុស្ស​សុចរិត​បាន​ជា​ពួក​គេ​គិត​ថា ខ្លួន​ស័ក្តិ​សម​នឹង​ទទួល​ព្រះ​ពរ​ពី​ព្រះ ហើយ​មិន​ត្រូវ​ការ​ព្រះ​អង្គ​សង្គ្រោះ​ទេ។ ស្ដេច ហេរ៉ូឌ ចង់​បន្ត​អំណាច​គ្រប់​គ្រង​មក​លើ​ប្រជាជន​យូដា ដូច​នេះ ទ្រង់​មិន​ត្រូវ​ចង់​ឲ្យ​មាន​ស្ដេច​ផ្សេង​មក​ប្រជែង​ជា​មួយ​ទ្រង់​ទេ។ ដូច​នេះ ពួក​គេ​បាន​តាំង​ចិត្ត​ថា នឹង​នៅ​តែ​ខ្វាក់​មើល​មិន​ឃើញ​សេចក្តី​ពិត។ របៀប​ដែល​ពួក​គេ​និយាយ គឺ​បាន​បដិសេធន៍​មិន​ព្រម​ជឿ ឬ​យល់​ដឹង​ថា ព្រះ​យេស៊ូវ​ជា​នរណា។ ពួក​គេ​កំពុង​និយាយ​ក្នុង​ន័យ​ថា ខ្ញុំ​មិន​ចង់​ដឹង​ថា អ្វី​ដែល​ព្រះ​យេស៊ូវ​ធ្វើ និង​មាន​បន្ទូល​មាន​ន័យ​ដូច​ម្ដេច​នោះ​ទេ ហើយ​ខ្ញុំ​នឹង​មិន​ទទួល​ស្គាល់​ព្រះ​អង្គ ជា​ព្រះ​អង្គ​សង្គ្រោះ និង​ស្ដេច​របស់​ខ្ញុំ​ទេ។ ព្រះ​យេស៊ូវ​ក៏​បាន​ដាស់​តឿន​មិន​ឲ្យ​អ្នក​ដើរ​តាម​ទ្រង់​មាន​អត្ត​ចរិត​ដូច​នេះ ព្រោះ​ដំបែរ​នៃ​ការ​មិន​ជឿ​តែ​បន្តិច អាច​នាំ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​ធ្ងន់​ធ្ងរ។ 
នៅ​ពេល​ដែល​អំនួត​អើត​ក្បាល​ចេញ​មក វា​អាច​នាំ​ឲ្យ​យើង​វិនិច្ឆ័យ​ព្រះ​គម្ពីរ​ជា​ជាង​រៀន​សូត្រ​ពី​ព្រះ​គម្ពីរ។ ពេល​ណា​យើង​វិនិច្ឆ័យ​ព្រះ​បន្ទូល​ព្រះ ការ​បន្ថែម​បន្ថយ​សេចក្តី​ពិត ដែល​យើង​គិត​ថា ជា​រឿង​តូច​តាច​មិន​សំខាន់​នឹង​ក្លាយ​ជា​ទៅ​ដំបែរ ដែល​រីក​រាលដាល​ពេញ​នំ​ប៉័ង​នៃ​ជំនឿ​របស់​យើង។
ព្រះ​យេស៊ូវ​បាន​ជំរុញ​យើង​ឲ្យ​បន្ទាប​ខ្លួន​ទទួល​ស្គាល់​ព្រះអង្គ​ជា​នរណា ដើម្បី​អនុញ្ញាត​ឲ្យ​ព្រះ​អង្គ​សង្គ្រោះ​យើង​ឲ្យ​រួច​ពី​បាប និង​គ្រប់​គ្រង​ជីវិត​យើង​ទាំង​មូល។ ព្រះ​អង្គ​បាន​ក្រើន​រំឭក​យើង​ដោយ​ព្រះ​ទ័យ​អត់​ធ្មត់​ម្តង​ហើយ​ម្តង​ទៀត​ឲ្យ​យើង​ចាំ​ថា ព្រះ​អង្គ​ជា​នរណា។ ការ​ជំរុញ​របស់​ព្រះ​អង្គ​មាន​លក្ខណៈ​ជា​បទ​ទំនាយ និង​ប្រៀប​ដូចជា​ការ​ប្រៀន​ប្រដៅ​របស់​ឪពុក​ម្តាយ ដែល​និយាយ​ត្រង់ៗ​ដោយ​ក្តី​ស្រឡាញ់។
យើង​ត្រូវ​ការ​ជំនួយ​ពី​ព្រះ​គ្រីស្ទ ដើម្បី​ជម្នះ​ផល​វិបាក​របស់​ដំបែរ​នៃ​សេចក្តី​អំនួត។ យើង​ត្រូវ​ការ​ឲ្យ​ព្រះ​អង្គ​ជួយ​យើង ដើម្បី​ឲ្យ​យើង​អាច​យល់​អំពី​កិច្ចការ​ដែល​ព្រះ​គ្រីស្ទ​បាន​ធ្វើ​ក្នុង​ជីវិត​យើង។ ហេតុ​នេះ​ហើយ មនុស្ស​អាច​អាន​ព្រះ​គម្ពីរ តែ​មើល​មិន​ឃើញ​អ្វី​សោះ អាច​ស្តាប់​ឮ​ដំណឹង​ល្អ តែ​មិន​ឮ​អ្វី​សោះ។ ទាល់​តែ​ភ្នែក និង​ត្រចៀក​នៃ​ការ​យល់​ដឹង​បាន​បើក​ឡើង ទើប​យើង​អាច​ជៀស​វាង​ដំបែរ​នៃ​អំនួត​បាន។ តែ​ជា​រៀង​រាល់​ថ្ងៃ ព្រះ​វិញ្ញាណ​របស់​ព្រះ បង្ហាញ​ឲ្យ​យើង​ឃើញ​សេចក្តី​ល្អ​របស់​ព្រះ​យេស៊ូវ និង​ក្រើន​រំឭក​យើង​ថា យើង​ត្រូវ​ការ​ព្រះ​អង្គ​ខ្លាំង​ប៉ុណ្ណា ទើប​ចិត្ត និង​គំនិត​យើង​អាច​ច្រៀង​ថា៖
ខ្ញុំ​មិន​ដឹង​យ៉ាង​ណា​ព្រះ​វិញ្ញាណ បាន​ឲ្យ​ស្គាល់​បាប​ខ្លួន​ផង
រួច​ឲ្យ​ឃើញ​ព្រះ​យេស៊ូវ​ជា​ស្ពាន ឲ្យ​បាន​ជា​នឹង​ព្រះ​អង្គ
តែ​ខ្ញុំ​ស្គាល់​ព្រះ ដែល​ខ្ញុំ​បាន​ជឿ​តាម ហើយ​ខ្ញុំ​ជឿ​​ពិត​ថា ទ្រង់​អាច​ថែរក្សា។143
ព្រះ​រាជ​កិច្ច​របស់​ព្រះ​វិញ្ញាណ គឺ​ជា​ថ្នាំ​បន្សាប​សម្រាប់​ដំបែរ​របស់​ពួក​ផារិស៊ី និង​ស្ដេច ហេរ៉ូឌ។ ចូរ​កុំ​មាន​អំនួត​ពេក ដោយ​សន្និដ្ឋាន​ថា អ្នក​មិន​ត្រូវ​ការ​ព្រះ​អង្គ​ឡើយ។ ចូរ​អធិស្ឋាន​សូម​ព្រះ​អង្គ​បង្ហាញ​អ្នក​ឲ្យ​ស្គាល់​ព្រះ​យេស៊ូវ​ជា​ថ្មី ក្នុង​ព្រះ​បន្ទូល​ព្រះ​អង្គ នៅ​ថ្ងៃ​នេះ ដើម្បី​ឲ្យ​អ្នក​អាច​ថ្វាយ​បង្គំ​ព្រះ​អង្គ​សង្គ្រោះ និង​ក្សត្រ​របស់​អ្នក ក្នុង​គ្រប់​ផ្នែក​ទាំង​អស់​នៃ​ជីវិត​អ្នក។ 


ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ លូកា ១៨:៩-១៤
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ សា​ការី ៥-៨ និង​លូកា ២៣:១-២៥

ប្រភេទ