នំម៉ាណាប្រចាំថ្ងៃ

ល្ងាច

ធ្វើ​ឲ្យ​អ្វីៗ​គ្រប់​យ៉ាង​ថ្មី​ឡើង (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ធ្វើ​ឲ្យ​អ្វីៗ​គ្រប់​យ៉ាង​ថ្មី​ឡើង (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

December 30, 2025

«ទ្រង់​នឹង​គង់​នៅ​ជា​មួយ​នឹង​គេ គេ​នឹង​ធ្វើ​ជា​រាស្ត្រ​របស់​ទ្រង់ ហើយ​ព្រះ​អង្គ​ទ្រង់​ក៏​នឹង​ធ្វើ​ជា​ព្រះ​ដល់​គេ ។ ព្រះ​ទ្រង់​នឹង​ជូត​អស់​ទាំង​ទឹក​ភ្នែក​ពី​ភ្នែក​គេ​ចេញ នឹង​គ្មាន​សេចក្ដី​ស្លាប់ ឬ​សេចក្ដី​សោក​សង្រេង ឬ​សេចក្ដី​យំទួញ ឬ​ទុក្ខ​លំបាក​ណា​ទៀត​ឡើយ ដ្បិត​សេចក្ដី​មុន​ទាំង​ប៉ុន្មាន បាន​កន្លង​បាត់​ទៅ​ហើយ» (វិវរណៈ ២១:៣-៤)។
មនុស្ស​ពិបាក​យល់​អំពី​ការ​បង្រៀន​ទាំង​មូល​ទាក់​ទង​នឹង​ផ្ទៃ​មេឃ និង​ផែនដី​ថ្មី​ណាស់។ តែ​យើង​អាច​និយាយ​ដោយ​ទំនុក​ចិត្ត​ទាំង​ស្រុង​ថា ព្រះ​ទ្រង់​នឹង​យក​អ្វី​ដែល​មាន​ស្រាប់ ហើយ​កែ​ប្រែ​វា ហើយ​ព្រះ​អង្គ​បាន​ប្ដេជ្ញា​ថា គ្មាន​នរណា ឬអ្វី​មួយ​អាច​បំផ្លាញ​នគរ​ដ៏​ល្អ​ឥត​ខ្ចោះ​របស់​ទ្រង់​បាន​ទេ។ យើង​អាច​និយាយ​​ដោយ​ការ​ដឹង​ច្បាស់​ដូច​នេះ ព្រោះ​ព្រះ​អង្គ​ជា​ព្រះ​មាន​ព្រះ​ចេស្ដា ក្នុង​ការ​សម្រេច​ព្រះ​បន្ទូល​សន្យា​របស់​ព្រះ​អង្គ ដូច​ដែល​ព្រះ​អង្គ​បាន​បង្ហាញ​ដោយ​សិរីល្អ​ខ្ពស់​បំផុត នៅ​លើ​ឈើ​ឆ្កាង និង​ផ្នូរ​ដែល​នៅ​ទទេ។ សព្វ​ថ្ងៃ​នេះ នៅ​ពី​ក្រោយ​ប្រវត្តិ​សាស្ត្រ ព្រះ​ទ្រង់​កំពុង​តែ​ត្រៀម​បង្ហាញ​នគរ​ព្រះ​អង្គ​ឲ្យ​គេ​បាន​ស្គាល់​យ៉ាង​ពេញ​លេញ ហើយ​តាម​ពិត ព្រះ​អង្គ​បាន​ត្រៀម​ទុក​តាំង​ពី​អស់​កល្ប​ជានិច្ច។ នៅ​ពេល​ដែល​ព្រះ​គ្រីស្ទ​យាង​មក​វិញ ព្រះ​អង្គ​នឹង​ឲ្យ​នគរ​ថ្មី​មួយ​នេះ​បង្ហាញ​ខ្លួន​ឡើង ជា​ផ្ទៃ​មេឃ និង​ផែនដី​ថ្មី ដែល​មាន​សេចក្តី​សុចរិត​ពេញ​លេញ។ 
នៅ​ពេល​ដែល​នគរ​ដ៏​ល្អ​ឥត​ខ្ចោះ​របស់​ព្រះ​អង្គ​បាន​តាំង​ឡើង នៅ​ទី​បញ្ចប់ ព្រះ​ទ្រង់​នឹង​បាន​ជំនុំ​ជម្រះ​បាប ដោយ​យុត្តិ​ធម៌ ហើយ​ព្រះ​អង្គ​នឹង​បំផ្លាញ​សេចក្តី​អាក្រក់។ សេចក្តី​ស្លាប់ ការ​សោក​សង្រេង ការ​ទួញ​យំ ឬ​ការ​ឈឺ​ចាប់​នឹង​លែង​មាន​ទៀត។ បញ្ហា​ទាំង​អស់​នេះ គ្រាន់​តែ​ជា «រឿង​កាល​ពី​មុន» ដែល​នឹង «កន្លង​ផុត​ទៅ»។ នៅ​ពេល​ដែល​ព្រះ​ទ្រង់​ធ្វើ​ឲ្យ​នគរ​ទ្រង់​ចេញ​ជា​រូប​រាង នៅ​ពេល​ដែល​ផែនការ​ដ៏​ឥត​ខ្ចោះ​របស់​ព្រះ​អង្គ​បាន​សម្រេច គ្មាន​នរណា​ម្នាក់ ឬ​អ្វី​មួយ​អាច​ធ្វើ​ឲ្យ​ខូច​នគរ​របស់​ទ្រង់​បាន​ទេ។
ពាក្យ «ថ្មី» ដែល​គេ​​​ប្រើ​ដើម្បី​ពណ៌នា​អំពី​ផ្ទៃ​មេឃ និង​ផែនដី​ថ្មី ក្នុង​បទ​គម្ពីរ​វិវរណៈ​មិន​បាន​ពណ៌នា​អំពី​ពេល​វេលា ឬ​ដើម​កំណើត​នោះ​ទេ តែ​ពណ៌នា​អំពី​ប្រភេទ និង​គុណ​ភាព។ អាច​និយាយ​ម្យ៉ាង​ទៀត​ថា ព្រះ​ទ្រង់​នឹង​កែ​ប្រែ​ស្នា​ព្រះ​ហស្ត​របស់​ទ្រង់ ដើម្បី​ឲ្យ​វា​ឆ្លុះ​បញ្ចាំង​អំពី​សិរីល្អ និង​ភាព​ធំ​ប្រសើរ​ដែល​ព្រះ​អង្គ​សព្វ​ព្រះ​ទ័យ​ឲ្យ​មាន​តាំង​ពី​ដើម​មក។ ព្រះ​ទ្រង់​នឹង​មិន​ឲ្យ​សាតាំង​មាន​ការ​ពេញ​ចិត្ត នៅ​ពេល​វា​ឃើញ​ព្រះ​អង្គ​បំផ្លាញ​ស្នា​ព្រះ​ហស្ត​របស់​ព្រះ​អង្គ​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ ព្រះ​អង្គ​នឹង​ប្រើ​ភ្លើង​ដុត​វា​ឲ្យ​បរិសុទ្ធ គឺ​ដូច​ដែល​ព្រះ​អង្គ​ធ្លាប់​ប្រើ​ទឹក​ក្នុង​សម័យ​លោក ណូអេ (២ពេត្រុស ៣:៥-៧)។ 
ដូច​នេះ ផែនដី​ថ្មី​នឹង​នៅ​តែ​ជា​ផែនដី។ វា​នឹង​ក្លាយ​ជា​ទី​កន្លែង​ខាង​រូប​កាយ ជា​ទី​លំនៅ​របស់​មនុស្ស​មាន​រូប​កាយ ប៉ុន្តែ «គ្រប់​ទាំង​អស់​នឹង​ស្គាល់​ព្រះ​យេហូវ៉ា នៅ​ពេញ​ពាស​លើ​ផែនដី ដូច​ជា​ទឹក​នៅ​ពេញ​ពាស​ក្នុង​សមុទ្រ​ដែរ» (អេសាយ ១១:៩)។ ហេតុ​នេះ​ហើយ ស្នា​ព្រះ​ហស្ត​ទាំង​មូល​បាន​ទន្ទឹង​រង់​ចាំ ដោយ​ចិត្ត​ស្រេក​ឃ្លាន​រក​ការ​រំដោះ​ឲ្យ​រួច​ពី​ចំណង​របស់​អំពើ​បាប និង​ភាព​ពុក​ផុយ (រ៉ូម ៨:១៩-២២)!
ស្នា​ព្រះ​ហស្ត​ថ្មី​នេះ គឺ​ស័ក្តិ​សម​នឹង​ឲ្យ​យើង​រង់​ចាំ។ វា​ស័ក្តិសម​នឹង​ឲ្យ​យើង​រស់​នៅ និង​ស្លាប់​ដើម្បី​ស្នា​ព្រះ​ហស្ត​នោះ។ ព្រះ​ទ្រង់​នឹង​ធ្វើ​ឲ្យ​អ្វីៗ​គ្រប់​យ៉ាង​ថ្មី​ឡើង ទាំង​វិញ្ញាណ គំនិត និង​រូប​កាយ​របស់​យើង និង​ថែម​ទាំង​បរិស្ថាន​ដែល​យើង​កំពុង​រស់​នៅ។ អ្វីៗ​ដែល​ធ្វើ​ឲ្យ​ខូច​ជីវិត​នៅ​លើ​ផែនដី​នឹង​មិន​មាន​វត្តមាន​នៅ​ទីនោះ​ទេ ហើយ​យើង​នឹង​មាន​ការ​ស្កប់​ចិត្ត ចំពោះ​អ្វីៗ​ដែល​យើង​សង្ឃឹម និង​រំពឹង​រង់​ចាំ។ 
ដូច​នេះ យើង​រង់​ចាំ​ដោយ​ចិត្ត​ឆេះ​ឆួល (រ៉ូម ៨:២៣)។ យើង​មិន​ចាំ​បាច់​ត្រូវ​អស់​សង្ឃឹម​ឡើយ ទោះ​ជីវិត​មាន​ភាព​ងងឹត​យ៉ាង​ណា​ក៏​ដោយ ព្រោះ​ថ្ងៃ​ដែល​ព្រះ​ទ្រង់​នឹង​ជួត​អស់​ទាំង​ទឹក​ភ្នែក​ជិត​មក​ដល់​ហើយ។ ហើយ​យើង​រង់​ចាំ​ថ្ងៃ​នេះ ដោយ​ចិត្ត​អត់​ធ្មត់ (ខ.២៥)។ អ្នក​មិន​ត្រូវ​ព្យាយាម​ស្រវា​ស្រទេញ​អ្វីៗ​ដែល​អ្នក​គិត​ថា អ្នក​ត្រូវ​ការ​នោះ​ឡើយ ទោះ​មាន​ការ​ល្បួង​ឲ្យ​យើង​ចង់​បាន​ពួក​វា​ខ្លាំង​ប៉ុណ្ណា​ក៏​ដោយ ព្រោះ​ថ្ងៃ​ដែល​ព្រះ​ទ្រង់​នឹង​ប្រទាន​ក្តី​អំណរ និង​ការ​ស្កប់​ចិត្ត​លើស​ពី​ក្តី​ស្រមៃ​របស់​អ្នក គឺ​នៅ​ជិត​បង្កើយ​ទេ។ ចូរ​ឲ្យ​ភាព​ឆេះ​ឆួល និង​ការ​អត់​ធ្មត់​មាន​នៅ​ក្នុង​ផ្នត់​គំនិត​របស់​អ្នក​នៅ​ថ្ងៃ​នេះ​ចុះ។ 


ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ រ៉ូម ៨:១៨-២៥
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ សាការី ១៣‌-១៤ និង​លូកា ២៤:១-៣៥

ប្រភេទ