នំម៉ាណាប្រចាំថ្ងៃ
ព្រះបន្ទូល​សន្យា នៅ​ពី​ក្រោយ​ក្រឹត្យ​វិន័យ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ព្រះបន្ទូល​សន្យា នៅ​ពី​ក្រោយ​ក្រឹត្យ​វិន័យ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

January 4, 2026

ព្រះអម្ចាស់​មាន​បន្ទូល​ថា ឯ​សេចក្ដី​សញ្ញា ដែល​អញ​នឹង​តាំង​ដល់​វង្សានុវង្ស​នៃ​ពួក​អ៊ីស្រាអែល​ក្រោយ​គ្រា​នោះ គឺថា អញ​នឹង​ដាក់​ក្រិត្យ​វិន័យ​អញ​នៅ​ក្នុង​គំនិត​គេ ហើយ​នឹង​កត់ទុក នៅ​ក្នុង​ចិត្ត​គេ​ផង អញ​នឹង​ធ្វើ​ជា​ព្រះ​ដល់​គេ ហើយ​គេ​នឹង​ធ្វើ​ជា​រាស្ត្រ​របស់​អញ​ (ហេព្រើរ ៨:១០)។
ក្រឹត្យ​វិន័យ​របស់​ព្រះអម្ចាស់ គឺជា​ច្បាប់​ដ៏​ល្អឯក ដែល​បាន​បើក​បង្ហាញ​កំហុស​ជ្រៅ​បំផុត​របស់​យើង ហើយ​ទន្ទឹម​នឹង​នោះ ក៏បាន​បង្រៀន​មនុស្ស​មិន​បរិសុទ្ធ អំពី​របៀប​ចូល​ទៅ​រក​ព្រះ​ដែល​បរិសុទ្ធ ក្នុង​ការ​ថ្វាយបង្គំ​។ ការ​បង្គាប់​ក្នុង​ក្រឹត្យ​វិន័យ​ប្រៀប​ដូច​ជា​អាវ​ចាក់​។ បើសិន​ជា​យើង​រុះ​ខ្សែ​អំបោះ​តែមួយ​ខ្សែ​ចេញ អាវ​ទាំង​មូល​នឹង​ខូច​អស់​។
បាន​សេចក្តី​ថា គ្មាន​រឿង​តូចតាច​ក្នុង​ក្រឹត្យ​វិន័យ​របស់​ព្រះ​ឡើយ​។ ពេលណា​យើង​បំពាន​ក្រឹត្យ​វិន័យ​តូច​មួយ យើង​មាន​ទោស​ពី​បទ​រំលង​ក្រឹត្យ​វិន័យ​ទាំងមូល​។ កណ្ឌ​គម្ពីរ​យ៉ាកុប​បាន​ប្រាប់​យើង​យ៉ាង​ច្បាស់​ថា «ដ្បិត​អ្នកណា​ដែល​កាន់​ក្រិត្យ​វិន័យ​ទាំងមូល តែ​ភ្លាត់​ជំពប់​នឹង​បទ​ណាមួយ នោះ​ក៏​ត្រឡប់ជា​មាន​ទោស​ចំពោះ​ក្រិត្យ​វិន័យ​ទាំងមូល​នោះ​ហើយ»(យ៉ាកុប ២:១០)។ ក្រឹត្យ​វិន័យ​មិនមែន​ជា​ថ្ម​មួយ​គំនរ ដែល​យើង​អាច​ដក​ថ្ម​មួយដុំ​ចេញ ហើយ​គំនរ​ថ្ម​មិន​ដួល​រលំ​នោះ​ឡើយ​។ ផ្ទុយ​ទៅវិញ ក្រឹត្យ​វិន័យ​ប្រៀប​ដូចជា​កញ្ចក់​មួយ​ផ្ទាំង ដែល​អាច​បែក​ដោយសារ​ស្នាម​ប្រេះ​តូច​មួយ​។ ហេតុ​អ្វី? ព្រោះ​ក្រឹត្យ​វិន័យ​របស់​ព្រះ មិនមែន​ជា ច្បាប់ ឬ​បទ​បញ្ជា​ដែល​ព្រះអង្គ​ចេះតែ​តាក់តែង ដោយ​ឥត​ហេតុ​នោះ​ឡើយ តែ​ជា​ការ​បង្ហាញ​ចារិត​លក្ខណៈ នៃ​ព្រះ​នៃ​សិរី​ល្អ​ដ៌​ឥត​ខ្ចោះ និង​បរិសុទ្ធ​។
នៅពេល​ដែល​យើង​ធ្វើ​ការ​បូក​សរុប យើង​នឹង​ទទួល​បាន​សេចក្តី​ពិត​គួរ​ឲ្យ​ភ័យ​ខ្លាច​។ តើ​ធ្វើ​ដូច​ម្តេច​ឲ្យ​យើង​អាច​សង្ឃឹមថា នឹង​បាន​ឈាន​ទៅ​ដល់​ស្តង់​ដា​ដ៏​ខ្ពស់​យ៉ាង​នេះ​បាន? តែ​សម្រាប់​អ្នក​ស្គាល់​ព្រះយេស៊ូវគ្រីស្ទ ដោយ​សេចក្តី​ជំនឿ ក្រឹត្យ​វិន័យ​មិន​ថ្កោល​ទោស​ពួកគេ​ទៀត​ទេ​។ ព្រះរាជបុត្រា​នៃ​ព្រះ​សម្រេច​ក្រឹត្យ​វិន័យ​របស់​ព្រះ ដើម្បី​ឲ្យ​រាស្រ្ត​ទ្រង់ មិន​ត្រូវ​ប្រឈម​មុខ​ដាក់​សេចក្តី​ក្រោធ​របស់​ទ្រង់​ទៀត​ទេ​។ ព្រះរាជបុត្រា​នៃ​ព្រះ​សម្រេច​ក្រឹត្យ​វិន័យ​របស់​ព្រះ ដើម្បី​ឲ្យ​រាស្រ្ត​ទ្រង់​មិន​ចាំបាច់​ត្រូវ​ប្រឈម​មុខ​ដាក់​សេចក្តី​ក្រោធ​របស់​ទ្រង់​ឡើយ​។ តាមរយៈ​ការ​សុគត និង​ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​របស់​ព្រះយេស៊ូវ យើង​បាន​ជៀស​ចេញពី​ការ​ដាក់​ទោស​ដ៏​យុត្តិ​ធម៌​មក​លើ​បាប​របស់​យើង​។ សព្វថ្ងៃ​នេះ ក្រឹត្យ​វិន័យ​មិន​បន្ត​នៅ​ក្រៅ​ខ្លួន​យើង​ទេ តែ​បាន​កត់​នៅ​លើ​ចិត្ត​របស់​យើង​។ ព្រះ​វិញ្ញាណ​នៃ​ព្រះ​ដែល​បាន​ចារ​ក្រឹត្យ​វិន័យ​នៅ​លើ​ចិត្ត​យើង ក៏បាន​ធ្វើ​ការ​កែ​ប្រែ​យើង ដើម្បី​ឲ្យ​យើង​ទទួលយក​ភារកិច្ច និង​កាតព្វកិច្ច​របស់​ក្រឹត្យ​វិន័យ ដោយ​អំណរ​។ ក្នុង​ព្រះគ្រីស្ទ យើង​មិន​គ្រាន់តែ​បាន​សង្គ្រោះ រួចពី​ទោស​នៃ​ការ​មិន​បាន​កាន់​តាម​ក្រឹត្យ​វិន័យ​ប៉ុណ្ណោះ​ទេ តែ​យើង​ក៏​មាន​ធនធាន សម្រាប់​កាន់តែ​ក្រឹត្យ​វិន័យ ដែល​យើង​មិន​ដែល​មាន​ពី​មុន​មក​។
ចូរ​យើង​ស្រមៃ​ថា មាន​ចោរ​ម្នាក់​ដើរ​ចូល​ព្រះវិហារ នៅ​ថ្ងៃ​អា​ទិត្យ ហើយក៏​បាន​ឃើញ​ក្រឹត្យ​វិន័យ១០ប្រការ​។ គាត់​ក៏​បាន​ភ័យ​ញ័រ ចំពោះ​ក្រឹត្យ​វិន័យ​ដែល​បង្គាប់​ថា «កុំ​ឲ្យ​លួច​ប្លន់​ឲ្យសោះ»(និក្ខមនំ ២០:‌១៥)។ គាត់​ក៏បាន​ប្រែ​ចិត្ត​ចេញ​ពី​បាប ហើយ​ទទួលយក​ជីវិត​ថ្មី ក្នុង​ព្រះគ្រីស្ទ​។ ចាប់​តាំងពី​ពេល​នោះ​មក នៅពេល​ដែល​គាត់​អាន​ក្រឹត្យ​វិន័យ​មួយ​នោះ គាត់​យល់​អត្ថន័យ​ខុសពី​មុន​។ បម្រាម «កុំ​ឲ្យ​លួច​ប្លន់​ឲ្យសោះ» ក៏បាន​ប្រែ​ក្លាយ​ជា​ការ​សន្យា​ថា «អ្នក​នឹង​មិន​លួច​ទៀត​ទេ»។
ករណី​នេះ​បាន​ឆ្លុះ​បញ្ចាំង​អំពី​ជីវិត​មនុស្ស​ម្នាក់ៗ ដែល​ទទួល​ជឿ​ព្រះយេស៊ូវ ជា​ព្រះអម្ចាស់​។ តើមាន​អំពើ​បាប​ណា ដែល​អ្នក​កំពុង​តែ​ត​យុទ្ធ ឬ​កំពុងតែ​ចុះ​ចាញ់? តាមរយៈ​ព្រះវិញ្ញាណបរិសុទ្ធ អ្នក​មាន​ធនធាន​គ្រប់​យ៉ាង ដើម្បី​ស្តាប់​បង្គាប់​ព្រះវរបិតា​របស់​អ្នក ដោយ​ទទួល​ស្គាល់​ថា ក្រឹត្យ​វិន័យ​មិនមែន​ជា​ជណ្តើរ​សម្រាប់​ឡើង​ទៅ​ស្ថាន​សួគ៌ ឬ​ជា​ប្រភព​នៃ​ការ​កាត់​ទោស តែ​ជា​ការ​ណែនាំ​អំពី​របៀប​រស់នៅ​។ ដោយ​មាន​ក្តី​សង្ឃឹម​នេះ​ធ្វើ​ជា​អាវុធ​របស់​អ្នក អ្នក​អាច​តយុទ្ធ​នឹង​បាប​របស់​អ្នក ដោយ​ទំនុក​ចិត្ត ដែល​កើត​ចេញពី​ជ័យ​ជម្នះ​ដ៏​ធំ​របស់​ព្រះគ្រីស្ទ​។ 


ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ រ៉ូម ៨:១-៦
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ លោកុប្បត្ដិ ១០-១២ និង រ៉ូម ៤

ប្រភេទ