នំម៉ាណាប្រចាំថ្ងៃ
ព្រះ​នៃ​សេចក្តី​សង្ឃឹម (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ព្រះ​នៃ​សេចក្តី​សង្ឃឹម (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

January 1, 2026

«សូម​ព្រះ​នៃ​សេចក្ដី​សង្ឃឹម​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​បាន​គ្រប់​អស់​ទាំង​សេចក្ដី​អំណរ នឹង​សេចក្ដី​សុខ​សាន្ត​ដ៏​ពោរ​ពេញ ដោយសារ​សេចក្ដី​ជំនឿ ប្រយោជន៍​ឲ្យ​បាន​សេចក្ដី​សង្ឃឹម​ជា​បរិបូរ ដោយ​ព្រះ​ចេស្ដា​នៃ​ព្រះវិញ្ញាណបរិសុទ្ធ» (រ៉ូម ១៥:១៣)។ 
សព្វថ្ងៃ​នេះ យើង​ស្ថិត​នៅ​ក្នុង​យុគ​សម័យ​មួយ ក្នុង​ប្រវត្តិ​សាស្ត្រ ដែល​យើង​ងាយ​នឹង​ចោទ​សួរ អំពី​ក្តី​សង្ឃឹម​ក្នុង​ហានិភ័យ​នៃ​លោកិយ​។ ការ​សិក្សា​ខ្លីៗ​អំពី​ប្រវត្តិសាស្ត្រ​នៅ​សតវត្សរ៍​មុនៗ ក៏​អាច​ក្រើន​រំឭក​យើង​ផង​ដែរ​ថា យើង​មិនមែន​កំពុង​រស់នៅ​ក្នុង​សម័យ​ដែល​អាក្រក់ ឬ​ខ្មៅ​ងងឹត​បំផុត ដែល​មនុស្ស​ជាតិ​ធ្លាប់​បាន​ឆ្លង​កាត់​នោះ​ទេ ប៉ុន្តែ ដោយសារ​ការ​យល់​ដឹង​មាន​កំណត់ យើង​ងាយ​នឹង​មាន​ការ​ភ័យ​ព្រួយ និង​បែក​អារម្មណ៍ ឬ​ថប់​បារម្ភ​។ យកល្អ យើង​គួរ​តែ​អាន​ការ​បង្រៀន​របស់​សាវ័ក​ប៉ុល ដែល​ជា​ការ​អធិស្ឋាន​ដោយ​ប្រយោល សម្រាប់​ជីវិត​ប្រចាំ​ថ្ងៃ​របស់​យើង ដែល​សូម​ឲ្យ​ព្រះ​នៃ​ការ​ស៊ូ​ទ្រាំ ប្រទាន​យើង​នូវ​ការ​លើក​ទឹក​ចិត្ត ក្នុង​ពេល​ដែល​មាន​ការ​ភ័យ​ខ្លាច និង​ការ​សង្ស័យ ដោយ​បំពេញ​យើង​នូវ​ក្តី​អំណរ និង​សន្តិភាព​។ 
កណ្ឌ​គម្ពីរ​រ៉ូម បាន​ផ្តល់​ឲ្យ​នូវ​ការ​បង្រៀន​ទេវសាស្រ្ត​ស៊ី​ជម្រៅ​បំផុត​ ដែល​សាវ័ក​ប៉ុល​បាន​និពន្ធ​ឡើង សម្រាប់​ពួក​ជំនុំ​ចម្រុះ​មួយ ក្នុង​ទីក្រុង​រ៉ូម ដែល​មាន​ជនជាតិ​យូដា និង​សាសន៍​ដទៃ បុរស និង​ស្រ្តី អ្នក​មាន និង​អ្នកក្រ ដែល​មាន​កំរិត​នៃ​ភាព​ពេញវ័យ​ខាង​វិញ្ញាណ​ខុស​ៗ​គ្នា​។ នៅ​ចុង​បញ្ចប់​នៃ​កណ្ឌ​គម្ពីរ​សំបុត្រ​ដ៏​រុងរឿង​នេះ គាត់​ចង់​អំពាវនាវ​ពួកគេ ឲ្យ​រស់នៅ​ដោយ​ទុកចិត្ត​ព្រះ ក្នុង​នាម​ជា​មនុស្ស​ដែល​មាន​ក្តី​សង្ឃឹម​ដ៏​ស្ថិត​ស្ថេរ ខុសពី​លោកិយ​។ យើង​រក​ឃើញ​ក្តី​សង្ឃឹម​ដូច​នេះ ដោយ​គ្រាន់តែ​ស្គាល់​ព្រះ​របស់​យើង​។ ព្រះអង្គ​គឺជា​ព្រះ​នៃ​សេចក្តី​សង្ឃឹម ដោយ​មាន​ហេតុផល​ពីរ​យ៉ាង​។
ទីមួយ ព្រះ​ទ្រង់​គឺជា​អ្នក​បង្កើត​ឲ្យ​មាន​ក្តី​សង្ឃឹម​នៅ​ក្នុង​ចិត្ត​យើង​។ ព្រះបន្ទូល​របស់​ព្រះអង្គ «បាន​ចែង​សំរាប់​នឹង​បង្រៀន​ដល់​យើង​រាល់​គ្នា»(រ៉ូម ១៥:៤) ដើម្បី​ឲ្យ​យើង​អាច​គិត និង​រៀន​សូត្រ​អំពី​ភាព​ស្មោះ​ត្រង់​ដ៏​ស្ថិត​ស្ថេរ​របស់​ព្រះអង្គ​។ ក្តី​សង្ឃឹម ការ​ស៊ូ​ទ្រាំ ការ​លើក​ទឹក​ចិត្ត និង​សន្តិភាព​ក្នុង​ចិត្ត មិនមែន​ជា​អ្វី​ដែល​យើង​អាច​ដើរ​ប្រមូល​ពី​ខាង​ក្រៅ​មក ​ដោយ​ខ្លួន​ឯង​បាន​ទេ តែ​បាន​កើត​មាន​ឡើង​ពី​ខាង​ក្នុង​ចិត្ត​យើង​មក តាមរយៈ​ព្រះវិញ្ញាណបរិសុទ្ធ ដែល​គង់នៅ​ក្នុង​ចិត្ត​យើង​។ 
ទីពីរ ព្រះអង្គ​គឺជា​កម្ម​វត្ថុ​នៃ​ក្តី​សង្ឃឹម​របស់​យើង​។ ហោរា​យេរេមា បាន​ប្រកាស​នៅ​ក្នុង​កាលៈទេសៈ​ដែល​គួរ​ឲ្យ​ភ័យ​ខ្លាច​របស់​គាត់​ថា «ព្រះយេហូវ៉ា​ជា​ចំណែក​នៃ​ខ្ញុំ ហេតុ​នោះ​ខ្ញុំ​នឹង​សង្ឃឹម​ដល់​ទ្រង់»(បរិ​ទេវ ៣:២៤)។ អ្នក​និពន្ធ​កណ្ឌ​គម្ពីរ​ទំនុក​ដំកើង​ក៏​យល់​ស្រប​ដូច​នេះ​ផង​ដែរ នៅពេល​ដែល​គាត់​បាន​និពន្ធ​ទំនុក​ដំកើង​នោះ​ឡើង ជា​ការ​ឆ្លើយតប ចំពោះ​កាលៈទេសៈ​ដែល​ធ្វើ​ឲ្យ​គាត់​បាក់​ទឹក​ចិត្ត យ៉ាង​ដូច​នេះ​ថា «ឯ​សាច់ និង​ចិត្ត​ទូល​បង្គំ នោះ​នឹង​សាប​សូន្យ​ទៅ​បាន ប៉ុន្តែ​ព្រះ​ទ្រង់​ជា​ទីពឹង​នៃ​ចិត្ត ហើយ​ជា​ចំណែក​មរដក​នៃ​ទូល​បង្គំ​ជា​ដរាប​ដែរ»(ទំនុក​ដំកើង ៧៣:២៦)។ អាច​និយាយ​ម្យ៉ាង​ទៀត​ថា ទោះ​ទុក្ខ​លំបាក​បាន​បន្ត​មាន​ក្នុង​ជីវិត​យើង​យូរ​ប៉ុណ្ណា​ក៏ដោយ បើ​យើង​មាន​ព្រះ​គង់នៅ​ជាមួយ នោះ​ទ្រង់​ជា​ព្រះ​របស់​យើង​អស់​កល្ប​ជានិច្ច ហើយ​ព្រះអង្គ​មាន​ភាព​គ្រប់​គ្រាន់​សម្រាប់​យើង​អស់​កល្ប​ជានិច្ច​។ ដូច​នេះ ព្រះ​ដែល​យើង​ជួប​ក្នុង​ព្រះ​គម្ពីរប៊ីប គឺជា​ព្រះ​នៃ​ក្តី​សង្ឃឹម គឺ​ក្តី​សង្ឃឹម​ដែល​មិនមែន​តែ​សម្បក​ក្រៅ ឬ​បណ្ដោះ​អាសន្ន​នោះ​ឡើយ​។ ព្រះ​អង្គ​សង្គ្រោះ​ដ៏​អស់​កល្ប​នៃ​យើង មាន​ព្រះ​ជន្ម​គ្រប់​សម័យ​កាល​។ 
ពេលណា​អ្នក​ជួប​រឿង​វិបត្តិ អ្នក​ឆាប់​រក​ឃើញថា អ្នក​បាន​ទុក​ដាក់​ក្តី​សង្ឃឹម​ទៅលើ​អ្វី​។ បើ​អ្នក​មាន​ជំនឿ​ទៅលើ​ព្រះបន្ទូល​សន្យា​របស់​ព្រះ នោះ​ក្តី​សង្ឃឹម​របស់​អ្នក​ក៏​ជាប់​នៅ ក្នុង​ព្រះបន្ទូល​សន្យា​ទាំង​នោះ ហើយ​នឹង​មិន​មាន​ការ​ខក​ចិត្ត​ឡើយ​។ ក្តី​សង្ឃឹម​នោះ​នឹង​ជាប់​នៅ ក្នុង​ការ​ឆ្លង​កាត់​ទុក្ខ​លំបាក​ទាំង​អស់​នៃ​ជីវិត​។ ទោះ​មាន​រឿង​អ្វី​ដែល​គួរ​ឲ្យ​ភ័យ​ខ្លាច​ នៅ​ពីមុខ​អ្នក​ក៏ដោយ ក៏​អ្នក​ដឹង​ច្បាស់​ថា ព្រះ​របស់​អ្នក​ដែល​បាន​បង្កើត​ពិភពលោក និង​នាំ​អ្នក​ចេញពី​សេចក្តី​ស្លាប់​ទៅ​រក​ជីវិត ហើយ​រក្សា ព្រមទាំង​ទ្រទ្រង់​អ្នក ដោយ​ព្រះ​ចេស្តា​របស់​ព្រះអង្គ​។
យើង​អាច​រក​ឃើញ​ក្តី​សង្ឃឹម នៅ​ក្នុង​ព្រះ​អង្គ​តែ​ប៉ុណ្ណោះ​។ ហើយ​មានតែ​មើលទៅ​ព្រះអង្គ​ទេ ទើប​យើង​អាច​មាន​ពេញ​ដោយ​អំណរ និង​សន្តិភាព នៅ​ថ្ងៃ​នេះ និង​ជា​រៀង​រាល់​ថ្ងៃ រហូត​អស់​កល្ប​ជានិច្ច​។ 


ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ ទំនុក​ដំកើង ៤៦
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ លោកុប្បត្ដិ ១-៣ និង រ៉ូម ១

ប្រភេទ