នំម៉ាណាប្រចាំថ្ងៃ
ផល​វិបាក​នៃ​ភាព​ខ្ជិល​ច្រអូស (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ផល​វិបាក​នៃ​ភាព​ខ្ជិល​ច្រអូស (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

January 5, 2026

«បំណង​ចិត្ត​របស់​មនុស្ស​ខ្ជិល​ច្រអូស នោះ​រមែង​សំឡាប់​ខ្លួន​វិញ ដ្បិត​ដៃគេ​មិន​ព្រម​ធ្វើ​ការ​សោះ ។ មាន​គេ​ដែល​លោភលន់​រាល់តែ​ថ្ងៃ​ជានិច្ច តែ​ឯ​មនុស្ស​សុចរិត គេ​ចែក​ចាយ​វិញ ឥត​សំចៃ​ទុក​អ្វី​ឡើយ»។ សុភាសិត ២១:២៥-២៦
កណ្ឌ​គម្ពីរ​សុភាសិត គឺជា​សៀវភៅ​ដែល​និយាយ​ស៊ី​ជម្រៅ​យ៉ាង​ខ្លាំង អំពី​រឿង​ដែល​យើង​អាច​មើល​ឃើញ​ជាក់​ស្តែង​។ កណ្ឌ​គម្ពីរ​នេះ​បាន​ក្រើន​រំឭក​យើង​ថា ជីវិត​ដែល​គោរព​ប្រតិបត្តិ​ព្រះ មាន​ការ​ស្តាប់​បង្គាប់​តាម​ព្រះបន្ទូល ក្នុង​សកម្ម​ភាព​ធម្មតា​ជា​ប្រចាំ​។ គឺ​ដូច​ដែល​លោក​គ្រូ ដេរ៉េក ឃីដន័រ(Derek Kidner) បាន​សរសេរ​ថា «តួនាទី​របស់​កណ្ឌ​គម្ពីរ​សុភាសិត ក្នុង​ព្រះ​គម្ពីរប៊ីប គឺ​ដើម្បី​ដណ្តប់​កាយ​យើង ដោយ​ការ​គោរព​ប្រតិបត្តិ​ព្រះ»។ 3 សំណេរ​របស់​ស្តេច​សាឡូម៉ូន​មាន​លក្ខណៈ​ជា​ច្រើន ដែល​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា យើង​អាច​ទទួល​បាន​អត្ថ​ប្រយោជន៍​ជា​ច្រើន​សន្ធឹក​ពី​សុភាសិត​របស់​ទ្រង់ ហើយក៏​មាន​អារម្មណ៍​ថា ពិបាក​ទទួលយក​ផង​ដែរ​។
កណ្ឌ​គម្ពីរ​សុភាសិត​បាន​បង្រៀន​យើង អំពី​ផល​វិបាក​នៃ​ភាព​ខ្ជិល​ច្រអូស​។ បទ​គម្ពីរ​បាន​ប្រើ​ពាក្យ «មនុស្ស​ខ្ជិល​ច្រអូស» ដើម្បី​ពិពណ៌នា អំពី​មនុស្ស​ដែល​មាន​ទម្លាប់​អសកម្ម និង​ខ្ជិល ហើយ​មិន​ចង់​ធ្វើ​អ្វី​ដែល​មាន​ប្រយោជន៍​។
មនុស្ស​ខ្ជិល​នោះ​ដេក​ជាប់​នៅ​លើ​គ្រែ(សុភាសិត ២៦:១៤)។ អាច​មានន័យថា អ្នក​នោះ​ងើប​ពី​គ្រែ ក្រោយ​អាហារ​ថ្ងៃ​ត្រង់ ឬ​គ្រាន់តែ​មាន​ការ​រីកចម្រើន​តិចតួច ក្នុង​ការងារ​ប្រចាំ​ថ្ងៃ​។ ពួកគេ​មិន​ចង់​ឲ្យ​អ្នក​ដទៃ​មក​ជួប​ពួកគេ​ដោយ​ផ្ទាល់ ឬ​ប្រើ​ពួកគេ​ឲ្យ​ទទួល​ខុស​ត្រូវលើ​អ្វីមួយ​នោះ​ទេ​។ ពេល​គេ​សួរ​គាត់​ថា «តើ​អ្នក​នឹង​ធ្វើ​កិច្ចការ​នេះ​ទេ?» ពួកគេ​មិន​សប្បាយ​ចិត្ត នៅពេល​ដែលគេ​សួរ​សំណួរ​បន្ទាប់​ថា «តើ​អ្នក​មាន​គម្រោង​ធ្វើ​វា នៅ​ពេលណា?» ឬ​មិន​ពេញ​ចិត្ត​នឹង​បទ​គម្ពីរ​សុភាសិត ៦:៩ ដែល​បាន​សួរ​ថា «ឱ​មនុស្ស​ខ្ជិល​ច្រអូស​អើយ តើ​ឯង​នឹង​ដេក​ដល់​កាលណា តើ​ដល់​កាលណា​បាន​ឯង​ក្រោក​ពី​ការ​ដេក​លក់?» ពួកគេ​មិន​ដែល​បដិសេធ​មិន​ព្រម​ធ្វើ​កិច្ចការ​អ្វី​មួយ​សោះ​នោះ​ទេ ប៉ុន្តែ ពួកគេ​ធ្វើ​ការងារ​ម្តង​បន្តិចៗ​។ ពួក​គេ​បោក​បញ្ឆោត​ខ្លួនឯង ឲ្យ​គិតថា ពួកគេ​នឹង «សម្រេច​កិច្ចការ​នោះ» តែ​ពី​មួយ​នាទី​ទៅ​មួយ​នាទី​ទៀត ពួក​គេ​បាន​បណ្តោយ​ឲ្យ​ឱកាស​កន្លង​ផង​ទៅ ដោយ​មិន​ដឹង​ខ្លួន​។
ក្នុង​បទ​គម្ពីរ​សុភាសិត ១២:២៧ ស្តេច​សាឡូម៉ូន​ក៏បាន​មាន​បន្ទូល​ប្រាប់​យើង​ថា «មនុស្ស​ខ្ជិល​ច្រអូស គេ​មិន​អាំង​សាច់​របស់​សត្វ​ដែល​ខ្លួន​ចាប់​បានទេ តែ​អ្វី‍​ៗ​ដែល​មនុស្ស​ឧស្សាហ៍​មាន នោះ​ក៏​រាប់​ជា​វិសេស​វិញ»។ បាន​សេចក្តី​ថា មនុស្ស​ខ្ជិល​មិន​បញ្ចប់​កិច្ចការ​ដែល​ពួកគេ​ចាប់​ផ្តើម​ទេ​។ ប៉ុន្តែ យើង​ដែល​ជា​អ្នក​ដើរ​តាម​ព្រះគ្រីស្ទ ព្រះអង្គ​បាន​ត្រាស់ហៅ​ឲ្យ​យើង​មាន​ការ​ស៊ូ​ទ្រាំ​មួយ​ប្រភេទ ដែល​នាំ​ឲ្យ​យើង​ច្រូត​កាត់​បានផល តាម​រដូវ​កាល បើសិន​ជា​យើង​មិន​បោះបង់ចោល​ការ​តស៊ូ ក្នុង​ការ​ធ្វើ​ការ​ថ្វាយ​ព្រះ(កាឡាទី ៦:៩)។ ខណៈ​ពេល​ដែល​យើង​នៅតែ​មាន​ការ​ទទួល​ខុស​ត្រូវ ក្នុង​សហគមន៍​គ្រីស្ទបរិស័ទ យើង​អាច​ជួយ​គ្នា​ទៅវិញ​ទៅមក ឲ្យ​មើល​ឃើញ​ចំណុច​ដែល​យើង​មើល​រំលង ដើម្បី​កុំ​ឲ្យ​អាកប្ប​កិរិយា​នៃ​ការ​យកលេស​ដោយ​ភាព​ខ្ជិល​ច្រអូស ប្រែ​ក្លាយ​ជា​បញ្ហា​កាន់តែ​ធំ ដោយសារ​ការ​ផ្គាប់​ចិត្ត​ខ្លួនឯង​នោះ​ឡើយ​។ 
ជីវិត​ខ្ជិល​ច្រអូស នាំមក​នូវ​ភាព​សោកសៅ​យ៉ាង​ពិត​ប្រាកដ ព្រោះ​ភាព​ខ្ជិល​ច្រអូស​មិនមែន​ជា​ភាព​កម្សោយ​របស់​យើង​ទេ តែ​ជា​អំពើបាប​។ វប្បធម៌​នៅ​សម័យ​បច្ចុប្បន្ន បាន​ជំរុញ​ចិត្ត​មនុស្ស​ជា​ច្រើន ឲ្យ​ស្វែងរក​ការ​សម្រាក​លំហែ​លើស​លប់​។ ប៉ុន្តែ អ្នកជឿ​អាច​ធ្វើ​ជា​គំរូ ដែល​ខុស​ប្លែក​យ៉ាង​ខ្លាំង​ពី​លោកិយ​។ ព្រះ​ទ្រង់​បាន​បង្កើត​យើង​មក​ឲ្យ​ធ្វើ​ការ ដោយ​មាន​គោលបំណង ដើម្បី​ឲ្យ​ពន្លឺ​របស់​យើង​ចែង​ចាំ ពីមុខ​អ្នក​ដទៃ ដើម្បី​ឲ្យ​ពួកគេ​អាច​មើល​ឃើញ​ការ​ល្អ​របស់​យើង ហើយ​ថ្វាយ​សិរី​ល្អ​ដល់​ព្រះ​ដែល​គង់នៅ​ស្ថាន​សួគ៌(ម៉ាថាយ ៥:‌១៦)។ អ្នក​អាច​រក​ឃើញ​ការ​ធ្វើ​ដំណើរ​ល្អ​បំផុត នៅ​តាម​ផ្លូវ​នៃ​សេចក្តី​ល្អ និង​ការ​បំពេញ​ភារកិច្ច​។ រង្វាន់​ធំ​បំផុត មិន​មាននៅ​ក្នុង​ការ​សម្រាក​លំហែ និង​ភាព​ស្រណុក​ស្រួល ឬ​ការ​គេចវេស​នោះ​ទេ តែ​នៅ​ក្នុង​ការ​លះបង់ និង​ការ​ចែករំលែក ដោយ​មិន​ស្ទាក់ស្ទើរ ឬ​មិន​គិត​ប្រយោជន៍​ផ្ទាល់​ខ្លួន​។ តើ​អ្នក​នឹង​មាន​ការ​ផ្លាស់​ប្តូរ​យ៉ាងណា ក្នុង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ និង​ការ​ធ្វើ​ការងារ នៅ​ថ្ងៃ​នេះ? 


ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ សុភាសិត ៦:៦-១៩
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ លោកុប្បត្ដិ ១៣-១៥ និង រ៉ូម ៥

ប្រភេទ