នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

មានភាពស្វិតស្វាញដោយអំណរ

មានភាពស្វិតស្វាញដោយអំណរ

ដោយMarvin Williams

December 29, 2025

ហាបាគុក ៣:១៦-១៩
គង់តែខ្ញុំនឹងរីករាយ ដោយសារព្រះយេហូវ៉ា ខ្ញុំនឹងអរសប្បាយក្នុងព្រះដ៏ជួយសង្គ្រោះខ្ញុំដែរ។ ហាបាគុក ៣:១៨
អ្នកវិទ្យាសាស្ត្របានធ្វើការសិក្សា អំពីការតស៊ូដ៏ស្វិតស្វាញនៃសង្គមក្នុង១៦តំបន់ផ្សេងគ្នា នៅទូទាំងពិភពលោក ដែលរាប់បញ្ចូលទាំងតំបន់យូកុននៅប្រទេសកាណាដា និងតំបន់វាលរហោស្ថាននៅប្រទេសអូស្ត្រាលី។ ពួកគេបានធ្វើការវិភាគទៅលើកំណត់ត្រាបុរេប្រវត្តិរាប់ពាន់ឆ្នាំ ដែលបានតាមដានផលប៉ះពាល់នៃគ្រោះអត់ឃ្លាន សង្គ្រាម និងអាកាសធាតុ។ ភាពញឹកញាប់នៃការអន់ថយរបស់សង្គម គឺជាកត្តាដែលលេចធ្លោជាងគេ។ អ្នកខ្លះប្រហែលជាគិតថា ភាពអន់ថយធ្វើឲ្យសង្គមមានការចុះខ្សោយ ប៉ុន្តែ អ្នកស្រាវជ្រាវបានរកឃើញលទ្ធផលដែលផ្ទុយពីនេះវិញ។ ពួកគេបានរកឃើញថា សង្គមដែលជួបគ្រោះមហន្តរាយជាញឹកញាប់បានបង្កើតឲ្យមានការតស៊ូដ៏ស្វិតស្វាញ ដែលជួយឲ្យពួកគេអាចងើបឡើងវិញបានឆាប់រហ័ស ចេញពីបញ្ហាប្រឈមនៅពេលអនាគត។ ដូចនេះ ភាពតានតឹងហាក់ដូចជាបង្កើតឲ្យមានការតស៊ូដ៏ស្វិតស្វាញ។ 
ហោរាហាបាគុក បានយល់អំពីការតស៊ូដ៏ស្វិតស្វាញនេះ។ កាលគាត់ពិចារណា អំពីសេចក្តីហិនវិនាសដែលនគរយូដានឹងទទួលរង គាត់ក៏បានពិពណ៌នាយ៉ាងច្បាស់ អំពីដំណាំដែលមិនបង្កើតផលផ្លែ ហ្វូងចៀម និងហ្វូងគោដែលបាត់ពីក្រោល ហើយដីស្រែមិនបង្កើតបានអាហារ(៣:១៧)។ ទោះជាយ៉ាងណាក៏ដោយ ខណៈពេលដែលសន្តិសុខនៃស្បៀងអាហារបានរលាយបាត់ លោកហោរាក៏បានប្រកាសថា “គង់តែខ្ញុំនឹងរីករាយ ដោយសារព្រះយេហូវ៉ា ខ្ញុំនឹងអរសប្បាយក្នុងព្រះដ៏ជួយសង្គ្រោះខ្ញុំដែរ”(ខ.១៨)។ ក្តីអំណររបស់គាត់មិនអាស្រ័យទៅលើកាលៈទេសៈ និងការសប្បាយនៅលើផែនដីនោះទេ តែបានបោះយុថ្កាជាប់នៅក្នុងចារិកលក្ខណៈរបស់ព្រះអម្ចាស់ដែលមិនចេះប្រែប្រួល និងនៅក្នុងសេចក្តីសង្គ្រោះរបស់ព្រះអង្គ។ ក្នុងរដូវកាលដែលពិបាកបំផុត លោកហោរាបានសម្រេចចិត្តជ្រើសរើសយកក្តីអំណរ និងមានការតស៊ូកាន់តែស្វិតស្វាញ។ 
ភាពអត់ធន់ខាងវិញ្ញាណរបស់យើងមានការចម្រើនឡើង តាមរយៈទុក្ខលំបាកដែលកើតឡើងម្តងហើយម្តងទៀត គឺមិនខុសពីហោរាហាបាគុក និងសង្គមទាំងនោះដែលមានការតស៊ូដ៏ស្វិតស្វាញ។ ពេលណាយើងប្រឈមមុខដាក់រដូវកាលដ៏ពិបាកក្នុងជីវិត ចូរយើងតោងឲ្យជាប់ក្តីសង្ឃឹមក្នុងព្រះអម្ចាស់ ហើយនឹកចាំថា ព្រះអង្គគង់នៅជាមួយយើង ដោយប្រើបញ្ហាប្រឈម ដើម្បីជួយឲ្យយើងមានអំណរកាន់តែខ្លាំងឡើង និងមានសេចក្តីជំនឿដ៏ស្វិតស្វាញ។—Marvin Williams

តើអ្នកអាចរកឃើញក្តីសង្ឃឹមនៅក្នុងព្រះអម្ចាស់ ដោយរបៀបណា? 
ក្នុងពេលដែលមានទុក្ខលំបាក តើអ្នកអាចថ្វាយការអធិស្ឋានដោយអំណរ ដល់ព្រះអង្គដូចម្តេចខ្លះ? 
ឱព្រះប្រកបដោយព្រះគុណ ទូលបង្គំនឹងរកឃើញក្តីសង្ឃឹមក្នុងព្រះអង្គ ពេលណាជីវិតទូលបង្គំមានភាពរាំងស្ងួត និងខ្វះចន្លោះ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : សា​ការី ៩-១២ និង វិវរណៈ ២០
 

ល្ងាច

រដូវ​កាល​នៃ​ការ​រង់​ចាំ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

រដូវ​កាល​នៃ​ការ​រង់​ចាំ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

December 29, 2025

«រួច​ទ្រង់​នាំ​គាត់​ចេញ​ទៅ​ក្រៅ​ប្រាប់​ថា ចូរ​មើល​ទៅ​លើ​មេឃ​ឥឡូវ ហើយ​រាប់​ផ្កាយ​ចុះ បើ​ឯង​អាច​នឹង​រាប់​ទាំង​អស់​បាន រួច​ទ្រង់​មាន​បន្ទូល​ប្រាប់​ថា ពូជ​ឯង​នឹង​បាន​ដូច្នោះ​ដែរ គាត់​ក៏​ជឿ​ដល់​ព្រះ​យេហូវ៉ា ហើយ​ទ្រង់​រាប់​សេចក្ដី​ជំនឿ​នោះ ទុក​ជា​សេចក្ដី​សុចរិត​ដល់​គាត់» (លោកុប្បត្ដិ ១៥:៥-៦។
បើ​សិន​ជា​ជំនឿ​របស់​យើង ត្រូវ​តែ​មាន​ភាព​ជាប់​លាប់​ក្នុង​រដូវ​កាល​នៃ​ការ​រង់​ចាំ​ដ៏​យូរ យើង​ត្រូវ​តែ​មាន​ទំនុក​ចិត្ត ទៅ​លើ​សេចក្តី​ពិត​ដែល​ថា ទី១ ព្រះ​ទ្រង់​មាន​អំណាច​ធ្វើ​អ្វី​ដែល​ព្រះ​អង្គ​បាន​សន្យា​ថា នឹង​ធ្វើ ហើយ​ទី២ ព្រះ​ទ្រង់​មាន​ភាព​គ្រប់​គ្រាន់ ក្នុង​ការ​បំពេញ​តម្រូវ​ការ​គ្រប់​យ៉ាង​របស់​យើង​គ្រប់​រដូវ​កាល។ ជំនឿ​របស់​លោក អ័ប្រាហាំ បាន​ជួប​ការ​ល្បងល ក្នុង​រដូវ​កាល​នៃ​ការ​រង់​ចាំ​នៃ​ជីវិត។ គាត់​រស់​នៅ​ក្នុង​ទឹក​ដី​បរទេស​អស់​ជា​ច្រើន​ឆ្នាំ ដោយ​រង់​ចាំ​កូន​ដំបូង​របស់​គាត់ ចាប់​កំណើត​ក្នុង​លោកីយ៍ ដូច​ដែល​ព្រះ​ទ្រង់​សន្យា (លោកុប្បត្ដិ ១៥:៤)។ ហើយ​ដោយ​សារ​គាត់​ទុក​ចិត្ត​ព្រះ​បន្ទូល​សន្យា​របស់​ព្រះ ខណៈ​ពេល​ដែល​គាត់​កំពុង​រង់​ចាំ បាន​ជា​ព្រះ​ទ្រង់​រាប់​គាត់​ថា​សុ​ចរិត។ 
កាល​សាវ័ក ប៉ុល សរសេរ​អំពី​ជំនឿ​របស់​លោក អ័ប្រាហាំ គាត់​ក៏​បាន​បញ្ជាក់​ថា «លោក​ក៏​មិន​បាន​សង្ស័យ ចំពោះ​សេចក្ដី​សន្យា​របស់​ព្រះ​ដោយ​ចិត្ត​មិន​ជឿ​ឡើយ គឺ​រឹត​តែ​មាន​សេចក្ដី​ជំនឿ​ខ្លាំង​ឡើង ទាំង​សរសើរ​តម្កើង​ដល់​ព្រះ​វិញ។ ហើយ​ក៏​ជឿ​ជាក់​អស់​ពី​ចិត្ត​ថា សេចក្ដី​អ្វី​ដែល​ទ្រង់​សន្យា នោះ​អាច​នឹង​ធ្វើ​ឲ្យ​សម្រេច​បាន» (រ៉ូម ៤:២០-២១)។ 
អាច​និយាយ​ម្យ៉ាង​ទៀត​ថា លោក អ័ប្រាហាំ ជឿ​ថា គ្មាន​អ្វី ឬ​នរណា​ម្នាក់​អាច​រារាំង​ព្រះ​អង្គ មិន​ឲ្យ​សម្រេច​ព្រះ​បន្ទូល​របស់​ព្រះ​អង្គ​បាន​ឡើយ សូម្បី​នៅ​ពេល​ដែល​គាត់​មិន​អាច​មើល​ដឹង​ថា ព្រះ​ទ្រង់​នឹង​ធ្វើ​តាម​ព្រះ​បន្ទូល​សន្យា ដោយ​របៀប​ណា​ក៏​ដោយ។ ជំនឿ​របស់​គាត់​មិន​មែន​ជា​ការ​ហក់​លោត​ក្នុង​កន្លែង​ងងឹត​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ គាត់​មាន​ជំនឿ​លើ​ព្រះ​អង្គ ផ្អែក​ទៅ​លើ​ចរិត​លក្ខណៈ​របស់​ព្រះ​អង្គ។
សម្រាប់​ពេល​បច្ចុប្បន្ន ក្នុង​ចំណោម​ព្រះ​បន្ទូល​សន្យា​ដែល​យើង​ប្រកាន់​ខ្ជាប់​តាម​ខ្លាំង​បំផុត គឺ​ព្រះ​បន្ទូល​ដែល​ព្រះ​យេស៊ូវ​បាន​សន្យា​ថា ព្រះ​អង្គ​នឹង​ទៅ​រៀប​ចំ​កន្លែង​សម្រាប់​យើង ហើយ​ព្រះ​អង្គ​នឹង​យាង​មក​វិញ ដើម្បី​យក​យើង​ទៅ​នៅ​ជា​មួយ​ព្រះ​អង្គ (យ៉ូហាន ១៤:៣)។ ដូច​នេះ ពេល​ណា​យើង​ជឿ​ព្រះ​បន្ទូល​ព្រះ​អង្គ យើង​នឹង​មាន​ពេញ​ដោយ​ក្តី​សង្ឃឹម​ថា នឹង​បាន​ទៅ​នៅ​ស្ថាន​សួគ៌។ យើង​អាច​ដឹង​ច្បាស់ ដោយ​គ្មាន​ការ​សង្ស័យ​ថា ព្រះ​យេស៊ូវ​នឹង​យាង​មក​វិញ ដោយ​អង្គ​ទ្រង់​ផ្ទាល់​ឲ្យ​យើង​បាន​ឃើញ ហើយ​ព្រះ​អង្គ​នឹង​យាង​មក​វិញ ដើម្បី​រាស្ត្រ​របស់​ព្រះ​អង្គ។ ព្រះ​បន្ទូល​សន្យា​នេះ មាន​ភាព​ច្បាស់​លាស់ ដូច​ដែល​ព្រះ​អង្គ​បាន​សន្យា ចំពោះ​លោក អ័ប្រាហាំ ដែល​គាត់​បាន​រង់​ចាំ​២៥ឆ្នាំ រហូត​ដល់​ព្រះ​បន្ទូល​សន្យា​នេះ​បាន​សម្រេច។ 
ជាង​នេះ​ទៅ​ទៀត តាម​រយៈ​ទី​បន្ទាល់​របស់​លោក អ័ប្រាហាំ យើង​ឃើញ​ថា មាន​តែ​ព្រះ​អម្ចាស់​ទេ ដែល​មាន​លទ្ធ​ភាព​គ្រប់​គ្រាន់ ក្នុង​ការ​នាំ​យើង​ឆ្លង​កាត់​រដូវ​កាល​នៃ​ការ​រង់​ចាំ។ ក្នុង​បទ​គម្ពីរ​លោកុប្បត្ដិ​១៧ ព្រះ​ទ្រង់​បាន​បង្ហាញ​អង្គ​ទ្រង់​ម្តង​ទៀត ដល់​លោក អ័ប្រាហាំ ដើម្បី​ពង្រឹង​ជំនឿ​គាត់។ តើ​ដោយ​របៀប​ណា? គឺ​ដោយ​បង្ហាញ​ថា ទ្រង់​ជា​នរណា ដូច​មាន​សេចក្តី​ចែងថា «លុះ​ដល់​អាប់​រ៉ាម​អាយុ​បាន​៩៩ឆ្នាំ នោះ​ព្រះ​យេហូវ៉ា​ទ្រង់​លេច​មក​ឯ​គាត់ ប្រាប់​ថា អញ​ជា​ព្រះ​ដ៏​មាន​គ្រប់​ព្រះ​ចេស្ដា ចូរ​ឯង​ដើរ​នៅ​មុខ​អញ ហើយ​ឲ្យ​បាន​គ្រប់​លក្ខណ៍​ចុះ» (១៧:១)។ ពាក្យ​ជា​ភាសា​ហេព្រើរ អ៊ែល-សាដាយ អាច​មាន​ន័យ​ថា «ព្រះ​ទ្រង់​មាន​ភាព​គ្រប់​គ្រាន់»។ អាច​និយាយ​ម្យ៉ាង​ទៀត​ថា ព្រះ​ទ្រង់​បាន​បញ្ជាក់​ព្រះ​បន្ទូល​សន្យា​របស់​ទ្រង់​ដល់​លោក អ័ប្រាហាំ ផ្អែក​ទៅ​លើ​ភាព​ខ្លាំង​នៃ​ចរិត​លក្ខណៈ​របស់​ទ្រង់។
ជីវិត​គ្រីស្ទ​បរិស័ទ គឺ​ជា​ជីវិត​ដែល​មាន​ការ​រង់​ចាំ​ដោយ​ការ​អត់​ធ្មត់។ ហើយ​រាល់​ការ​ត្រាស់​ហៅ​ឲ្យ «រង់​ចាំ» និង​រាល់​ព្រះ​បន្ទូល​សន្យា​ដែល​មិន​ទាន់​បាន​សម្រេច គឺ​ជា​ផ្នែក​មួយ​នៃ​ផែនការ​របស់​ព្រះ​អង្គ។ រដូវ​កាល​នីមួយៗ​នៃ​ការ​រង់​ចាំ គឺ​ជា​ឱកាស​សម្រាប់​ឲ្យ​យើង​រៀន​ទុក​ចិត្ត​ព្រះ​បន្ទូល​ព្រះ​អង្គ។ ហើយ​ខណៈ​ពេល​ដែល​អ្នក​កំពុង​រង់​ចាំ អ្នក​ពិត​ជា​អាច​ទុក​ចិត្ត​ថា ព្រះ​អង្គ​នឹង​បំពេញ​តម្រូវ​ការ​របស់​​អ្នក​គ្រប់​យ៉ាង។ ចូរ​ទុក​ចិត្ត​ថា ព្រះ​ដែល​អ្នក​ជឿ ទ្រង់​អាច​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ដែល​ព្រះ​អង្គ​បាន​សន្យា។ 


ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ លោកុប្បត្ដិ ១៧:១-៨
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ សាការី ៩-១២ និង​លូកា ២៣:២៦-៥៦

ប្រភេទ