នំម៉ាណាប្រចាំថ្ងៃ
ព្រះបន្ទូល​ដែល​បាន​ធ្វើ​ជា​ហោរា (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ព្រះបន្ទូល​ដែល​បាន​ធ្វើ​ជា​ហោរា (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

January 2, 2026

«មាន​ហោរា១ធំ​បាន​កើត​ឡើង​ក្នុង​ពួក​យើង ហើយ​ថា ព្រះ​បាន​ប្រោស​រាស្ត្រ​ទ្រង់​ហើយ»។ លូកា ៧:១៦
តាម​និស្ស័យ​សាច់ឈាម​របស់​យើង យើង​មើល​មិន​ឃើញ​សេចក្តី​ល្អ​របស់​ព្រះយេស៊ូវ​ទេ​។ បើ​តាម​ចិត្ត​របស់​យើង យើង​មិន​ចង់​ប្រកាស​ថា ព្រះយេស៊ូវ​អស្ចារ្យ ព្រះ​យេស៊ូវ​មាន​សេចក្តី​ល្អ ហើយ​ព្រះយេស៊ូវ​ល្អ​គ្មាន​អ្វី​ប្រៀប​ផ្ទឹម​បាន​នោះ​ឡើយ​។ បើ​គ្មាន​ជំនួយ​ពី​ព្រះអង្គ​ទេ យើង​នៅ​ជាប់​ក្នុង​ភាព​ងងឹត​ទាំងស្រុង ដោយ​បដិសេធ​អ្វីៗ​ដែល​ព្រះ​ទ្រង់​បាន​បង្ហាញ​យ៉ាង​ច្បាស់​ដល់​យើង​។ 
លោក ​ថូម៉ូស វ៉តសិន(Thomas Watson) ជា​គ្រីស្ទបរិស័ទ​ក្រុម​ភួរិទិន នៅ​សតវត្សរ៍ទី១៧ បាន​កត់​សំគាល់​ឃើញថា ភាព​ងងឹត​ខាង​វិញ្ញាណ​ គឺ​អាក្រក់​លើស​ភាព​ងងឹត​តាម​ធម្មជាតិ​ទៅទៀត តែ «ភាព​ងងឹត​តាម​ធម្មជាតិ​ធ្វើ​ឲ្យ​មនុស្ស​ភ័យ​ខ្លាច» តែ «ពួកគេ​មិន​ខ្លាច​ភាព​ងងឹត​ខាង​វិញ្ញាណ​ទេ ហើយ​ពួក​គេ​មិន​ភ័យ​ញ័រ ចំពោះ​ស្ថានភាព​របស់​ខ្លួន តែ​ពួកគេ​ចូល​ចិត្ត​សណ្ឋាន​របស់​ខ្លួនឯង​ណាស់»។2 យើង​ស្រឡាញ់​ភាព​ងងឹត ជាង​ពន្លឺ ព្រោះ​ចិត្ត​របស់​យើង​មាន​ទំនោរ​ទៅ​រក​ភាព​ងងឹត ហើយ​ការ​ប្រព្រឹត្ត​របស់​យើង​ទៀតសោត ក៏​ពិតជា​អាក្រក់(យ៉ូហាន ៣:១៩-២០)។
តើមាន​ពន្លឺ​សម្រាប់​ភាព​ងងឹត​របស់​យើង​ទេ? តើមាន​សេរី​ភាព ឲ្យ​យើង​រួច​ផុត​ពី​ចំណង​នៃ​ភាព​អាត្មា​និយម​ទេ? ចម្លើយ​នោះ​គឺ ពិត​ណាស់ យើង​ពិតជា​អាច​មាន​សេរី​ភាព ក្នុង​អង្គ​ព្រះយេស៊ូវគ្រីស្ទ! ​ខណៈ​ពេល​ដែល​យើង​ពិចារណា អំពី​របៀប​ដែល​ព្រះគ្រីស្ទ​បាន​ប្រទាន​ពន្លឺ និង​ជីវិត នោះ​ដោយ​ព្រះគុណ​ព្រះ យើង​ក៏បាន​ទទួល​ការ​បណ្តាល​ចិត្ត​ជា​ថ្មី​ម្តង​ទៀត ឲ្យ​សរសើរ​ដំកើង​ថា ព្រះអង្គ​អស្ចារ្យ មាន​សេចក្តី​ល្អ​គ្រប់​យ៉ាង និង​គ្មាន​អ្វី​អាច​ប្រៀប​ផ្ទឹម​បាន​ឡើយ​។
ឧទាហរណ៍ ចូរ​យើង​ពិចារណា អំពី​ព្រះយេស៊ូវ ដែល​ជា​ហោរា​ចុង​ក្រោយ ដែល​មាន​ភាព​ធំ​ឧត្តម​បំផុត(ហេព្រើរ ១:១-៣)។ ព្រះ​ទ្រង់​ចាត់​ពួក​ហោរា​ឲ្យ​មក​ឯ​រាស្រ្ត​ទ្រង់ ហើយ​ទី​បំផុត ក៏បាន​ចាត់​ព្រះរាជបុត្រា​ទ្រង់​ឲ្យ​យាង​ចុះ​មក ធ្វើ​ជា​តំណាង​ឲ្យ​ការ​ជំនុំជម្រះ​ជាក់​ស្តែង​មក​លើ​យើង ព្រោះ​ពួក​ហោរា​មាន​ភាព​ចាំបាច់ ដោយសារ​ភាព​ខ្វះ​ចន្លោះ​របស់​យើង​។ តាម​និស្ស័យ​សាច់ឈាម យើង​មិន​ស្គាល់​ព្រះ​ទេ​។ យើង​ត្រូវ​ការ​ជំនួយ​ពី​ព្រះអង្គ ដើម្បី​ឲ្យ​អាច​យល់​អំពី​សេចក្តី​ពិត​សំខាន់​បំផុត​អំពី​ជីវិត​។
ពួក​ហោរា​នៅ​គ្រា​សញ្ញា​ចាស់ បាន​ទទួល​ការ​ចាក់​ប្រេង​តាំង និង​ការ​ចាត់​តាំង​ឲ្យ​ទៅ​ថ្លែង​ព្រះបន្ទូល ទាស់​ប្រឆាំង​នឹង​ភាព​ល្ងង់​ខ្លៅ និង​ភាព​ខ្វាក់​ខាង​វិញ្ញាណ​របស់​មនុស្ស​។ ទោះជា​យ៉ាងណា​ក៏ដោយ ហោរា​ទាំង​នេះ​ប្រកាស​តែ​ព្រះបន្ទូល​របស់​ព្រះ​ប៉ុណ្ណោះ​។ នៅពេល​ដែល​ព្រះ​យេស៊ូវ​យាង​មក​រក​យើង​ដោយ​ផ្ទាល់ គឺ​ទ្រង់​បាន​យាង​មក​ ក្នុង​នាម​ជា​ព្រះបន្ទូល​របស់​ព្រះ ដើម្បី​មាន​បន្ទូល ទាស់​ប្រឆាំង​ភាព​ល្ងង់​ខ្លៅ និង​បើក​ត្រចៀក​របស់​យើង​ដែល​ថ្លង់ ហើយ​បើក​ភ្នែក​របស់​យើង​ដែល​បាន​ខ្វាក់​។ ដូច​នេះ ព្រះអង្គ​ជា​ហោរា​ដែល​ធំ​ឧត្តម​បំផុត​។
ក្នុង​កណ្ឌ​គម្ពីរ​ដំណឹង​ល្អ យើង​ឃើញថា កាល​ព្រះយេស៊ូវ​ទើបតែ​ចាប់​ផ្តើម​ព្រះ​រាជ​កិច្ច​ គេ​​ស្ទើរ​តែ​​គិត​ស្មាន​ភ្លាម​ៗ​ថា ព្រះអង្គ​គឺជា​ហោរា​។ ព្រោះ​បន្ទាប់​ពី​ព្រះអង្គ​បាន​ប្រោស​កូន​ប្រុស​របស់​ស្រ្តី​មេម៉ាយ​ម្នាក់ នៅ​ក្រុង​ណាអ៊ិន ពួក​បណ្តាជន​ក៏​បាន​ឆ្លើយ​តប​ថា «មាន​ហោរា១ធំ​បាន​កើត​ឡើង​ក្នុង​ពួក​យើង!» ស្រដៀង​គ្នា​នេះ​ដែរ ក្នុង​បទ​គម្ពីរ​យ៉ូហាន ជំពូក ៦ នៅពេល​ដែល​ព្រះអង្គ​ប្រទាន​អាហារ​ដល់​មនុស្ស៥ពាន់​អ្នក គេ​ក៏បាន​លាន់​មាត់​​ថា «លោក​នេះ​ប្រាកដ​ជា​ហោរា​នោះ ដែល​ត្រូវ​មក​ក្នុង​លោកីយ​មែន»(យ៉ូហាន ៦:១៤)។ ជា​ការ​ពិត​ណាស់ ព្រះយេស៊ូវ​ក៏បាន​ទទួល​ស្គាល់​តួនាទី​នេះ កាល​ព្រះ​អង្គ​ចង្អុល​បង្ហាញ នៅ​ក្នុង​ភូមិ​ណាសារ៉ែត​ថា «គ្មាន​ហោរា​ណា​ដែលគេ​រាប់អាន​នៅ​ក្នុង​ស្រុក​របស់​ខ្លួន​នោះ​ទេ»(លូកា ៤:២៤)។ 
ព្រះ​យេស៊ូវ​បាន​យាង​មក​ ក្នុង​នាម​ព្រះអង្គ​ជា​ព្រះបន្ទូល​របស់​ព្រះ​។ ហេតុ​នេះ​ហើយ បទ​ទំនាយ​បាន​សម្រេច នៅ​ក្នុង​ព្រះអង្គ ហើយ​យើង​ក៏​រក​ឃើញ​ការ​បង្ហាញ​ប្រសើរ​បំផុត នូវ​សេចក្តី​ពិត ក្នុង​ព្រះអង្គ​ផង​ដែរ គឺ​សេចក្តី​ពិត ដែល​មិន​គ្រាន់តែ​មាន​ក្នុង​ការ​បង្រៀន​របស់​ព្រះអង្គ តែ​ក៏​មាន​ក្នុង​អង្គ​ទ្រង់​ផង​ដែរ​។ យើង​ត្រូវ​ការ​ព្រះយេស៊ូវ​អប់រំ​ចិត្ត​យើង និង​បណ្តេញ​សេចក្តី​ងងឹត​ចេញពី​យើង ហើយ​ឈោង​ចាប់​យើង តាម​របៀប​ដែល​គ្មាន​នរណា​អាច​ធ្វើ​បាន​។ បើ​ព្រះអង្គ​មិន​បាន​បង្រៀន​យើង​ទេ នោះ​យើង​ក៏​មិន​អាច​រៀន​អំពី​ព្រះអង្គ​បាន​ឡើយ។ បើ​យើង​មិន​ដឹង​ថា ព្រះអង្គ​ជា​ព្រះបន្ទូល​ព្រះ​ទេ នោះ​យើង​ក៏​មិន​អាច​មាន​ប្រាជ្ញា​ដែល​នាំ​ទៅ​រក​សេចក្តី​សង្គ្រោះ​ដែរ​។ ប៉ុន្តែ នៅពេល​ដែល​ហោរា​ដែល​ធំ​ឧត្តម​បំផុត​នេះ ​មាន​បន្ទូល​ជា​សេចក្តី​ពិត​ចូល​ទៅ​ក្នុង​ចិត្ត​យើង យើង​អាច​និយាយ​ថា «នេះ​ជា​សេចក្តី​ពិត» ហើយ​យើង​សរសើរ​ព្រះ ដែល​ជា​សេចក្តី​ពិត​សព្វ​គ្រប់ ដោយ​បន្លឺ​សម្លេង​ថា ព្រះអង្គ​គឺជា​គ្រូ និង​ជា​ព្រះ​អង្គ​សង្គ្រោះ​ដ៏​អស្ចារ្យ មាន​សេចក្តី​ល្អ​គ្រប់​យ៉ាង និង​គ្មាន​អ្វី​អាច​ប្រៀប​ផ្ទឹម​បាន​។ 


ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ ២ពេត្រុស ១:១៦-២១
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ លោកុប្បត្ដិ ៤-៦ និង រ៉ូម ២
 

ប្រភេទ