នំម៉ាណាប្រចាំថ្ងៃ
បង្ហាញ​ចេញ​សេចក្តី​ស្រឡាញ់ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

បង្ហាញ​ចេញ​សេចក្តី​ស្រឡាញ់ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

January 6, 2026

«គឺ​យ៉ាង​នោះ​ហើយ ដែល​យើង​ខ្ញុំ​បាន​ស្រឡាញ់​ដល់​អ្នក​រាល់​គ្នា ដល់​ម្ល៉េះ​បានជា​យើង​ខ្ញុំ​ចូល​ចិត្ត​ចែក​ដំណឹង​ល្អ​ពី​ព្រះ មក​អ្នក​រាល់​គ្នា មិន​ត្រឹមតែ​ប៉ុណ្ណោះ​ក៏​ចូល​ចិត្ត​ចែក​ទាំង​ជីវិត​យើង​ខ្ញុំ​ផង ដោយ​ព្រោះ​អ្នក​រាល់​គ្នា​បាន​ត្រឡប់ជា​ស្ងួន​ភ្ងា​ដល់​យើង​ខ្ញុំ»។ ១ថែស្សាឡូនិច ២:៨
ការ​ផ្សាយ​ដំណឹង​ល្អ គឺជា​ការ​បង្ហាញ​សេចក្តី​ស្រឡាញ់ តាម​របៀប​ដែល​ប្រសើរ​បំផុត​។ សេចក្តី​ស្រឡាញ់​ប្រភេទ​នេះ​មាន​ការ​លះបង់​ប្រយោជន៍​ខាង​សាច់ឈាម មាន​តម្លៃ​តិច​ជាង ដែល​មាន​ដូចជា​ការ​លើក​តម្កើង និង​ការ​គាប់​ចិត្ត​ពី​អ្នក​ដទៃ ការ​មាន​មុខ​នាទី​ខ្ពង់ខ្ពស់ ការ​អរ​សប្បាយ​នឹង​ជីវិត​ដែល​សុខ​ស្រួល ។​ល​។​។ ការ​លះបង់​ទាំង​អស់​នេះ គឺ​ដើម្បី​ឲ្យ​គេ​បានឮ​ដំណឹង​ល្អ​របស់​ព្រះយេស៊ូវ​។ ការ​នេះ​មិន​មានន័យថា ព្រះ​ទ្រង់​មិន​អាច​ប្រទាន​ព្រះពរ​ទាំង​អស់​នេះ មក​យើង​នោះ​ទេ ប៉ុន្តែ ព្រះពរ​ទាំង​អស់​នោះ​មិន​សំខាន់​បំផុត​ចំពោះ​យើង​ឡើយ​។
គួរ​កត់​សំគាល់​ថា សាវ័ក​ប៉ុល និង​មិត្ត​រួម​ការងារ​បេសកកម្ម​របស់​គាត់ បាន​ព្យាយាម​ផ្សាយ​ដំណឹង​ល្អ​ ដោយ​លះ​បង់​ប្រយោជន៍​ផ្ទាល់​ខ្លួន​។ យើង​ផ្សាយ​ដំណឹង​ល្អ​បាន​ល្អ​បំផុត នៅពេល​ដែល​យើង​ផ្សព្វ​ផ្សាយ​ដល់​គេ នៅ​ក្នុង​មិត្តភាព​ដែល​មាន​ក្តី​ស្រឡាញ់​។ ប៉ុន្តែ មិត្តភាព​ដែល​មាន​ក្តី​ស្រឡាញ់ មិន​មាន​លក្ខណៈ​ដូច​ការ​ទំនាក់​ទំនង​ផ្សាយ​ដំណឹង​ល្អ​នោះ​ទេ​។ គ្មាន​នរណា​ម្នាក់​ផ្សាយ​ដំណឹង​ល្អ ដោយ​មិន​មាន​សកម្មភាព​នោះ​ឡើយ តែ​គេ​ត្រូវតែ​មាន​សកម្មភាព​។ 
ហេតុ​នេះ​ហើយ យើង​ឃើញថា កាល​សាវ័ក​ប៉ុល​ព្យាយាម​កសាង​ទំនាក់​ទំនង​ដ៏​រឹងមាំ គាត់​ក៏បាន​ផ្សាយ​ដំណឹង​ល្អ​ដល់​អ្នក​ក្រុង​ថែស្សាឡូនីច​ផង​ដែរ(១ថែស្សាឡូនិច ២:៩)។ ពាក្យ «ផ្សាយ» ក្នុង​ខ​គម្ពីរ​នេះ គឺ​សំដៅ​ទៅលើ​សកម្មភាព​របស់​អ្នក​ប្រកាស​ដំណឹង​អ្វី​ដែលគេ​ឲ្យ​គាត់​ប្រកាស​។ ការងារ​របស់​អ្នក​ប្រកាស​ដំណឹង គឺ​មិន​ត្រូវ​ប្រឌិត​ព័ត៌មាន ឆ្លើយតប​ចំពោះ​តម្រូវការ​របស់​មនុស្ស​នៅ​ជុំវិញ​គាត់ ឬ​ធ្វើ​ឲ្យ​គេ​មាន​អារម្មណ៍​ល្អ​នោះ​ទេ តែ​ត្រូវ​ក្រោកឈរ ហើយ​និយាយ​ចេញ​មក​ឲ្យ​គេ​ឮ​។
បើ​អ្នក​ជា​អ្នកជឿ​ដំណឹង​ល្អ នោះ​អ្នក​ក៏​ជា​អ្នក​ប្រកាស​ដំណឹង​ល្អ​ផង​ដែរ​។ សំណួរ​តែមួយ​ដែល​ត្រូវ​សួរ​នោះ​គឺ តើ​អ្នក​មាន​ប្រសិទ្ធភាព​ប៉ុណ្ណា ក្នុង​នាម​ជា​អ្នក​ប្រកាស​ដំណឹង​ល្អ? យើង​មិន​អាច​យក​ទស្សនៈ​របស់​យើង មក​ជំនួស​ព្រះ​រាជសារ​អំពី​ឈើ​ឆ្កាង​បានទេ​។ បើ​យើង​ផ្សាយ​ដំណឹង​ល្អ ដោយ​ចិត្ត​ចង់​ឲ្យ​គេ​ស្ញប់​ស្ញែង​ចំពោះ​យើង នោះ​យើង​កំពុង​មើល​រំលង​ចំណុច​ដែល​សំខាន់​បំផុត​ហើយ​។ យើង​ត្រូវ​ចូល​ទៅ​ក្រាប​ចំពោះ​បល្ល័ង្ក​របស់​ព្រះ​ដ៏​ជា​ក្សត្រ ដើម្បី​ទទួល​ព្រះរាជសារ​របស់​ព្រះអង្គ ចូល​ទៅ​រក​មនុស្ស​ក្នុង​រង្វង់​នៃ​ឥទ្ធិពល​ដ៏​តូច​របស់​យើង ហើយ​ចែក​ចាយ​អ្វី​ដែល​ព្រះអង្គ​មាន​បន្ទូល មិន​លើស មិន​ខ្វះ​។ គឺ​ដូច​ដែល​លោក​គ្រូ ចន ស្តុត(John Stott) បាន​សរសេរ​ថា «ការងារ​បម្រើ​ព្រះ​ពិត​ប្រាកដ​ដែល​គ្រីស្ទបរិស័ទ​ធ្វើ មាន​ការ​ចាប់​ផ្តើម ដោយ​ការ​ជឿ​ថា ព្រះ​ទ្រង់​បាន​ត្រាស់ហៅ​យើង ឲ្យ​ផ្សាយ​ព្រះបន្ទូល​ព្រះអង្គ​ដោយ​ចិត្ត​ស្មោះ​ត្រង់ ក្នុង​នាម​ជា​អ្នក​ការពារ​ផង និង​អ្នក​ប្រកាស​ព្រះ​បន្ទូល​ផង​។ យើង​មិន​ត្រូវ​សប្បាយ​ចិត្ត​ឡើយ នៅពេល​ដែល​គេ​ជំនួស​ដំណឹងល្អ​មកពី​ព្រះ ដោយ «ពាក្យ​ចចាមអារ៉ាម​អំពី​ព្រះ»។  4
ហេតុ​នេះ​ហើយ អ្នក​​ចាំបាច់​ត្រូវ​ស្រឡាញ់​អ្នក​ដទៃ ឲ្យ​បាន​ច្រើន​ល្មម​នឹង​អាច​ចំណាយ​ពេល​ជាមួយ​ពួកគេ ដោយ​បម្រើ​ពួកគេ និង​បង្ហាញ​ឲ្យ​គេ​ដឹង​ថា យើង​ពិត​ជា​យក​ចិត្ត​ទុកដាក់​ចំពោះ​ពួកគេ ដើម្បី​ឲ្យ​យើង​ស្រឡាញ់​ពួកគេ ដោយ​ចែក​ចាយ​ដំណឹង​ល្អ​នៃ​សេចក្តី​ស្រឡាញ់​ដល់​ពួកគេ​។ ទោះជា​យ៉ាងណា​ក៏ដោយ អ្នក​ខ្លះ​ទៀត​ចាំបាច់​ត្រូវ​ប្រើ​មិត្តភាព និង​បណ្ដាញ​ ដោយ​អំណរ ធ្វើ​ជា​ស្ពាន​សម្រាប់​ដំណឹង​ល្អ​។ តើ​សេចក្តី​ស្រឡាញ់​ដែល​ផ្សាយ​ដំណឹង​ល្អ មាន​លក្ខណៈ​ដូច​ម្តេច​សម្រាប់​អ្នក នៅ​ទី​កន្លែង និង​ក្នុង​ចំណោម​មនុស្ស​ដែល​ព្រះ​ទ្រង់​ដាក់​អ្នក នៅ​ថ្ងៃ​នេះ? ទោះ​អ្នក​មាន​ចម្លើយ​ដូច​ម្តេច​ក៏ដោយ សូម​ចាំ​ថា ការ​ផ្សាយ​ដំណឹង​ល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ គឺជា​វិធី​ល្អ​បំផុត ដែល​យើង​អាច​ស្រឡាញ់ និង​យក​ចិត្ត​ទុកដាក់​ចំពោះ​អ្នក​ដទៃ​។ 


ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ ២កូរិនថូស ៥:‌១៦-២១
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ លោកុប្បត្ដិ ១៦-១៧ និង រ៉ូម ៦

ប្រភេទ